Health-logo

Health

RFI

សុខភាព​ជា​បញ្ហា​ចម្បង​របស់​មនុស្ស​គ្រប់​រូប ! ដើម្បី​​ចូល​រួម​​ចំណែក​​លើក​​កម្ពស់​​សុខភាព​សាធារណៈ នៅ​​រៀង​រាល់​​​ថ្ងៃ​​ពុធ អស់​លោក​អ្នកនាង​នឹង​បាន​ស្តាប់ សេចក្តី​អត្ថាធិប្បាយ និង​បទសម្ភាសន៍​របស់ អៀង សុខម៉ិញ ជាមួយ​​នឹង​​គ្រូពេទ្យ​​ឯកទេស ស្តី​ពី​​ប្រធានបទ​​ផ្សេងៗ​ទាក់ទង​​នឹង​​សុខភាព មានជាអាទិ៍​ការការពារ ការព្យាបាល។

Location:

France

Networks:

RFI

Description:

សុខភាព​ជា​បញ្ហា​ចម្បង​របស់​មនុស្ស​គ្រប់​រូប ! ដើម្បី​​ចូល​រួម​​ចំណែក​​លើក​​កម្ពស់​​សុខភាព​សាធារណៈ នៅ​​រៀង​រាល់​​​ថ្ងៃ​​ពុធ អស់​លោក​អ្នកនាង​នឹង​បាន​ស្តាប់ សេចក្តី​អត្ថាធិប្បាយ និង​បទសម្ភាសន៍​របស់ អៀង សុខម៉ិញ ជាមួយ​​នឹង​​គ្រូពេទ្យ​​ឯកទេស ស្តី​ពី​​ប្រធានបទ​​ផ្សេងៗ​ទាក់ទង​​នឹង​​សុខភាព មានជាអាទិ៍​ការការពារ ការព្យាបាល។

Language:

Khmer


Episodes
Ask host to enable sharing for playback control

អត្ថប្រយោជន៍នៃសត្វ​ចិញ្ចឹមជាមិត្ត

4/9/2026
ចិញ្ចឹម​​ឆ្កែ ឆ្មា ធ្វើ​ជាមិត្ត​ រស់​នៅក្នុង​ផ្ទះជាមួយ​ ឬ​មាន​កូន​អាង​ចិញ្ចឹម​ត្រី​ អាច​ប្តូរផ្លាស់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​បាន។ តើសត្វ​អាច​មាន​ទំនាក់ទំនង​យ៉ាងណាជាមួយ​មនុស្ស? តើការសត្វ​ចិញ្ចឹមជាមិត្តផ្តល់អត្ថប្រយោជន៍អ្វីខ្លះសម្រាប់សុខភាព? ការ​ចិញ្ចឹម​សត្វ​យក​មក​ធ្វើ​​ជា​មិត្ត ​រស់​នៅក្នុង​ផ្ទះ​ជាមួយ​ម្ចាស់ មិនសូវ​ពេញ​និយម​ទេ​នៅក្នុង​សង្គម​ខ្មែរ។ ខ្លះរើស​អើង​ព្រោះ​ជា​សត្វ ខ្លះ​ខ្លាច​ភាព​កខ្វក់ ខ្លះ​ខ្លាច​កើត​ហឺត ... ប៉ុន្តែ​ការ​ចិញ្ចឹមសត្វ​​ធ្វើ​ជា​មិត្ត​​​ក្នុង​ផ្ទះ​អាច​ផ្តល់​អត្ថប្រយោជន៍​​ច្រើន​ដល់​សុខភាព ៖ សុខភាព​ផ្លូវកាយ ផ្លូវ​ចិត្ត និងសង្គម។ នៅ​ប្រទេសខ្លះ​ ​វេជ្ជ​សាស្ត្រ​បាន​បញ្ចូល​សត្វ​​ចិញ្ចឹម​ ទៅ​ក្នុង​ផ្នែក​មួយ​នៃ​ជួយ​​ព្យាបាលនិង​ថែទាំ​អ្នក​ជំងឺ​ផង។ គុណប្រយោជន៍​ការ​ចិញ្ចឹម​សត្វ​ជា​មិត្តចំពោះ​​​សុខភាព ត្រូវ​បាន​អនុម័តដោយ​​វិទ្យាសាស្ត្រ​ទៀត។ ​ការ​សិក្សា​ជា​ច្រើន​បាន​បញ្ជាក់អំពី​ឥទ្ធិពល​វិជ្ជមាន​នៃ​សត្វ​ចិញ្ចឹម​ជាមិត្ត​។ ប៉ុន្តែការ​ចិញ្ចឹម​សត្វ​មិន​ផ្តល់​គុណប្រយោជន៍​ចំពោះ​សុខភាព ជា​លក្ខណៈ​​ស្វ័យប្រវត្តិ​ប្រវត្តិ​ទេ។ ​វា​អាស្រ័យ​ជាពិសេស​ទៅលើ​ទំនាក់ទំនង​ជាមួយ​សត្វ​ចិញ្ចឹម​ផង និង​ទៅលើ​ការ​គោរព សុខុមាលភាព​របស់​សត្វ​នោះ​ផង។ នេះ​បើ​តាម​ការ​ពន្យល់​បំភ្លឺ​របស់​លោក​ Jean-Marc Poupard បណ្ឌិត​ផ្នែក​នរវិទ្យា​ និង​ជា​នាយក​​ផ្នែក​ទំនាក់ទំនង​មនុស្ស​សត្វ​ នៅសកលវិទ្យាល័យ​ Paris Cité។ សត្វ​ចិញ្ចឹម​និង​ឥទ្ធិពល​ចំពោះ​សុខភាព​ផ្លូវ​កាយ សត្វ​ចិញ្ចឹម មិន​​គ្រាន់​តែជា​មិត្តដើម្បី​​រស់​កំដ​គ្នា​ទេ តែ​ថែម​ទាំង​អាច​ដើរ​តួនាទីសំខាន់​ក្នុង​លំនឹង​ជីវិត​របស់​ម្ចាស់​ទៀត​ផង។ ទោះ​ជា​ម្ចាស់​រស់​នៅ​តែឯង ឬ​ជា​គ្រួសារ​មាន​គ្នា​ច្រើន គ្នា​តិច​​ ជា​ក្មេង​ឬ​ជា​ចាស់​ក៏​ដោយ ក៏​វត្តមាន​នៃ​សត្វ​ចិញ្ចឹមក្នុងផ្ទះ​​អាច​ជះ​ឥទ្ធិពល​ល្អ​ច្រើន​ចំពោះ សុខភាព​ដែរ។ ចំពោះក្មេង ក៏​ដូច​ជា​មនុស្ស​ធំ មាន​​សត្វ​ក្នុង​ផ្ទះ​ ជាពិសេស​សត្វ​ឆ្កែ​ ជា​កត្តា​បង្កើន​សកម្មភាព​ផ្លូវកាយ​ និង​កាត់​បន្ថយ​ភាព​ស្ពឹក​ស្រពន់។ នាំ​ឆ្កែ​ទៅ​ជុះ​ ប្រលែងលេង​ជាមួយ​ឆ្មា ​ដាក់​ចំណី​ឱ្យត្រី សម្អាត​លាង​ទ្រុង​សត្វ ... បាន​បន្ថែមការងារ ភាព​​​សកម្ម​តិចតួច​ជា​រៀង​រាល់​ថ្ងៃ ដល់​ម្ចាស់​។ សកម្មភាព​តិច​តួច ​ល្មមៗ​ តែ​ថេរជា​រៀង​​រាល់​ថ្ងៃ ​ជា​ប្រការ​ល្អ​សម្រាប់​សុខភាព​ បេះ​ដូង សរសៃ​ឈាម​បេះ​ដូង។ មនុស្ស​ចាស់មាន​សត្វ​​ចិញ្ចឹម​ជា​មិត្ត​ មាន​គ្រោះ​ហានិភ័យ​កើត​ជំងឺ​​លើស​ឈាម​ទាប​ និង​មិន​សូវ​មាន​ផល​វិបាក​បង្ក​ឡើង​ដោយ​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​បេះ​ដូង​ទេ។ ការ​សិក្សា​ជាច្រើន​បាន​បង្ហាញ​ថា រស់​ជាមួយ​សត្វ​ អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាមនិង​ចង្វាក់​បេះដូង ព្រោះ​ការ​អង្អែល ការ​ចំណាយ​ពេលមើល​ថែ​​នៅ​ជាមួយ​សត្វ​​អាច​ជួយ​លួង​លោម​ខ្លួន​យើង​ឱ្យបានស្ងប់ ​ធូរ​ល្ហែល្ហើយ ​ដែល​អាច​ជួយការពារ​​បេះ​ដូង​​ និងសរសៃ​ឈាម​បេះ​ដូង នា​ថ្ងៃ​អនាគត បន្ថែម​ពី​លើ​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ។ លូត​លាស់​ធំ​ដឹង​ក្តី​ជាមួយ​សត្វ​ចិញ្ចឹម​ក្នុង​ផ្ទះ​ ប្រៀប​ដូច​ជា​បាន​បង្ហាត់​សរីរាង្គ​ខ្លួន​ប្រាណ​ឱ្យ​ជួប​នឹងមីក្រុបស្លូតៗផ្សេងៗ​ ដែល​នឹងទៅ​​ជួយ​ប្រព័ន្ធ​ការពារ​ខ្លួន ជា​ពិសេស​ប្រព័ន្ធការពារ​ខ្លួន​របស់​ក្មេងតូចៗ​​​ឱ្យ​ចេះ​ទប់​ទល់​នឹង​ការ​បៀតបៀន​មក​ពីក្រៅ។ មាន​ន័យ​ថា​ក្មេង​កើត​និង​រស់​ជាមួយ​សត្វចិញ្ចឹម​ មាន​ហានិភ័យ​កើត​ជំងឺហឺត ជំងឺ​អាល្លែហ្ស៊ី​ទាប។ ប៉ុន្តែ​សូម​ប្រយ័ត្ន ! ត្រូវ​ចិញ្ចឹម​សត្វ​ដោយ​ការ​គោរព​ ដោយ​ផ្ចិត​ផ្ចង់​ ប្រកប​ដោយ​អនាម័យ ទើប​អាច​ទាញ​យកគុណប្រយោជន៍​នេះ​បាន។ ​ចំណុច​សំខាន់​មួយទៀតនៃ​​ការ​ចិញ្ចឹម​សត្វ​ជា​មិត្ត​រស់​ក្នុង​ផ្ទះ ដែល​មិន​អាច​កាត់​ថ្លៃ​បាន​នោះ​ គឺ​ការ​​កាត់​​ស្ត្រេស និង​កង្វល់។ លេង​ជាមួយ​ឆ្កែ អង្អែល​សត្វ​ឆ្មា មើល​កូន​ទន្សាយ​ដេក មើល​ត្រីក្រិម​រត់​ប្រដេញ​គ្នា​ទឹក កាយវិការ​សាមញ្ញៗ​ជាមួយ​សត្វ​ចិញ្ចឹម​ទាំងអស់​នេះ​បាន​ជួយ​បញ្ចុះអត្រា​ជាតិ​​Cortisone ដែល​គេ​ហៅថា​​អរមូនស្ត្រេស ពី​ក្នុង​ខ្លួន​យើងបាន។ ការ​សិក្សា​បាន​បង្ហាញ​ថា គ្រាន់តែ​សំឡឹង​​មើល​ឆ្កែ​ឱ្យ​ចំ​ ក៏អាចធ្វើ​ឱ្យ​ខ្លួន​យើងបញ្ចេញ​ជាតិ​​អូស៊ីតូស៊ីន ដែល​ជាអរមូន​សម្រួល ​ឱ្យ​មានអារម្មណ៍កក់​ក្តៅ ​ទុក​ចិត្ត​ យោគយល់ ចង់​រាប់អាន​ និងសម្រួល​យន្តការ​​សុខុមាលភាព​​ជា​ទូទៅ​។ ការសិក្សារបស់​អ្នក​ស្រាវជ្រាវ​​ស្វ៊ីស និង​ជប៉ុន បាន​បង្ហាញ​ថា​ក្នុង​រយៈ​ពេល​បិទ​ខ្ទប់​ប្រទេស​ដោយ​ហេតុមា​ន​រោគ​រាតត្បាត​​កូវី​ដ​-១៩​ ក្មេង​មាន​សត្វ​ចិញ្ចឹម​នៅជាមួយ​​អា​ច​គេ​ងលក់​ស្រួល និងមាន​គុណភាព​ដំណេក​ល្អ​​ជាង​ក្មេង​គ្មាន​សត្វ​ជា​មិត្ត។ ក្នុង​ពេល​ធម្មតា ជាពិសេស​នៅ​ពេល​ល្ងាច​ វត្តមាន​សត្វ​អាច​ជួយ​មនុស្សខ្លះឱ្យ​​មាន​អារម្មណ៍​នឹង​ន​ល្អ​ មិន​សូវ​ខ្លាច​ ទើប​ពួក​គាត់​អាច​សម្រាន្ត​លក់​ស្រួល​។ សត្វ​ចិញ្ចឹម​និង​ទំនាក់ទំនង​សង្គម​ សត្វ​មិនចេះ​ថាឱ្យ​​ មិន​ចេះ​​វាយ​តម្លៃ​ម្ចាស់​ទេ។ សត្វ​ស្រលាញ់​ម្ចាស់​ដោយ​គ្មាន​លក្ខខណ្ឌ​ ដោយ​គ្មាន​គិត​អាយុ...

Duration:00:08:49

Ask host to enable sharing for playback control

ការ​សិក្សា​ជប៉ុន៖ ចាស់​ទៅ​ធ្វើ​ម្ហូប​ខ្លួន​ឯង ជួយ​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​វង្វេង

4/1/2026
អ្នក​ស្រាវជ្រាវជប៉ុន​បាន​សិក្សា​ឃើញ​ថា មនុស្ស​ចាស់​ចូល​ចង្ក្រាន​​ធ្វើ​ម្ហូប​បរិភោគ​ដោយ​ខ្លួន​ឯង​​ មាន​ហានិភ័យ​កើត​ជំងឺ​វង្វេង​ទាប។ ​អ្នក​ដែល​មិន​ធ្លាប់​ធ្វើម្ហូប​អាហារ​ពីក្មេង​ ហើយ​ងាក​មក​​​ផ្តើម​ធ្វើ​ម្ហូប​នៅ​វ័យ​ចំណាស់ កាន់​តែទទួល​បាន​​ផល​ល្អ​ ដោយ​អាច​កាត់​បន្ថយ​គ្រោះភ្លេច​វង្វេង​​​បាន​ច្រើន​ខ្លាំងណាស់ ដល់​ទៅ​៦៧%​ឯណោះ។ តើអ្នកស្រាវជ្រាវ​ អាច​ពន្យល់​អំពី​​ទំនាក់ទំនង​នៃ​​ការ​ធ្វើម្ហូប​និងកា​រកាត់​បន្ថយ​​គ្រោះ​កើត​​ជំងឺ​វង្វេង​វង្វាន់​យ៉ាង​ដូច​ម្តេច? ដោយ​សារ​តែ​ភាពចាស់​ជរា​នៃ​ប្រជាជន​នៅលើ​ពិភពលោក និង​ដោយហេតុ​តែ​គ្មាន​ថ្នាំ​ព្យាបាល​ឱ្យ​ជា ជំងឺ​វង្វេងវង្វាន់​អាល់ហ្សៃមែរ បាន​ក្លាយ​ជា​បន្ទុក​កាន់​តែ​ធ្ងន់ឡើងៗ​សម្រាប់​សង្គម និង​មនុស្សជាតិ។ ប៉ុន្តែ​អ្នក​ជំនាញ​ដឹង​​ថា ជិត​ពាក់កណ្តាល​នៃ​ករណី​អាល់ហ្សៃមែរ​នៅ​ពិភពលោកអាច​បញ្ចៀស​ និង​ការពារ ឬ​យ៉ាង​ហោច​ណាស់​ក៏​អាច​បង្អូស​ពន្យារ​ពេល​កុំឱ្យ​ឆាប់​​កើតជំងឺ​វង្វេង​​​បានដែរ តាម​រយៈ​វិធី​បង្ការ​ជា​ច្រើន​យ៉ាង។ ដូច្នេះ​យើង​ត្រូវ​ដឹង​និង​ចេះ​ជ្រើសរើស​វិធី​បង្ការ​ទើប​ប្រឹង​ទៅ​​បាន​ផល​។ ការ​ការពារ​ បង្ការ​ជំងឺ​វង្វេង​អាល់ហ្សៃមែរ​ បានក្លាយ​ជា​ប្រធានបទ​នៃ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០២៥ របស់​មូលនិធិ​យក​ឈ្នះ​ជំងឺ​វង្វេង​វង្វាន់នៅ​ប្រទេស​បារាំង។ ចុះ​បើ​មាន​​​វិធី​មិន​បាច់​ប្រឹង ​សាមញ្ញ​ ចំណេញ​​ក្រពះ ​​ហើយ​អាច​ជួយ​បង្ការ​និង​កាត់​គ្រោះ​កើត​ជំងឺ​វង្វេងវង្វាន់​ដ៏​គួរ​ខ្លាច​នោះបាន តើ​អ្នក​ស្ម័គ្រ​ធ្វើ​តាម​ទេ? អ្នកស្រាវជ្រាវ​ជប៉ុនបាន​ចង្អុល​បង្ហាញគន្លង​មួយ​ដែល​ងាយ​ និង​អាច​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ការពារ​ជំងឺ​វង្វេង​វង្វាន់ នោះ​គឺ ការ​ធ្វើ​ម្ហូប​បរិភោគ​ដោយ​ខ្លួន​ឯង។ គុណប្រយោជន៍​នៃ​ការ​ធ្វើម្ហូបចំពោះ​សុខភាព ធ្លាប់​ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​លាត​ត្រដាង​​ច្រើន​ មក​ហើយ។ ការ​សិក្សា​ខ្លះ​ បាន​ចាត់​ទុក​ការ​ធ្វើ​ម្ហូប​ជា​យុទ្ធសាស្ត្រ​ដ៏​អស្ចារ្យ​​​សម្រាប់​មាន​សុខភាពល្អ។ បរិភោគ​​ម្ហូប​ធ្វើ​ខ្លួនឯង​នៅ​ផ្ទះ នឹង​នាំ​ឱ្យ​មាន​សុខភាព​ល្អ មិន​ងាយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺធាត់​ជ្រុល ឬ​ជំងឺ​សរសៃ​ឈាម​បេះ​ដូង​ និង​ផ្តល់​ផល​ល្អ​​ដល់​ខួរក្បាល។ នៅ​ឆ្នាំ​២០២២​​ ការ​សិក្សា​អូស្រ្តាលី​ក្នុង​ក្របខ័ណ្ឌ​នៃការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ធាត់​ជ្រុល​ចុកខ្លាញ់ បាន​អះអាង​ថា​កា​រធ្វើ​ម្ហូបដោយ​ខ្លួន​ឯង​​ អាច​ជួយស្តារ​​សុខភាពផ្លូវ​ចិត្ត​​ឱ្យ​បាន​ប្រសើរ​ឡើង។ ឥទ្ធិពល​នៃ​សកម្មភាព​​ធ្វើ​ម្ហូប​ចំពោះ​ផាសុកភាព​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត នឹង​ស្តែង​ឡើង​នៅ​៧សប្តាហ៍ បន្ទាប់​ពី​បាន​​ចូល​ចង្ក្រានធ្វើម្ហូប​ដោយ​ទៀង​ទាត់។ តែពេល​នេះ ​អ្នក​វិទ្យាសាស្ត្រ​ជប៉ុនសិក្សា​ឃើញ​ទៀតថា មនុស្ស​ចាស់​ធ្វើ​ម្ហូប​ពិសា​ដោយ​ខ្លួន​ឯង តែ​ម្តង​ក្នុង​មួយសប្តាហ៍ ​គ្រប់គ្រាន់​នឹង​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​អាល់ហ្សៃមែរ​ បាន​មួយ​ភាគបួន​។​ ​ការ​សិក្សា​ជប៉ុននេះមាន​ចុះផ្សាយនៅ​ទំព័រ​ទស្សនាវដ្តី​វិទ្យាសាស្ត្រសុខភាព Journal of Epidemiology and Community Health ​​ថ្ងៃ​ទី ២៤​មីនា​ឆ្នាំ​២០២៦។ ​ដើម្បី​អាច​ចេញ​សេចក្តីសន្និដ្ឋាន​ ​ អ្នក​ស្រាវជ្រាវ​ជប៉ុន បាន​សិក្សា​តាមដាន​ក្រុម​មនុស្ស​ចាស់​ជប៉ុន​ អាយុ​ទាប​បំផុត​ ​៦៥​ឆ្នាំ រយៈ​ពេល​៦​ឆ្នាំ​ជាប់​គ្នា (២០១៦-២០២២)។ ជា​លទ្ធផល​ មនុស្ស​ចាស់​ណា​បាន​ចូល​ចង្ក្រាន​ធ្វើ​ម្ហូប​ យ៉ាងហោច​ម្តង​ក្នុង​មួយ​សប្តាហ៍ មាន​ហានិភ័យ​ធ្លាក់​ខ្លួន​ឈឺ​រោគ​វង្វេង​​​ថយ​អស់​ប្រមាណ​ពី​២៣%សម្រាប់​មនុស្ស​ប្រុស ​និង​​២៧%សម្រាប់​មនុស្ស​ស្រី បើ​ប្រៀប​ទៅនឹង​ចាស់​ដែល​មិនចូល​​ធ្វើ​ម្ហូប​សោះ​ ឬ​គ្មាន​ទម្លាប់​ធ្វើ​ម្ហូប​ខ្លួន​ឯង។ គួរ​ឱ្យ​កត់​សម្គាល់​ខ្លាំង​និង​ជា​ពិសេស​ ជាង​នេះ​ទៅ​ទៀត គ្រោះ​កើត​ជំងឺ​អាល់ហ្សៃមែរ បាន​ធ្លាក់​​ទាប​ខ្លាំង (ថយ-៦៧%) ចំពោះ​មនុស្ស​ចាស់​ណា​ដែល​មិន​ធ្លាប់​ធ្វើ​ម្ហូប​ពី​មុន ឬ​មិន​ប្រសប់​​ធ្វើ​ម្ហូប​កាលពី​នៅ​ក្មេង។ និយាយ​បែប​ផ្សេង មិន​ចេះ​ធ្វើ​ម្ហូប​ពី​ក្មេង​តែ​ចាស់​ឡើង​ចូល​ចង្ក្រាន ស្ល​​ពិសា​ខ្លួន​ឯង អាច​កាត់​បន្ថយ​គ្រោះ​ហានិភ័យ​មាន​ជំងឺ​វង្វេង​បាន​ដល់​ទៅ​៦៧%។ ហេតុអ្វី? តាម​​បែប​អេពីដេមីសាស្ត្រ ការ​សិក្សានេះ​មិន​អាច​សន្មត់​ដោយ​ជាក់​លាក់​អំពី​ហេតុ​និង​ផល​នៃ​ទំនាក់ទំនង​រវាង​ការ​ធ្វើ​ម្ហូប​និង​ជំងឺ​វង្វេង​វង្វាន់​បាន​ទេ។ ប៉ុន្តែ​ក្រុម​ស្រាវជ្រាវ​ជប៉ុន​ដឹក​នាំ​ដោយ​លោកស្រីសាស្ត្រាចារ្យ យុកាកូ តានី (Yukako Tani) នៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ក្រុង​តូក្យូ បាន​ផ្តល់​សម្មតិកម្ម​ដូច្នេះ​ថា គុណសម្បត្តិ​នៃការ​ធ្វើ​ម្ហូប​ចំពោះ​ជំងឺ​វង្វេងវង្វាន់ ទំនង​ដោយ​សារ​ការ​បញ្ចេញ​សកម្មភាព​ ចលនា​ ផ្នែក​រាង​កាយ និង​ខួរ​ក្បាល។ ធ្វើ​ម្ហូប​តម្រូវ​ឱ្យ​ប្រើ​កម្លាំង​កាយ និ​ងការ​គិត។ ដើម្បី​ធ្វើ​ម្ហូប​បាន​មួយ​ចាន/មុខ គេចាំបាច់​ត្រូវ​ធ្វើ​សកម្មភាព​ច្រើន​យ៉ាង ដូច​ជា​ ​ទៅ​ផ្សារ​ទិញ​បន្លែ​ត្រី​សាច់ រៀប​គ្រឿង​ផ្សំ ត្រូវ​ក្រោក​ឈរ​ក្រោក​អង្គុយ​ ​ ពេល​ឆា ពេល​ស្ល។ រួចនៅ​ពេល​សម្លបាយ​ឆ្អិន​...

Duration:00:09:11

Ask host to enable sharing for playback control

អ្នកថែមនុស្ស​ឈឺក្នុង​គ្រួសារ​​ រង​​ផលវិបាក​ផ្នែក​សុខភាព​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​យ៉ាងណា?

3/25/2026
ក្លាយ​ជា​អ្នក​មើល​ថែមនុស្ស​ឈឺ គឺ​ជា​ស្ថានភាព​ដែល​មានជួប​ប្រទះកាន់​តែ​ច្រើនឡើងៗ។ នៅ​ប្រទេស​បារាំង អ្នកជាប់កាតព្វកិច្ច​ត្រូវ​​​ថែមនុស្ស​ឈឺ (ដែលត្រូវ​​ជា​ម្តាយឪពុក កូន​ក្មួយ មាមីង​ ជាប់​សាច់​សាលោហិត) ​​មាន​ចំនួន​ជាង​៨​លាន​នាក់។ ហើយ​មួយភាគ​បីនៃ​អ្នក​ថែ​មនុស្សឈឺ​ ​បាន​ស្លាប់មុន​អ្នក​ជំងឺទៅ​ទៀត។ ថ្វីបើ​ក្មេង​មើល​ថែ​មនុស្ស​ចាស់​ជួយ​ជំរុញ​ឱ្យ​ក្មេង​នោះ​ឆាប់​ភាព​ចាស់ទុំ​មែន តែ​​ការ​មើល​ថែ​មនុស្ស​ឈឺ​ឬមនុស្ស​ចាស់ ជា​បន្ទុកដ៏​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់​ ដែល​អាច​​ផលវិបាក​ដល់សុខភាព​ផ្លូវ​កាយ​និងផ្លូវ​ចិត្ត​ ព្រមទាំង​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​ទៀត។ អ្នក​មាន​កាតព្វកិច្ចត្រូវ​​មើល​ថែ​​​ម្តាយឪពុក កូនក្មួយ ស្វាមី/​ភរិយា ឬមាមីង​បងប្អូន​ ​ចាស់​ជរា មាន​ជំងឺ​រ៉ាំរ៉ៃ​ ឬ​ពិការ និយាយ​ជា​រួម​មើល​ថែ​សមាជិកគ្រួសារដែល​​​​បាត់ប​ង់​ស្វ័យភាព បាន​កើន​ឡើង​ជា​លំដាប់ និង​បន្ត​កើន​ឡើង​ទៀត​ នៅ​ឆ្នាំ​ខាង​មុខ ព្រោះមនុស្សជាតិ​កាន់​តែ​ចាស់​ទៅៗ ​ប្រជាជនមាន​​អាយុ​កាន់​វែង ហើយក្រុម​​គ្រួសារ​បែក​ខ្ញែក​​ ចាក​ចេញ​ទៅប្រកប​របរ​កាន់​តែឆ្ងាយ​ឡើងៗ។ ការ​មើល​ថែ​សមាជិក​គ្រួសារបាត់បង់​ស្វ័យភាព ជា​ការតប​ស្នង ជា​​ទឹក​ចិត្ត​មេត្តា​ករុណា ជា​ស្នេហា ជា​ការ​លះបង់​ដ៏​ធំធេង​ តែ​ក៏​ជា​​បន្ទុក​ដ៏​ធ្ងន់​ដែល​អាច​បន្សល់​ទុកនូវ​ផលវិបាកក្នុង​ជីវភាព​​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​ និង​ដល់​សុខភាព​របស់​អ្នក​មើល​ថែ​ ខ្លាំងណាស់។ ប៉ុន្តែ​​ក្នុង​ផ្នែក​នេះ ពុំទាន់​​សូវ​មាន​ការគិត​គូរ ​​និងការ​​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​អាជ្ញាធរ​សង្គម និង​សុខាភិបាល​ទេ មិន​ថា​នៅក្នុង​ប្រទេស​ជឿនលឿន​ឬ​ប្រទេសក្រីក្រ​ឡើយ។ នៅ​ប្រទេស​បារាំង មួយ​ភាគបី​នៃ​អ្នកមើល​ថែ​មនុស្ស​ឈឺ/ចាស់ បាន​ស្លាប់​មុន​អ្នកឈឺ​ដែល​គេមើល​ថែទៅ​ទៀត។ ដូចម្តេចដែលហៅ​ថា​អ្នក​មើលថែ? អ្នកមើលថែ​ គឺ​ជាអ្នកត្រូវ​​ជួយមើល​ការ​ខុស​ត្រូវ ជា​ទៀងទាត់​ឬ​ជា​ញឹកញយ ​លើ​​មនុស្ស​ឈឺ ឬមនុស្ស​បាត់​បង់​ស្វ័យ​ភាព​ ដោយហេតុ​មាន​​ជំងឺ​ ឬ​ដោយ​ភាព​ចាស់​ជរា ឬ​ដោយ​ភាព​ពិការ។ ​ទទួល​បន្ទុក​មើល​ថែ​មនុស្សឈឺ​ក្នុង​គ្រួសារ​ មិនមែន​ជា​ជម្រើស​ មិនមែន​ជា​​ជំនាញ មិនមែន​ជា​អាជីព និង​គ្មានទទួល​បាន​ប្រាក់បៀរវត្សរ៍ ប្រាក់​បំណាច់​នៅ​ពេល​ចូល​និវត្តន៍​ទេ។ អ្នក​ជំងឺ​ជា​សមាជិក​ក្នុង​​គ្រួសារ​ អាច​ជា​ឪពុកម្តាយ ជា​កូនចៅ ជា​ស្វាមី ជា​ប្រពន្ធ ជា​សាច់​ញាតិ ដែល​ត្រូវ​ការ​ជំនួយ​​ជារៀង​រាល់​ថ្ងៃ​ ឬ​ស្ទើរ​ជាប់​ជា​ប្រចាំ ជា​ទូទៅ​គឺដោយ​ភាព​​​ជរា ពិការ​ ឬ​មានជំងឺ។ ជំងឺ​ត្រូវ​ការ​អ្នក​មើល​ថែ​ខ្លាំង​​ដំបូង​គេ គឺ​​ជំងឺ​វង្វេងវង្វាន់ ជំងឺ​បាត់បង់ឬ​ធ្លាក់ចុះ​​ខ្សោយ​សតិស្មារតី​ ជំងឺ​ញ័រ​ប៉ាគីសុន ជំងឺ​មហារីក​ ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន ព្រមទាំង​​ជំងឺ​រ៉ាំរ៉ែ​ផ្សេង​ទៀត។ អ្នក​មាន​ជំងឺ​ខូច​សតិ វិកលចរិក មិនគ្រប់​ទឹក ជំងឺ​ញៀន (ស្រា គ្រឿង​ញៀន) ក៏​ជា​បន្ទុក​សម្រាប់​សមាជិក​ក្នុង​គ្រួសារ​ដែរ។ អ្នក​ថែ​គ្មានអត្តសញ្ញាណពិត​ប្រាកដទេ ​តែ​ភាគ​ច្រើន​​ជា​ស្ត្រី និងជាអ្នក​មានភាព​​ចាស់​ទុំ​។ គ្រប់​មនុស្ស​ ​​ក្នុង​មួយ​ជីវិត សុទ្ធ​តែ​អាច​ជួប​នៅ​​ពេល​ណាមួយ​ ថ្ងៃ​ណាមួយ​ កាលៈ​ទេសៈ​ណាមួយ​ជំរុញ​ឱ្យ​ក្លាយ​ជា​អ្នកមើល​ថែ​មនុស្ស​ឈឺ/ចាស់។ អ្នកថែ​មនុស្ស​ឈឺ​ក្នុង​គ្រួសារ​ មិនមែន​ជា​ជម្រើស​ទេ ហើយ​កម្រ​បាន​ត្រៀម​លក្ខណៈ​ទុក​ជាមុន​ណាស់ និង​កម្រ​ត្រូវ​បាន​គេ​ទទួល​ស្គាល់ ​ឱ្យ​តម្លៃ​ទៀត។ បើ​តាម​គ្រូពេទ្យ​ជំនាញ​ចិត្តសាស្ត្រ​​ នៅ​មជ្ឈមណ្ឌល​អ្នកថែ​ជំងឺ​វិកលចរិក​នៅទីក្រុង​Lyon (centre experts FondaMental de Lyon et Clap (centre lyonnais des aidants en psychiatrie) លោក Romain Ray “​គេ​និយាយ​អំពី​បន្ទុក​របស់​អ្នក​មើល​ថែ​គ្រួសារ​ឈឺ ដោយ​សំដៅ​ទៅ​លើ​ឥទ្ធិពល​​អវិជ្ជមាន​មក​លើ​បុគ្គល​​ដែល​ជា​អ្នកមើល​ថែឪពុកម្តាយ​បង​ប្អូន​ឈឺ។ បន្ទុក​នោះ​អាច​មាន​ច្រើន​ទម្រង់៖ អាច​ជា​បន្ទុក​ផ្នែក​សម្ភារៈ ផ្នែក​ថវិកា ផ្នែក​សុខភាព​រាងកាយ និង​សុខភាព​ផ្លូវ​ចិត្ត​ទៀត។​ ផលវិបាក​​ផ្លូវ​ចិត្តនិង​ផ្លូវកាយ​​​របស់​អ្នកថែ​គ្រួសារ​ ដោយ​មិន​លម្អិត​អំពី​ផលវិបាក​ផ្នែក​សម្ភារៈ​និងថវិកា ​ដែល​បណ្តាល​មក​ពី​ការ​ចំណាយ​ផ្នែក​ព្យាបាល​ ឬ​ដោយ​ការ​​បាត់​បង់​ចំណូល​ព្រោះ​​មិន​អាច​ទៅ​បំពេញ​ការងារ​រក​លុយ​បន្ថែម​ ការ​មើល​ថែ​គ្រួសារ​ឈឺ​ឬ​អស់​ស្វ័យភាព​ ​រាល់​ថ្ងៃ​ អាច​ប៉ះពាល់​ដល់សុខភាព​រាង​កាយ​​​របស់​អ្នក​ថែ​ដែរ។ ជួយ​លើក​ដាក់​អ្នក​ជំងឺ​ ឱ្យ​ឈរ ឱ្យ​អង្គុយ ពេល​បត់​ជើង ពេល​ត្រូវ​សម្អាត​កាយ ពេល​​ជូត​លាង​ប្រែ​ ប្តូរ​កន្លែង សុទ្ធ​តែ​ត្រូវ​ការ​ប្រើ​កម្លាំង​។ នៅ​ពេល​ប្រឹង​ធ្វើកាយវិការ​នេះដដែលៗ​យូរៗ​ទៅ វា​នឹង​បណ្តាល​ឱ្យ​មានការ​ឈឺ​ចុក​ចាប់​សាច់ដុំ មាន​បញ្ហា​ឈឺ​ខ្នង​ឈឺ​ចង្កេះ និង​ការ​នឿយហត់​​អស់កម្លាំងណាស់។ វិបត្តិ​ដំណេក សំរាន្ត​មិន​គ្រប់​ក៏​ជា​ផលវិបាក​ដែល​អ្នកថែ​ច្រើន​ជួប​ប្រទះ​ញឹកញយ​ដែរ ជា​ពិសេស​នៅ​ពេល​ត្រូវ​ងើប​ញយ​ដង​នៅ​ពេល​យប់ ដើម្បី​មើល​អ្នក​ឈឺ។ ដោយ​មិនរាប់​ពី​ស្ត្រេស​រ៉ាំរ៉ៃ​ដែល​អ្នក​ថែទាំមនុស្ស​ឈឺ​​រង​សម្ពាធ​ខ្លាំង​...

Duration:00:09:43

Ask host to enable sharing for playback control

ជំងឺ​សម្ពាធ​ឈាម៖ ក្មេងមាន​​ជំងឺ​លើស​ឈាមកើនទ្វេ​ដង​ក្នុង​ពេល​តែ​២០ឆ្នាំ

3/18/2026
លើស​ឈាម​ជា​ជំងឺ​មនុស្ស​ចាស់។ ប៉ុន្តែ​គិត​ចាប់​ពី​ឆ្នាំ​២០០០​មក ចំនួន​ក្មេង​កើត​ជំងឺ​លើស​ឈាម បាន​កើន​ឡើង​ទ្វេ​ដង​។ មាន​កត្តា​ជា​ច្រើន​ជា​ដើមហេតុ​នាំ​ឱ្យ​មាន​កំណើនជំងឺ​លើស​ឈាម​លើ​ក្មេង។ តើ​ជា​អ្វីខ្លះ? អត្រាអ្នក​កើត​ជំងឺលើសឈាម បានផ្ទុះឡើង យ៉ាងខ្លាំង នៅតាមបណ្តាប្រទេសជឿនលឿន និង អ្នកមាន នៅឆ្នាំ ១៩៧៥ បន្ទាប់​មកក៏​ងាក ទៅវិវឌ្ឍន៍ខ្លាំង នៅតាមបណ្តាប្រទេស ដែល មានប្រាក់ចំណូលទាប និង មធ្យម វិញ។ បើ​តាម​អង្គការ​សុខភាពពិភពលោក គិត​ត្រឹម​ឆ្នាំ​២០២៤ ពិភពលោក​មានអ្នកផ្ទុក​​ជំងឺ​លើស​ឈាម​អាយុ​ចន្លោះ​ពី​៣០​ឆ្នាំទៅ​៧៩ឆ្នាំ ប្រមាណ​១៤០០លាននាក់​​ ឬ​ត្រូវ​ជា​៣៣%​នៃ​ប្រជាពលរដ្ឋ​លើ​ភព​ផែន​ដី។ ហើយ​នៅក្នុងនោះ​ មាន​អ្នកជំងឺ​ពាក់​កណ្តាល មិន​ដឹង​ខ្លួន​ និង​មាន​តែ​ម្នាក់​ក្នុង​ចំណោម​១០​នាក់​ប៉ុណ្ណោះ​បាន​ទទួល​ការ​ព្យាបាល​ត្រឹម​ត្រូវ។ លើស​ឈាម​ត្រូវ​បាន​គេ​ចាត់ទុក​ជា​ជំងឺ​រ៉ាំរ៉ៃ និង​ជាជំងឺ​របស់​មនុស្ស​ចាស់ ព្រោះ​ហានិភ័យ​មាន​​ជំងឺ​នេះ​ កើន​ឡើង​ទៅ​តាម​វ័យ។ ករណី​កុមារ ឬ​ក្មេង​ជំទង់​មាន​ជំងឺ​លើស​ឈាម​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​បាតុភូតពិសេស ឬ​​​​កម្រ បើ​តាម​អ្វីដែលវេជ្ជសាស្ត្រ​បាន​ដឹង​​រហូត​មក​ទល់​នឹង​ពេល​នេះ​ ប៉ុន្តែ​បើ​តាមការ​សិក្សា​ស្តី​ពី​ស្ថានភាពសុខភាព​កុមារ​​និង​ក្មេង​ជំទង់​ ​ទើប​ចេញ​ផ្សាយ​នៅ​ថ្ងៃទី ​១២​វិច្ឆិកា ចុង​ឆ្នាំ​២០២៥ ក្នុង​ទំព័រ​ទស្សនាវដ្តី​អង់គ្លេស​ផ្នែក​វិទ្យាសាស្ត្រ​ The Lancet ចំនួនកុមារ​និង​ក្មេង​ជំទង់​មាន​រោគ​លើស​ឈាម បានកើន​ឡើង​ទ្វេដង នៅ​រវាង​ពី​ឆ្នាំ​២០០០​មកទល់​ពេល​បច្ចុប្បន្ន។ ​​មានន័យ​ថា ជំងឺ​សរសៃ​ឈាមបេះដូង នឹងកើន​ខ្លាំង​ដែរ នៅ​ពេល​ខាង​មុខ ព្រោះ​កុមារ​និង​ក្មេង​ជំទង់មានផ្ទុក​ជំងឺ​លើសឈាម​ទាំងអស់នោះ​ត្រូវ​ប្រឈម​ខ្លាំង​​នឹង​គ្រោះ​​មានវិបត្តិ​សរសៃ​ឈាម​បេះដូង​នៅ​ពេលធំពេញ​វ័យ​។ ជាហានិភ័យ​សុខភាព​កំរិត​ពិភពលោក! ក្នុង​រយៈ​ពេល​​២០​ឆ្នាំ​ចុងក្រោយ​មក​នេះ​ គេ​សម្គាល់​ឃើញ​​មានករណី​ក្មេង​កើត​ជំងឺ​លើស​ឈាមកើន​មួយ​ជា​ពីរ​​។​ បើ​រាប់​ជា​ភាគ​រយ​ ឃើញ​ថា​នៅ​តិច​នៅ​ឡើយ​មែន ប៉ុន្តែ​បើ​គិត​អំពី​សមមាត្រ​នៃ​ពេលវេលា​និង​កំណើនវិញ ជា​អត្រា​គួរ​ឱ្យ​ភ្ញាក់​ផ្អើល និង​ព្រួយ​បារម្ភ​ខ្លាំង​ព្រោះគេ​ពុំ​ធ្លាប់​ឃើញ​មានជំងឺ​អ្វី​ មាន​​កំណើន​លឿន​រហ័ស​បែបនេះ​ទេ។ វេជ្ជបណ្ឌិត Peige Song អ្នក​វិទ្យាសាស្ត្រ​​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​ នៃ​សកលវិទ្យាល័យ​ Zhejang ប្រទេសចិន ដែល​ជា​មេ​​គំនិតម្នាក់ ក្នុង​ចង្កោម​ក្រុម​អ្នក​ស្រាវជ្រាវ​ដឹកនាំ​សិក្សា​អំពី​ស្ថានភាព​សុខភាព​សម្ពាធឈាម​របស់​កុមារ​និង​ក្មេង​ជំទង់​ បានពន្យល់​ប្រាប់បណ្តាញ​CNN​ស៊ីអិនអិន​ថា នៅអំឡុង​ឆ្នាំ​២០០០ ក្មេង​ប្រុស​ចំនួន​៣,៤% និង​ក្មេង​ស្រី​៣%​ មាន​ជំងឺ​លើស​ឈាម។ តែ​ថ្ងៃ​នេះ អត្រា​ក្មេង​ប្រុស​មាន​រោគ​សម្ពាធ​ឈាម​បាន​ឡើង​ដល់​៦,៥% និង​៥,៨%​សម្រាប់​ក្មេង​ស្រី។ កាន់តែធ្ងន់ធ្ងរ​ជាង​នេះទៅ​ទៀត គេ​មិន​សូវ​ចាប់​អារម្មណ៍​​វិភាគឬ​ពិនិត្យ​សុខភាព​កុមារដៅ​រក​​រោគ​សញ្ញា​លើសឈាម​កុមារ​ទេ។ ប្រជាពលរដ្ឋ​ទូទៅ មិន​បាន​គិត​​ដល់​ឡើយ​ថា​ក្មេងអាច​មាន​បញ្ហា​សម្ពាធ​ឈាម។ តើលើស ឈាម ជា អ្វី ? ពាក្យ ថា លើស ឈាម មិនមែន សំដៅ លើ បរិមាណ ឈាម នៅក្នុង ខ្លួន ទេ តែ សំដៅ លើ កម្លាំង សម្ពាធ ឈាម ដែល ធាក់ ទៅ និង កម្លាំង សម្ពាធ ឈាម នៅ ពេល បេះដូង សម្រាក។ ហេតុដូច្នេះហើយ បាន​ជានៅពេលវាស់ សម្ពាធឈាម គេតែង ឃើញមានសរសេរ​លេខបញ្ជាក់​ពី​ កំរិតឈាម ខ្ពស់ និង កំរិតឈាម ទាប ។ កំរិតឈាម ទាំង ពីរនេះ ត្រូវឱ្យស្រប​គ្នា ៖ កំរិត​ឈាម​ទាប ត្រូវ​ស្មើនឹង​​កំរិត​ឈាម ខ្ពស់ ចែកជា​ពីរ រួច​បូក​នឹង ​មួយ (ឧទាហរណ៍​សម្ពាធ​ឈាម ល្អ គឺ ១២-៧ ព្រោះ ១២៖២+១=៧ )។ បើ កំរិត ឈាម ទាំងពីរ​កៀក​គ្នា ឬ ឃ្លាត​គ្នា​ឆ្ងាយ​ពេក​ក៏ ជា​ជំងឺ​មួយ ដែរ។ បច្ចុប្បន្ន​នេះ គេ​ចាត់​ទុក​ថា ប្រសិន បើ​មនុស្ស​ពេញវ័យ​ណា​​ម្នាក់​មាន​កំរិត សម្ពាធ​ឈាម​លើសពី ១៤ នោះ គេ​ហៅ​ថា មាន​ជំងឺ ឡើង​​ឈាម​ហើយ។ ចំពោះ​ក្មេង​វិញ សម្ពាធឈាម​តែង​ទាប​ជា​មនុស្ស​ចាស់/ធំ។ គេ​អាច​ចាត់ទុក​ថា​ក្មេង​ណា​ម្នាក់​មាន​បញ្ហា​លើស​ឈាម នៅ​ពេល​វាស់​ច្រើនលើក​ច្រើន​សា និង​ជា​ច្រើន​ដង​ ​ទៅ​ឃើញ​ថា កំរិត​​ឈាម​​ឡើង​ដល់ -១១/៦ សម្រាប់​ក្មេង​ក្រោមមួយ​ឆ្នាំ -១១,៥/៦,៥ សម្រាប់​ក្មេង​អាយុ​ពី​១ឆ្នាំ​ទៅ​៥​ឆ្នាំ -១២,៥/៨,៥ សម្រាប់​ក្មេង​អាយុចន្លោះ​​ពី ៦ ទៅ​១០ឆ្នាំ -១៤/៩ សម្រាប់​ក្មេង​ចាប់​ពី​អាយុ​១០ឡើង​ទៅ សម្ពាធ​ឈាមក្មេង​ឡើង​ខ្ពស់​ខ្លាំង ម្តងម្កាល​ ជា​លក្ខណៈ​ទោល អាច​បណ្តាល​មក​ពី​មូលហេតុ​សាមញ្ញ ដូច​ជា​ក្មេង​យំ​ខ្លាំង​ពេក ប្រឹង​ខ្លាំង​ពេក ឬភ័យ​ស្រ្តេសជ្រុល​។ ដោយ​គ្មាន​ផ្តល់​រោគ​សញ្ញា​ច្បាស់​លាស់​ គេច្រើន​តែ​វែក​​ដឹង​ថា​ក្មេង​ណា​ម្នាក់​មាន​ជំងឺ​លើស​ឈាម នៅ​ពេ​លពិនិត្យ​តាមដាន​សុខភាព​ជា​ធម្មតា ឬ​នៅ​ពេល​មាន​រោគសញ្ញា​នៃ​ជំងឺ​ផ្សេង​មួយ​ទៀត។ ​ក្មេង​មាន​ រោគ​​លើស​ឈាម ច្រើន​តែបណ្តាល​ឬ​​មានលាក់​​នូវ​ជំងឺ​មួយ​​មុខ​​ផ្សេង​​ទៀត មាន​ជាអាទិ៍៖ ជំងឺ​នៅ​តម្រង​​នោម ជំងឺ​​សរសៃ​ឈាម​​អាអក​រួម​តូច...

Duration:00:09:12

Ask host to enable sharing for playback control

មនុស្ស​នៅ​លើ​ពិភពលោក​នឹង​មាន​ជំងឺអាល្លែកហ្ស៊ី​គ្រប់​គ្នា​ នៅ​ពេល​​ខាង​មុខ?

3/11/2026
នៅចុង​ឆ្នាំ​១៩៦០ មានប្រជាពលរដ្ឋ​លើ​ភពផែនដី​តែ​ប្រមាណ​៤%​មាន​ជំងឺ​អាល់ឡែហ្ស៊ី។ តែ​បច្ចុប្បន្ន​នេះ ចំនួន​អ្នក​អាល់ឡែកហ្ស៊ី​បានឡើង​ដល់​៣០% និង​៥០%​នៅ​ឆ្នាំ​២០៥០។ ហេតុ​អ្វី​បាន​មាន​ករណី​អាល់ឡែកហ្ស៊ី​កាន់​តែ​ច្រើន​ឡើងៗ​ដូច្នេះ? ហៀរ​សំបោរ កណ្តាស់​ឥត​ឈប់ រមាស់​រកាំ​ភ្នែក នៅ​ពេល​ប្តូរ​អាកាសធាតុ ឬឱ្យ​តែ​មេឃ​ស្រលះ ឬ​ដល់​រដូវ​ធ្លាក់​ខ្យល់ អាការៈ​នេះមិនមែន​ជា​ជំងឺ​ផ្តាសាយ​ ឬ​ជា​ជំងឺ​បណ្តាលមក​ពី​ឆ្លង​វីរ៉ុស​ទេ ប៉ុន្តែ​អាច​ជា​អាការៈ​អាល្លែកហ្ស៊ី។ អាល្លែកហ្ស៊ីកំពុង​ក្លាយ​ជា​ជំងឺ​​មាន​កើត​ច្រើន​ឡើង​ មិន​ថា​នៅ​ប្រទេស​ស្អាត ប្រទេស​កខ្វក់ ​ក្រីក្រ​ឡើយ។ នៅចុងទសវត្សរ៍​ឆ្នាំ​៦០ មាន​មនុស្ស​រស់​​លើ​ពិភពលោក​ប្រមាណ​តែ​៤%​ប៉ុណ្ណោះ​ បាន​កើត​​ជំងឺ​អាល្លែកហ្ស៊ី តែ​បច្ចុប្បន្ន អត្រា​អ្នក​ជំងឺ​អាល្លែកហ្ស៊ីបាន​កើន​ឡើង​ដល់​ប្រមាណ​៣០% និង​អាច​ឡើង​ដល់​៥០%​នៅ​ឆ្នាំ​២០៥០។ នេះ​បើ​តាម​ការ​ព្យាករ​របស់​អង្គការ​សុខភាព​ពិភពលោក។ មាន​ន័យ​ថា ចំនួន​​អ្នក​កើត​អាល្លែកហ្ស៊ីបានកើន​ឡើង​ពី​ ១​លើ​២៥​នាក់ ទៅ១​លើ​ ​ពីរ​នាក់ ​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មានទសវត្សរ៍​។ តើ​អាល្លែកហ្ស៊ីជា​អ្វី? អាល្លែកហ្ស៊ីជា​ប្រតិកម្ម​របស់​ខ្លួន​យើង​ទៅ​នឹង​សារធាតុ​អ្វីមួយ​ដែល​វា​មិន​អាច​ទ្រាំ​បាន -ដែល​បង្ក​ឱ្យ​មាន​ប្រតិកម្ម ​ ឬហៅ​ថា​ធាតុ​allergènes ​​(​ជា​​ភាសា​បារាំង)។ ហើយធាតុ​ដែល​បង្ក​ឱ្យ​មាន​​អាល្លែកហ្ស៊ី ​ខុស​គ្នាទាំង​ស្រុង​​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ ព្រោះ​នេះ​គឺ​ជា​សេចក្តី​សម្រេច​របស់​​ប្រព័ន្ធ​ការ​ពារខ្លួនផ្ទាល់​របស់​មនុស្ស​ម្នាក់ៗ។ ប្រព័ន្ធការពារ​ខ្លួន​យើង ស្រាប់​តែ​នៅ​ថ្ងៃ​ណាមួយ​ មិន​អាច​ធន់​នឹង​​​ធាតុ​ខាង​ក្រៅណាមួយ​ដែល​មិន​ទាំងអាក្រក់ មិនកាច ឬ​ធ្លាប់​ជួប​ប្រទះ​រាល់​ថ្ងៃ​សោះ​។ ផ្តល់សញ្ញា​ថា​មិន​ត្រូវធាតុ​​នឹង​សរីរាង្គកាយ​យើង​ ហើយ​ក៏​បញ្ជា​ឱ្យ​បញ្ចេញ​ប្រតិកម្ម​​ប្រឆាំង​ដើម្បី​ធាក់​ធាតុមកពី​ក្រៅ​​នោះ​ចេញ។ នៅពេលប្រព័ន្ធ​ការពារ​ខ្លួន​សម្រេចថា​ធាតុនេះ​ឬ​នោះ​ជា​​ធាតុ​បង្ក​អាល្លែកហ្ស៊ី នៅ​ពេល​ដំបូង​ភ្លាម​ គេ​ហៅ​ថា​ជា​ដំណាក់កាលបញ្ជៀប ដោយ​ប្រព័ន្ធការពារ​ខ្លួន​ប្រាណ​សាកល្បង​បង្កើត​អង្គបដិបក្ស​សម្រាប់​ការពារប្រឆាំង​នឹងធាតុ​អាល្លែកហ្ស៊ីនោះ។ នៅ​ពេល​ជួប​លើក​ក្រោយៗទៀត វា​អាច​ជាបញ្ចេញ​ប្រតិកម្ម​ប្រឆាំង​ខ្លាំង។​ អាល្លែកហ្ស៊ីអាច​មាន​ច្រើនប្រភេទធំៗ គឺ​ ជា​អាល្លែកហ្ស៊ីផ្លូវ​ដង្ហើម​ខាងលើ អាល្លែកហ្ស៊ីចំណី​អាហារ អាល្លែកហ្ស៊ីថ្នាំ និង​អាល្លែកហ្ស៊ីពិសសត្វ។ អាល្លែកហ្ស៊ីផ្លូវ​ដង្ហើម​ខាង​លើ ប៉ះពាល់លើ​ច្រមុះ ទង​សួត និង​ភ្នែក ដែល​ច្រើន​តែបណ្តាល​មក​ពី​ កម្ទេច​លម្អងធូលីក្នុង​ផ្ទះ សត្វ​ល្អិតតូច​ខ្លាំង​មើលមិនឃើញភ្នែក ដែល​ចូលចិត្តធាតុក្តៅ​និង​សើម​ (ចៃ​ សង្កោច​ កន្លាត) រោម​សត្វឆ្កែ ឆ្មា ឬ​ទឹកនោម​កណ្តុរ ឬ​ផ្សិត​ដែល​ផ្តល់ក្លិន​ផ្តុះ​​ដោយ​ហេតុ​បរិយាកាសសើម​ថប់ នៅ​តាម​ក្នុងបន្ទប់​ទឹក ផ្ទះ​បាយ ឬ​ បន្ទប់​បិទជិត​ពេក។ លម្អងផ្កា​ក៏​ជា​ប្រភព​នាំឱ្យ​មានអាល្លែកហ្ស៊ីផ្លូវដង្ហើមខ្លាំងដែរ ជាពិសេស​នៅ​រដូវផ្ការីក។ ហើយ​កំរិត​នៃអាល្លែកហ្ស៊ីដោយ​លម្អងផ្កាអាស្រ័យ​ទៅ​ប្រភេទ​ផ្កា ទីតាំង​ភូមិសាស្ត្រ​ តែ​គឺ​លម្អង​ដែល​ហុយ​តាម​ខ្យល់​ជា​អ្នកបង្ក​អាល្លែកហ្ស៊ី។ ហេតុដូច្នេះហើយ​បាន​ជា​ខ្យល់​ពុលក្នុង​បរិយាកាស​មានកាន់​តែ​ច្រើន ករណី​អាល្លែកហ្ស៊ីមាន​កាន់​តែខ្លាំង ហើយ​ភាពកំណាច​នៃ​អាល្លែកហ្ស៊ីកាន់​តែ​ត្រូវ​បាន​ពង្រឹង។ អាល្លែកហ្ស៊ីចំណីអាហារ មិន​ខុស​ពី​អាល្លែកហ្ស៊ីផ្លូវ​ដង្ហើម​ អាល្លែកហ្ស៊ីចំណីអាហារ គឺ​ជាប្រតិកម្មនៃ​ប្រព័ន្ធ​ការពារ​ខ្លួន​ក្រោយ​លេប​អាហារអ្វីមួយ​​ចូល​ទៅ​។ គេ​មិន​ត្រូវ​ច្រលំ​រវាង​ភាព​មិនអនុគ្រោះ​នឹង​ម្ហូប​ចំណី​អាហារណាមួយ និង​អាល្លែកហ្ស៊ីអាហារ​ទេ។ អាល្លែកហ្ស៊ីអាហារ គឺ​ជា​ប្រតិកម្មភ្លាម​​ភ្លែត (កម្រ​​ចាប់​​យូរ​ដល់​២៤ឬ​៤៨ម៉ោងណាស់) និង​មាន​លេចអាការៈ​សញ្ញា​រោគ​ខ្លាំង​ច្បាស់ៗ​​តែម្តង។ រោគសញ្ញា​អាល្លែកហ្ស៊ីអាហារ អាច​ជា ការ​ភើច្រាល​ខុស​ប្រក្រតី​ (សម្រាប់​ទារក​តូច​ខ្លាំង) - ឡើង​រោលកន្ទួល​ រមាស់​នៅ​មាត់- ក្អួត​ចង្អោរ- ទល់​ខ្យល់ រាគ​ ឬ​ក្តៀន- ឡើង​រោល ក្រហម រមាស់ ប្រទាក្រអាក ត្រអក នៅ​លើ​ស្បែក- ឈឺ​ក្បាល- ថប់​ពិបាក​ដង្ហើមដូច​កើត​រោគ​ហឺត - ហៀរសំបោរ- និង​ហើម​បបូរមាត់ ម្រាមដៃម្រាម​ជើង ប្រអប់​ដៃប្រអប់​ជើង ភ្នែក​ ឬ​មុខ និង​បំពង់ក។ ក្នុង​ទម្រង់ធ្ងន់ធ្ងរ ការ​ហើម​បំពង់​ក​អាច​ទៅ​បិទខ្ទប់​ផ្លូវ​ដង្ហើម​ធ្វើ​ឱ្យ​អ្នក​ជំងឺអាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត​បាន។ អ្នកខ្លះ​អាល្លែកហ្ស៊ីអាហារ​ខ្លាំង​ពេក​ដល់​ថ្នាក់​សន្លប់​ បាត់​ស្មារតី​លែងដឹង​ខ្លួន។ ជា​ទូទៅ​ អាល្លែកហ្ស៊ីអាហារ មានលក្ខណៈ​ធ្ងន់ធ្ងរ​ឡើង​ៗ មាន​ន័យ​ថា​ប្រព័ន្ធការពារ​ខ្លួន​បញ្ចេញ​ប្រតិកម្មកាន់​តែ​ខ្លាំងឡើង​​ នៅរាល់ពេល​ជួបអាហារ​ជា​ភ្នាក់ងារ​បង្ក​អាល្លែកហ្ស៊ី។ ចំណីអាហារ​ដែល​ងាយ​បង្ក​អាល្លែកហ្ស៊ីជាងគេ​សម្រាប់​កុមារ មានដូច​ជា ស៊ុត ទឹកដោះគោ សណ្តែកដី ផ្លែមានសម្បក​រឹង ត្រី។ ប៉ុន្តែអាល្លែកហ្ស៊ី​នឹង​​ទឹកដោះគោ ឬ​ស៊ុត...

Duration:00:09:40

Ask host to enable sharing for playback control

ការឈឺចាប់ចុក​រួយ​រ៉ាំរ៉ៃ​ បង្កើន​គ្រោះ​កើត​ជំងឺ​លើស​ឈាម

3/5/2026
នៅប្រទេស​បារាំង​ ​មួយ​ភាគ​បី​នៃ​មនុស្សធំ​ មាន​រោគ​​ឈឺ​ចាប់រ៉ាំរ៉ៃ​។ មិន​ថា​ជា​​ការ​ឈឺចាប់​សន្លាក់​ សាច់ដុំ ឬ​សរសៃទេ រោគ​សញ្ញា​នេះ​រំខានដល់​​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ខ្លាំងណាស់​។ ​មិន​តែ​ប៉ុណ្ណោះ​ ការ​ឈឺ​ចាប់​រ៉ាំរ៉ៃ​អាច​បង្កើន​ហានិភ័យ​កើត​ជំងឺ​ឡើង​ឈាម​ទៀត។ ការឈឺចាប់គឺជារោគសញ្ញាដែលជួបជាញឹកញាប់ដែលអាចបណ្ដាលមកពីកត្តារាងកាយ និងកត្តាផ្លូវអារម្មណ៍។ ដោយសារផ្នត់គំនិតដែលគិតថា មានជំងឺ គឺត្រូវ​តែ​មានការឈឺចាប់ជារឿងធម្មតា គេ​ច្រើន​តែ​មើល​រំលង​រោគសញ្ញា​ឈឺ​ចាប់​ភាគច្រើន។ ប៉ុន្តែ​រោគ​សញ្ញា​ឈឺ​ចាប់​អាច​​បង្កជាផលវិបាក ប្រៀបដូចជាទុក្ខវេទនារបស់អ្នកជំងឺ ដែលអាចបណ្ដាលអោយមានការវិត្តន៍ទៅជាការឈឺចាប់រ៉ាំរ៉ៃ និងរំខានដល់ការរស់នៅ ជាពិសេសសម្រាប់​អ្នកជំងឺក្រោយវះកាត់ និងអ្នកជំងឺមហារីក ដែលកំពុង កើនឡើងជាគួរអោយកត់សម្គាល់។ ដូច្នេះ​ ការគ្រប់គ្រងការឈឺចាប់ប្រកបដោយប្រសិទ្ធភាព គឺជាកាតព្វកិច្ចសំខាន់សម្រាប់​គ្រូពេទ្យ និងជាសមាសធាតុមូលដ្ឋាននៃសេវាព្យាបាលថែទាំ។ ការ​ឈឺ​ចាប់​រ៉ាំរ៉ៃជា​ជំងឺ? ការ​ឈឺ​ចាប់ សម្គាល់​ដោយ​ការ​ឈឺឆ្អឹងឆ្អែង ​សាច់​ដុំ ​ឬសរសៃ ...​តាម​ធម្មតា​ជា​សញ្ញា​ដាស់​អាសន្ន​ប្រាប់​ថា​ខ្លួន​ប្រាណ​របស់​យើង​មាន​បញ្ហា​អ្វី​មួយ ដូច​ជា​មាន​ជំងឺ មាន​របួស មាន​រលាក​​។ល។ តែ​ពេល​ខ្លះ​ ប្រព័ន្ធ​ដាស់​អាសន្ន​​​អាច​ផ្តល់​សញ្ញា​ខុស ឬ​មិន​សមមាត្រ​​នឹង​ស្ថានភាពជំងឺ​ដែរ។ ជួន​ដំបៅ​ ជំងឺ​ជា​ហើយ ឬ​គ្មាន​ជំងឺអ្វី​ផង ក៏​មាន​អាការៈ​​ឈឺ​ចាប់ក្នុង​ខ្លួន​ដែរ។ ហេតុ​ដូច្នេះហើយ​បាន​ជា​ ពេល​ខ្លះ​នៅ​ពេល​រក​មូល​ហេតុ​មិន​ឃើញ គេ​​យល់​​ថា​​អាការៈ​ឈឺ​ចាប់របស់​អ្នក​ជំងឺ​ខ្លះ ​បណ្តាល​មក​ពីអារម្មណ៍ បណ្តាល​មក​ពី​មាន​បញ្ហា​ផ្លូវ​ចិត្ត​ដោះស្រាយ​មិន​ចេញ។ យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​ពេល​មាន​ការ​ឈឺ​ចាប់​អូស​បន្លាយ​ពេល​វេលា យូរ​ខែយូរ​ថ្ងៃ​ មិន​ព្រម​បាត់ ​លើស​ពី​បី​​ខែ​ឡើង​ទៅ​ បើ​ទោះ​បី​ជា​បាន​ទទួល​ការព្យាបាល និង​លេប​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ហើយ​ គេ​អាច​ចាត់​ទុក​ការ​ឈឺ​ចាប់​នេះ​​ថា​ជា​ជំងឺ ឬ​ជា​ការ​ឈឺ​ចាប់​រ៉ាំរ៉ៃ។ នៅប្រទេស​បារាំង​ មួយ​ភាគ​បី​នៃ​មនុស្សធំ មនុស្ស​ពេញ​វ័យ មាន​រោគ​ឈឺចាប់​រ៉ាំរ៉ៃ។ ការ​ឈឺ​ចាប់​រ៉ាំរ៉ៃ​​អាច​ជាការឈឺ​​ក្បាលមួយ​ចំហៀងដោយ​គ្មាន​ពាក់ព័ន្ធ​នឹង​ជំងឺរលាក​ខួរក្បាល​ធ្ងន់ធ្ងរ​ ការ​ឈឺ​ខ្នង​ (គ្មាន​ស្នាម​ គ្មានដំបៅ គ្មាន​ត្រូវ​វះកាត់) ឈឺ​សន្លាក់ឆ្អឹង រឹង​ រលាក​ ក្រញែងក្រញង់ ដែល​មិន​អាច​ព្យាបាល​កែកុន​ឱ្យ​ដូច​ដើម​បាន ឬ​ការ​ឈឺ​ក្រោយ​គ្រោះថ្នាក់ ឬ​ក្រោយ​ការ​វះកាត់ ដែលជា​ប្រភេទនៃ​ការ​​ឈឺ​ចាប់​លើី​ប្រព័ន្ធ​ប្រសាទ។ មាន​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​មហារីកខ្លះ ព្រមទាំង​ជំងឺ​រ៉ាំរ៉ៃ​ខ្លះ​ទៀត ច្រើន​តែ​មានបង្កប់​ជំងឺ​​ឈឺចាប់រ៉ាំរ៉ៃមួយ​ទៀត់​ ពោល​គឺ​អ្នក​ជំងឺ​មាន​រោគ​ពីរ គឺ​ជំងឺ​រ៉ាំរ៉ៃ​ដើមមួយ និងការ​ឈឺចាប់​រ៉ាំរ៉ៃ​មួយ​ទៀត។ ជួន​ថ្នាំ​ព្យាបាល​ជំងឺដើម បាន​ជាសះស្បើយ​ហើយ តែ​អាការៈ​ឈឺ​ចាប់​រ៉ាំរ៉ៃ នៅ​តែមានបន្តទៀត។ ការ​ឈឺចាប់រ៉ាំរ៉ៃ​​នាំឱ្យ​មាន​ជំងឺ​ឡើង​សម្ពាធឈាម ក្រៅ​អំពី​រំខាន​​យ៉ាង​ខ្លាំង​ដល់​ការរស់នៅ​ប្រចាំ​ថ្ងៃ ការ​ឈឺ​ចាប់​រ៉ាំរ៉ៃ អាច​បង្កើន​ហានិភ័យដល់​ទៅ​៧៥% ​ឱ្យមាន​ជំងឺ​លើស​ឈាម​។ នេះបើ​តាម​ការសិក្សា​មួយ​ទើប​ចេញ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​Hypertension។ ដោយ​ផ្អែក​លើ​ឯកសារ​សុខភាព​របស់​មនុស្សធំពេញ​វ័យ​ចំនួន២០ម៉ឺន​នាក់ រស់​នៅ​សហរដ្ឋ​អាមេរិក ​រយៈ​ពេល​១៣ឆ្នាំ​កន្លះ​ជា​មធ្យម អ្នក​ស្រាវជ្រាវ បានសង្កេត​ឃើញ​អំពីផល​ប៉ះពាល់ប្រចាំ​ថ្ងៃ​នៃ​ការ​ឈឺ​ចាប់​រ៉ាំរ៉ៃ​ទៅ​លើ​សុខភាព​ផ្លូវកាយ​​និងផ្លូវចិត្ត។ ១០​%​នៃ​អ្នកស្ម័គ្រ​ចិត្ត​ចូលរួម​ក្នុង​កម្មវិធី​សិក្សា​ពិសោធន៍​ ធ្លាក់​ខ្លួន​មាន ជំងឺ សម្ពាធ​ឈាមបេះដូង (លើសឈាម) ក្នុងអំឡុងពេល​សិក្សាស្រាវជ្រាវ។ អ្នកមានការ​ឈឺ ចាប់​​រ៉ាំរ៉ៃ​ទូទៅ​ពេញ​ខ្លួន មានកំណើន​ហានិភ័យ​​ឡើង​សម្ពាធឈាម​៧៥%​លើស​អ្នក​គ្មានអាការៈ​ឈឺ​ចុកចាប់​សោះ។ ការ​ឈឺចាប់​ស្រួចស្រាវ រយៈ​ពេល​ខ្លី មានហានិភ័យ​មាន​សម្ពាធ​​ឈាម​​ខ្ពស់​ជាងគេធម្មតា​១០% ហើយ​បើ​ជា​ការ​ឈឺចាប់​រ៉ាំរ៉ៃ​ច្បាស់លាស់​នៅ​កន្លែង​ណាមួយ​ឱ្យ​ប្រាកដ គ្រោះ​កើត​ជំងឺ​លើសឈាមមាន​​ខ្ពស់​ជាង​មនុស្ស​ជា​២០%។ ហានិភ័យ​មាន​​គ្រោះ​សម្ពាធឈាមខ្ពស់ជ្រុល អាស្រ័យ​ខ្លាំង​ទៅ​លើ​ទីតាំង​នៃ​ការ​ឈឺចាប់ ៖ អ្នកឈឺ​ពោះរ៉ាំរ៉ៃ មានគ្រោះ​កើត​ជំងឺលើស​ឈាម​៤៣%។ ហានិភ័យ​ចុះមកនៅ​ត្រឹម​តែ​២២% បើ​ជាអាការៈ​ឈឺ​ចាប់​រ៉ាំរ៉ៃ​មួយ​ចំហៀង​ក្បាល និងតែ​១៩%​បើ​ជា​ការឈឺនៅ​ម្តុំក​និង​ស្មាច្រឡក ឬ​ប្រមាណ​តែ​១៧​%​សម្រាប់​អ្នកមាន​អាការៈ​ឈឺរ៉ាំរ៉ៃ​នៅ​ខ្នង​និងចង្កេះ។ ការ​សិក្សា​អាមេរិកដដែល​នេះ បាន​រំលេច​ឱ្យ​ឃើញ​ទៀត​ថា ការ​ឈឺចាប់​រ៉ាំរ៉ៃ​​និង​​ការ​ឡើង​សម្ពាធឈាម​ ជា​បន្សំ​ដែល​ទៅ​ចិញ្ចឹមរោគបាក់​ទឹកចិត្ត​ និង​ការ​រោលរលាក។ មាន​ន័យ​ថា ឆាប់​ផ្តល់ការព្យាបាល​ជំងឺ​បាក់ទឹកចិត្តដល់អ្នក​មានរោគ​ឈឺចាប់​រ៉ាំរ៉ៃ​ អាច​ជួយ​កាត់​បន្ថយ​ការគ្រោះកើតជំងឺ​លើសឈាមបាន។ អ្នក​ស្រាវជ្រាវ​បាន​អំពាវនាវ​ ឱ្យ​ក្រុម​គ្រូពេទ្យ​...

Duration:00:09:10

Ask host to enable sharing for playback control

បាតជើង​សំប៉ែត​ មានផលវិបាក​និង​គ្រោះថ្នាក់​យ៉ាងណា?

2/26/2026
នៅ​លើ​ពិភពលោក​ មាន​មនុស្ស​ប្រមាណ​៣០%​ មានបាត​​ជើងរាប​ស្មើ​​សំប៉ែត។ ជើង​សំប៉ែត​ ដែល​សម្គាល់​ដោយ​បាត​ជើង​រាប​ស្មើ​ប៉ះដី​ ជាប់​ឈ្មោះ​មិន​សូវ​ល្អ​ទេ​ និងអាច​​បង្ក​ផលរំខាន​​ ​ដល់​សុខភាពផង​។ តើ​ជើង​សំប៉ែត​ពិត​ជា​មានផលវិបាកនិង​គ្រោះ​ថ្នាក់​ដល់​សុខភាពមែន​ឬ? បើ​មែន​តើ​ត្រូវ​ធ្វើ​ដូចម្តេច? ​នៅ​ប្រទេស​បារាំង បាតជើង​សំប៉ែត ជាប់​ឈ្មោះ​អាក្រក់​ថា​បង្ក​ផល​វិបាក​ដល់​សុខភាព​ច្រើន។ ប៉ុន្តែ​បើ​តាម​ការ​សិក្សា​​​បែប​វិទ្យាសាស្ត្រ​ ​បាត​ជើង​រាប​ស្មើ (ឬ​បាតជើង​សំប៉ែត) មិនមែន​ជា​ករណី​កម្រ​ទេ និង​ក៏​មិនពិត​ជា​​​ជះ​ផលវិបាកអាក្រក់​ ​ដល់​សុខភាពខ្លាំង​ ដូច​អ្វី​ដែល​គេ​ធ្លាប់​គិត​ពី​មុន​មក​ឡើយ។ នៅលើ​ពិភពលោក​ មនុស្ស​ប្រមាណពី​​៣០ទៅ​៤០​%​មាន​បាត​ជើងរាប​ស្មើ​សំប៉ែត។ ដើម្បី​បាន​ដឹង​ថាជើង​របស់​អ្នក​មាន​លក្ខណៈ​រាប​ស្មើ​សំប៉ែត​ឬ​អត់​នោះ​ សូម​សាក​ល្បង​ពិនិត្យ​​មើល​ស្នាម​ជើង​សើម​របស់​លោក​អ្នក​នៅ​ពេល​ដាក់​លើ​ដី ឬ​ឥដ្ឋ​ស្ងួត។ ប្រសិន​បើ​អ្នក​ឃើញ​ស្នាម​បាត​ជើង ពេញ​ទាំង​មូល​ នោះ​អ្នក​មាន​បាត​ជើង​រាប​ស្មើ​ហើយ។ ​ បាត​ជើង​សំប៉ែតរាប​ស្មើ​មាន​ច្រើន​ប្រភេទ៖ ជើង​សំប៉ែតក្នុង​វ័យ​​កុមារ ឬវ័យ​ជំទង់ និង​បាត​ជើង​សំប៉ែត​របស់​មនុស្ស​ចាស់ ឬ​និយាយ​សរុប​ដោយ​ខ្លី​ គឺ បាត​ជើង​រាប​ស្មើ​ពី​កំណើត និង​បាតជើង​រាប​ស្មើ​ដែល​កើត​ឡើង​នៅ​ពេលធំ (មនុស្សចាស់)។ បាតជើង​រាប​ស្មើ​ពី​កំណើត ឬ​ជា​ជំងឺ ជា​ទូទៅ​ក្មេង​កើត​មក​ភ្លាម​ ច្រើន​តែ​មាន​បាតជើង​សំប៉ែត​រាប​ស្មើ រហូត​ដល់​អាយុ​៤-៥​ឆ្នាំ​យ៉ាង​តិច។ បន្ទាប់​មក​ ​តាមរយៈ​​ការ​លូតលាស់​​ធំធាត់​នៃ​សរីរាង្គកាយ បាត​ជើង​របស់​ពួកគេ​នឹង​ប្រែប្រួល​ លែង​រាប​សំប៉ែត​នៅ​ពេល​ធំ​ពេញ​វ័យ ដោយ​មាន​បាត​ខូង​បន្តិច ឬ​ខ្លាំង។ ករណី​​ជើង​សំប៉ែត​ក្នុង​វ័យ កុមារ និង​ជំទង់​នេះ ​ មិនមែន​ជា​ជំងឺ​ទេ និង​គ្មាន​អ្វី​គួរ​ឱ្យ​ព្រួយ​បារម្ភ​ឡើយ។ គ្រាន់​តែ​មាន​​ករណី​ខ្លះ ទម្រង់​បាត​ជើង​សំប៉ែត​​អាច​បណ្តាល​មក​ពី​​ភាព​មិន​ប្រក្រតី​ពី​កំណើត ដោយ​មាន​ឆ្អឹង​ណា​មួយ​ខុស​ប្រក្រតី ឬ​តំណ​ឆ្អឹង​​ផ្សា​ភ្ជាប់​គ្នា​មិន​​បានល្អ​។ ដើម្បី​ដឹង​ថា បាត​ជើង​រាប​ស្មើ​បណ្តាល​មក​ពី​ភាព​មិនប្រក្រតី​នៃ​ឆ្អឹង​ឬ​អត់​នោះ សូម​សាកល្បង​ឱ្យ​ក្មេង​ឈរ​ជំទើត​​លើ​ចុង​ជើង​។ បើ​បាតជើង​ខូង​​ហើយ​កែងជើង​ទាញ​បែរ​មក​ខាង​ក្នុង​ នោះ​គ្មាន​បញ្ហា​ឆ្អឹង​ទេ។ តែ​បើ​បាត​ជើង​នៅតែ​​ត្រង់​រាប​ស្មើ ហើយ​កែង​ជើង​មិន​ខ្វេ​ចូល​ក្នុង​ទេ នោះ​គេ​អាច​សង្ស័យ​ថា​ឆ្អឹង​ណា​មួយ​នៃ​ជើង​ដុះ​លូត​លាស់​ខុស​ប្រក្រតី​ហើយ។ ចំពោះ​ បាត​ជើង​រាប​ស្មើ​របស់​មនុស្ស​ធំពេញ​វ័យ​វិញ អាច​ជាករណី​រូបសាស្ត្រ​​បន្ត​ពី​កំណើត​ ដែល​មិនមែន​ជា​ជំងឺ និង​អាច​ជា​ភាព​រាប​ស្មើនៃ​បាត​ជើង​ ​​ដែល​លេច​​ឡើង​បន្តិច​ម្តងៗ​ទៅ​តាមពេលវេលា ដោយមាឌ​ធាត់ ដោយ​​​ភាព​ចាស់​ជរា ដោយ​ការ​​ធ្លាក់​ស្រុត​ចុះ​នៃ​​ឆ្អឹង (ឆ្អឹង​ពុក- រលាក​សន្លាក់​ឆ្អឹង) ​ដោយ​ការ​ចុះ​ខ្សោយ​នៃ​សរសៃពួរ​ដែល​ចង​ទ្រ​ប្រអប់​ជើង នៃ​សាច់​ដុំ​ ឬ​ជា​ផលវិបាក​បន្សល់​ទុក​ក្រោយ​ការ​បុក​ទង្គិច​គ្រាំ​ ដូច​ជា​ធ្លាប់​មាន​គ្រោះ​ថ្នាក់​ដាច់​ចុង​សរសៃពួរ នៅ​​កែងជើង។ នៅ​ដំណាក់កាល​ដំបូង ជើង​ធ្លាក់​សំប៉ែត គ្មាន​បញ្ចេញ​រោគ​សញ្ញា​។ ទាល់​តែ​យូរៗ​ និងធ្ងន់ធ្ងរ​ខ្លាំង ទើប​មាន​លេច​អាការៈ​សញ្ញា​ឈឺ​​ ត្រង់​ម្តុំ​កជើង​ឡើង នៅ​ពេល​ដើរច្រើន​ឬ​ឈរ​យូរ។ បើ​តាម​អ្នក​ជំនាញ​ បាត​ជើង​សំប៉ែត​ត្រូវ​បាន​ចាត់​ទុក​​ជា​ជំងឺ​នៅ​ពេល​ណា​ដែល​វា​បង្ក​ឱ្យ​មាន​ការ​ឈឺ​ចុក​ចាប់​ផ្សេងៗប៉ុណ្ណោះ។ ​ ក្នុង​ករណី​ភាគ​ច្រើន បាត​ជើង​រាប​ស្មើ​​ពី​កំណើត​មិន​បង្ក​ឱ្យ​មាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​ជា​ពិសេស​ទេ។ គ្រាន់​តែ​ថា​ អ្នក​មាន​បាត​ជើង​សំប៉ែត​ពេក ​ងាយ​នឹង​​ឆាប់​ហត់ជើង​​នៅ​ពេល​ដើរ។ អ្នក​មាន​បាត​ជើង​សំប៉ែត​ ជាមនុស្ស​មិន​សូវ​ធន់​នឹង​ដំណើរ​ដើរ​ឈរ​យូរ​ ដូច​អ្នក​មាន​បាត​ជើង​ខូង​ទេ​។ ​ផ្ទុយ​ទៅវិញ បាត​ជើង​សំប៉ែត​ដែល​ណ្តាល​មក​ពីឆ្អឹង​ស្រុត​បន្តិចម្តង​ ព្រោះ​វ័យ​ ព្រោះ​មាន​បញ្ហា​ឆ្អឹង ហើយ​មាន​និន្នាការ​ដើរកែក​​ជើង​ចូល​ក្នុង អាច​បង្ក​ការ​ឈឺ​ចុក​ចាប់​​យ៉ាង​ខ្លាំង​នៅ​ប្រអប់​ជើង នៅ​កជើង ដល់​ជង្គង់ និង​ឡើង​តឹង​ដល់​ចុង​សរសៃ​កែង​ជើង​យ៉ាង​ខ្លាំង ព្រមទាំង​ធ្វើ​ឱ្យ​អ្នក​ជំងឺ​បាត់​បង់​លំនឹង​នៅ​ពេល​ដើរ​ទៀត។ ក្នុង​ករណី​បែប​នេះ​ បាត​ជើង​សំប៉ែត​ ក្លាយ​ជា​ជំងឺ​ ដែល​តម្រូវ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ជំនាញ​ផ្នែកប្រអប់​​ជើង​ ដើម្បី​រក​ដំណោះស្រាយ​ចាំបាច់។ តើគេ​អាច​​ទប់​ស្កាត់​កុំ​ឱ្យ​បាត​ជើង​ធ្លាក់​​​ទៅ​ជា​រាប​ស្មើ​បាន​ដែរ​ឬទេ? ដើម្បី​បញ្ចៀស បញ្ឈប់ ឬ​កាត់​បន្ថយ​គ្រោះ​បាត​ជើង​វិវឌ្ឍ​ទៅ​សំប៉ែត​រាប​ស្មើ កាយ​វិការ​ដំបូង​គេ​បង្អស់​គឺ​ជា​ដោះស្រាយ​កត្តា​ដែល​នាំ​ឱ្យ​ស្ថានភាព​ជើង​កាន់​តែ​ធ្ងន់ធ្ងរ ដូច​ជា​ត្រូវ​បញ្ចុះ​ទម្ងន់​ ត្រូវ​ប្តូរ​កុំ​ពាក់​ស្បែក​ជើងរាប​ស្មើ​។ ជា​ស្បែក​ជើង​មាន​ទ្រនាប់​ប៉ោង​ កល់ទល់​​បាត​ជើង​ឬ​មាន​កែង​បន្តិច។ ការ​វិវឌ្ឍ​នៃ​បាតជើង​ទៅ​សំប៉ែត អាស្រ័យ​ទៅ​លើ​មូលហេតុ​។​ បើ​ជា​បាត​ជើង​សំប៉ែត​ធម្មតា​របស់​ក្មេង​...

Duration:00:09:13

Ask host to enable sharing for playback control

អ្នក​​លើស​ខ្លាញ់​-​ទឹក​នោម​ផ្អែម អាច​​បរិភោគ​ស៊ុតដោយ​គ្មានហានិភ័យ​​ឬ?

1/7/2026
​កូឡេស្តេរ៉ុល ជា​ខ្លាញ់​ដ៏​ចាំបាច់​សម្រាប់ដំណើរ​ការ​របស់​​សរីរាង្គកាយ​។ តែ​បើ​អត្រា​​កូឡេស្តេរ៉ុលក្នុង​ឈាម​ឡើង​ខ្ពស់ ឬ​លើស​ គេ​ត្រូវប្រយ័ត្ន​រឿង​ហូប​ចុក ដោយ​ត្រូវ​ចៀសវាង​អាហារ​មួយ​ចំនួន​។ តើ​ស៊ុត​ជាប់ឈ្មោះ​​ក្នុង​បញ្ជី​អាហារ​ត្រូវ​ចៀស​ដែរឬទេ? តើ​អ្នក​មាន​បញ្ហា​លើស​ជាតិ​ខ្លាញ់ និង​ទឹ​នោម​ផ្អែម ពិត​ជា​ត្រូវ​ប្រុង​ប្រយ័ត្នក្នុង​ការ​​បរិភោគ​ស៊ុត​មាន់​ស៊ុត​ទាឬ? ស៊ុត​នាំ​ឱ្យ​ឡើង​ជាតិ​ខ្លាញ់​កូឡេស្តេរ៉ុល មែនទេ? តើ​ការ​សិក្សា​វិទ្យាសាស្ត្រ​ពន្យល់​យ៉ាងណាដែរ? នៅប្រទេស​បារាំង ការ​បរិភោគ​ស៊ុត បាន​កើន​ឡើងជា​លំដាប់។ ទិន្នន័យ​នៃ​ការ​សិក្សា​បាន​បង្ហាញ​កាន់​តែ​ច្រើនឡើងៗ​ថា ស៊ុត​មិនមែនជា​អាហារ​អាក្រក់​សម្រាប់​សុខភាព​ទេ តែ​ជា​ប្រភព​ផ្តល់​ជាតិ​ប្រូតេអ៊ីន​ដ៏​ល្អ។​ គុណសម្បត្តិ​នៃ​ស៊ុត មាន​តម្លៃ​ថោក ងាយ​ស្រួល​ចម្អិន សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន វីតាមីន និង​មីក្រូ​ជីវជាតិ​សំខាន់ៗ​ នៃ​អាហារូបត្ថម្ភ​​ ស៊ុត​ជា​អាហារ​ដ៏​ល្អ​ខ្លាំង​ណាស់។ ប្រូតេអ៊ីនរបស់​​ស៊ុត ​មាន​គុណភាព​ល្អ​និង​​ខ្ពស់ខ្លាំង​ជាង​គេ។ ល្អ​ខ្លាំង និង​ជាង​​ប្រូតេអ៊ីន​របស់​សាច់​សត្វ ឬ​សាច់​ត្រី​​ទៅទៀត ព្រោះ​ប្រូតេអ៊ីន​របស់​ស៊ុត​ផ្ទុកសារធាតុ​​អាស៊ីត​អាមីណេ ដ៏សំខាន់​ចាំបាច់ទាំង​៩មុខ​​ដែល​​សរីរាង្គកាយមនុស្ស​​ត្រូវ​ការ ​ក្នុង​បរិមាណ​ដ៏​សមាមាត្របំផុត​ ដើម្បី​បង្កើត​សាច់​ដុំ ដើម្បី​បណ្តុះ​កោសិកា​ស្បែក​ សក់ ក្រចក ដុះ​ឡើង​វិញ​ ព្រមទាំង​ដើម្បី​ជួយ​កោសិកា​នៃប្រព័ន្ធ​ការពារ​ខ្លួន ប្រព័ន្ធ​រំលាយ​អាហារ។ ស៊ុត​តែ១​គ្រាប់ អាច​ផ្តល់​ជាតិ​ប្រូតេអ៊ីន​បាន​៦​ក្រាម ឬ​បីគ្រាប់ក្នុង​ថ្ងៃ​​អាច​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​សរីរាង្គកាយ​បាន​មួយ​ភាគបី​ សម្រាប់​ស្ត្រី​ដែល​មានទម្ងន់​៦០គីឡូក្រាម។ ​ស៊ុត​មានផ្ទុក​សារធាតុ​អាហារូបត្ថម្ភ​ម្យ៉ាង​ដែល​មានឈ្មោះ​ថា កូលីន Choline។ កូលីន​មានប្រយោជន៍​ជា​អ្នក​បង្កើត​មូលេគុលនៅក្នុង​ខួរក្បាលដែល​អាច​ជួយ​ចម្រើន​ផ្នែក​ចង​ចាំ ឬ​អាច​និយាយ​បាន​ថា​ស៊ុត​ជា​អាហារបង្ការ​សុខភាព​ខួរក្បាល​ផ្នែក​បញ្ញា​​និងចូល​រួម​ចំណែក​ជួយ​ដល់​ថ្លើម។ ហេតុផល​ដ៏​ល្អ​មួយ​ទៀត ដែល​ក្រុមគ្រូពេទ្យ​ណែនាំ​ឱ្យ​ទទួល​ទាន​ស៊ុត​នោះ គឺ​ស៊ុត​បណ្តុំ​​វីតាមីន៖ ក្នុង​ស៊ុត​មាន​ស្ទើរគ្រប់​ប្រភេទ​នៃ​​វីតាមីនB សំខាន់​ជាង​គេ​គឺ​វីតាមីន​B12- B9 ដែល​ចាំបាច់​ខ្លាំងណាស់​សម្រាប់​ផលិត​គ្រាប់​ឈាម​ក្រហម និង​សម្រាប់​ដំណើរការ​ដ៏​រលូន​នៃ​ប្រព័ន្ធសរសៃ​ប្រសាទ​​។ វីតាមីន​​ A, D, E K មាន​តួនាទី​ជា​អង់ទីអុកស៊ីដង់​​ជួយ​ការពារ​ថែរក្សាគំឃើញ​​ និងប្រព័ន្ធ​​កោសិកា ព្រមទាំងប្រព័ន្ធការពារ​ខ្លួន ស៊ុត​មាន​ផ្ទុក​សារធាតុ​​ដែក ផូស្វ័រ zinc Sélénium ដែល​ជា​អង់ទី​អុកស៊ីដង់​ដ៏​ចម្បង​និង​ដ៏​សំខាន់​សម្រាប់​សុខភាព​ឆ្អឹង​ និង​ជា​ជំនួយ​ឱ្យ​ឆាប់​ជាសះ​។ ប៉ុន្តែ​ស៊ុត​ក៏ជា​ប្រភព​ផ្គត់​ផ្គង់​​កូឡេស្តេរ៉ុលដ៏​ចម្បង​ និង​ជា​អាហារ​ដែល​មាន​ជាតិ​កូឡេស្តេរ៉ុល​ខ្ពស់​ជាង​បំផុតដែរ។ ​ស៊ុត​ក្រហម​ មាន​ផ្ទុក​កូឡេស្តេរ៉ុល​ដល់​ទៅជិត​២០០​មីល្លីក្រាម ឬ​ត្រូវ​ជា​ជាង​ពាក់​កណ្តាល​នៃ​សេចក្តី​ត្រូវការ​ប្រចាំ​ថ្ងៃ​ (៣០០មីល្លីក្រាម) របស់​មនុស្សម្នាក់ៗ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅទសវត្សរ៍​ឆ្នាំ​៧០ ស៊ុត​ត្រូវ​បាន​គេចាត់​ទុក​ជា​សត្រូវ​លេខ​មួយ សម្រាប់​បេះ​ដូង។ តែ​ឥលូវអ្នកវិទ្យាសាស្ត្រ​លែង​ហ៊ាន​អះអាង​ច្បាស់ៗ​ដូច្នេះ​ទៀត​ហើយ។ ពេល​វេលាកន្លង ការ​សិក្សា​កាន់​តែ​ច្រើនៗ​ឡើងៗ បាន​លាត​ត្រដាង​ឱ្យ​ឃើញ​ថា ស៊ុត ឬ​ចំណី​អាហារ​មិន​ប្រាកដ​ជា​ធ្វើ​ឱ្យ​អ្នក​បរិភោគ​​ឡើង​កូឡេស្តេរ៉ូលទេ តែ៨០%​នៃ​កូឡេស្តេរ៉ុល​បណ្តាល​មក​ពី​ថ្លើម​ជាអ្នក​បំប្លែង និង​អាស្រ័យ​ខ្លាំង​ទៅលើ​ភាព​ខុស​គ្នា​ពី​​មនុស្ស​ម្នាក់​ទៅ​មនុស្ស​​ម្នាក់​ អមដោយ​កត្តា​ពូជ​បន្ថែម​ផង។ មាន​ន័យ​ថា ​ប្រសិនបើ​អ្នក​ជា​មនុស្ស​ងាយ​ឡើង​កូឡេស្តេរ៉ុល នោះ​បរិភោគ​តែ​មួយ តែ​ពីរ ក៏​ឡើង​ដែរ។ ផ្ទុយទៅ​វិញ​បើ​អ្នក​មិន​បរិភោគ​ស៊ុតព្រោះ​ជំនឿ​ខ្លាច​ឡើង​កូឡេស្តេរ៉ុល​ នោះ​ជា​ការ​គិត​ខុសទៅ​វិញទេ។ ឈប់​ឬ​តម​បរិភោគស៊ុត តែ​ងាក​ទៅ​​សាច់សត្វ​ និង​អាហារកែច្នៃ​ផ្សេង​ទៀត​ ដើម្បី​ប្រមូល​ផ្តល់​ប្រូតេអ៊ីន នឹង​បង្ក​​គ្រោះ​ថ្នាក់ និងធ្វើ​ឱ្យអត្រា​​កូឡេស្តេរ៉ុល​កាន់​តែ​អាក្រក់ទៅ​វិញ​ទេ។ មនុស្សម្នាក់ៗ​កើត​មក​មិន​ដូច​គ្នាទេ! និង​កាន់​តែ​មិន​ស្មើ​ភាព​គ្នា​ទៀត លើ​ផ្នែក​សុខភាព។ អ្នក​ខ្លះ​ហូប​ច្រើន​មិន​ធាត់ ខ្លះ​បរិភោគ​តែ​ច្រើន​បន្តិច​ក៏​ឡើង​គីឡូភ្លាម។ ឯ​បញ្ហា​កូឡេស្តេរ៉ុលដោយសារ​អាហារ​​ក៏​ដូច​គ្នា។ កូឡេស្តេរ៉ុល​របស់​ស៊ុតអាច​​គ្មានឥទ្ធិពល​អ្វី​ប៉ះពាល់​ដល់​កូឡេស្តេរ៉ុល​ក្នុង​ឈាម​ទេ សម្រាប់​​មនុស្ស​មួយ​ភាគ​ធំ​។ ការ​សិក្សា​ចេញ​ផ្សាយនៅ​ឆ្នាំ​១៩៩១​ជា​ឧទាហរណ៍​ ជាក់​ស្តែង​បញ្ជាក់​ថា មានករណី​មនុស្ស​ទទួល​ទាន​ស៊ុត​ដល់​ទៅ​ជាង​២០គ្រាប់​ក្នុង​មួយ​ថ្ងៃ ដោយ​គ្មាន​ឡើង​អត្រាកូឡេស្តេរ៉ុល​ទេ។ ឯមនុស្ស​ខ្លះ​ទៀត​ ឡើង​កូឡេស្តេរ៉ុល​ខ្លាំង​ភ្លាម...

Duration:00:07:33

Ask host to enable sharing for playback control

វេជ្ជសាស្ត្រ​បុរាណ​ឥណ្ឌា អាយុរវេទ ជា​អ្វី?

12/31/2025
ក្រៅ​ពី​វេជ្ជសាស្ត្រ​បូរាណ​ចិន ឥណ្ឌា​ក៏​មាន​ចំណេះ​និង​ប្រពៃណី​វប្បធម៌​ផ្នែក​សុខាភិបាល​ដ៏​ចំណាស់និង​ល្បីល្បាញ​​ខ្លាំង​ដែរ។ វេជ្ជសាស្ត្រ​បូរាណ “អាយុរវេទ” ​ដែល​មាន​​ដើម​កំណើត​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ឥណ្ឌា មាន​អាយុ​កាល​ជា​ច្រើន​ពាន់​ឆ្នាំ​ហើយ​។ តើ​វេជ្ជសាស្ត្រ​នេះ​រំពឹង​លើ​គោលការណ៍​អ្វី? និង​មាន​គុណ​ប្រយោជន៍​ ព្រមទាំង​ប្រសិទ្ធភាព​​យ៉ាងណា? អង្គការ​សុខភាពពិភពលោក​បាន​ទទួល​ស្គាល់​​វេជ្ជសាស្ត្រ​បូរាណ​ឥណ្ឌា “អាយុរវេទ” ជា​ក្បួន​វេជ្ជសាស្ត្រ​ដ៏​ពេញ​លេញ​បំផុត តាំងពី​ឆ្នាំ​១៩៨២​មក។ មានកំណើត​នៅ​ប្រទេស​ឥណ្ឌា និង​មាន​អាយុ​ជាង​៥ពាន់​ឆ្នាំ​ “អាយុរវេទ​” មាន​ប្រណិបត្តិ ​នៅ​ប្រទេស​ឥណ្ឌា ស្រីលង្កា និង​ក្នុង​សហគមន៍​ជា​ច្រើន​នៅ​លើ​ពិភពលោក។ ​ “អាយុរវេទ” ក្នុង​​ភាសា​សំស្ក្រឹត គឺ​ជា​បន្សំ​រវាងពាក្យ “អាយុ” ដែល​មាន​ន័យថា​​ជីវិត​ និង​ពាក្យ​​ “វេទ” ដែល​មាន​ន័យថា​​ចំណេះ​ដឹង​។ ដូច្នេះវេជ្ជសាស្ត្រ​បុរាណ​ឥណ្ឌា ​អាយុរវេទ ជា​វិទ្យាសាស្ត្រ​នៃ​ជីវិត ឬ​ជា​វិជ្ជា​សម្រាប់​ចម្រើន​អាយុ​ -ចម្រើន​សុខភាព។ តើ​អ្វី​ទៅ​ជា​គោលការណ៍​នៃ​អាយុរវេទ? អាយុរវេទ​ ជា​គម្ពីរ​វេជ្ជសាស្ត្រ​បុរាណ​ផង និង​ ជា​ទស្សនៈ​វិជ្ជា​នៃ​ជីវិត​ផង ដែល​ចង់​ឱ្យ​ខ្លួន​ប្រាណ​ ព្រលឹង​ វិញ្ញាណ​ រស់​ស៊ីចង្វាក់​គ្នា​តាម​ច្បាប់​ធម្មជាតិ។ វេជ្ជសាស្ត្រ​អាយុរវេទ ចាត់​ទុក​ខ្លួន​ប្រាណ​មនុស្ស ជា​ភពមួយ ដែល​ត្រូវ​មាន​លំនឹង​រវាង​ធាតុ​ធម្មជាតិ​ចំនួន​៥​ មិនមែន​បួន​ដូចដែល​យើង​ធ្លាប់​ស្គាល់​ទេ។ ធាតុ​ទាំង​៥​នោះ គឺ ទឹក ដី ភ្លើង​ ខ្យល់ និង អេទែរ (អវកាស)។ ខ្លួន​ប្រាណ​មនុស្ស​ម្នាក់ៗ​ផ្សំ​ឡើង​ដោយ​ធាតុ​ទាំង​៥​ដូច​គ្នា តែក្នុង​​អត្រា​ខុសៗគ្នា​ ទើប​មនុស្ស​ម្នាក់​មាន​លក្ខណៈពិសេស​ជា​របស់ខ្លួនផ្ទាល់ និង​​ខុស​គ្នា​ប្លែក​គ្នា​ពី​មនុស្ស​ម្នាក់​ទៅមនុស្ស​ម្នាក់។ បើ​តាមសិក្ខាបទ​​បុរាណ​ឥណ្ឌា សរីរាង្គកាយ​មនុស្ស​មាន​ដំណើរការ​ដោយ​រំពឹង​លើ​ធាតុ​ទាំង​៥ (ទឹក​ ដី​ ភ្លើង ខ្យល់ និង​អវកាស) ដែល​ផ្សំ​ជា​​ថាមពល​សំខាន់ចាំបាច់​​បី​យ៉ាង ​មាន​ឈ្មោះ​ថា doshas ​សម្រាប់​​កំណត់សណ្តាន​អារម្មណ៍របស់​មនុស្ស។ គេ​អាច​សម្គាល់​ចំណុច​ខ្លាំង ចំណុច​ខ្សោយ​របស់​មនុស្ស​ម្នាក់ៗ ដោយ​មើល​ទៅ​លើ​សណ្តាន​​ថាមពល​ Doshas​នេះ​ឯង។ ថាមពល​ចាំបាច់​ទាំង​បីនោះគឺ៖ បើតាម​វេជ្ជសាស្ត្រ​​អាយុរវេទ​ ថាមពល​ទាំងបី​ជា​ចរន្តរត់​ពេញ​ខ្លួន តាម​បណ្តាញ​ផ្សេងៗ​ដែល​អាយុរវេទ​ហៅ​ថា បណ្តាញ​Shrotas ដែល​​អាច​ជា​ប្រព័ន្ធ​រំលាយ​អាហារ​ ប្រព័ន្ធ​ចរន្តឈាម​ និង​ត្រូវរក្សា​ឱ្យ​​មាន​លំនឹង។ នៅ​ពេល​ខ្លួន​ប្រាណ​មាន​លំនឹង​ថាមពល មនុស្ស​នឹង​មាន​សុខភាព​ល្អ។ ផ្ទុយទៅ​វិញ បើ​​គ្មាន​​លំនឹងថាមពលទេ​ រោគា​នឹង​លេច​ឡើង។ ស្ត្រេស ធ្វើការ​ហួស​កម្លាំង និង​ចំណី​អាហារ​ ជា​ដើមហេតុ​នាំ​ឱ្យ​សរីរាង្គ​កាយ​បាត់​បង់​លំនឹង​ថាមពល និង​បង្ក​ឱ្យ​មាន​ជំងឺ​ផ្សេងៗ​ នៅ​ពេល​អនាគត។ ​អ្វី​ជា​វិធីសាស្ត្រ​ព្យាបាល​តាម​បែប​អាយុរវេទ? ដូច្នេះ​គេ​ត្រូវ​រិះរក​វិធី​ព្យាបាល​យ៉ាង​ណាដែល​​នាំ​អ្នក​ជំងឺ​ឱ្យ​រក​ឃើញ​លំនឹង​ដើម​ឡើង​វិញ តាម​រយៈ​វិធីសាស្ត្រ​ព្យាបាលជា​ច្រើន ខុស​ប្លែក​ពី​គ្នា។ ជម្រើស​វិធីសាស្ត្រ​ព្យាបាល​​​អាស្រ័យ​លើ​បុគ្គល​អ្នក​ជំងឺ ប្រភេទ​ថាមពលដែលលេច​ធ្លោ​ខ្លាំង​ជាង​គេ និងការ​​បាត់​លំនឹង​តើ​ថយផ្អៀង​ទៅ​ខាង​ណា។ អាយុរវេទ​ ជា​វេជ្ជសាស្ត្រ​ព្យាបាល​អ្នក​ជំងឺ​ មិនមែន​ព្យាបាលជំងឺ​​ទេ។ មាន​ន័យ​ថា គ្រូពេទ្យ​បុរាណ​ឥណ្ឌា ស្វះស្វែង​រក​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​អ្នក​ជំងឺ​​បាត់​លំនឹង​ថាមពល ដើម្បី​បណ្តេញ​បន្ធូរបន្ថយ​អាការៈ​សញ្ញា​ឈឺ ​ឱ្យ​បាន​យូរអង្វែង។ វេជ្ជសាស្ត្រ​បុរាណ​ឥណ្ឌា​អាយុរវេទ​​ មាន​​វិធីសាស្ត្រ​ព្យាបាល​ ដោយ​ផ្តោ​ត​លើ សមាធិ ​ចង្វាក់​ជីវិត​ ចំណី​អាហារ ការ​ផ្សំរុក្ខជាតិ​ធ្វើ​ជា​ថ្នាំឬ​ចម្រាញ់​ជា​ប្រេង សកម្មភាព​ហាត់ប្រាណ និង​ការ​ធ្វើ​ម៉ាស្សា​។ ម៉ាស្សាអាយុរវេទ ៖ ការ​ធ្វើ​ម៉ាស្សា​បែប​អាយុរវេទ មាន​លក្ខណៈ​ខុស​គ្នា និង​ប្រែប្រួលពី​មនុស្ស​ម្នាក់​ទៅមនុស្សម្នាក់ ដើម្បី​សម្រប​ទៅ​តាម​ប្រភេទ​ថាមពល​របស់​អ្នក​ជំងឺ ដោយ​លាប​ប្រេង​ធម្មជាតិ ផ្សំពិសេស​តាមក្បួន​បុរាណអាយុរវេទ។ សម្រាប់​មនុស្ស​មាន​សណ្តានថាមពល​ខ្យល់​ គេ​ធ្វើ​ម៉ាស្សា​យឺតៗដោយ​ប្រើ​ប្រេង​ក្តៅលាប​លន​រុំ​ពេញ​ខ្លួន​​និង​មានលក្ខណៈ​ចិញ្ចឹម ដើម្បី​ផ្តល់​សន្តិភាព​និង​ការ​ធានារ៉ាប់​រង​ដល់​អ្នក​ជំងឺ។ ចំពោះ​ក្រុម អ្នក​មាន​ថាមពល​​ភ្លើង ត្រូវ​ធ្វើ​​ម៉ាស្សា​ លឿនៗ បែប​រំញោច ចុច​ជ្រៅ ដោយ​ប្រើប្រេងតិច​ល្មម​ សម្រាប់​ផ្តល់​ភាព​ត្រជាក់​ស្រស់​ស្រាយ។ ត្រូវ​ធ្វើ​ម៉ាស្សា​ដោយ​ប្រើ​ប្រេង​តិច​បំផុត សម្រាប់​អ្នក​មាន​ថាមពល​។ ម៉ាស្សា​ឥណ្ឌា​ ដែល​អាច​ធ្វើ​ពេញ​លើ​ដង​ខ្លួន​ទាំង​មូល ឬតែផ្នែក​ក្បាល ឬ​ចុង​ជើង ដោយ​ប្រើ​ ដោយ​ដៃ​ ​បាត​ដៃ ​កែង​ដៃ ឬ​ដើម​ដៃ អាច​ផ្តល់​​គុណប្រយោជន៍​ច្រើន​ដូច​ជា​ សម្រួល​ចរន្ត​ឈាម ភ្ញោច​ជាលិកា​សាច់​ដុំ រក្សា​និង​ចិញ្ចឹម​ជាលិកាស្បែក ដាស់​ប្រព័ន្ធ​ការពារ​ខ្លួន​ឱ្យ​បំពេញ​តួនាទី​បាន​ប្រសើរ​ឡើង...

Duration:00:09:16

Ask host to enable sharing for playback control

តើ​វេជ្ជសាស្ត្រ​បូរាណ​ចិន​ មាន​គុណ​សម្បត្តិ​យ៉ាងណា?

12/24/2025
នៅ​​ថ្ងៃ​ទី​១៧ដល់​ថ្ងៃទី​១៩ធ្នូ អង្គការ​សុខភាពពិភពលោក​បាន​បើក​ជំនួប​កំពូល​លើក​ទីពីរ ស្តី​ពី​វេជ្ជសាស្ត្រ​បូរាណ នៅ​ប្រទេស​ឥណ្ឌា។ អង្គការ​សុខភាព​ពិភពលោក​បាន​ទទួល​ស្គាល់​ថា វេជ្ជសាស្ត្រ​បូរាណ​ជា​ចង្កោម​ចំណេះ​ដឹង សមត្ថភាព​ និង​ជាការ​ព្យាបាល​ដែល​ឈរ​លើ​ក្បួន​ លើ​ជំនឿ និង​បទពិសោធន៍​ផ្ទាល់។ វេជ្ជសាស្ត្រ​បូរាណ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​វេជ្ជសាស្ត្រ​ស្រទន់ ជា​ជម្រើស​បន្ថែម​មួយ​ទៀត​នៃ​ការ​ព្យាបាល​ថែទាំ​សុខភាព។ នៅ​ក្នុង​ចំណោម​វេជ្ជសាស្ត្រ​បូរាណ​ជា​ច្រើននៅលើ​ពិភពលោក វេជ្ជសាស្ត្រ​បូរាណ​ចិន មាន​អាយុ​ចាស់​ជាង​គេ​បំផុត​មួយ តើ​វេជ្ជសាស្ត្រ​បូរាណ​ចិន​ មាន​គុណសម្បត្តិ​និង​លក្ខណៈ​ពិសេស​យ៉ាង​ដូចម្តេច​ខ្លះ? វិធី​ព្យាបាល​បែប​បូរាណ​ ជា​ទម្លាប់​ប្រពៃណី​របស់​ជនជាតិ​ដើម ជនជាតិ​ភាគ​តិច ឬ​ក្បួន​ថែ​ទាំ​សុខភាព​​តាំងពី​ដូន​តា​ ជា​ផ្នែក​មួយ​នៃ​ការ​រស់​នៅ​ប្រជាពលរដ្ឋ​និង​សហគមន៍​នានា​ តាំងពី​ជា​ច្រើ​នសតវត្សរ៍​មក​ហើយ និង​បន្ត​មាន​ចំណែក​សំខាន់​ក្នុង​ជីវភាពសុខភាព​ប្រចាំ​ថ្ងៃ តាម​បណ្តា​ប្រទេស​និង​តំបន់​ជា​ច្រើន​នៅលើ​ពិភពលោក​។ វេជ្ជសាស្ត្រ​បូរាណ​កំពុងក្លាយ​ជា​បាតុភូត​ពិភពលោក។ សេចក្តី​ត្រូវការ​ និង​ការ​ងាក​ទៅ​រក​ឱសថ​បូរាណ ដើម្បី​ទ្រទ្រង់​សុខភាព​​និង​ផាសុកភាព ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង។ ​ជាក់​ស្តែង បើ​តាម​អង្គការ​សុខភាពពិភពលោក​ ក្នុង​ចំណោម​សមាជិក​​សរុប​ទាំង​១៩៤​ប្រទេស មាន​​១៧០​បាន​ប្រកាស​ប្រើ​ឱសថ​បូរាណ​ផលិត​ពី​រុក្ខជាតិ ការ​ប្រើ​ម្ជុល​វិទ្យាសាស្ត្រ យូហ្កា និង​វិធី​ព្យាបាល​បែប​ជនជាតិ ព្រម​ទាំង​ទម្រង់​ផ្សេង​ទៀត​នៃ​វេជ្ជសាស្ត្រ​បូរាណ។ ប្រទេស​ទាំង​អស់​នោះ​ បាន​ទទួលស្គាល់​​វេជ្ជសាស្ត្រ​បូរាណ​ជា​ធនធាន​​ដ៏​មាន​តម្លៃ​ ហើយ​មាន​វិធានការ​បញ្ចូល​វេជ្ជសាស្ត្រ​បូរាណ​ ដូច​ជា​​របៀប​​ ​ព្យាបាល ផលិតផលថ្នាំ​បូរាណ និងគ្រូ​បូរាណ​ ទៅ​ក្នុង​ប្រព័ន្ធ​សុខាភិបាល​ជាតិ។ អង្គការសុខភាព​ពិភពលោក ក៏​បាន​ទទួល​ស្គាល់​អំពី​ភាព​ចម្រុះ​នៃ​វេជ្ជសាស្ត្រ​បូរាណ ជា​វេជ្ជសាស្ត្រ​បំពេញ​បន្ថែម និង​អាច​យក​ទៅ​ប្រើ​នៅក្នុង​ប្រទេស​ផ្សេង​នៅលើ​ពិភពលោក ដើម្បី​ចូល​រួម​ចំណែក​ទ្រទ្រង់​​សុខភាព​ ក្នុង​ទម្រង់ជា​ការ​ថែទាំសុខភាព​សម្រាប់​បុគ្គល​ដោយ​ចំពោះ និង​ក៏​​ជា​ផ្នែកមួយ​នៃ​​ប្រព័ន្ធ​សុខភាព​សកល​មួយ​ដែរ។ បញ្ចូល​វេជ្ជសាស្ត្រ​ទៅ​ក្នុង​ប្រព័ន្ធ​សុខាភិបាល​ដ៏​សមស្រប អាច​ជួយ​លើក​កម្ពស់​សុខភាព​ និង​កំរិត​នៃ​ការ​ព្យាបាល​សុខភាព​បឋម។ ហេតុ​ដូច្នេះហើយ​បាន​ជា​អង្គការ​សុខភាព​ពិភពលោក​ត្រៀម​លក្ខណៈ​ជួយ​ប្រទេសដែល​ចង់មាន​​វេជ្ជបូរាណ​ ឱ្យ​សម្រេច​បំណង​​បាន ដោយ​មាន​​វិទ្យាសាស្ត្រ​ជា​បង្អែក។ តើ​វេជ្ជសាស្ត្រ​បូរាណ​ជា​អ្វី? វេជ្ជសាស្ត្រ​បូរាណ​ចិន មាន​វ័យ​ចំណាស់​ជាង​គេ​បំផុតមួយ​នៅលើ​ពិភពលោក និង​មាន​អាយុ​លើស​ពី​៥ពាន់​ឆ្នាំ។ កាលពី​ឆ្នាំ​២០១០ យូនេស្កូ​​បាន​បញ្ចូល​វេជ្ជសាស្ត្រ​បូរាណ​ចិន​ ជា​បេតិកភ័ណ្ឌ​វប្បធម៌​អរូបិយ​របស់​មនុស្ស​ជាតិ។ នៅ​ឆ្នាំ​២០១៩ អង្គការ​សុខភាពពិភពលោក​បាន​បញ្ចូល​ផ្នែក​ខ្លះ​នៃ​វេជ្ជសាស្ត្រ​បូរាណ​ចិន ទៅ​ក្នុង​បញ្ជី​បែង​ចែង​ប្រភេទ​ជំងឺ​អន្តរជាតិ​ទៀត។ នៅក្នុង​ប្រពៃណី​ចិន អ្វីៗ​វិល​តែ នៅ​ជុំ​វិញ​កម្លាំងគ្រឹះ​មួយ គឺ​​ថាមពល​។ បើ​តាម​គោលការណ៍​វេជ្ជសាស្ត្រ​បូរាណចិន ថាមពល​ជា​អ្នក​ចម្រើន​​កោសិកា​ក្នុង​ការ​បំបែក​ពង្រីក​ចំនួន ធ្វើ​ឱ្យ​រុក្ខជាតិ និង​សភាវៈ​មាន​ជីវិត​​បង្កើន​បរិមាណ។ ថាមពល​ជា​របស់​មើល​មិន​ឃើញ មិន​អាច​ប៉ះបាន​ ហើយ​​អាច​ដឹងតាម​រយៈ​​ឥទ្ធិពល​របស់​វា​តែប៉ុណ្ណោះ។ នៅក្នុងផ្នត់​​គំនិត​ចិន ថាមពល​ ជា​អ្នក​ទ្រទ្រង់​ដំណើរការ​របស់​ខ្លួន​ប្រាណ​និង​សតិ។ ដើរ គិត​ អារម្មណ៍​ទទួល​ដឹង ... អាច​ប្រព្រឹត្ត​ទៅបាន​ដោយ​សារ​ថាមពល​នេះឯង។ ថាមពល ជា​​​ចរន្ត​​រត់​ជាប់​ឥតដាច់​ តាម​ខ្សែ ក្នុង​ពេញ​មួយ​ខ្លួន​ប្រាណ។ ខ្សែ​ថាមពល​ជា​បណ្តាញ​មិន​ច្បាស់​លាស់​ ដែល​មាន​ចំណុច​ជា​ច្រើន មិន​តិច​ជាង​៣៦១​​ចំណុច​ទេ។ ជា​ចំណុច​សម្រាប់​​​ចុច​ចាក់ម្ជុល ដើម្បី​បាន​ជា​។ នៅ​ពេល​មាន​ថាមពល​គ្រប់គ្រាន់ ហើយ​ចរន្ត​ថាមពល​រត់​ស្រួល នោះ​សរីរាង្គកាយ​យើង​នឹង​មាន​សុខភាព​ល្អ។ ផ្ទុយ​ទៅវិញ បើ​ថាមពល​ត្រូវ​រាំង​ស្ទះ​ កក​នៅ​កន្លែង​ណា​មួយ​នៅ​នឹង​មាន​ជំងឺ​លេច​ឡើង​ហើយ។ ខ្លួន​ប្រាណ​មនុស្ស​លែង​មាន​លំនឹង​ផ្នែក​ថាមពល​ ឬ​ថាមពល​រត់​មិន​ស្រួល បណ្តាល​មក​ពី​កត្តា​ក្រៅ​ខ្លួន​ ដូច​ជា​វីរ៉ុស ឬ​ស្ត្រេស និង​ កត្តា​ក្នុង​ខ្លួន​ ដែលបណ្តាល​មក​ពីមាន​សរីរាង្គ​ណាមួយ​ខូច ​ដំណើរការមិន​​​ប្រក្រតី។ ដើម្បី​សម្រួល​បញ្ហា​នេះ ​ក្បួន​វេជ្ជសាស្ត្រ​បូរាណ​ចិន ​រំពឹង​លើ​មធ្យោបាយ​៥៖ ចិន​មាន​ប្រវត្តិ​ មាន​ក្បួន​ផ្សំឱសថ​ ដែល​មាន​អាយុកាលដ៏​ចំណាស់​ខ្លាំង តាំង​ពី​​រាប់​ពាន់​ឆ្នាំមុន​មក​ម្ល៉េះ។ គ្រឿ​ង​ផ្សំ​ប្រើ​ក្នុង​វេជ្ជសាស្ត្រ​បូរាណ​ចិន អាច​ជា​​រុក្ខជាតិ ជា​រ៉ែ និង​អាច​ជា​សត្វ។​ ប៉ុន្តែ​រុក្ខជាតិ​ផ្សំ​ដ៏​ល្បីល្បាញ​ និង​ស្គាល់​ខ្លាំង​ជាង​គេ គឺ​ខ្ញី យិនស៊ិន។ បើ​តាម​អ្នក​ជំនាញ​ចិន ខ្ញី​មិនមែន​ជា​អាហារ​ប៉ូវ​បំប៉ន​ដំឡើង​​តណ្ហា​ទេ...

Duration:00:09:14

Ask host to enable sharing for playback control

"ភ្លេច" មាន​ប្រយោជន៍​សម្រាប់​សុខភាព​ខួរក្បាល?

12/17/2025
ការ​ភ្លេច​អាច​រំខាន​ការ​រស់​នៅ​ប្រចាំថ្ងៃ​និង​គួរ​ឱ្យ​ខឹង​ខ្លួន​ឯង​ខ្លាំង​ណាស់​នៅពេល​ខ្លះ។ ​អ្នក​មាន​អាយុ​ច្រើន​វិញ បារម្ភ​នឹង​ខ្លាច​​ភ្លេចមែនទែន។ ការ​ភ្លេច​ជាបាតុភូត​ធម្មជាតិ ជា​​រឿង​ធម្មតា ព្រោះ​ខួរក្បាលត្រូវ​ការ​ភ្លេច។ ការ​ចងចាំមិនសុទ្ធ​តែ​ល្អ​ ដូចការ​គិត​និង​ប្រាកដ​ថា​ពិត​ដូច​ពេលកើត​ជាក់ស្តែងទេ។ ប៉ុន្តែពេល​ណា​គួរ​បារម្ភអំពីការ​ភ្លេច? តើ​ដូចម្តេចដែលហៅ​ថា​ភ្លេច​ធម្មតា និង​ភ្លេច​ជំងឺ? នៅក្នុង​បរិបទ​នៃ​ភាព​ចាស់​ជរា​របស់​ប្រជាពលរដ្ឋ​នៅ​លើ​ភពផែន​ដី និង​កំណើន​ជំងឺ​វង្វេង​វង្វាន់អាល់ហ្សៃម៉ែរ ប្រាកដ​ណាស់​ដែល​ថា​ “ការ​ភ្លេច” ​ត្រូវ​ក្លាយ​ជា​ពាក្យ​គួរ​ឱ្យ​ខ្លាច និង​ក្លាយ​ជា​ពាក្យ​ដែល​មាន​​​​​អត្ថន័យ​ អវិជ្ជមាន ហើយ​ត្រូវ​បាន​គេ​ភ្ជាប់​ថា​ជា​​កំហុស ពាក់ព័ន្ធ​នឹង​ស្មារតី ជា Bug របស់ខួរក្បាល។ អ៊ីចឹង​ហើយ​បាន​ជា​មនុស្សលោក​បានប្រឹងប្រែងអភិវឌ្ឍ​​វិធី​ផ្សំ​គ្នា​ជា​ច្រើន ដូច​ជា​ធ្វើ​លំហាត់​បំប៉ន​​បញ្ញាញាណ​ផង ចំណីអាហារ​បំប៉ន​បន្ថែម​ផង និង​ប្រើ​ប្រាស់ថ្នាំ​ពេទ្យ ព្រមទាំង​បង្កើត​ឃ្លាំង​ស្តុក​ទិន្នន័យ​ទៀត ដើម្បី​កុំ​ឱ្យ​ភ្លេច។ មែនហើយ ពិត​ជា​ល្អ​ប្រពៃណាស់​បើ​យើង​នៅ​ចង​ចាំ​អ្វី​ដែល​បាន​ភ្លេចកាលពី​​ថ្ងៃ​មុន។ ​រកនឹក​មិន​ឃើញនូវ​​ពាក្យ​​អ្វី​មួយ​ពេល​កំពុង​សន្ទនា​ ពិត​គួរ​ឱ្យ​ខឹង​ខ្នាញ់​ខ្លួន​ឯង​ខ្លាំងណាស់​​។ អ្នក​មាន​ការ​ចងចាំ​ល្អ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អ្នក​មាន​បញ្ញាឆ្លាត​វាង​វៃ។ ផ្ទុយ​ទៅ​វិញ​ នៅ​ពេល​ចាប់​ផ្តើម​ភ្លេច គេ​តែង​គិត​ភ័យ​ភ្លាម ថា​ជាការ​ធ្លាក់​ចុះ​នៃ​សុខភាពផ្នែក​​ប្រព័ន្ធបញ្ញាញាណ។​ ប៉ុន្តែទស្សនៈ​មិន​ត្រឹមត្រូវ​ទេ។ យើង​អាច​ភ្លេច​កូនសោរ ភ្លេច​ឈ្មោះ​នរណាម្នាក់ នៅ​ពេល​ហត់​ខ្លាំង ឬ​អារម្មណ៍​មិនមូល។ ​តាមការពិត​ទៅ​នោះ ការ​ភ្លេច​ជា​បាតុភូត​ធម្មជាតិ ​ជា​ដំណើរ​​​ដ៏​ចាំបាច់​សម្រាប់​ឱ្យ​ខួរក្បាលអាច​ចង​ចាំ​បាន​ល្អ។ ដំណើរ​ចងចាំ​និង​ភ្លេចដ៏​ស្មុគ​ស្មាញ​​នេះ ជាប្រធានបទ​នៃការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ច្រើន​ណាស់។​​ តើ​អ្នកវិទ្យាសាស្ត្រ​ប្រព័ន្ធប្រសាទ​សិក្សា​ឃើញ​យ៉ាងណា​អំពី​កម្លាំង​លុប​បំបាត់ការចងចាំ ឬ​ការ​ភ្លេ​ច​នេះ? ហើយ​​ហេតុ​អ្វី​បាន​ជា​យើងចេះ​តែ​​ភ្លេច ? តើ​នឹង​មានរឿង​អ្វីកើត​ឡើង ប្រសិនបើ​អ្នក​នឹក​ឃើញ​ឬ​ចងចាំ​គ្រប់​យ៉ាង នូវ​អ្វី​ដែល​បាន​កើត​ឡើង ទាំងអស់ ពីមួយ​ម៉ោងទៅមួយ​ម៉ោង​ ? ចម្លើយ​របស់​អ្នកស្រាវជ្រាវ នោះ​គឺ​ជីវិត​អ្នក​ដូច​ធ្លាក់​នរក។ ការ​ភ្លេច​ អាច​ជា​សមត្ថភាព​ដ៏​សំខាន់ និង​​មាន​គុណប្រយោជន៍​ចាំបាច់​សម្រាប់​ជីវិតមនុស្សលោក។ បើ​តាមអ្នក​ស្រាវជ្រាវ ខួរក្បាល​តែង​តែ​ច្បិច​រើស​ព័ត៌មាន​ទើប​សម្រេច​ចិត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព។ បណ្តុះ​ការ​ភ្លេច​អាច​កាត់​បន្ថយ​ស្ត្រេស​ក្នុង​អារម្មណ៍​ និង​ធ្វើ​ឱ្យ​ការ​ចងចាំ​បាន​ប្រសើរ​ឡើង។ និយាយ​ជា​រួម ដើម្បី​អាចរៀប​ចំគំនិត និង​​រៀន​ចេះ យើង​ត្រូវ​ចេះ​រែង ជ្រើសរើស ច្រានចោល និង​រក្សា​ទុក​នូវ​អ្វី​សំខាន់​ប៉ុណ្ណោះ។ នៅក្នុង​ការសិក្សា​របស់​អ្នកស្រាវជ្រាវ​នៅ​ក្រុង​តូរ៉ង់តូ ប្រទេសកាណាដា លោក Paul Frankland និង​លោក​ Blake Richards ចេញ​ផ្សាយ​កាលពី​ឆ្នាំ២០១៧ បានសន្និដ្ឋានថា កម្មវត្ថុ​នៃការចងចាំ​ គឺ​ធ្វើ​ឱ្យ​អ្នកក្លាយ​ជាមនុស្សមាន​សមត្ថភាព​សម្រេច​ចិត្ត​បាន​ត្រឹមត្រូវ ទៅ​តាម​​ស្ថានការណ៍​ជាក់ស្តែង​ណាមួយ​។ ហើយ​ដើម្បី​អាច​ធ្វើ​បាន ទាល់​តែ​អ្នក​ចេះ​ភ្លេច​ព័ត៌មាន​ខ្លះ។ អ្នក​ស្រាវជ្រាវ​ទាំងពីរ​បាន​បន្ថែម​ទៀត​ថា វា​ជា​ការ​សំខាន់​ខ្លាំង​ណាស់​ដែល​ខួរក្បាលអាច​បំភ្លេច​​ចំណុច​តូច​តាច​ ល្អិតល្អោច​មិន​សំខាន់​ មិន​ត្រូវ​កាល​ ដើម្បី​អាច​ផ្ចង់​គិត​លើ​តែ​អ្វី​ដែល​នាំ​ឱ្យ​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​ល្អ។ បើ​នឹកឃើញ​គ្រប់​យ៉ាង ខួរក្បាលច្បាស់​ជា​ពេញ​ណែន​។ រក្សា​ទុក​គ្រប់​អនុស្សាវរីយ៍ គ្រប់​ការចង​ចាំ នឹងទៅ​ស៊ី​អស់​មេម៉ូរី ហើយ​អាច​នឹង​ធ្វើ​ឱ្យ​មាន​ការឈឺចាប់​ ដល់ស្លាប់​បាន​បើគិត​តាម​ផ្លូវ​មនោសញ្ចេតនា។ ដូច្នេះប្រសិនបើ​គេអាច​ហាត់​ពត់​ខួរក្បាលឱ្យ​ចេះ​ចង​ចាំ គេ​ក៏​អាច​បណ្តុះ​សមត្ថភាព​​ផ្នែក​ភ្លេច​បាន​ដែរ។ ចេះ​ជ្រើសរើស​បែងចែក​អ្វី​សំខាន់ ​អ្វី​មិន​សំខាន់​សម្រាប់​ទុក​ក្នុង​ខួរក្បាល ជួនកាល​ជា​ការ​ចាំបាច់ និង​ត្រូវការ​ការបង្ហាត់​បង្រៀន​ពី​គ្រូពេទ្យ​ជំនាញចិត្ត​សាស្ត្រ​ ដើម្បី​អាច​ជួយ​បន្ធូរ​បន្ថយ​អាការៈ​សញ្ញារោគ​បាក់​ទឹក​ចិត្ត ឬ​ដើម្បី​ជំនះ​ស្ត្រេស​ក្រោយ​ការ​បាក់​ស្បាត។ ភ្លេ​ច​ ដើម្បី​បង្កើន​ការ​ចងចាំ? នៅក្នុង​ការ​សិក្សា​មួយ​ទៀតចេញផ្សាយ​ក្នុង​ទស្សនាវដ្តី The Journal of Applied Research in Memory and Cognition អ្នកស្រាវជ្រាវ​បាន​ពន្យល់​ថា ការ​ភ្លេច​ លេច​​ឡើង ជា​ទូទៅ ​នៅ​ពេលណាយើងបាត់​ភាព​ប្រុងប្រយ័ត្ន ឬ​ក៏​ភាព​ប្រុង​ប្រយ័ត្ន​​ផ្តោតអាទិភាព​​ទៅ​លើចំណុច​​លម្អិត​ណា​មួយ​ ជា​ជាង​អ្វីមួយ​​ផ្សេងទៀត។ នៅ​ពេល​​ទទួលព័ត៌មាន​ថ្មីៗ ដោយ​មិន​អាច​ពន្យល់​ពី​មូលហេតុបាន ខួរក្បាល​តែង​តែ​ញែក​ចាប់​ព័ត៌មានមួយ​ឬ​ពីរ​​។ ពេលកំពុង​ចាប់​ព័ត៌មាន​នោះ...

Duration:00:08:23

Ask host to enable sharing for playback control

ជំងឺ​គ្មានកូន ក្លាយ​ជាអាទិភាព​នៃ​សុខភាព​សាធារណៈ​ពិភពលោក

12/10/2025
នៅ​ថ្ងៃ​សុក្រ​ទី​២៨​វិច្ឆិកា២០២៥ ជា​លើក​ទីមួយ អង្គការសុខភាពពិភពលោក បាន​ចេញ​ផ្សាយ​សេចក្តី​ណែនាំ​ពិភពលោក ទាក់ទង​នឹង​ជំងឺ​អារ (គ្មាន​កូន) ដែល​កើត​មាន​លើ​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ នៅ​លើ​ភពផែនដី។ ហេតុ​អ្វី​អង្គការ​សុខភាព​ចេញ​សេចក្តី​ណែនាំ​នៅពេល​នេះ? តើ​សេចក្តី​ណែនាំ​មាន​ខ្លឹមសារ​និង​កម្មវត្ថុ​យ៉ាងណា? ក្នុង​ពេល​ដែល ប្រទេស​ជា​ច្រើន​នៅលើ​ពិភពលោក កំពុង​ស្វែង​រក​ដំណោះស្រាយ​ប្រយុទ្ធ​ជំរុញ​អត្រា​កំណើត ប្រឆាំង​នឹង​វិបត្តិ​ប្រជាសាស្ត្រ ព្រោះ​ប្រជាពលរដ្ឋកាន់​តែ​ចាស់ អង្គការ​សុខភាពពិភពលោក បាន​ចេញ​អនុសាសន៍​ណែនាំ ជា​លើកទីមួយ ចំនួន ៤០​ចំណុច​ ពាក់ព័ន្ធ​នឹង​ជំងឺ​អារ គ្មាន​កូន​ ដែល​បានក្លាយ​ជា ​អាទិភាព​មួយ​នៃ​សុខភាព​សាធារណៈ​ពិភពលោក។ ​ពីមុន​មក និងក្នុង​រយៈ​ជា​ច្រើន​ឆ្នាំកន្លង​មកនេះ ជំងឺ​អារមិន​​សូវ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់ទេ​ និង​ច្រើន​តែត្រូវ​បាន​គេ​​មើល​រំលង បើ​ទោះ​បី​ជា​មាន​ទិន្នន័យ​ និង​ការសិក្សា​ជា​ច្រើន បង្ហាញ​ថា “គ្មានកូន” អាច​បង្ក​ឱ្យ​មាន​បញ្ហា​ប៉ះពាល់​ដល់​ខួរ​ក្បាល ដល់​ផ្លូវចិត្ត កើត​ជា​ជំងឺ​បាក់ទឹក​ចិត្ត ជំងឺ​ព្រួយ​ថប់​បារម្ភ ក៏​ដោយ។ គ្មាន​កូន​ជាវិបត្តិ​ដែល​បាន​ញាំញី​ មនុស្ស​ប្រមាណ​ជាង​១៧​% នៅលើ​ពិភពលោក ឬ​ ត្រូវ​ជា​​មនុស្ស​ម្នាក់​ក្នុង​ចំណោម​៦នាក់។ នេះ​បើ​តាមទិន្នន័យ​​ឆ្នាំ​២០២៣ ផ្សព្វផ្សាយ​ដោយ​អង្គការ​សហប្រជាជាតិ ដោយ​បញ្ជាក់​ថា​​​ជំងឺ​អារ​បាន​កើន​ឡើង​ទៅ​គ្រប់​ទិស​ទី​ តែ​ការ​ព្យាបាល​នៅ មាន​កំរិត។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អង្គការ​សុខភាពពិភពលោក​ចាប់​ផ្តើមពង្រឹង​ការ​ផ្តល់​ព័ត៌មានទាក់ទង​នឹង​ជំងឺអារ​ផង ទាក់ទង​នឹង​ការ​ព្យាបាលជំងឺ​​អារ​ដោយ​ប្រើ​ថ្នាំ និង​ដោយការ​ធ្វើ​តេស្ត​វិនិច្ឆ័យរោគ​អារ​ផង។ ហើយ​នៅ​ថ្ងៃ​នេះ​ ជា​ដំណាក់​កាល​ថ្មី អង្គការ​សុខភាពពិភពលោក​បាន​ចេញ​សេចក្តីណែនាំ​កំរិត​ពិភពលោក។ បើ​គ្មាន​អនុសាសន៍​ច្បាស់​លាស់​ទេ អ្នក​ជំនាញ មន្ទីរពេទ្យ​ នីមួយៗ​អាច​ប្រើ​ អាច​ជ្រើសរើស​វិធីសាស្ត្រ​ព្យាបាល​ របៀប​អនុវត្ត តាម​​ស្តង់ដារ ផ្សេងៗ​គ្នា ជាមួយ​លទ្ធផល​ក៏​ខុស​គ្នាខ្លាំង​​ដែរ។ តែ​បើ​មាន​សេចក្តីណែនាំ ជា​គោល​មួយ ដោយ​ឈរ​លើ​មូលដ្ឋាន​និង​ទិន្នន័យ​វិទ្យាសាស្ត្រ​ ​គុណភាព​​ព្យាបាល​នឹង​បាន​ប្រសើរ​ឡើង។ គ្រប់​ប្រទេស​ជា​សមាជិក អាច​យក​សេចក្តីណែនាំ​នេះ​ទៅ​ធ្វើ​ជា​គំរូ​សម្រាប់​រៀប​ចំ​កម្មវិធី​ជាតិ​​សម្រប​តាម​ស្ថានភាព​រៀងៗ​ខ្លួន ដើម្បី​ធ្វើ​យ៉ាង​ណា​គិត​គូរ​ដល់​ជំងឺ​អារ ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ ពោល​គឺ​ទាំង​ផ្នែក​នយោបាយ​សុខភាព​សាធារណៈ ហិរញ្ញវត្ថុ​និង​ការ​ផ្តល់​សេវាកម្មព្យាបាល។ ព្យាបាល​រោគ​គ្មាន​កូន ថ្លៃ​ខ្លាំង គ្មានកូន​ជា​វិបត្តិ​ដែល​អាច​កើត​មានលើ​​មនុស្ស​គ្រប់ស្រទាប់ ​​វណ្ណៈ​ ពណ៌​សម្បុរ​ និង​គ្រប់​ទិស​ នៃ​ភព​ផែនដី។ ប៉ុន្តែ​គ្រប់​គ្នា​មិន​ប្រាកដ​ថា​នឹង​អាចមាន​លទ្ធភាព​ទទួល​បានការ​ព្យាបាល​ទេ។ សេវា​ថែទាំ​និ​ងព្យាបាល​រោគ​អារ មាន​វិសមភាព​ខ្លាំង​ណាស់ ជា​ពិសេស​ នៅ​ប្រទេស​ក្រីក្រ​និង​មធ្យម​។ សូម្បី​តែនៅក្នុង​ប្រទេស​អ្នក​មាន​ ដែល​សេវា​សុខភាព​​​ល្អ​សម្បូរបែប​​ខ្លាំង ក៏​​សេវា​ផ្នែក​បន្ត​ពូជ​ ផ្តុំ​គ្នា​ច្រើន​នៅ​ទីក្រុង​ធំៗ និង​កម្រ​មាន​នៅ​ទីជនបទ​ណាស់។ ដូច្នេះ​ អ្នក​ក្រីក្រខ្លាំង អ្នក​មាន​ការអប់​រំ​ទាប អ្នករស់នៅ​ជនបទ ក្រុម​ជនភាគតិច​ដែល​រង​ការ​រើស​អើង​ស្រាប់ សុទ្ធ​សឹង​ជា​អ្នក​ដែល​មិន​ងាយ​បាន​ទទួល​សេវា​ថែទាំ​ព្យាបាល​សុខភាព​បន្ត​ពូជ ជាពិសេស​ព្យាបាល​រោគ​អារ​នេះ​ទេ។ ជាង​នេះ​ទៅ​ទៀត ជា​ការ​ពិត​មិនអាច​ប្រកែក​បាន​ នៅ​តាម​ប្រទេស​មាន​ចំណូល​ទាប​និង​មធ្យម តម្លៃ​ព្យាបាល​រោគ​អារ ខ្ពស់​កប់​ពពក។ ចង់​បាន​កូន​អាច​នឹង​ធ្វើ​គ្រួសារ​ធ្លាក់​ក្រ​ផង។ បើ​តាម​ការ​សិក្សា​​ស្តី​ពី​ចំណាយ​របស់​គូស្វាមី​ក្នុង​ការ​ព្យាបាល​រោគ​អារ បាន​សម្គាល់​ឃើញ​ថា ​ ​តម្លៃ​ព្យាបាល នៅ​ប្រទេស​ក្រីក្រ​និង​មធ្យមភាគ​ច្រើន ​​ ថ្លៃ​ហួស​កំរិតថវិកា​​ចំណាយ​ផ្នែក​សុខភាព។ ពាក្យ​ថា​ថ្លៃ​ហួស​ចំណាយ​ បើ​តាម​អង្គការ​សុខភាព​ពិភពលោក គឺ​នៅ​ពេល​ចំណាយ​ព្យាបាល​ខ្លួន មាន​ចំណែក​ធំ​ជាង​ចំណាយ​សម្រាប់ចិញ្ចឹម​​គ្រួសារ​ ហើយ​អាច​ធ្វើ​ឱ្យ​គ្រួសារ​ធ្លាក់​ខ្លួន​ក្រ​ ឬ​តម្រូវ​ឱ្យ​ជ្រើសរើស​បោះបង់​សេចក្តី​ត្រូវ​ការ​ចាំបាច់​ណាមួយ។ ក្នុង​ករណី​ខ្លះ ចំណាយ​ព្យាបាល​ដើម្បី​បានកូន អស់​ច្រើន​ជាង​ចំនូល​ប្រចាំ​ឆ្នាំ​ដល់​ទៅ​ទ្វេ​ដង​ (១០០ទៅ​២០០%​លើស​ចំណូល​សរុប​ពេញ​មួយ​ឆ្នាំ)។ មាន​គូ​ស្រករ​ច្រើន​ណាស់ បាន​បង់​ប្រាក់​អស់​ច្រើន​ហួសហេតុ​ ដើម្បី​បាន​កូនទីមួយ។ ឯការ​ពឹង​លើ​បច្ចេកទេស​បង្ក​កំណើត​ខាង​ក្រៅ​ (Fécondation in Vitro FIV) រួច​ទើប​ចាក់​បញ្ចូលក្នុងស្បូន​ស្ត្រី ​ថ្លៃ​ខ្លាំង​ណាស់ រហូត​ធ្វើ​ស្វាមី​ភរិយា​អាច​ធ្លាក់​ខ្លួន​ក្រ​បាន ឬ​ត្រូវ​បង្ខំ​ចិត្ត​អត់​កូន​រហូត។ ស្ត្រី​អារ ស្រួល​ព្យាបាល​ជាង​បុរសអារ? បើ​តាម​និយម​ន័យ​របស់​អង្គការ​សុខភាព​ពិភពលោក អារ​ជា​ជំងឺអសមត្ថភាព​ផ្នែក​​ប្រព័ន្ធ​បន្ត​ពូជ ដោយ​មិន​អាច​បង្ក​កំណើត​បាន...

Duration:00:07:35

Ask host to enable sharing for playback control

ប្រេស៊ីលប្រកាសសម្រេចបានវ៉ាក់សាំងប្រឆាំងគ្រុនឈាម មួយដូស

12/3/2025
ថ្នាំ​បង្ការ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ឈាម ចាក់​តែ​មួយ​ដូស ទើប​ត្រូវ​បាន​ប្រេស៊ីល អនុម័ត​ឱ្យ​ប្រើប្រាស់ នៅ​ថ្ងៃ​ពុធ​ទី​ ២៦​វិច្ឆិកា ២០២៥។ អាជ្ញាធរ​ប្រេស៊ីល​បាន​ចាត់​ទុករបកគំហើញ​នេះ​ថា ជា​ជោគជ័យ ជា​ប្រវត្តិសាស្ត្រ ព្រោះ​​កាលពី​ឆ្នាំទៅ ជំងឺគ្រុន​ឈាម​បាន​ផ្តាច់​ជីវិត​ពលរដ្ឋ​ប្រេស៊ីល​អស់ ជាង​ ៦ពាន់​នាក់។ តើ​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​គ្រុន​ឈាម​របស់​ប្រេស៊ីល​ មាន​ប្រសិទ្ធភាព​យ៉ាងណា? ប្រេស៊ីល​ប្រកាស​សម្រេច​បាននូវ​សមិទ្ធិផល​ថ្មីដែល​​អាច​ចាត់ទុក​បាន​ថា ជា​ជោគជ័យ​ ជា​ប្រវត្តិសាស្ត្រ ក្នុង​វិស័យ​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ នោះ​គឺ​ ថ្នាំ​បង្ការ​ជំងឺ​គ្រុនឈាម ចាក់តែ​មួយដូស។​ អភិវឌ្ឍន៍​ដោយ​វិទ្យាស្ថាន​Butantan នៃ​ក្រុង​ Sao Paulo ថ្នាំ​បង្ការ​ជំងឺគ្រុនឈាម បាន​ទទួល​ការអនុម័តនៅ​ថ្ងៃ​ពុធ​ទី​២៦​វិច្ឆិកា ពីសំណាក់​​ទី​ភ្នាក់ងារ​សុខាភិបាល​ជាតិ​ប្រេស៊ីល​ ​ឱ្យ​​ធ្វើ​ចរាចរណ៍​និង​ប្រើប្រាស់។ ប្រេស៊ីល​ក៏​បាន​ចុះ​កិច្ចព្រមព្រៀង​រួច​ហើយ​ដែរ ជាមួយ​ក្រុមហ៊ុន​ចិន Wuxi ដើម្បី​អាច​ផ្គត់​ផ្គង់​ថ្នាំវ៉ាក់សាំង ចំនួន ប្រមាណ​៣០លា​ន​ដូស នៅ​រវាង​ត្រីមាស​ទីពីរ​នៃឆ្នាំ​២០២៦។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកAlexandre Padilha រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ប្រេស៊ីល។ បន្ទាប់ពីឆ្លងកាត់​ការ​សាកល្បង​ជាច្រើនដំណាក់កាល ស្រប​តាមបទដ្ឋាន​ស្រាវជ្រាវ​វេជ្ជសាស្ត្រ ថ្នាំ​បង្ការ ប៊ូតង់តង់ឌីវី​ បាន​ចាក់សាកល្បង​លើ​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន ជាង​១៦០០០នាក់ រស់​នៅក្នុង​រដ្ឋ​ចំនួន​១៤​របស់ប្រេស៊ីល​ ក្នុង​រយៈ​ពេល​៨​ឆ្នាំ។ ជា​លទ្ធផល ថ្នាំ​មានប្រសិទ្ធភាព​ខ្ពស់ ដល់​ទៅ ៩១,៦% ប្រឆាំងនឹង​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ជំងឺ​គ្រុនឈាម។ Butantan DV ​ផ្សំ​ឡើង​ដោយ​​វីរ៉ុស​រស់​នៃ​គំរូវីរ៉ុស​គ្រុនឈាម​ទាំង​បួន​ប្រភេទ​ និង​​អាច​ចាក់​លើ​គ្រប់​បុគ្គល​មាន​អាយុ​ពី​១២​ទៅ​៥៩​ឆ្នាំ។ តាម​រយៈ​​វ៉ាក់សាំងថ្មី​ ​ប្រើ​​តែ​មួយ​ដូស ប្រេស៊ីល​រំពឹងថានឹង​អាច​ពន្លឿន​ និង​សម្រួលយុទ្ធនាការ​ចាក់​ថ្នាំបង្ការ​ប្រឆាំង​ជំងឺ​គ្រុនឈាមបាន​ ក្នុង​ទ្រង់ទ្រាយ​ធំ ព្រោះ​ជំងឺ​គ្រុនឈាមបាននិង​​កំពុង​ផ្ទុះឡើងយ៉ាង​​ខ្លាំង។ ដោយមាន​អាវុធ​ប្រកប​ដោយ​ប្រសិទ្ធភាពខ្លាំង ប្រេស៊ីល​ពេល​នេះ​អាច​នឹង​កម្ចាត​ជំងឺ​ដែល​បានញាំញី​ប្រទេស​អស់​ជា​ច្រើន​ទសវត្សរ៍​។ នេះ​ជា​ប្រសាសន៍​របស់​នាយក​វិទ្យាស្ថាន​Butantan Sao Paulo ទៅ​កាន់​អ្នក​សារព័ត៌មាន។​ នៅ​ឆ្នាំ​២០២៤ ជំងឺ​គ្រុនឈាម​បាន​ផ្តាច់​ជីវិត​ពលរដ្ឋ​ប្រេស៊ីល​អស់​ជាង​៦ពាន់​នាក់ ឬ​ត្រូវ​ជា​ជិត​ពាក់​កណ្តាល​នៃ​អត្រាមរណៈ​ដោយ​ជំងឺគ្រុនឈាម​នៅ​ទូទាំងពិភពលោក។ ក្នុង​កំរិត​ពិភពលោក ក្នុង​មួយ​ឆ្នាំៗ មានករណី​ កើត​ជំងឺ​គ្រុនឈាម​ប្រមាណ​ពី​ ១រយទៅ​៤​រយ​លាន​នាក់ និងមានមនុស្ស​​ជិត​៤ពាន់​លាន​នាក់​រស់​ក្នុង​តំបន់ប្រឈមនឹង​ជំងឺគ្រុនឈាម ដូច​ជា​អាស៊ី​អាគ្នេយ៍ អាហ្វ្រិក​ ​អាមេរិកកណ្តាល​និង​ខាងត្បូង​។ ២០២៣ ជាឆ្នាំ​ដែល​មានករណី​គ្រុនឈាម​ច្រើន​ជាង​គេ​បំផុត មិន​ធ្លាប់​មាន។ តែ​ករណី​​កើត​ជំងឺគ្រុនឈាម​អាច​នឹងបន្ត​​កើនឡើងរហូត ហើយ​តំបន់​រងគ្រោះ​ហានិភ័យ​ក៏​កាន់​តែរីកធំ​ដែរ ដោយ​ហេតុ​បម្រែបម្រួល​អាកាសធាតុ។ ការសិក្សា​របស់សាកលវិទ្យា​Standford ចេញ​ផ្សាយ​​នៅ​ឆ្នាំ​២០២៤ បាន​ប៉ាន់​ប្រមាណ​​ថា​ការឡើង​កម្តៅ​សីតុណ្ហភាពនៃ​ភពផែនដី ​មាន​ចំណែក​ទទួលខុស​ត្រូវ ១៩% នៃករណីកើត​ជំងឺ​គ្រុនឈាមបច្ចុប្បន្ន។ ​អាចបង្ក​ជា​អាការៈ​ក្តៅ​ខ្លួន​ខ្លាំង ឈឺ​ក្បាល ចុកចាប់​សាច់​ដុំ ក្អួត​ និង​ឡើង​កន្ទួល​លើ​ស្បែក​ ហើយ​អាច​បណ្តាល​ឱ្យ​ស្លាប់​បាន​ក្នុង​ករណី​ធ្ងន់ធ្ងរ​ខ្លាំង ព្យាបាល​មិនទាន់ ជំងឺ​គ្រុនឈាម មាន​ភ្នាក់ងារ​ចម្លង​ជា​សត្វមូស​ខ្លា។ មូសខ្លា មិន​អាច​ទ្រាំទ្រ​​នឹង​អាកាសធាតុ​ត្រជាក់​បានទេ។ តាំងពី​ដើមមក មូសខ្លា កើត​សុះសាយ​តែ​ក្នុង​តំបន់​ត្រូពិក​ មាន​អាកាសធាតុ​ក្តៅ​ហើយសើម។ តែ​ពេល​នេះ មូសខ្លា​បាន​មក​ដល់​អឺរ៉ុប និង​ដល់​តំបនធ្លាប់​មាន​សីតុណ្ហភាព​ត្រជាក់ល្មម​​ផ្សេងទៀត ដោយ​សារ​តែ​លក្ខខណ្ឌអាកាសធាតុប្រែប្រួល រដូវ​រងារ​ឡើង​ក្តៅ​ រដូវ​ក្តៅ​កាន់​តែ​ក្តៅ​ខ្លាំង។ ជាងនេះទៅ​ទៀតមូសខ្លា ដែល​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​គ្រុនឈាម ហ្ស៊ីកា គ្រុនឈីក គ្រុនលឿង ព្រមទាំង​អាច​ចម្លង​វីរ៉ុស​ដល់​ប្រមាណ​៥០​មុខ​ទៀត នៅ​ពេល​ចុចខាំមនុស្ស បានបំប្លែង​ខ្លួន និង​ចាប់ស៊ាំ​ខ្លាំង​នឹងថ្នាំ​គីមី​​សម្លាប់​សត្វ​ល្អិត មាន​ប្រើ​នៅ​លើ​ពិភពលោក​បច្ចុប្បន្ន។ ក្នុងមួយ​ឆ្នាំៗ មូសបង្កើត​កូន​ចៅ បន្ត​បាន​ដល់​ទៅ​១៥​ជំនាន់ ឯណោះ។ ពោល​គឺ​លឿន​ខ្លាំងណាស់ ហើយ​ មូសខ្លះ​មាន​ផ្ទុក​ហ្សែន​បំប្លែង ទើប​ធ្វើ​ឱ្យ​សត្វមូស​ទាំងអស់​ធន់ហើយ​​ស៊ាំ​ខ្លាំង​ ជា​ង​មូស​ជំនាន់​មុនៗ។ ចេះបំប្លែង​ ​ស៊ាំខ្លាំង​នឹង​ផលិតផល​គីមី និង​ធ្វើដំណើរ​បាន​កាន់​តែ​ឆ្ងាយ​ លុកលុយ​ត្រួតត្រា​ភពផែនដី​ មូស​ខ្លា ជា​តំណាង​នៃ​ការ​ចំណាយដ៏​ធំ​មួយ​សម្រាប់​មនុស្ស​ជាតិ។ ក្នុង​រយៈ​ពេល​២០ឆ្នាំក្រោយ​មកនេះ ករណី​គ្រុនឈាម​បាន​កើន​មួយ​ជា​ដប់ នៅ​លើ​ពិភពលោក។ យុទ្ធសាស្ត្រ​នាពេលបច្ចុប្បន្ន នេះ លែងសូវ មាន​ប្រសិទ្ធភាពប្រឆាំង នឹង សត្វល្អិត...

Duration:00:10:30

Ask host to enable sharing for playback control

កែសម្ផស្ស អាច​មាន​ហានិភ័យ​យ៉ាងណាខ្លះ?

11/26/2025
វិធីកែ​សម្ផស្ស​រីក​ដុះដាល​ពេញ​បណ្តាញ​សង្គម។ ចង់​ស្អាត​ ចង់​ល្អ ចង់​នៅ​ក្មេង​ មាន​ស្បែក​រលោង បបូរមាត់​រីក​ សុដន់ប៉ោង​ កំប៉េះគូថ​ទយ ត្រគៀកសាយ... ដូចរូប​ក្នុង​បណ្តាញ​​សង្គម​ មនុស្ស​សម័យ​ថ្មី​មិន​ខ្លាច​នឹងទៅ​​វះកាត់​កែសម្ផស្ស​ទេ​។ ប៉ុន្តែ​ រាល់គ្រប់​អន្តរាគមន៍​ “​វះកាត់​” ចាក់​ជួស សុទ្ធ​តែ​មាន​បង្កប់​ហានិភ័យ។ ហើយ​បើ​អ្នក​កែសម្ផស្ស​មិនមែន​ជា​គ្រូពេទ្យ​ មិន​បាន​ឆ្លង​កាត់​ការ​សិក្សានិងការ​​ទទួល​ស្គាល់​ត្រឹម​ត្រូវពី​សំណាក់​អាជ្ញាធរ​ជំនាញ​ទេ គ្រោះ​ជួប​ផលវិបាក​​ធ្ងន់ធ្ងរ និង​មិន​អាច​ស្តារ​បាន​វិញ មាន​កាន់​តែ​ធំ។ បច្ចុប្បន្ន​មាន​មនុស្ស​កាន់​តែ​ច្រើន​ឡើងៗ​បាន​ទៅកែសម្ផស្ស កែមុខ​កែមាត់ កែ​ច្រមុះ ចាក់​លុប​បំបាត់​ស្នាម​ជ្រួញ ចាក់​បំប៉ោង​សុដន់ ត្រគៀក​ ប្តូរ​ទម្រង់​បបូរមាត់ ។ល។និង​។ល។ ចង់ស្អាត ចង់​ក្មេង ចង់​មានស្បែក​តឹង​រលោង ​ ​តែ​គ្មាន​មធ្យោបាយ​ ឬ​ដើម្បី​សំចៃ​ថវិកា អ្នក​ចង់​កែសម្ផស្ស​ខ្លះ​ មិន​ខ្លាច​នឹង​ទៅ​រក​ជំនួយក្រៅផ្លូវការ ដោយលួច​លាក់​ខុស​ច្បាប់​ ឬ​លង់​ធ្វើ​តាម​ការ​ផ្សព្វផ្សាយ​របស់​មេ​ពន្យុះ​តាម​បណ្តាញ​សង្គម​ទេ។ ប៉ុន្តែ​គ្រប់​ការ​វះកាត់ រាប់​ទាំង​​ការ​វះកាត់​កែសម្ផស្ស​ ​ ឬ​ចាក់ជួស​ដោយ​ប្រើ​ផលិតផល​ផ្សេងៗ​ ដើម្បី​កែសម្ផស្ស​​តាម​សេចក្តី​ត្រូវការ សុទ្ធ​តែ​មាន​បង្កប់​ហានិភ័យ​ទាំងអស់ ព្រោះ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​​ គ្មានទេភាព​ប្រាកដ​១០០%។ ​បើការ​កែសម្ផស្ស​ធ្វើ​ដោយ​លួច​លាក់ ពី​សំណាក់​ពេទ្យ​គ្មាន​សញ្ញាប័ត្រ គ្មាន​ឆ្លង​កាត់​ការ​សិក្សា​ជំនាញ​ត្រឹមត្រូវ​ទៀត ហានិភ័យ​មានកាន់​តែ​ខ្ពស់ ជាមួយ​​ផលវិបាក ជួន​​ធ្ងន់ធ្ងរ​ខ្លាំង និង​ មិន​អាច​កែកុនថយ​ត្រលប់​ក្រោយ​ទៅ​​រក​សភាព​ដើម​បានទេ។ ​ ជា​ទូទៅ​ បើនិយាយ​ពី​ទម្រង់​នៃ​ការវះកាត់​កែសម្ផស្ស​ ក្រោម​ហេតុផល​ចង់​ល្អ ឬ​ដោយ​​មូលហេតុ​សុខភាព គ្មានទេ​ហានិភ័យ​ដល់​ជីវិត​។ មាន​ន័យ​ថា គេ​មិន​អាច​ស្លាប់​ដោយ​សកម្មភាព​វះកាត់​កែសម្ផស្សឡើយ ប៉ុន្តែ​អ្នក​ជំងឺ​អាច​បាត់​បង់​ជីវិត​ប្រសិន​បើ​ការ​វះកាត់​ជួប​បញ្ហា​ស្មុគស្មាញ​ និង​មិន​អាច​សង្គ្រោះ​បាន​ទាន់​ពេល​វេលា​ ដូច​ជា​ករណី​មាន​ការ​ហូរឈាម​ខ្លាំង​ ឬ​ករណីស្ទះ​សរសៃ​ឈាម​នៅ​​សួត។ ជា​ករណី​កម្រខ្លាំង​​មែន តែ​មិន​អត់​សោះ​នោះឡើយ។ ហានិភ័យ​ខ្លះ​ទៀត កើត​មាន​ជា​លក្ខណៈ​រួម​ ក្នុង​គ្រប់​ឬ​ស្ទើរ​គ្រប់​អន្តរាគមន៍​កែសម្ផស្ស​ទាំង​អស់។ នោះ​គឺ ការជាំដក់​ឈាម​ប៉ោង​ជា​ថ្នក់​ ដែល​ខុស​ពី​សភាព​ជាំ​លើ​ស្បែក​ពេល​បុក​ឬ​ប៉ះ​ទង្គិច​។ ការ​ជាំដក់​ឈាម​នេះ អាច​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ចាំបាច់​ត្រូវ​បញ្ជូន​ទៅវះ​ចាក់​បង្ហូរ​ឈាម​ចេញ​ ក្នុងករណីភាគ​ច្រើន។ ការ​បង្ករោគ​ ក្រោយ​ការ​វះកាត់។ ​ជា​ករណី​កាន់​តែ​កម្រ​ឡើងៗ ដោយ​សារ​គ្រូពេទ្យ​ជំនាញ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​យល់​ពី​វិធានការ​រក្សា​អនាម័យ​ក្នុង​បន្ទប់​វះកាត់។ តែ​យ៉ាង​ណា​ក៏​​ផលវិបាក​នេះ​នៅ​តែ​អាច​កើត​មាន​បាន។ មនុស្ស​ម្នាក់ៗ​មាន​សាច់​ខុស​គ្នា ខ្លះ​ឆាប់​សះ​ស្នាម​វះកាត់​ ខ្លះ​ត្រូវ​ការ​ពេលវេលា​យូរ។ កន្លែង​វះ​កាត់​កែសម្ផស្ស​ខ្លះ​ក្រជា​ កន្លែង​ខ្លះ​ទៀតក៏​ឆាប់ ដោយ​បន្សល់​ទុក​នូវ​ស្នាម​ផ្លែ​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យមើល​ឃើញ​ មើល​ដឹង​ថា​មាន​ការ​កែសម្ផស្ស​។ នេះ​នៅ​មិន​ទាន់​រាប់​អំពី​ផលវិបាក​ធំ​មួយ​ទៀត គឺ​ ក្រោយ​ការ​វះកាត់​កែសម្ផស្សចប់​សព្វគ្រប់ លទ្ធផលជាក់ស្តែង​​​​មិន​ដូចក្តីស្រមៃចង់បាន។ ក្រៅ​អំពី​ហានិភ័យ​រួម អន្តរាគមន៍​កែ​សម្ផស្ស​ខ្លះ អាច​នាំ​ផលវិបាក​ពិសេស ដូច​ជា បាត់បង់​ភាព​រសើប​លើ​ស្បែក (ស្ពឹក​ស្បែក) មួយ​រយៈ អាច​ពី​​បីបួន​សប្តាហ៍​ឬ​ដល់​រាប់​ខែ តែ​ជួន​ស្ពឹក​អស់​មួយ​ផ្នែក​តែ​ម្តង​។ ករណី​ពិសេស​នេះ ច្រើន​កើត​ឡើង​ក្រោយ​ពេល​វះកាត់ដាក់​សុដន់​សិប្បនិម្មិត​ វះកាត់ធ្វើ​រាង​ឱ្យ​ស្វែល ដោយ​កាត់​​ខ្លាញ់​ពោះ ស្បែកយារ​​ក្រោម​ដើម​ដៃ​ នៅ​​ភ្លៅ ឬ​​វះកាត់​កែ​មុខ ធ្វើ​ចង្ការ​ព្រែក។ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺរ៉ាំរ៉ៃ​ជាប់​នឹង​ខ្លួន សុទ្ធ​សឹង​ជា​អ្នក​ងាយ​រង​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វះកាត់​កែសម្ផស្ស ដែល​មិន​គួរ​ធ្វេសប្រហែស​ទេ។ ជា​ចុងក្រោយ ហានិភ័យ​នៃ​ការ​វះកាត់​ដែល​គ្រប់​គ្នា​ខ្លាច​និង​ព្រួយ​ជាង​គេ គឺ​ការ​ចាក់​ថ្នាំ​សន្តំ​។ ថ្នាំ​សន្តំ​បច្ចុប្បន្ន ទោះ​ក្នុង​ការ​វះកាត់​ជំងឺ​ធម្មតា ឬ​ជំងឺ​សម្ផស្ស​ មាន​ប្រសិទ្ធភាពកាន់​តែខ្ពស់​ផ្តល់​​ផល​រំខាន​តិច​តួច​បំផុត។ ហានិភ័យ​មិន​ភ្ញាក់​មក​វិញ សឹង​តែគ្មានទេ។ តែ​បុគ្គល​ខ្លះ​អាច​មាន​ប្រតិកម្មនឹង​ថ្នាំ​សន្តំ ហើយ​តើ​អ្នក​ចាក់​ថ្នាំ​សន្តំ​ជា​គ្រូពេទ្យ​ជំនាញ​ពិត​ឬ​យ៉ាងណា?! នៅ​ប្រទេស​បារាំង ការ​វះកាត់​កែសម្ផស្ស​ ខុស​ច្បាប់ ដោយមាន​​ប្រើ​ថ្នាំ​សន្តំ​សន្លប់​ទាំងស្រុង មាន​កើន​ឡើង​ច្រើន ចំពោះ​ករណី​កែ​បំប៉ោង​សុដន់ កាត់​ត្របក​ភ្នែក កែច្រមុះ​និង​សម្រករាង។​ ចុះ​ការកែសម្ផស្ស​ដោយ​ការ​​ចាក់​ផលិតផលវិញតើ​អាច​បង្ក​ផលវិបាក​អ្វីខ្លះ? ​ការ​កែសម្ផស្ស​មាន​ពីរ​ទម្រង់ ៖ ដោយ​ការ​វះកាត់ មាន​ប្រើ​ថ្នាំស្ពឹក ឬ​ថ្នាំសន្តំ និង​ដោយ​ការ​ចាក់​លើ​ស្បែកមុខ បបូរមាត់ ឬ​កន្លែង​មាន​ស្នាម​ជ្រីវជ្រួញ។...

Duration:00:09:20

Ask host to enable sharing for playback control

គុណសម្បត្តិ​ពិសេស​​នៃ​គ្រឿង​ទេស ​សម្រាប់​សុខភាព

11/21/2025
រមៀត ខ្ញី ម្រេច ម្ទេស... ​គ្រឿង​ទេស មាន​គុណប្រយោជន៍​សម្រាប់​សុខភាព​ច្រើន​ណាស់ ដូច​ជា​សម្រាប់​ប្រឆាំង​នឹង​បាក់តេរី ប្រឆាំ​ងនឹង​ការ​រោល​រលាក ទល់ឬ​​ហើមពោះ។ បើ​ចេះ​ផ្សំ​ប្រើ​ គ្រឿង​ទេស​មិន​ត្រឹម​តែ​ជួយ​​លើក​រសជាតិម្ហូបអាហារទេ តែ​​អាច​កាត់​បន្ថយ​ការ​ប្រើ​អំបិល និង​ស្ករ បាន​ទៀត។ ពី​អាមេរិកឡាទីន ទៅ​ចិន កាត់​តាម​អាហ្វ្រិក និង​ឥណ្ឌា ការ​ទទួល​ទាន​អាហារហឹរ​ ជា​វប្បធម៌​ប្រពៃណី​របស់​ប្រទេស​នីមួយៗ។ ម្រេច ម្ទេស ខ្ញី ខ្ទឹម ឈើអែម គ្រាប់​វ៉ាន់ស៊ុយ រមៀត ឈ្មោះ​​គ្រឿង​ទេស​ប្រើ​ក្នុង​ម្ហូប​អាហារ បើ​ចង​ក្រង​ជា​បញ្ជី​ពិត​ជា​វែង​ខ្លាំងណាស់។ ​អាស្រ័យ​ទៅ​តាម​វប្បធម៌ ​និង​អាកាសធាតុ ចំណូល​ចិត្ត​ប្រើ​គ្រឿង​ទេស​អាច​ខុស​គ្នា​ ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ ពីទ្វីបមួយ​ទៅទ្វីប​មួយ។ ប៉ុន្តែគេ​អាច​ចែក​គ្រឿង​ទេស​ជា​ក្រុម ទៅ​តាម​ប្រភេទ​នៃ​ចំណូល​ចិត្ត​ទទួល​ទាន។ ឈើ​អែម វ៉ាន់នីឡា ជា​ប្រភេទ​គ្រឿងទេស​ស្រទន់ ដែល​ពាំនាំ​មក​នូវ​រសជាតិ​ផ្អែម និង​ក្រអូប ម្ទេស ម្រេច ខ្ញី ជា​ប្រភេទ​គ្រឿង​ទេស​ក្តៅ ជួយ​លើក​រសជាតិ​ម្ហូបអាហារ​ឱ្យ​មុត​ល្អ​ និង​ហឹរ រមៀត ជា​ប្រភេទ​គ្រឿង​ទេស​ល្វីងចត់​​ ដែល​អាច​ផ្តល់​លំនឹង​ដល់​រសជាតិ​របស់​ម្ហូប​កុំ​ឱ្យ​មុត​ពេក។ បន្សំ​គ្រឿង​ទេស បង្កើន​គុណប្រយោជន៍​ ទោះស្ថិត​នៅ​ក្នុង​ក្រុម​ណា​ក៏​ដោយ ក៏​​គ្រឿង​ទេស មាន​គុណសម្បត្តិ​ច្រើន។ ប៉ុន្តែ​ត្រូវ​​​ចេះ​ប្រើ​ឱ្យ​បាន​ត្រឹម​ត្រូវ​។ តាំងពី​បូរាណកាលមក​ មនុស្ស​លោក​ធ្វើ​ដំណើរ​ឆ្លង​ទ្វីប ឆ្លងមហា​​សមុទ្ទ ដើម្បី​ស្វែងរក​គ្រឿង​ទេស​មក​ធ្វើ​ម្ហូប និង​ព្យាបាល​ជំងឺ​។ ជា​ច្រើន​សតវត្សរ៍​កន្លង​មកនិង​រហូត​មក​ទល់​ថ្ងៃ​នេះ គ្រឿង​ទេស​នៅ​តែ​ជា​ចំណាប់​អារម្មណ៍​របស់​អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ក៏​ដូច​ជា​អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ។ សម្រាប់​អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ គុណសម្បត្តិ​ទីមួយ​នៃ​គ្រឿង​ទេស គឺ​ជួយកាត់​បន្ថយ​ជាតិ​ប្រៃ ជាតិ​ផ្អែម​ ខ្លាញ់ តែ​​​​ម្ហូបអាហារ​​មាន​ឱជារស​ខ្ពស់​។ គ្រឿង​ទេស​ជា​ប្រភព​ផ្តល់​រសជាតិ និង​ជា​ប្រភេទ​អាហារ​បន្ថែម​​ ព្រោះ​គ្រឿង​ទេស​មាន​ផ្ទុក​សមាសធាតុ​ល្អៗ​ច្រើន​សម្រាប់​សុខភាព។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​អ្នក​ស្រី Nathalie Hutter-Lardeau ជា​អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភម្នាក់​នៅ​ប្រទេស​បារាំង។ គ្រឿង​ទេស​ខ្លះ មាន​គុណសម្បត្តិ​ខ្ពស់ខ្លាំង​មែន​ទែន​សម្រាប់​សុខភាព ជាពិសេស​​រមៀត។ ដុះ​ច្រើន​នៅអាស៊ីអាគ្នេយ៍ ឥណ្ឌា​ប្រើ​​រមៀត​ តាំងពីជាង​​ពីរ​ពាន់​ឆ្នាំមកហើយ។ ពេល​នេះ​ អ្នក​ស្រាវជ្រាវ​បារាំង​កំពុង​ពិសោធន៍​រមៀត​​សម្រាប់​ជួយ​ព្យាបាល​ជំងឺ​មហារីកខ្លះ មាន​ជាអាទិ៍​មហារីក​សុដន់ និង​មហារីក​ប្រូស្តាត។ លទ្ធផល​នៃ​ការ​សិក្សា​​បឋម​ ​មាន​លក្ខណៈ​គួរ​ទី​សង្ឃឹម​ ដោយ​បាន​បង្ហាញ​ថា ការ​ទទួល​ទាន​​រមៀត​ជា​ថ្នាំ​ (ម្សៅ​រមៀត​បន្សុទ្ធ​ខ្លាំង​យក​តែ​កំហាប់​ធាតុ​សកម្ម​) មុន​-​ក្រោយ និង​ទន្ទឹម​ពេល​ចាក់​ថ្នាំ​គីមី បានជួយ​លើក​តម្កើង​ប្រសិទ្ធភាព​ថ្នាំព្យាបាល និង​ជួយ​បន្ថយ​ឥទ្ធិពល​កំណាច​របស់​​កោសិកា​មហារីក​បាន​៥៩%​សម្រាប់​អ្នក​ជំងឺ​មហារីក​ប្រូស្តាត និង​៤០%​សម្រាប់​​អ្នកជំងឺ​មហារីកសុដន់​​។ គ្រឿង​ទេស​ដូច​យ៉ាង​រមៀត​នេះ​មាន​គុណសម្បត្តិ​​ខ្ពស់​សម្រាប់​សុខភាព​ហើយ ហើយ​កាន់តែ​​ខ្ពស់​និង​ប្រសើរ​ទៀត​ថែម​ទៀត​ ប្រសិន​បើ​គេ​ប្រើ​រមៀត​លាយ​ជាមួយ​គ្រឿង​ទេស​ផ្សេង​ទៀត។ បើ​តាម​មេចុងភៅ​Olivier Roellinger និង​ អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​ Hutter-Lardeau រមៀត​ស៊ីចង្វាក់​ខ្លាំង​នឹង​ម្រេច។ ​មាន​ផ្ទុក​អង់ទី​ស៊ីដង់​ក៏​ខ្លាំង​ក្លា​ដែល​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ចាស់ជរា​នៃកោសិកា ហើយ​បើ​បាន​ប្រើ​​លាយ​ជាមួយ​ម្រេច​ទៀត ​រមៀតកាន់​តែមាន​មហិទ្ធិឫទ្ធិ​កាន់​តែ​​ខ្ពស់​ខ្លាំង​​ប្រឆាំង​នឹង​មហារីក ព្រោះ​ម្រេច​ក៏​ជា​គ្រឿង​ទេស​មាន​គុណ​សម្បត្តិ​ខ្លាំង​ផ្នែក​ប្រឆាំង​បាក់តេរី​និង​ផ្នែក​បំបាត់​ការ​ឈឺចាប់។ ចំណែក​ ឈើ​អែម ដែល​ផ្តល់​រសជាតិផ្អែម មាន​សមាសធាតុ​ស្រដៀង​នឹងអាំងស៊ុយលីន អាច​ជួយ​គ្រប់គ្រងជំងឺ​ទឹក​នោម​ផ្អែម និង​​ជាតិ​ស្ករក្នុង​ឈាម​បាន។​ មាន​ប្រភព​នៅ​ប្រទេស​ស្រីលង្កា និង​ប្រើ​ជា​ថ្នាំ​តាំង​ពី​ជាង​៥ពាន់​ឆ្នាំ​មក ក្បួន​​បូរាណរបស់​​គម្ពីរវេទ។ ​ឈើ​អែម ជា​គ្រឿង​ទេសឱសថ​មាន​អំណាច​សម្លាប់​មេរោគ មានសកម្មភាព​ជាបង់​​បិតក្រពះ បិត​ប្រព័ន្ធរំឡាយ​អាហារ​​នៅ​ពេល​រោគ​រលាក និង​​​​ក៏​ជា​ស្តេច​​ផ្នែក​អង់ទីស៊ីដង់​ដែរ។ ​ បើ​ប្រើ​វា​លាយ​ជាមួយ​នឹង​វ៉ាន់នីឡាដែល​សមត្ថភាព​ជួយ​បន្ធូរ​បន្ថយ​ភាព​តាន​តឹងទៀត គេ​នឹង​ទទួល​បាន​កម្លាំង​អង់ទីស៊ីដង់​យ៉ាង​ខ្ពស់​ត្រដែត​តែ​ម្តង​សម្រាប់​ពង្រឹង​សុខភាព។ គុណសម្បត្តិ​និង​គុណវិបត្តិ​នៃ​ម្ទេស​ សម្រាប់​អ្នកចូល​ចិត្ត​រសជាតិ​ហឹរ បាន​​បរិភោគម្ទេស​នឹង​ធ្វើ​ឱ្យ​បាយម្ហូប​ឆ្ងាញ់​ តែ​សម្រាប់​អ្នក​មិន​ចូល​ឬ​មិន​ចេះ​ហឹរ ជា​ទណ្ឌកម្ម។ ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី ក៏​នៅ​តែ​មាន​មនុស្ស​ចង់​សាក និង​ចង់​ភ្លក់។ ក្នុង​ទម្រង់​​ជា​គ្រឿង​ទេស ដែល​ត្រូវ​បាន​គេ​សម្ងួត​ទាំងមូល​​ ឬ​កិន​ឱ្យ​ម៉ត់...

Duration:00:07:27

Ask host to enable sharing for playback control

ភេសជ្ជៈផ្អែម​​ប៉ូវ​កម្លាំង​អាច​បង្កគ្រោះថ្នាក់​ដល់​សុខភាពយ៉ាងណា?

11/14/2025
នៅថ្ងៃទី​៣​វិច្ឆិកា ​សប្តាហ៍​មុន លោកនាយករដ្ឋមន្ត្រី​ហ៊ុន​ម៉ាណែត បាន​បញ្ជា​ឱ្យ​ក្រសួង​អប់​រំ​ ពង្រឹង​វិធានការ​ហាមឃាត់​ការ​លក់​ ចែកចាយ ផ្សព្វផ្សាយ​ និង​​ទទួល​ទាន​ភេសជ្ជៈ​ផ្អែម​​ នៅ​ក្នុង​សាលារៀន​រដ្ឋ​និង​ឯកជន ដើម្បី​លើក​កម្ពស់​​សុខភាព​។ តើ​ភេសជ្ជៈ​ផ្អែម ឬ​និយាយ​ជា​រួម ជាតិ​ស្ករ​​ បង្កគ្រោះ​ថ្នាក់​ដល់​សុខភាព​យ៉ាងណា? ប្រៃ​ធ្វើ​ឱ្យ​ឡើង​ឈាម ខ្លាញ់​ធ្វើ​ធាត់​ ចុះ​ផ្អែម? បើ​មិន​ឱ្យ​បរិភោគ​ចេក​​មួយ​អាទិត្យ​ក៏មិន​អី ! មិន​បរិភោគ​សាច់​ក្រក​មួយ​ខែ​ក៏​បាន! ឱ្យ​តម​គ្រាប់​ស្វាយចន្ទីកន្លះ​ខែ គ្មានអ្វី​​លំបាកសោះ! ចុះ​បើ​ត្រូវ​ខ្វែង​ឈប់​បរិភោគ​គ្រឿង​​ផ្អែម ភេសជ្ជៈ​ផ្អែម ប៉ូវកម្លាំង តើ​អ្នក​ធ្វើ​បាន​ទេ?! ចម្លើយ​តាម​បែប​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ បើ​មិន​ទទួល​ទាន​ជាតិ​ផ្អែម​សោះ អ្នក​នឹង​មាន​អារម្មណ៍​មួរហ្មង​ ខ្វល់​ខ្វាយ បាក់​ទឹក​ចិត្ត មាន​វិបត្តិ​ដំណេក ប្រៀប​ដូច​ជា​ខ្វះ​ជាតិ​ញៀន​អ្វីម្យ៉ាង​ដូច្នោះ។ មាន​មនុស្ស​ច្រើន​ណាស់ ដែល​ចូល​ចិត្ត​ស្ករ​សូកូឡា ស្ករគ្រាប់ ការ៉េម គ្រឿង​ផ្អែមៗ ... យុវជន​យុវនារី ក្មេង​ជំទង់​ស្រីប្រុស​សម័យ​ថ្មី វក់​វី​នឹង​ភេសជ្ជៈ​ផ្អែម ភេសជ្ជៈ​ប៉ូវ​កម្លាំង​ យ៉ាង​ខ្លាំង​... ពេញ​និយម​​ពេក​ រហូត​មិន​ខ្វល់​ មិន​បាន​គិតផង​ថា​ជាតិ​ស្ករ​ផ្អែម ក្នុង​អាហារ​ទាំងអស់​​នេះ​ អាក្រក់​សម្រាប់​សុខភាព។ ​ចំណី​អាហារ នំ មាន​​ជាតិ​ផ្អែម ឬ​និយាយ​ជា​ទូទៅ ស្ករ បង្ក​ឱ្យ​មាន​ដង្កូវ​ស៊ីធ្មេញ ជំងឺរលាក​រ៉ាំរ៉ៃ ជំងឺ​ទឹកនោមផ្អែម​ ជំងឺ​ថ្លើម ជំងឺ​សម្ពាធឈាម ជំងឺ​សរសៃ​ឈាម​បេះដូង ឬ​ជំងឺ​ធាត់ និង​​​មាន​ឥទ្ធិពល​ខ្លាំងណាស់​ទៅ​លើ​ខួរក្បាល។ បើ​មាន​ទោស​ច្រើន​ម្លឹងៗ ហេតុអ្វី​បាន​ជា​គេ​នាំ​គ្នា​ផលិត​និងនៅ​តែបន្ត​បរិភោគ​ស្ករ​ទៀត? មាន​នាទី​ជា​អ្នក​ចុច​ភ្ជោច​ប្រព័ន្ធ​ប្រសាទ​ខួរ​ក្បាល​ផ្នែករីករាយ​​ទទួល​បាន​ទទួល​រង្វាន់​ ស្ករ​ជាតិ​ផ្អែម ស្ករ ប្រៀប​ដូច​ជា​គ្រឿង​ញៀន ដាក់​ចូល​មាត់​កាលណា ស្ករ នឹង​ទៅ​រំញោច​រំដោះ​អរមូន​ដូប៉ាមីន​ ដែល​ជា​អរមូន​រីករាយ​។ ដូច្នេះ​កាន់​តែ​ញ៉ាំច្រើន​ យើង​កាន់​តែ​ចូល​ចិត្ត​ ចង់​បរិភោគ​ទៀត។ ក្រុមហ៊ុន​ឧស្សាហកម្ម​ចំណីអាហារ​បាន​យល់​អំពី​បាតុភូតនៃ​គ្រឿងញៀន​ស្រទន់​​នេះ ទើបលួច​​បញ្ចូល​ជាតិ​ផ្អែម​ស្ករ ទៅ​ក្នុង​ផលិតផល​ចំណី​អាហារ​ទាំង​ឡាយ រាប់​ទាំង​អាហារ​ប្រៃ​ផង។ ជា​លទ្ធផល​ មនុស្ស​សម័យ​បច្ចុប្បន្ន បរិភោគ​ស្ករ ច្រើន​ហួស​កំរិត​ដែល​បេះ​ដូង​អាច​ទ្រាំទ្រ​បាន។ បើ​តាម​អនុសាសន៍​របស់​អង្គការ​សុខភាពពិភពលោក មនុស្ស​ម្នាក់ៗ​ត្រូវ​ការ​ស្ករ​បន្ថែម​ប្រមាណ​២៥​ក្រាម​ក្នុង​មួយ​ថ្ងៃ ឬ​ស្មើ​នឹង​៦​ស្លាបព្រាកាហ្វេ។ តែ​ភេសជ្ជៈ​ផ្អែមមួយកំប៉ុង៣៣០​មីល្លីលីត្រ​ មាន​ផ្ទុក​ជាតិ​ស្ករ​លើស​សេចក្តី​ណែនាំ​របស់​ភ្នាក់ងារ​​សហប្រជាជាតិ​ស្រេចបាត់​ទៅហើយ។ ជាង​នេះ​ទៅ​ទៀត ជាតិ​ផ្អែម ស្ករ​នៅ​ក្នុង​ភេសជ្ជៈ​ ជា​ប្រភេទ​ស្ករ​មាន​សកម្មភាព​លឿន ដែល​អាច​ជ្រៀប​ចូល​ក្នុង​សរីរាង្គ​បាន​យ៉ាង​លឿន​រហ័ស ជា​ហេតុ​ធ្វើអត្រា​​ជាតិ​ស្ករក្នុង​ឈាម ​បុកឡើង​ខ្ពស់​ ក្នុង​ពេល​តែ​មួយ​ប៉ប្រិច​ភ្នែក។ ភេសជ្ជៈ​ប៉ូវ​កម្លាំង តើ​វា​ពិត​ជា​ជួយ​លើក​កម្លាំង​មែនឬ? ភេសជ្ជៈ​ផ្អែម​មាន​ច្រើន​ម៉ាក ច្រើនទម្រង់ណាស់ ដាក់​លក់​យ៉ាង​ពោរពាស​ ក្នុង​ហាង​ ក្នុង​តូប​ គ្រប់​ទិសទី​ទាំងអស់។ ទីផ្សារ​ភេសជ្ជៈ​ប៉ូវកម្លាំង​បាន​ស្ទុះ​ឡើង​យ៉ាង​ខ្លាំង និង​ប្រមូល​ចំណូល​បាន​ច្រើន​ណាស់ ដល់​ទៅ​ជាង​៦០០​លាន​អឺរ៉ូ​នៅ​ឆ្នាំ​២០២៤​នៅ​ប្រទេស​បារាំង។ ក្មេងៗ​ជា​ផ្ទាំងស៊ីប​នេះ​ភេសជ្ជៈ​នេះ​ខ្លាំង​ជាង​គេ ព្រោះ​អ្នក​ទទួល​ទាន​ចំនួន​ជាង​ពាក់កណ្តាល​ មាន​អាយុ​ប្រមាណ​ពី​១៨ទៅ​៣៥​ឆ្នាំ។ ប៉ុន្តែមិន​ដូច​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​​ ភេសជ្ជៈ​ប៉ូវ​កម្លាំង នេះ ជា​គ្រាប់​បែកស្ករ​​ប្រឆាំង​សុខភាព ជា​ភេសជ្ជៈ​ផ្តល់​ថាមពល​ប្រហោង។ ហេតុ​ដូច្នេះ​ហើយ​បាន​ជាសំឡេង​ប្រឆាំង​បាន​ផ្ទុះ​លាន់​ឡើង​នៅ​សភា​បារាំង។ នៅថ្ងៃសុក្រ​ទី​៧​វិច្ឆិកា សភាបារាំង​បាន​អនុម័ត​ច្បាប់​យក​ពន្ធ​លើ​ភេសជ្ជៈ​ផ្អែម ប៉ូវ​កម្លាំង​ មាន​ជាតិ​អាល់កុល ​ក្នុង​កម្មវត្ថុ​រារាំង​ការ​ដុះដាល​នៃ​ទីផ្សារ​ភេសជ្ជៈ​ផ្អែម​ថ្មី មាន​ជាតិ​រំញោច​រំភើប​ និង​ជាតិ​ស្ករ​ ហើយ​ដែល​អាច​យក​ទៅ​​​​លាយជា​មួយ​ស្រាខ្លាំង។ គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ថា​​សុរា ឬ​អាល់កុល អាក្រក់​ចំពោះ​សុខភាព ថា​ជា​កត្តា​នាំ​ឱ្យ​ មាន​​គ្រោះ​កើត​ជំងឺ​មហារីក ជំងឺ​សរសៃ​ឈាម​បេះ​ដូង ជំងឺ​នៅ​ប្រព័ន្ធរំលាយ​អាហារ​ (ក្រពះ​ពោះវៀន) ព្រមទាំង​អាការៈ​ជំងឺ​ស្រាលៗ​ជា​ច្រើន​ដូច​ជា អស់​កម្លាំង​រ៉ាំរ៉ៃ មាន​វិបត្តិ​ដំណេក​ វិបត្តិ​ខួរ​ក្បាលឬការចងចាំ។ ចំណែក​ភេសជ្ជៈប៉ូវ​កម្លាំង មាន​ជាតិ​​ផ្អែម​ ស្ករ​ខ្ពស់​ហើយ មាន​សារធាតុ​រំញោច​ញ័រ​ច្រើន​មុខ​ទៀត។ គ្រោះ​ថ្នាក់​ខ្លាំង​បំផុត​នៃ​ភេសជ្ជៈ​ប៉ូវ​កម្លាំង គឺ​ជាតិ​ស្ករ ដែល​ជា​ថ្នាំពុល​សម្រាប់​សរីរាង្គកាយ ដោយ​​បំផុស​ឱ្យ​មាន​ភាព​ច្របូក​ច្របល់បាត់​សណ្តាប់​ធ្នាប់​ក្នុង​ខ្លួន​។ ក្នុង​មួយកំប៉ុង​ ២៥០ម.ល. មាន​ជាតិ​ស្ករ​ដល់​ទៅ​ប្រមាណ២៧​ក្រាម ឬ​ត្រូវ​ជា​ប្រមាណ​ ៥ទៅ​៩​ដុំ (៩កញ្ចប់​ស្ករកាហ្វេ)។...

Duration:00:08:23

Ask host to enable sharing for playback control

ម្សៅកូនក្មេង មានគុណសម្បត្តិ​និង​គុណវិបត្តិ​ចំពោះ​​សុខភាព​យ៉ាងណា?

11/5/2025
ម្សៅ​កូនក្មេង ហុយៗ​ពណ៌ស ក្រអូប​ឈ្ងុយ​ ដែល​មាន​ប្រើ​ស្ទើរ​គ្រប់​ផ្ទះ សម្រាប់​លាប​លើ​ស្បែក​ទារក​បង្ការ​ភាព​រលាក ឬ​សម្រាប់​លើក​សម្ផស្ស​ការពារ​ស្បែក​ចំពោះមនុស្ស​ធំ ឬសម្រាប់​​លាប​ដៃរបស់​អ្នក​កីឡាលើក​អាល់ទែ ។ល។ និង​។ល។ ជា​អ្វី? តើ​ម្សៅដែល​យើង​ទម្លាប់​ហៅ​ថា​ម្សៅ​​កូន​ក្មេង​នេះ​ មានអត្ថប្រយោជន៍ និង​គ្រោះ​ថ្នាក់​យ៉ាងណា​​សម្រាប់​សុខភាព? លោក​អ្នក​ប្រហែល​នៅ​ចាំ​បាន ការ​ផ្សាយ​ពាណិជ្ជកម្ម​ម្សៅ​កូនក្មេង​ កាលពី​ប្រមាណ​១០​-២០​ឆ្នាំ​មុន។ ពេល​នោះ​ ម្សៅ​កូនក្មេង ពណ៌​ស ក្រអូប​ឈ្ងុយ​ សឹងអា​ច​ចាត់​ទុកថា​ជា​របស់​មិន​អាច​ខ្វះ​បាន នៅក្នុងគ្រប់​​ផ្ទះ មិនមែន​ត្រឹម​តែ​នៅ​​ផ្ទះ​ដែល​មានកូន​ទើប​នឹង​កើតទេ។ មនុស្ស​ចាស់ មនុស្សធំ ក៏ធ្លាប់​និងនៅ​បន្ត​​ប្រើ​ម្សៅ​នេះ​ច្រើនដែរ។ តើ​ម្សៅ​នេះ​ជា​អ្វី? ​ ​ផ្សំឡើង​ដោយ​សមាសធាតុ​​​ស៊ីលីកាត ដឺ​ម៉ាញេស្យូម (​រ៉ែ​ក្នុង​ចង្កោមគ្រួសារ​ដីឥដ្ឋ) ម្សៅ​កូនក្មេង​ ឬម្សៅ​Talc បើ​ហៅ​តាម​​ភាសាបារាំង មានប្រើ​តាំងពីបុរណបុរាណកាលដ៏​យូរលង់​មកហើយ នៅទូទាំង​ពិភពលោក​ មិនថា​នៅប្រទេសបារាំង ​នៅ​ប្រទេស​ផ្សេង​ឬកម្ពុជា​ទេ។ ម្សៅ​Talc មាន​គុណសម្បត្តិ​ពិសេស ខាង​ស្រូប​ជាតិ​សើម និង​បំបាត់​ក្លិន បំបាត់សំណើម ប្រឆាំង​នឹង​ភាព​កកិត ព្រមទាំង​ជួយ​ស្បែក​ឱ្យមាន​ភាពទន់ល្មើយទៀត។ ​គេសង្កេត​ឃើញ​មានការប្រើប្រាស់​ម្សៅ​នេះ​ជា​ពិសេស ចំពោះ​ក្មេង​តូច ទើប​ខ្មែរ​ប្រើ​ពាក្យ​ថា​ម្សៅ​កូន​ក្មេង សម្រាប់​រោយ​លាប​នៅ​លើ​កំប៉េះគូថ​កូន​ងារ តាម​គន្លាក់​ដៃគន្លាក់​ជើង តាម​ផ្នត់​ស្បែក ក្រលៀន​ ក្រោម​ឃ្លៀក​របស់​ទារក ដើម្បី​កុំ​ឱ្យមាន​សំណើម និង​ភាព​ស្អិត​ និង​ដើម្បី​បញ្ចៀស​គ្រោះ​រលាក​តាម​ស្នាមភ្លីស្បែកទាំងអស់​នោះ។ ខ្លះ​ទៀត បានយកម្សៅកូនក្មេង​​នេះទៅ​ចាក់​​ក្នុង​ស្បែកជើង លាប​ជើង​ដើម្បី​បំបាត់​ក្លិន ឬដើម្បី​សម្អាត ​បំបាត់​ស្នាម ដោយ​ចាក់​ម្សៅ​លើ​ក្រណាត់ប្រលាក់​​សារធាតុ​​ខ្លាញ់។ល។ និង​។ល។ និយាយ​ជា​រួម ក្រៅ​អំពី​បម្រើ​នៅក្នុង​ផ្ទះ​ ជា​ប្រចាំ​ថ្ងៃ ម្សៅ​តាល់ ក៏​ជា​គ្រឿង​ផ្សំ​សម្រាប់​លើ​ក​សម្រស់ ជា​គ្រឿង​សំអាង បន្ទន់​ស្បែក ឱ្យ​ឡើង​រលោង ទន់​ល្អ ដូច​ស្បែកកូន​ក្មេង និង​សាប៊ូ​កក់​សក់​ស្ងួត ​សម្រាប់​ប្រឆាំង​នឹង​អាការៈ​ឡើង​ខ្លាញ់សេប៊ុម​នៅ​ក្បាល និង​សម្រាប់​បង្កើនទម្ងន់​សក់​ ដោយ​យក​ម្សៅ​នេះ​ទៅ​ដាក់​រោយ​លាប​តាម​ជើង​សក់​ រួច​ច្របាច់​ស្បែក​ក្បាល​ឱ្យ​សព្វ​ដោយ​ឱន​ក្បាល រួច​ងើប​រលាស់​ឡើង​វិញ​ជា​ការ​ស្រេច។​ វិស័យ​​ឧស្សាហកម្ម ក៏​មាន​ប្រើ​ម្សៅ​តាក់នេះច្រើន​ដែរ។ ប៉ុន្តែម្សៅ​កូនក្មេង​នេះក៏​មានគុណវិបត្តិ​ច្រើន​ដែរ និង​​ធ្លាប់ឆ្លងកាត់​រឿង​អាស្រូវ​ម្តង​ជា​ពីរ​ម្តង។ នៅ​ទសវត្សរ៍​ឆ្នាំ១៩៧០ ឆ្នាំ​ដែល​មានប្រើម្សៅ​កូនក្មេង​​ច្រើនខ្លាំង និង​យ៉ាង​ពេញ​និយម​បំផុតនៅ​លើ​ពិភពលោក​នោះ ក៏ជា​ឆ្នាំ​ដែលផ្ទុះ​រឿង​អាស្រូវ និយាយ​ជា​លើក​ទីមួយ អំពី​គ្រោះ​ថ្នាក់​​នៃ​ផលិតផល​​​ម្សៅ​តាល់ចំពោះ​សុខភាព។ កាលណោះ​ម្សៅ​តាល់​ជាប់​ចោទ​ ថាមានផ្ទុក​បាក់តេរី​កំណាចចម្លង​ទៅ​ទារក​ដែល​ប្រើ​​ម្សៅ​តាល់ ឱ្យ​មាន​ជំងឺក្បាល​ធំ និង​ស្លាប់​អស់​ជា​ច្រើននាក់។ នៅ​ឆ្នាំ​១៩៨២ ក្រុមហ៊ុន​ឱសថ​អាមេរិក Johnson & Johnson បាន​ទទួល​ស្គាល់​ ជា​លើក​ទីមួយ​ដែរ អំពី​គ្រោះ​ថ្នាក់​នៃ​ផលិតផលម្សៅ​តាល់ ចំពោះ​សុខភាព​ទារក​ ​នៅ​ពេល​ប្រើមិន​ត្រឹម​ត្រូវ​ តាម​តំបន់​រសើបៗ​ងាយ​រងគ្រោះ។ នៅពេល​នោះ ក្រុមហ៊ុន​និង​អាជ្ញាធរ​បាន​ពន្យល់​ថា ​គ្រោះ​ថ្នាក់​មិនមែនបង្ក​ឡើង​​ដោយ​សារធាតុ​រ៉ែតាល់ទេ គឺមកពីមានដី​នៅ​តំបន់​ជីក​យក​រ៉ែ​តាល់នោះ​ ​ជាតិ​ពុល​ផ្សេង​ទៀត ដូច​យ៉ាង​សារធាតុ អាមីញង់ ហើយ​ដោយ​​ជាប់​មក​​ជាមួយ ទើប​ម្សៅ​តាល់​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព។ ដូច្នេះគេ​នៅ​តែ​អាច​បន្ត​ប្រើ​​ម្សៅ​តាល់​បាន​ ប្រសិន​បើ​គេ​ដឹង​ប្រភព​ច្បាស់​លាស់​នៃ​រ៉ែ​តាល់ ដែល​បើ​សុទ្ធ​ល្អ​​ជា​តាល់១០០% មិន​ជីក​ចេញ​ពី​​​ទីតាំង​ភូមិសាស្ត្រមាន​ជាតិ​ពុលផ្សេង​ទេ នឹងគ្មានគ្រោះថ្នាក់​ឡើយ។ ប៉ុន្តែតើ​ធ្វើ​ម្តេច​នឹងដឹង​ថាម្សៅ​កូនក្មេង​នោះ ធ្វើ​រ៉ែ​តាល់​សុទ្ធ​គ្មានប្រលាក់​ប្រលូសជាតិ​ពុលផ្សេង?! នេះហើយ​ជាបញ្ហា។ នៅ​ឆ្នាំ​២០២៤ រឿង​អាស្រូវ​តាល់​បាន​ផ្ទុះ​ឡើង​កាន់​តែ​ធំ ជា​ថ្មីម្តង​ទៀត។ ការសិក្សារបស់​ក្រុមអ្នកជំនាញ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺមហារីកអន្តរជាតិ ដែល​ជា​ស្ថាប័ន​របស់​អង្គការ​សុខភាព​ពិភពលោក បាន​ចេញ​ផ្សាយ​និង​ប្រកាស​តែ​ម្តង នៅ​ថ្ងៃទី​៧​កក្កដា ២០២៤ ក្នុង​ទំព័រទស្សនាវដ្តី​វិទ្យាសាស្ត្រ​ដ៏​ល្បីល្បាញ The Lancet Oncology ចាត់​ទុក​ រ៉ែ​ធម្មជាតិ​Talc ថា​​ជា​ភ្នាក់ងារ​អាច​បង្ក​ជំងឺមហារីក សម្រាប់​មនុស្ស។ អ្នក​ស្រាវជ្រាវ​បាន​លម្អិត​ថា តាម​រយៈ​​ ​ការ​បូក​ផ្សំ​ភស្តុតាងជា​ច្រើន​ទៅ គេ​អាច​សន្និដ្ឋាន​បាន​ថាការ​​ប្រឈម​នឹងសារធាតុ​តាល់​ ជា​គ្រោះ​មានកំរិត អាច​នាំ​ឱ្យ​មាន​ជំងឺ​មហារីកនៅ​សរីរាង្គ​ស្បូន សម្រាប់​មនុស្ស​ តែ​គ្រប់គ្រាន់​នឹង​ធ្វើ​ឱ្យ​​សត្វ​ក្នុង​មន្ទីរ​ពិសោធន៍ឈឺមហារីក​បាន។ បើ​តាមអ្នកជំនាញ ពាក្យ​ថា​ប្រឈម​នឹងជាតិ​រ៉ែ​តាល់ គឺ​អាច​ជា​ការ​ប្រឈម​ នៅ​ពេលគាស់​...

Duration:00:08:42

Ask host to enable sharing for playback control

ស្រុត​ស្បូន​​ មិន​​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ ​តែកុំ​ប្រហែស

10/30/2025
មានអារម្មណ៍​ថាធ្ងន់​ស្រយ៉ុងនៅ​ផ្នែក​ខាងក្រោម​នៃពោះ ... នេះអាច​ជា​អាការៈ​ស្រុត​សរីរាង្គ​ណាមួយ​នៅអាង​ត្រគៀក។ សម្រាប់​ស្ត្រី សរីរាង្គ​ដែល​ងាយ​ស្រុត​និងលូន​ចេញ​មក​ក្រៅ​ជាង​គេ គឺ​ស្បូន​។ ហេតុ​អ្វី​សរីរាង្គ​ទាំងនេះ​ស្រុត​ ? តើ​មាន​មធ្យោបាយ​ទប់​ស្កាត់​ និង​ព្យាបាល​យ៉ាងណា? ស្រុត​សរីរាង្គ ជា​អាការៈ​ចុះខ្សោយខុស​ប្រក្រតី​​នៃសរីរាង្គ​ណាមួយ​នៅ​តំបន់​អាង​ត្រគៀក​ ដូច​ជា​ប្លោកនោម ស្បូន ឬពោះវៀនទ័ល (ថង់​លាមក) ដែល​​តម្រៀ​ប​ត​គ្នា​ជា​ថ្នាក់ៗនាំ​ឆ្ពោះ​ទៅទ្វារ​តូច (រន្ធនោម) រន្ធ​ភេទ​សម្រាប់​រួម​រក្ស​និង​បង្កើត​កូន និង​រន្ធ​លាមក (ទ្វារធំ)​។ មាន​ទម្ងន់​គួរ​សម តាមធម្មតា សរីរាង្គនៅក្នុង​​អាង​ត្រគៀក អាចឈរ​ជាប់​ដោយ​មានសរសៃ​​​សាច់​ដុំ​និង​​សរសៃពួរ​ខាង​ក្នុង នៅ​បាត​​អាង​ត្រគៀក​ ចង​ប្រទាក់​គ្នា​ជាទម្រ​​​​។ ប៉ុន្តែ​នៅពេល​ សរសៃ​ចង និង​ប្រព័ន្ធ​សាច់​ដុំ​ក្នុង​អាង​ត្រគៀកនោះ​ យារ រលា​ ឬ​ចុះ​ខ្សោយ សរីរាង្គ​ទាំងនោះ​ មិន​អាច​នៅ​​ជាប់​ត្រង់​កន្លែង​ដើម​​ដ៏​ត្រឹមត្រូវ​ទេ ដោយបាតុភូត​នៃ​ទំនាញ​ផែនដី វាត្រូវ​តែ​​ធ្លាក់​​ចុះ​មក​ក្រោម។ ដូច្នេះ​ហើយ​ទើប​គេ​ប្រើ​ពាក្យ​ថា ស្រុតសរីរាង្គ ឬ prolapsus ជា​ភាសាបារាំង។ ស្បូន ​ប្លោកនោម ​ពោះ​វៀន​ទ័ល ជា​សរីរាង្គងាយ​ស្រុត​ជាង​គេ។ ផ្នែក​វេជ្ជសាស្ត្រ បែង​ចែង​​ការស្រុត​សរីរាង្គជា​បួន​ដំណាក់កាល។ ទីមួយ​ ជា​ការ​ស្រុត​ចុះ​​ខុស​កន្លែង​ដើម តែ​នៅ​ក្នុងអាង​ត្រគៀក​ដដែល​ និង​ទីបួន ជា​​ករណី​ធ្ងន់ធ្ងរខ្លាំង​ សរីរាង្គ​ដូច​យ៉ាង​ ស្បូន ​អាចស្រុត​​ធ្លាក់​ខ្លាំង រហូត​រុល​​ចេញ​មក​ផ្នែក​ខាង​ក្រៅ​តែម្តង​ផង ដែល​បណ្តាជន​ខ្មែរ​មានទម្លាប់​​ហៅ​ថា​ស្បូន​លូន។ តាមការ​ពិត បុរស​ក៏​អាច​ជួប​ករណី​ស្រុត​សរីរាង្គ​នេះ​ដែរ តែការ​លូន​លៀន​​ចេញមក​ក្រៅ​​តាម​រន្ធគូថ និងជា​ករណី​កម្រ​ខ្លាំងណាស់។ ស្ត្រី​ទើប​​ជា​ជន​ងាយ​រងគ្រោះ​ខ្លាំង​ជាងគេ ​ ជា​ពិសេស​ស្ត្រី​ចាប់​ពី​អាយុ​៥០​ឆ្នាំ​ឡើង​ទៅ ព្រោះ​តែច្រក​​​ទ្វារមាស​​របស់​ស្ត្រី​ជា​​តំបន់​ខ្សោយ ងាយ​រង​គ្រោះ​។​ បើ​តាមការ​ចុះ​ផ្សាយ​ក្នុង​ទំព័រអ៊ីនធ័រនែតរបស់​​​មន្ទីរពេទ្យ​កាល់ម៉ែត្រ​ ស្ត្រី​ខ្មែរ​ប្រមាណ​៣០% ជួប​បញ្ហា​ស្រុត​ស្បូន នៅ​ពេល​ចូល​វ័យ​ចំណាស់​និង​អស់​រដូវ។ អត្រាស្ត្រី​មាន​វិបត្តិ​ស្រុត​ស្បូន បាន​ឡើងដល់​៤៩,៧%​ នៅ​​អាយុចាប់​ពី​៨០​ឆ្នាំ​ឡើង​ទៅ ​ និង​ប្រមាណ​ដល់​ទៅ​ ៩,៧%​ដែរ​ ចំពោះ​ស្ត្រី​វ័យ​ក្មេង​ចន្លោះ​ពី​២០ទៅ​៣០​ឆ្នាំ​។ នេះ​បើ​តាមតួលេខ​របស់​​មន្ទីរពេទ្យកាល់ម៉ែត្រ​ដដែល។ ហេតុអ្វី​ស្បូន​ស្រុត? សរសៃ​និង​សាច់​ដុំ​នៃ​តំបន់​អាង​ត្រគៀកដែល​មានភារៈ​ទ្រទ្រង់​សរីរាង្គ​​ក្នុង​អា​ង​ត្រគៀក ដូច​យ៉ាង​ស្បូន​​ជា​ដើម​នេះ អាច​នឹង​យារ ឬ​រលា​ ហើយ​ចុះ​ខ្សោយ ដោយ​ហេតុ បាន​ជួប​បាតុភូត ប្រឹង​​ប្រើ​កម្លាំងខ្លាំង​​ ​ដោយ​បញ្ហា​អរម៉ូន ឬ​ដោយ​ការលើក​ដាក់រុញ​របស់​ធ្ងន់ ដែលមាន​​សម្ពាធ​ខ្លាំងសង្កត់​​លើ​ផ្នែក​ខាង​ក្រោមនៃ​​ពោះ លើ​ប្រព័ន្ធ​អាង​ត្រគៀក ​ញឹកញាប់ពេក។ ក្នុង​ន័យ​នេះ ការ​ពរពោះ មាន​កូន​ច្រើន ហើយ​​ប្រសូតបុត្រ​​តាម​ផ្លូវ​ធម្មជាតិ (តាម​ទ្វារមាស) ច្រើន​ដង​ ជា​មូលហេតុ​ចម្បង​ទីមួយនៃការ​ស្រុត​សរីរាង្គ។ នៅ​ពេល​ឆ្លង​ទន្លេ (សម្រាលកូន) ស្ត្រី​ជា​ម្តាយ​ត្រូវ​ប្រឹង​ខ្លាំង​ណាស់ ដែល​ជា​ហេតុ​ធ្វើ​សរសៃ​សរសូង ក្នុង​តំបន់​អាង​ត្រគៀក ជា​អ្នក​ទ្រ​ទ្រង់​សរីរាង្គ​ស្បូន ប្លោកនោម​... ត្រូវ​​គ្រាំ ឬ​របួស​ស្នាម​តិច​តួច ដោយ​កម្លាំង​ប្រឹង​​បង្កើត​កូន។ ករណី​ខ្លះ ទារកក្នុង​ផ្ទៃ​ធំ​ពេក ការប្រសូត​ត្រូវ​ជួប​ការ​លំបាក​ខ្លាំង និង​ត្រូវ​មាន​ជំនួយ​ពី​ផ្នែក​វេជ្ជសាស្ត្រ​ ដូច​ជា​ការ​បូម ការ​គាប​ទាញទារក ក៏​ប៉ះពាល់​ខ្លាំង​ដល់​ប្រព័ន្ធ​អាង​ត្រគៀក​របស់​ស្ត្រី​ដែរ។ ​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅស្រុក​បារាំង គ្រូពេទ្យ​តែង​ណែនាំ​ឱ្យ​ស្ត្រី​ធ្វើ​លំហាត់​ពង្រឹង​សាច់ដុំ​និង​ប្រព័ន្ធ​អាង​ត្រគៀក​ឡើង​វិញ នៅ​ក្រោយ​ពេល​ឆ្លង​​ទន្លេ​រួច ដើម្បី​បញ្ចៀស​​ផលវិបាកនៃ​ការ​ស្រុត​សរីរាង្គ​ស្រុត​ស្បូន​ នៅ​ជា​ច្រើន​ឆ្នាំ​ក្រោយ​។ ក្រៅ​អំពី​មូលហេតុ​ឆ្លង​ទន្លេ ក្អក​រ៉ាំរ៉ៃ ធាត់​ជ្រុល​ចុក​ខ្លាញ់​ក្នុង​ពោះ​ ឧស្សាហ៍ទល់​លាមក ធ្លាប់​ឆ្លងកាត់​ការ​វះកាត់​ធំតូច​ណាមួយ​ត្រង់​តំបន់​អាង​ត្រគៀក ក៏​ជា​​កត្តា​​​ដែល​អាច​សម្រួល​ឱ្យ​​មាន​បញ្ហា​ស្រុត​សរីរាង្គដែរ។ ថ្វី​បើ​ជំងឺ​ស្រុត​ មាន​ពាក់​ព័ន្ធ​ខ្លាំង​នឹង​កត្តា​អាយុមែន​ ប៉ុន្តែ​វិបត្តិ​ស្រុត​សរីរាង្គ​អាចកើត​មាន​លើ​​ស្រ្តី​វ័យ​ក្មេង​​​បាន ដោយ​ហេតុ​តែ​ប្រឹង​ធ្វើ​កីឡាខ្លាំង​ជ្រុល ​បែប​អាជីព ឬ​ដោយ​ខុស​បច្ចេកទេស ជាពិសេស​កីឡា លោត​ត្រំប៉ូលីន ឬ​រត់​ប្រណាំង លើក​ដុំ​ដែក និង​លក្ខខណ្ឌ​ការងារ​លំបាក ដោយ​ធ្វើការ​ធ្ងន់​លើក​ដាក់​រុញ​វត្ថុ​ធ្ងន់ៗ ជា​ប្រចាំ​ និង​ពរកូន​ច្រើន។ ជា​ច្បាប់​ធម្មជាតិ ភាព​ចាស់​ជរា​​នៃរាងកាយ តែង​ចុះ​ខ្សោយ​ទៅ​តាម​វ័យ។ ដូច្នេះ​ ​​សរីរាង្គប្រព័ន្ធ​សាច់​ដុំ​និង​សរសៃ​​នៃ​តំបន់​អាង​ត្រគៀក ត្រូវ​តែចុះ​ខ្សោយ​ ស្រុត​ទៅ​តាម​វ័យ​ដែរ។ អស់​រដូវ​ជាបាតុភូតដែល​ស្ត្រី​មិន​អាច​គេច​បាន បានមក​ចូល​​ចំណែក​...

Duration:00:09:41

Ask host to enable sharing for playback control

លើសជាតិ​​ខ្លាញ់​កូឡេស្តេរ៉ុល និង​ទ្រីគ្លីសេរីត មាន​គ្រោះ​ថ្នាក់​យ៉ាងណា?

10/16/2025
កាត់បន្ថយ​ជាតិ​ខ្លាញ់ ជាតិ​ស្ករ ជាតិ​ប្រៃនេះជា​សារ​ដែល​អាជ្ញាធរ​សុខាភិបាល​ បាន​និង​កំពុង​ប្រឹង​ប្រែងផ្សព្វផ្សាយ​ដើម្បី​​ណែនាំ​ដល់​ប្រជាពលរដ្ឋគ្រប់​រូប គ្រប់​វ័យ គិត​គូរ​អំពី​ប្រយោជន៍​​សុខភាព​។ ឧទាហរណ៍ លើស​ស្ករ​នឹង​ធ្វើ​ឱ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម លើសជាតិ​​ប្រៃ​នឹង​ធ្វើឱ្យ​មាន​សម្ពាធ​ឈាមខ្ពស់​ ។ល។ និ​ង។ល។ ចុះ​បើលើ​សខ្លាញ់នឹង​បង្ក​ឱ្យ​មាន​ផលវិបាក​យ៉ាងណា​ខ្លះ? ខ្លាញ់​ជា​សារធាតុ​មិន​អាច​ខ្វះ​បាន​សម្រាប់​សរីរាង្គកាយ​មនុស្ស។ ប៉ុន្តែ​នៅ​ពេល​សារធាតុ​នេះ​មាន​​បរិមាណ​ច្រើន​ជ្រុល លើស​សេចក្តី​ត្រូវការរបស់​សពាង្គកាយ​ ច្បាស់​ណាស់​ដែល​ថា​​ ខ្លាញ់អាច​​នឹង​ក្លាយ​ទៅ​ជា​សត្រូវ​វិញ។ លើសជាតិ​ខ្លាញ់ គ្មាន​ផ្តល់​រោគ​សញ្ញា​អ្វី​ទាំង​អស់ ក្នុង​ដំណាក់កាលដំបូង​។ ដើម្បី​បានដឹង​អំពីបរិមាណ​ជាតិ​ខ្លាញ់​នៅ​ក្នុង​ខ្លួន​ថាច្រើន​-​តិច​ឬ​ល្មម វិធី​មានតែ​មួយ​គឺ​ការ​ជួសធ្វើ​​តេស្ត​វិភាគ​ឈាម ដើម្បី​វាល់​កំរិត​ជាតិ​ខ្លាញ់ក្នុង​ឈាម ដែល​មាន​ឈ្មោះ បច្ចេកទេស​ថា កូឡេស្តេរ៉ុល និង​ទ្រីគ្លីសេរីត។ តើ​កូឡេស្តេរ៉ុល និង​ ទ្រីគ្លីសេរីតជា​អ្វី? នៅ​ក្នុង​លទ្ធផល​នៃ​ការ​វិភាគ​ឈាម​ឆែកមើល​សុខភាព​ជា​ទូទៅ គេ​តែង​ឃើញ​មានរបាយការណ៍​ ស្តីពី​​កូឡេស្តេរ៉ុល និង​ទ្រីគ្លីសេរីត​ នៅត្រសង​គ្នា។ ​កូឡេស្តេរ៉ុល មាន​អ្នក​ស្គាល់​ច្រើន​ជាង និង​គួរ​ឱ្យ​​ខ្លាច​ជាង។ តែតាមការ​ពិត ​អត្រាជាតិ​ខ្លាញ់​​កូឡេស្តេរ៉ុល​ និង​អត្រា​ជាតិ​ខ្លាញ់​ទ្រីគ្លីសេរីត គួរ​តែ​ទទួល​បាន​ការ​តាមដាន​ដោយ​ប្រុងប្រយ័ត្ន​ដូច​គ្នា ព្រោះ​កូឡេស្តេរ៉ុល​និង​ទ្រីគ្លីសេរីត អាច​បង្ក​បញ្ហា​ដូច​គ្នា​ដល់​សុខភាព ជាពិសេស​ដល់​សុខភាព​សរសៃ​ឈាម​បេះដូង ​ប្រសិន​បើ​យើងជាតិខ្លាញ់​ទាំងពីរ​មាន​បរិមាណ​ច្រើនជ្រុល ឬ​ឡើង​ខ្ពស់​ពេក នៅក្នុង​ឈាម។ ផលិត​ដោយ​សរីរាង្គកាយ និង​តាម​រយៈ​​ចំណី​អាហារ ​កូឡេស្តេរ៉ុល និង​ទ្រីគ្លីសេរីត ជា​ប្រភេទ​​​សារធាតុ​លីពីតដ៏​ចាំបាច់​ដូចគ្នា​សម្រាប់​សរីរាង្គកាយ ឬ​និយាយ​ឱ្យ​ចំ គឺ​ជា​ខ្លាញ់​ដែល​នៅ​ក្នុង​ឈាម និង​ដែល​​មាន​ប្រភព​និង​តួនាទី​ខុស​គ្នា​។ កូឡេស្តេរ៉ុល ប្រៀបដូចប្រេង​រំអិល មាន​តួនាទី​សំខាន់​ខ្លាំងណាស់​សម្រាប់​ដំណើរការ​របស់កោសិកានៃ​ខ្លួនប្រាណ​​ទាំងមូល សម្រាប់ការ​សំយោគ​​ស្រូប​ទាញ​វីតាមីន​ D ពី​​​ផ្ទៃ​ស្បែក​ សម្រាប់​ដំណើរការ​នៃ​ថង់ប្រមាត់ ឬ​ដំណើរការ​នៃ​អរមូន​មួយ​ចំនួន​ដូច​ជា អរមូន​ករទីហ្សូន និងអរមូនតេស្តេរ៉ូន។ ៦៥%​នៃ​ខ្លាញ់​កូឡេស្តេរ៉ុល បាន​មកពី​ការ​ផលិត​របស់​ថ្លើម សល់​ប៉ុន្មាន​បាន​មក​ពី​ចំណីអាហារ។ និយាយ​ជា​រួម កូឡេស្តេរ៉ុល មានចំណែក​ចាំបាច់​ណាស់​សម្រាប់​ទ្រទ្រង់​ឱ្យ​មាន​សុខភាព​ល្អជា​ទូទៅ។ ដូច្នេះ​ បរិមាណ​ជាតិ​ខ្លាញ់​កូឡេស្តេរ៉ុល​​នេះមិន​ត្រូវ​ឱ្យ​ខ្វះទេ តែ​ក៏​មិន​ត្រូវ​​ច្រើន​ជ្រុល​ដែរ។ ហេតុអ្វី​មិន​ត្រូវ​ឱ្យ​ខ្វះ និង​មិន​ឱ្យ​លើស? ​នៅក្នុង​ឈាម ខ្លាញ់​​កូឡេស្តេរ៉ុល ចែក​ជា​​​ពីរ​ទម្រង់​ទៀត គឺ​កូឡេស្តេរ៉ុល LDL ដែល​ជាប់​ឈ្មោះ​ថា​ជា​ខ្លាញ់​មិនល្អ ព្រោះ​វា​ងាយ​នឹង​​កក​ជាប់​នៅ​តាម​ផ្ទៃនៃ​ជញ្ជាំង​សរសៃ​ឈាមអាទែ (សរសៃហូរចេញ​ពី​បេះដូង) និង​កូឡេស្តេរ៉ុល​ HDL ឬ​ហៅ​ថា​ខ្លាញ់​កូឡេស្តេរ៉ុលល្អ។ ​កូឡេស្តេរ៉ុលល្អ​HDL ជា​អ្នក​ដឹក​ជញ្ជូនប្រមូល​​​​ខ្លាញ់​កូឡេស្តេរ៉ុលក្នុង​ឈាម​ដែល​ហួសចំណុះ​ -លើស​សេចក្តី​ត្រូវ​ការ នាំ​ទៅ​ថ្លើម​ ដើម្បី​បំប្លែងចោល។ មាន​ន័យ​ថា​កូឡេស្តេរ៉ុលHDL​នេះ បាន​ដើរ​តួនាទី​ជា​អ្នក​ការពារ​មិន​ឱ្យ​មាន​បញ្ហា​សុខភាព​សរសៃ​ឈាម​បេះដូង។ ដូច្នេះ​មិន​ត្រូវ​ឱ្យ​ខ្វះ​ខ្លាញ់​ល្អ​ប្រភេទ​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ ខ្លាញ់​មិនល្អ​កូឡេស្តេរ៉ុល LDL បើ​មាន​ច្រើន​កាលណា​វា​នឹង​សម្រួល​ឱ្យ​មាន​ផលវិបាក​ច្រើន​ ដូច​ជា​បណ្តាល​ឱ្យ​សរសៃ​ឈាម​រួម​តូច ដោយ​មាន​ការ​កក​ខ្លាញ់​នៅ​តាមជញ្ជាំង​​សរសៃ​ឈាម​​។ បើ​សរសៃ​ឈាម​រួម​តូច និងមាន​កាកសំណល់​កករាំង​ចរន្ត​ឈាម គ្រោះហានិភ័យ​ជួប​ករណី​​ស្ទះ​ឬ​ដាច់​សរសៃ​ឈាម នៅ​​​​បេះ​ដូង (ស្លោកបេះដូង) និង​នៅ​ខួរក្បាល (ស្ត្រូប) ​អាច​កើត​បាន​គ្រប់​ពេល។ ចំណែក​ជាតិ​ខ្លាញ់​ទ្រីគ្លីសេរីត ក៏​​ផលិត​ដោយ​ថ្លើម​ និង​ចំណីអាហារ​ដែរ។ ជាតិ​​ស្ករ ជាតិ​ម្សៅ និង​អាល់កុល ដែល​យើង​ទទួល​ទាន​ចូល​ទៅ​​ច្រើន​ជ្រុល​នឹង​ត្រូវ​បាន​ថ្លើម​បំប្លែង​ទៅ​ជា​ទ្រីគ្លីសេរីត រួច​នាំ​ទៅ​ស្តុក​ទុក​ក្នុង​ជាលិកាស្បែក ក្នុង​ទម្រង់ជាជាតិ​ខ្លាញ់​ និង​ថាមពល​បម្រុង កក​នៅក្រោម​ស្បែក។ ​នៅ​ពេល​អត្រា​ជាតិ​ទ្រីគ្លីស្តេរីត​ឡើងខ្ពស់ មាន​បរិមាណ​ច្រើន​ជ្រុល វា​មិន​បង្ក​ផល​ប៉ះពាល់ដល់​សរសៃ​ឈាម​អាទែដោយ​ផ្ទាល់​ ដូច​កូឡេស្តេរ៉ុល​ទេ តែវា​អាច​បង្កើន​គ្រោះ​ហានិភ័យកើត​​ជំងឺ​សរសៃ​ឈាម​បេះដូង​ផង និង​អាច​សម្រួល​ឱ្យមាន​បញ្ហា​នៅ​សរីរាង្គលំពែង ព្រមទាំង​ជំងឺរលាក​លំពែងដែល​ជួន​កាល​ជា​ជំងឺដ៏​ធ្ងន់ធ្ងរផង។ អ្វី​ជា​គ្រោះ​ថ្នាក់​បំផុត​នៃ​ការ​លើស​ជាតិ​ខ្លាញ់ មិន​ថា​ខ្លាញ់​កូឡេស្តេរ៉ុល ឬ​ទ្រីគ្លីសេរីតទេ សុទ្ធ​តែ​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ផ្តល់​រោគ​សញ្ញា​អ្វី​ទាំងអស់។ ខ្លាញ់​អាច​បន្ត​កក​តាម​សរសៃ​ឈាម​ បន្តិចម្តងៗ​​ជា​លំដាប់ ជា​រៀង​រាល់​ថ្ងៃ...

Duration:00:08:59

Ask host to enable sharing for playback control

ហេតុអ្វី​មហារីក​សុដន់​មាន​កើត​លើ​ស្ត្រី​វ័យ​ក្មេង​កាន់​តែ​ច្រើនឡើងៗ

10/8/2025
​​តុលា ជា​ខែ​ដែល​ពិភពលោក​​ឧទ្ទិស​ដល់​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំ​ងនឹង​ជំងឺ​មហារីក​សុដន់។ ដូច​ជា​រៀង​រាល់​ឆ្នាំ ពេញ​មួយ​ខែ​តុលា​នេះ អាជ្ញាធរ​សុខាភិបាល​នានា​បាន​រៀប​ចំ​កម្មវិធី​ផ្សេងៗ​​ជា​ច្រើន​ដើម្បី​បញ្ចៀប​ពលរដ្ឋ​ឱ្យបាន​យល់​ដឹង​អំពី​សារៈ​សំខាន់​នៃការ​ធ្វើ​តេស្តេ​វែក​រក​ ​ជំងឺ​មហារីក​សុដន់ ដែល​បើ​គេ​ឆាប់​ដឹង​ ឆាប់​បាន​ទទួល​ការ​ព្យាបាល ​នោះ​សំណាង​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​ក៏​ខ្ពស់​ខ្លាំង។ ប៉ុន្តែ​ទន្ទឹម​ពេល​ជា​មួយ​គ្នា​នេះ មាន​ចំណោទ​សួរ​ថា​តើ​ហេតុ​អ្វី​បាន​ជាមាន​​ស្ត្រី​វ័យ​ក្មេង​កាន់​តែ​ច្រើន​ឡើងៗ​កើត​​ជំងឺ​មហារីក​សុដន់​? រហូត​មក​ទល់​នឹ​ង​ពេល​បច្ចុប្បន្ន​នេះ មហារីក​សុដន់ នៅ​តែ​ជា​មូលហេតុ​ទីមួយ​នៃ​មរណភាព​ស្ត្រី​ដោយ​ជំងឺ​មហារីក។ ក្នុង​មួយ​ឆ្នាំៗ​ ជំងឺ​មហារីក​សុដន់​បាន​សម្លាប់​​​ស្ត្រី​ប្រមាណ​១២០០០នាក់​ នៅ​ក្នុង​ប្រទេស​បារាំង។ ការ​វែក​រក​ឃើញ​ជំងឺ​មហារីក​សុដន់បាន​ឆាប់​ តាំងពី​ដំណាក់កាល​ដំបូង​ៗ មុន​ចេញ​រោគ​សញ្ញា ផ្តល់លទ្ធភាព​​ខ្ពស់​ដល់​ការ​ព្យាបាល ឱ្យ​បាន​ជា​សះស្បើយ​ ក្នុង​៩​ករណី​លើ​១០។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ ជា​រៀង​រាល់​ឆ្នាំ​​ ពិភពលោក​តែង​រៀប​ចំ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​សុដន់​ ពេញ​មួយ​ខែ​តុលា​ តាម​រយៈ​ព្រឹត្តិការណ៍​​ផ្សេងៗ​ ដូច​ជា​ការលម្អ​ទី​កន្លែងដោយ​ចង​បូ​ពណ៌​កុលាប បំភ្លឺ​អាគារសាធារណៈ អាគារ​ប្រវត្តិសាស្ត្រ ​​ទេសចរណ៍ ឧទាហរណ៍ តួអេហ្វែល នៅ​ក្រុង​ប៉ារីស បានប្តូរ​ទៅ​ជាមាន​ពណ៌កុលាប​នៅ​ពេល​យប់​ពេញមួយ​តែតុលា ព្រមទាំងកម្មវិធី​ជួប​ជុំ បែប​កំសាន្ត បែប​អប់រំ បែប​កីឡា​ ។ល។ កម្មវិធី​ដ៏​ពេញនិយម​ជាង​គេ​នៅ​ប្រទេស​បារាំង គឺ​ការ​ជួប​ជុំ​រត់​ បែ​បពាក់កណ្តាល​ម៉ារ៉ាតុង ដើរ​ជា​គ្រួសារ​រយៈ​ឆ្ងាយ​ ... កម្មវត្ថុ​នៃ​ការ​រៀ​ប​ចំ​ព្រឹត្តិការណ៍​ មាន​តែ​មួយ​គឺ​ ដើម្បី​បញ្ចៀប បំផុស ​ព័ត៌មាន និង​បញ្ចុះ​បញ្ចូល​ស្ត្រី​ឱ្យ​ទៅធ្វើ​តេស្ត​វិភាគ​​ក្រែងមាន​​កើត​ជំងឺ​មហារីក​សុដន់ ជាទូទៅ​ ​អាយុ​​​៥០​ឆ្នាំ​ទ់ៅ​៧៤​ឆ្នាំ ជា​វ័យ​ងាយ​រងគ្រោះកើត​ជំងឺ​មហារីក​សុដន់​​ជាង​គេ។ ដោយ​មូលហេតុ​នេះទើបពលរដ្ឋ​បារាំង​ភេទ​ស្រី​ ក្នុង​វ័យ​នេះ​ ​បាន​ទទួល​ការ​អញ្ជើញ​និង​ណែនាំ​ឱ្យ​ធ្វើ​តេស្ត​​ដោយ​ឥតគិត​ថ្លៃ​ជា​រៀង​រាល់​ពី​រ​ឆ្នាំម្តង។ ​ប៉ុន្តែ​មហារីក​សុដន់ជា​​ជំងឺដែល​កើត​មាន​ជា​ញឹកញាប់​ជាង​គេបង្អស់​សម្រាប់​​ស្ត្រី កំពុង​​​កើនឡើង​ជា​លំដាប់​ និង​​កាន់​តែ​ច្រើន​ឡើងៗលើ​រូប​​ស្រ្តី​វ័យ​ក្មេង។ នេះ​បើ​តាម​តួលេខ​ផ្តល់​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រឆាំង​នឹង​ជំងឺ​មហារីក​បារាំង។ ស្ត្រីកាន់​តែ​​ក្មេងឡើងៗ​​ និង​កាន់​តែ​ច្រើនឡើងៗ​មាន​ជំងឺ​មហារីក​សុដន់ នៅ​អាយុ​ក្រោម​៤០ឆ្នាំ។ ដូច្នេះ​ត្រូវមាន​កម្មវិធី​វិភាគ​រក​ជំងឺ​មហារីក​សុដន់​ជា​ស្វ័យ​ប្រវត្តិ​លើ​ស្ត្រីគ្រប់​វ័យឬ? មិន​ទេ! ​ការ​ធ្វើ​តេស្ត​វិភាគ​វែក​ជំងឺមហារីក​សុដន់​ ថ្វីបើ​ផ្តល់​គុណប្រយោជន៍​មែន តែ​នៅមាន​កំរិត និង​អាច​ផ្តល់​ផល​អវិជ្ជមាន​វិញ។​ ឆាប់​ទៅ​ធ្វើ​តេស្ត​ពេក ក៏​អាច​ក្លាយ​ជា​​កា​រ​វិភាគ​ធ្វើ​រោគ​វិនិច្ឆ័យ​ជ្រុល​ហួសហេតុ​ និង​នាំ​ឱ្យ​មាន​​ជា​ការ​ព្យាបាល​ដុំ​ដំបៅ​ដែល​មិន​ប្រាកដ​ថា​នឹង​វិវឌ្ឍន៍​ទៅ​ដុំ​មហារីក។ ការ​ថតឆ្លុះ​​ដោយ​កាំរស្មី​X ក្នុង​ករណី​ខ្លះ​ ក៏អាច​ជំរុញ​ឱ្យ​មាន​ផលវិបាក​​បញ្ច្រាសខ្យល់ ដោយអាច​នឹង​បង្កើន​លទ្ធភាព​មាន​ជំងឺមហារីក​ទៅ​វិញ។ នេះ​ជា​មូលហេតុចម្បង​មួយ​ដែល​ក្រុម​អ្នក​ជំនាញ​ផ្តល់​អនុសាសន៍ឱ្យតែ​ស្ត្រី​ចាប់​ពី​វ័យ​​៥០​ឆ្នាំ​​ឡើង​ទៅ ទៅ​ធ្វើ​តេស្ត​​ថត​សុដន់​វិភាគ​រក​ជំងឺ​មហារីក​ ជា​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង​នោះ។ ចំណែក​ស្ត្រី​វ័យ​ក្មេង ត្រូវ​រំពឹង​​លើ​ការ​វិភាគ​គ្លីនិក មាន​ន័យ​ថា ត្រូវ​តាម​ដាន​សុខភាព​សុដន់ ដោយ​ផ្ទាល់​ភ្នែក ដោយ​ខ្លួន​​ឯង ឬ​ដោយ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​រោគ​ស្ត្រី។ ចាប់​ពីអាយុ​២៥​ឆ្នាំ​ឡើង​ទៅ ស្ត្រី​ត្រូវ​ចេះ​និង​ឧស្សាហ៍​ពិនិត្យ​មើល​សុដន់ មើល​រូបភាពខាង​ក្រៅ​ ក្រែង​សុដន់​មាន​ទម្រង់​ខុស​ប្រក្រតី។ នៅ​ពេល​ឃើញ​មាន​- ដុំ សាច់​ពក​នៅ​ក្នុងសុដន់ ឬនៅតំបន់​​ក្រោមឃ្លៀក - មាន​ស្នាម​ក្រហម​ ឬ​ស្បែកសុដន់​ឡើង​ពណ៌​លឿង - ក្បាល​ដោះ​ប្រទាញ​ប្រទង់ លិប​ ខុស​ប្រក្រតី ឬ​មាន​ហូរ​ទឹក​ដោះ ត្រូវ​រួស​រាន់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ភ្លាម។ បន្ថែម​ពី​លើ​ការ​តាមដាន​ស្ថានភាព​សុដន់ ​ស្ត្រី​​អាយុ​ក្រោម​៥០​ឆ្នាំ​ ត្រូវ​គិត​គួរ​​​ត្រួត​ពិនិត្យសុដន់ខ្លួន​ឯង​​ដោយការ​​ចុច​ស្ទាប​ឱ្យ​បាន​សព្វជ្រុងជ្រោយ ​ ​ត្រង់​តំបន់​ដោះ​និង​ជុំ​វិញ​ដោះ​រហូ​ត​ដល់​ក្រោមឃ្លៀក យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួយ​ឆ្នាំ។ ណែក​ស្ត្រី​​ចាប់​ពី​៥០​​ឆ្នាំ​ឡើង​ទៅក៏​មិន​ត្រូវ​ធ្វេសប្រហែស​ដែរ ត្រូវ​ឧស្សាហ៍​ចុច​ស្ទាប​សុដន់​ ក្នុង​ចន្លោះ​ពេល​រង់ចាំទៅ​ធ្វើ​ការ​កៀប​ថត​សុដន់ ជា​ថ្មី។ វិធីចុច​​ស្ទាប​សុដន់​ ត្រូវ​ធ្វើ​នៅ​ពេល​ទើប​អស់​រដូវ​ភ្លាម​ និង​យ៉ាង​ដូច្នេះ៖ ហេតុអ្វី​ករណី​មហារីក​សុដន់​កើន​ឡើង​ជា​លំដាប់ លើស្ត្រី​វ័យ​ក្មេង​? ​​ករណី​​ស្ត្រី​វ័យក្មេង​​កើត​មហារីកសុដន់​វ័យ​ក្មេង ហាក់​កើន​ឡើង​ជា​លំដាប់​មែន។...

Duration:00:08:26