
Health
RFI
សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប ! ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ នៅរៀងរាល់ថ្ងៃពុធ អស់លោកអ្នកនាងនឹងបានស្តាប់ សេចក្តីអត្ថាធិប្បាយ និងបទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយនឹងគ្រូពេទ្យឯកទេស ស្តីពីប្រធានបទផ្សេងៗទាក់ទងនឹងសុខភាព មានជាអាទិ៍ការការពារ ការព្យាបាល។
Location:
France
Genres:
Health & Wellness Podcasts
Networks:
RFI
Description:
សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប ! ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ នៅរៀងរាល់ថ្ងៃពុធ អស់លោកអ្នកនាងនឹងបានស្តាប់ សេចក្តីអត្ថាធិប្បាយ និងបទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយនឹងគ្រូពេទ្យឯកទេស ស្តីពីប្រធានបទផ្សេងៗទាក់ទងនឹងសុខភាព មានជាអាទិ៍ការការពារ ការព្យាបាល។
Language:
Khmer
Episodes
អត្ថប្រយោជន៍នៃសត្វចិញ្ចឹមជាមិត្ត
4/9/2026
ចិញ្ចឹមឆ្កែ ឆ្មា ធ្វើជាមិត្ត រស់នៅក្នុងផ្ទះជាមួយ ឬមានកូនអាងចិញ្ចឹមត្រី អាចប្តូរផ្លាស់ជីវិតរស់នៅប្រចាំថ្ងៃរបស់យើងបាន។ តើសត្វអាចមានទំនាក់ទំនងយ៉ាងណាជាមួយមនុស្ស? តើការសត្វចិញ្ចឹមជាមិត្តផ្តល់អត្ថប្រយោជន៍អ្វីខ្លះសម្រាប់សុខភាព?
ការចិញ្ចឹមសត្វយកមកធ្វើជាមិត្ត រស់នៅក្នុងផ្ទះជាមួយម្ចាស់ មិនសូវពេញនិយមទេនៅក្នុងសង្គមខ្មែរ។ ខ្លះរើសអើងព្រោះជាសត្វ ខ្លះខ្លាចភាពកខ្វក់ ខ្លះខ្លាចកើតហឺត ...
ប៉ុន្តែការចិញ្ចឹមសត្វធ្វើជាមិត្តក្នុងផ្ទះអាចផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាព ៖ សុខភាពផ្លូវកាយ ផ្លូវចិត្ត និងសង្គម។ នៅប្រទេសខ្លះ វេជ្ជសាស្ត្របានបញ្ចូលសត្វចិញ្ចឹម ទៅក្នុងផ្នែកមួយនៃជួយព្យាបាលនិងថែទាំអ្នកជំងឺផង។ គុណប្រយោជន៍ការចិញ្ចឹមសត្វជាមិត្តចំពោះសុខភាព ត្រូវបានអនុម័តដោយវិទ្យាសាស្ត្រទៀត។ ការសិក្សាជាច្រើនបានបញ្ជាក់អំពីឥទ្ធិពលវិជ្ជមាននៃសត្វចិញ្ចឹមជាមិត្ត។ ប៉ុន្តែការចិញ្ចឹមសត្វមិនផ្តល់គុណប្រយោជន៍ចំពោះសុខភាព ជាលក្ខណៈស្វ័យប្រវត្តិប្រវត្តិទេ។ វាអាស្រ័យជាពិសេសទៅលើទំនាក់ទំនងជាមួយសត្វចិញ្ចឹមផង និងទៅលើការគោរព សុខុមាលភាពរបស់សត្វនោះផង។ នេះបើតាមការពន្យល់បំភ្លឺរបស់លោក Jean-Marc Poupard បណ្ឌិតផ្នែកនរវិទ្យា និងជានាយកផ្នែកទំនាក់ទំនងមនុស្សសត្វ នៅសកលវិទ្យាល័យ Paris Cité។
សត្វចិញ្ចឹមនិងឥទ្ធិពលចំពោះសុខភាពផ្លូវកាយ
សត្វចិញ្ចឹម មិនគ្រាន់តែជាមិត្តដើម្បីរស់កំដគ្នាទេ តែថែមទាំងអាចដើរតួនាទីសំខាន់ក្នុងលំនឹងជីវិតរបស់ម្ចាស់ទៀតផង។ ទោះជាម្ចាស់រស់នៅតែឯង ឬជាគ្រួសារមានគ្នាច្រើន គ្នាតិច ជាក្មេងឬជាចាស់ក៏ដោយ ក៏វត្តមាននៃសត្វចិញ្ចឹមក្នុងផ្ទះអាចជះឥទ្ធិពលល្អច្រើនចំពោះ សុខភាពដែរ។
ចំពោះក្មេង ក៏ដូចជាមនុស្សធំ មានសត្វក្នុងផ្ទះ ជាពិសេសសត្វឆ្កែ ជាកត្តាបង្កើនសកម្មភាពផ្លូវកាយ និងកាត់បន្ថយភាពស្ពឹកស្រពន់។ នាំឆ្កែទៅជុះ ប្រលែងលេងជាមួយឆ្មា ដាក់ចំណីឱ្យត្រី សម្អាតលាងទ្រុងសត្វ ... បានបន្ថែមការងារ ភាពសកម្មតិចតួចជារៀងរាល់ថ្ងៃ ដល់ម្ចាស់។ សកម្មភាពតិចតួច ល្មមៗ តែថេរជារៀងរាល់ថ្ងៃ ជាប្រការល្អសម្រាប់សុខភាព បេះដូង សរសៃឈាមបេះដូង។ មនុស្សចាស់មានសត្វចិញ្ចឹមជាមិត្ត មានគ្រោះហានិភ័យកើតជំងឺលើសឈាមទាប និងមិនសូវមានផលវិបាកបង្កឡើងដោយជំងឺគ្រោះថ្នាក់សរសៃឈាមបេះដូងទេ។ ការសិក្សាជាច្រើនបានបង្ហាញថា រស់ជាមួយសត្វ អាចជួយបញ្ចុះសម្ពាធឈាមនិងចង្វាក់បេះដូង ព្រោះការអង្អែល ការចំណាយពេលមើលថែនៅជាមួយសត្វអាចជួយលួងលោមខ្លួនយើងឱ្យបានស្ងប់ ធូរល្ហែល្ហើយ ដែលអាចជួយការពារបេះដូង និងសរសៃឈាមបេះដូង នាថ្ងៃអនាគត បន្ថែមពីលើការព្យាបាលដោយប្រើថ្នាំ។
លូតលាស់ធំដឹងក្តីជាមួយសត្វចិញ្ចឹមក្នុងផ្ទះ ប្រៀបដូចជាបានបង្ហាត់សរីរាង្គខ្លួនប្រាណឱ្យជួបនឹងមីក្រុបស្លូតៗផ្សេងៗ ដែលនឹងទៅជួយប្រព័ន្ធការពារខ្លួន ជាពិសេសប្រព័ន្ធការពារខ្លួនរបស់ក្មេងតូចៗឱ្យចេះទប់ទល់នឹងការបៀតបៀនមកពីក្រៅ។ មានន័យថាក្មេងកើតនិងរស់ជាមួយសត្វចិញ្ចឹម មានហានិភ័យកើតជំងឺហឺត ជំងឺអាល្លែហ្ស៊ីទាប។ ប៉ុន្តែសូមប្រយ័ត្ន ! ត្រូវចិញ្ចឹមសត្វដោយការគោរព ដោយផ្ចិតផ្ចង់ ប្រកបដោយអនាម័យ ទើបអាចទាញយកគុណប្រយោជន៍នេះបាន។
ចំណុចសំខាន់មួយទៀតនៃការចិញ្ចឹមសត្វជាមិត្តរស់ក្នុងផ្ទះ ដែលមិនអាចកាត់ថ្លៃបាននោះ គឺការកាត់ស្ត្រេស និងកង្វល់។ លេងជាមួយឆ្កែ អង្អែលសត្វឆ្មា មើលកូនទន្សាយដេក មើលត្រីក្រិមរត់ប្រដេញគ្នាទឹក កាយវិការសាមញ្ញៗជាមួយសត្វចិញ្ចឹមទាំងអស់នេះបានជួយបញ្ចុះអត្រាជាតិCortisone ដែលគេហៅថាអរមូនស្ត្រេស ពីក្នុងខ្លួនយើងបាន។ ការសិក្សាបានបង្ហាញថា គ្រាន់តែសំឡឹងមើលឆ្កែឱ្យចំ ក៏អាចធ្វើឱ្យខ្លួនយើងបញ្ចេញជាតិអូស៊ីតូស៊ីន ដែលជាអរមូនសម្រួល ឱ្យមានអារម្មណ៍កក់ក្តៅ ទុកចិត្ត យោគយល់ ចង់រាប់អាន និងសម្រួលយន្តការសុខុមាលភាពជាទូទៅ។
ការសិក្សារបស់អ្នកស្រាវជ្រាវស្វ៊ីស និងជប៉ុន បានបង្ហាញថាក្នុងរយៈពេលបិទខ្ទប់ប្រទេសដោយហេតុមានរោគរាតត្បាតកូវីដ-១៩ ក្មេងមានសត្វចិញ្ចឹមនៅជាមួយអាចគេងលក់ស្រួល និងមានគុណភាពដំណេកល្អជាងក្មេងគ្មានសត្វជាមិត្ត។ ក្នុងពេលធម្មតា ជាពិសេសនៅពេលល្ងាច វត្តមានសត្វអាចជួយមនុស្សខ្លះឱ្យមានអារម្មណ៍នឹងនល្អ មិនសូវខ្លាច ទើបពួកគាត់អាចសម្រាន្តលក់ស្រួល។
សត្វចិញ្ចឹមនិងទំនាក់ទំនងសង្គម
សត្វមិនចេះថាឱ្យ មិនចេះវាយតម្លៃម្ចាស់ទេ។ សត្វស្រលាញ់ម្ចាស់ដោយគ្មានលក្ខខណ្ឌ ដោយគ្មានគិតអាយុ...
Duration:00:08:49
ការសិក្សាជប៉ុន៖ ចាស់ទៅធ្វើម្ហូបខ្លួនឯង ជួយកាត់បន្ថយគ្រោះកើតជំងឺវង្វេង
4/1/2026
អ្នកស្រាវជ្រាវជប៉ុនបានសិក្សាឃើញថា មនុស្សចាស់ចូលចង្ក្រានធ្វើម្ហូបបរិភោគដោយខ្លួនឯង មានហានិភ័យកើតជំងឺវង្វេងទាប។ អ្នកដែលមិនធ្លាប់ធ្វើម្ហូបអាហារពីក្មេង ហើយងាកមកផ្តើមធ្វើម្ហូបនៅវ័យចំណាស់ កាន់តែទទួលបានផលល្អ ដោយអាចកាត់បន្ថយគ្រោះភ្លេចវង្វេងបានច្រើនខ្លាំងណាស់ ដល់ទៅ៦៧%ឯណោះ។ តើអ្នកស្រាវជ្រាវ អាចពន្យល់អំពីទំនាក់ទំនងនៃការធ្វើម្ហូបនិងការកាត់បន្ថយគ្រោះកើតជំងឺវង្វេងវង្វាន់យ៉ាងដូចម្តេច?
ដោយសារតែភាពចាស់ជរានៃប្រជាជននៅលើពិភពលោក និងដោយហេតុតែគ្មានថ្នាំព្យាបាលឱ្យជា ជំងឺវង្វេងវង្វាន់អាល់ហ្សៃមែរ បានក្លាយជាបន្ទុកកាន់តែធ្ងន់ឡើងៗសម្រាប់សង្គម និងមនុស្សជាតិ។ ប៉ុន្តែអ្នកជំនាញដឹងថា ជិតពាក់កណ្តាលនៃករណីអាល់ហ្សៃមែរនៅពិភពលោកអាចបញ្ចៀស និងការពារ ឬយ៉ាងហោចណាស់ក៏អាចបង្អូសពន្យារពេលកុំឱ្យឆាប់កើតជំងឺវង្វេងបានដែរ តាមរយៈវិធីបង្ការជាច្រើនយ៉ាង។ ដូច្នេះយើងត្រូវដឹងនិងចេះជ្រើសរើសវិធីបង្ការទើបប្រឹងទៅបានផល។ ការការពារ បង្ការជំងឺវង្វេងអាល់ហ្សៃមែរ បានក្លាយជាប្រធានបទនៃរបាយការណ៍ប្រចាំឆ្នាំ២០២៥ របស់មូលនិធិយកឈ្នះជំងឺវង្វេងវង្វាន់នៅប្រទេសបារាំង។
ចុះបើមានវិធីមិនបាច់ប្រឹង សាមញ្ញ ចំណេញក្រពះ ហើយអាចជួយបង្ការនិងកាត់គ្រោះកើតជំងឺវង្វេងវង្វាន់ដ៏គួរខ្លាចនោះបាន តើអ្នកស្ម័គ្រធ្វើតាមទេ?
អ្នកស្រាវជ្រាវជប៉ុនបានចង្អុលបង្ហាញគន្លងមួយដែលងាយ និងអាចមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារជំងឺវង្វេងវង្វាន់ នោះគឺ ការធ្វើម្ហូបបរិភោគដោយខ្លួនឯង។
គុណប្រយោជន៍នៃការធ្វើម្ហូបចំពោះសុខភាព ធ្លាប់ត្រូវបានអ្នកស្រាវជ្រាវលាតត្រដាងច្រើន មកហើយ។ ការសិក្សាខ្លះ បានចាត់ទុកការធ្វើម្ហូបជាយុទ្ធសាស្ត្រដ៏អស្ចារ្យសម្រាប់មានសុខភាពល្អ។ បរិភោគម្ហូបធ្វើខ្លួនឯងនៅផ្ទះ នឹងនាំឱ្យមានសុខភាពល្អ មិនងាយកើតជំងឺទឹកនោមផ្អែម ជំងឺធាត់ជ្រុល ឬជំងឺសរសៃឈាមបេះដូង និងផ្តល់ផលល្អដល់ខួរក្បាល។ នៅឆ្នាំ២០២២ ការសិក្សាអូស្រ្តាលីក្នុងក្របខ័ណ្ឌនៃការប្រយុទ្ធប្រឆាំងនឹងជំងឺធាត់ជ្រុលចុកខ្លាញ់ បានអះអាងថាការធ្វើម្ហូបដោយខ្លួនឯង អាចជួយស្តារសុខភាពផ្លូវចិត្តឱ្យបានប្រសើរឡើង។ ឥទ្ធិពលនៃសកម្មភាពធ្វើម្ហូបចំពោះផាសុកភាពផ្លូវកាយនិងផ្លូវចិត្ត នឹងស្តែងឡើងនៅ៧សប្តាហ៍ បន្ទាប់ពីបានចូលចង្ក្រានធ្វើម្ហូបដោយទៀងទាត់។
តែពេលនេះ អ្នកវិទ្យាសាស្ត្រជប៉ុនសិក្សាឃើញទៀតថា មនុស្សចាស់ធ្វើម្ហូបពិសាដោយខ្លួនឯង តែម្តងក្នុងមួយសប្តាហ៍ គ្រប់គ្រាន់នឹងកាត់បន្ថយគ្រោះកើតជំងឺអាល់ហ្សៃមែរ បានមួយភាគបួន។ ការសិក្សាជប៉ុននេះមានចុះផ្សាយនៅទំព័រទស្សនាវដ្តីវិទ្យាសាស្ត្រសុខភាព Journal of Epidemiology and Community Health ថ្ងៃទី ២៤មីនាឆ្នាំ២០២៦។
ដើម្បីអាចចេញសេចក្តីសន្និដ្ឋាន អ្នកស្រាវជ្រាវជប៉ុន បានសិក្សាតាមដានក្រុមមនុស្សចាស់ជប៉ុន អាយុទាបបំផុត ៦៥ឆ្នាំ រយៈពេល៦ឆ្នាំជាប់គ្នា (២០១៦-២០២២)។ ជាលទ្ធផល មនុស្សចាស់ណាបានចូលចង្ក្រានធ្វើម្ហូប យ៉ាងហោចម្តងក្នុងមួយសប្តាហ៍ មានហានិភ័យធ្លាក់ខ្លួនឈឺរោគវង្វេងថយអស់ប្រមាណពី២៣%សម្រាប់មនុស្សប្រុស និង២៧%សម្រាប់មនុស្សស្រី បើប្រៀបទៅនឹងចាស់ដែលមិនចូលធ្វើម្ហូបសោះ ឬគ្មានទម្លាប់ធ្វើម្ហូបខ្លួនឯង។ គួរឱ្យកត់សម្គាល់ខ្លាំងនិងជាពិសេស ជាងនេះទៅទៀត គ្រោះកើតជំងឺអាល់ហ្សៃមែរ បានធ្លាក់ទាបខ្លាំង (ថយ-៦៧%) ចំពោះមនុស្សចាស់ណាដែលមិនធ្លាប់ធ្វើម្ហូបពីមុន ឬមិនប្រសប់ធ្វើម្ហូបកាលពីនៅក្មេង។ និយាយបែបផ្សេង មិនចេះធ្វើម្ហូបពីក្មេងតែចាស់ឡើងចូលចង្ក្រាន ស្លពិសាខ្លួនឯង អាចកាត់បន្ថយគ្រោះហានិភ័យមានជំងឺវង្វេងបានដល់ទៅ៦៧%។
ហេតុអ្វី? តាមបែបអេពីដេមីសាស្ត្រ ការសិក្សានេះមិនអាចសន្មត់ដោយជាក់លាក់អំពីហេតុនិងផលនៃទំនាក់ទំនងរវាងការធ្វើម្ហូបនិងជំងឺវង្វេងវង្វាន់បានទេ។ ប៉ុន្តែក្រុមស្រាវជ្រាវជប៉ុនដឹកនាំដោយលោកស្រីសាស្ត្រាចារ្យ យុកាកូ តានី (Yukako Tani) នៅវិទ្យាស្ថានវិទ្យាសាស្ត្រក្រុងតូក្យូ បានផ្តល់សម្មតិកម្មដូច្នេះថា គុណសម្បត្តិនៃការធ្វើម្ហូបចំពោះជំងឺវង្វេងវង្វាន់ ទំនងដោយសារការបញ្ចេញសកម្មភាព ចលនា ផ្នែករាងកាយ និងខួរក្បាល។ ធ្វើម្ហូបតម្រូវឱ្យប្រើកម្លាំងកាយ និងការគិត។ ដើម្បីធ្វើម្ហូបបានមួយចាន/មុខ គេចាំបាច់ត្រូវធ្វើសកម្មភាពច្រើនយ៉ាង ដូចជា ទៅផ្សារទិញបន្លែត្រីសាច់ រៀបគ្រឿងផ្សំ ត្រូវក្រោកឈរក្រោកអង្គុយ ពេលឆា ពេលស្ល។ រួចនៅពេលសម្លបាយឆ្អិន...
Duration:00:09:11
អ្នកថែមនុស្សឈឺក្នុងគ្រួសារ រងផលវិបាកផ្នែកសុខភាពផ្លូវកាយនិងផ្លូវចិត្តយ៉ាងណា?
3/25/2026
ក្លាយជាអ្នកមើលថែមនុស្សឈឺ គឺជាស្ថានភាពដែលមានជួបប្រទះកាន់តែច្រើនឡើងៗ។ នៅប្រទេសបារាំង អ្នកជាប់កាតព្វកិច្ចត្រូវថែមនុស្សឈឺ (ដែលត្រូវជាម្តាយឪពុក កូនក្មួយ មាមីង ជាប់សាច់សាលោហិត) មានចំនួនជាង៨លាននាក់។ ហើយមួយភាគបីនៃអ្នកថែមនុស្សឈឺ បានស្លាប់មុនអ្នកជំងឺទៅទៀត។ ថ្វីបើក្មេងមើលថែមនុស្សចាស់ជួយជំរុញឱ្យក្មេងនោះឆាប់ភាពចាស់ទុំមែន តែការមើលថែមនុស្សឈឺឬមនុស្សចាស់ ជាបន្ទុកដ៏ធ្ងន់ធ្ងរខ្លាំងណាស់ ដែលអាចផលវិបាកដល់សុខភាពផ្លូវកាយនិងផ្លូវចិត្ត ព្រមទាំងការលំបាកផ្នែកហិរញ្ញវត្ថុទៀត។
អ្នកមានកាតព្វកិច្ចត្រូវមើលថែម្តាយឪពុក កូនក្មួយ ស្វាមី/ភរិយា ឬមាមីងបងប្អូន ចាស់ជរា មានជំងឺរ៉ាំរ៉ៃ ឬពិការ និយាយជារួមមើលថែសមាជិកគ្រួសារដែលបាត់បង់ស្វ័យភាព បានកើនឡើងជាលំដាប់ និងបន្តកើនឡើងទៀត នៅឆ្នាំខាងមុខ ព្រោះមនុស្សជាតិកាន់តែចាស់ទៅៗ ប្រជាជនមានអាយុកាន់វែង ហើយក្រុមគ្រួសារបែកខ្ញែក ចាកចេញទៅប្រកបរបរកាន់តែឆ្ងាយឡើងៗ។
ការមើលថែសមាជិកគ្រួសារបាត់បង់ស្វ័យភាព ជាការតបស្នង ជាទឹកចិត្តមេត្តាករុណា ជាស្នេហា ជាការលះបង់ដ៏ធំធេង តែក៏ជាបន្ទុកដ៏ធ្ងន់ដែលអាចបន្សល់ទុកនូវផលវិបាកក្នុងជីវភាពជីវិតរស់នៅប្រចាំថ្ងៃ និងដល់សុខភាពរបស់អ្នកមើលថែ ខ្លាំងណាស់។ ប៉ុន្តែក្នុងផ្នែកនេះ ពុំទាន់សូវមានការគិតគូរ និងការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរសង្គម និងសុខាភិបាលទេ មិនថានៅក្នុងប្រទេសជឿនលឿនឬប្រទេសក្រីក្រឡើយ។ នៅប្រទេសបារាំង មួយភាគបីនៃអ្នកមើលថែមនុស្សឈឺ/ចាស់ បានស្លាប់មុនអ្នកឈឺដែលគេមើលថែទៅទៀត។
ដូចម្តេចដែលហៅថាអ្នកមើលថែ?
អ្នកមើលថែ គឺជាអ្នកត្រូវជួយមើលការខុសត្រូវ ជាទៀងទាត់ឬជាញឹកញយ លើមនុស្សឈឺ ឬមនុស្សបាត់បង់ស្វ័យភាព ដោយហេតុមានជំងឺ ឬដោយភាពចាស់ជរា ឬដោយភាពពិការ។ ទទួលបន្ទុកមើលថែមនុស្សឈឺក្នុងគ្រួសារ មិនមែនជាជម្រើស មិនមែនជាជំនាញ មិនមែនជាអាជីព និងគ្មានទទួលបានប្រាក់បៀរវត្សរ៍ ប្រាក់បំណាច់នៅពេលចូលនិវត្តន៍ទេ។ អ្នកជំងឺជាសមាជិកក្នុងគ្រួសារ អាចជាឪពុកម្តាយ ជាកូនចៅ ជាស្វាមី ជាប្រពន្ធ ជាសាច់ញាតិ ដែលត្រូវការជំនួយជារៀងរាល់ថ្ងៃ ឬស្ទើរជាប់ជាប្រចាំ ជាទូទៅគឺដោយភាពជរា ពិការ ឬមានជំងឺ។ ជំងឺត្រូវការអ្នកមើលថែខ្លាំងដំបូងគេ គឺជំងឺវង្វេងវង្វាន់ ជំងឺបាត់បង់ឬធ្លាក់ចុះខ្សោយសតិស្មារតី ជំងឺញ័រប៉ាគីសុន ជំងឺមហារីក ជំងឺស្លាប់មួយចំហៀងខ្លួន ព្រមទាំងជំងឺរ៉ាំរ៉ែផ្សេងទៀត។ អ្នកមានជំងឺខូចសតិ វិកលចរិក មិនគ្រប់ទឹក ជំងឺញៀន (ស្រា គ្រឿងញៀន) ក៏ជាបន្ទុកសម្រាប់សមាជិកក្នុងគ្រួសារដែរ។
អ្នកថែគ្មានអត្តសញ្ញាណពិតប្រាកដទេ តែភាគច្រើនជាស្ត្រី និងជាអ្នកមានភាពចាស់ទុំ។ គ្រប់មនុស្ស ក្នុងមួយជីវិត សុទ្ធតែអាចជួបនៅពេលណាមួយ ថ្ងៃណាមួយ កាលៈទេសៈណាមួយជំរុញឱ្យក្លាយជាអ្នកមើលថែមនុស្សឈឺ/ចាស់។
អ្នកថែមនុស្សឈឺក្នុងគ្រួសារ មិនមែនជាជម្រើសទេ ហើយកម្របានត្រៀមលក្ខណៈទុកជាមុនណាស់ និងកម្រត្រូវបានគេទទួលស្គាល់ ឱ្យតម្លៃទៀត។ បើតាមគ្រូពេទ្យជំនាញចិត្តសាស្ត្រ នៅមជ្ឈមណ្ឌលអ្នកថែជំងឺវិកលចរិកនៅទីក្រុងLyon (centre experts FondaMental de Lyon et Clap (centre lyonnais des aidants en psychiatrie) លោក Romain Ray “គេនិយាយអំពីបន្ទុករបស់អ្នកមើលថែគ្រួសារឈឺ ដោយសំដៅទៅលើឥទ្ធិពលអវិជ្ជមានមកលើបុគ្គលដែលជាអ្នកមើលថែឪពុកម្តាយបងប្អូនឈឺ។ បន្ទុកនោះអាចមានច្រើនទម្រង់៖ អាចជាបន្ទុកផ្នែកសម្ភារៈ ផ្នែកថវិកា ផ្នែកសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តទៀត។
ផលវិបាកផ្លូវចិត្តនិងផ្លូវកាយរបស់អ្នកថែគ្រួសារ
ដោយមិនលម្អិតអំពីផលវិបាកផ្នែកសម្ភារៈនិងថវិកា ដែលបណ្តាលមកពីការចំណាយផ្នែកព្យាបាល ឬដោយការបាត់បង់ចំណូលព្រោះមិនអាចទៅបំពេញការងាររកលុយបន្ថែម ការមើលថែគ្រួសារឈឺឬអស់ស្វ័យភាព រាល់ថ្ងៃ អាចប៉ះពាល់ដល់សុខភាពរាងកាយរបស់អ្នកថែដែរ។ ជួយលើកដាក់អ្នកជំងឺ ឱ្យឈរ ឱ្យអង្គុយ ពេលបត់ជើង ពេលត្រូវសម្អាតកាយ ពេលជូតលាងប្រែ ប្តូរកន្លែង សុទ្ធតែត្រូវការប្រើកម្លាំង។ នៅពេលប្រឹងធ្វើកាយវិការនេះដដែលៗយូរៗទៅ វានឹងបណ្តាលឱ្យមានការឈឺចុកចាប់សាច់ដុំ មានបញ្ហាឈឺខ្នងឈឺចង្កេះ និងការនឿយហត់អស់កម្លាំងណាស់។ វិបត្តិដំណេក សំរាន្តមិនគ្រប់ក៏ជាផលវិបាកដែលអ្នកថែច្រើនជួបប្រទះញឹកញយដែរ ជាពិសេសនៅពេលត្រូវងើបញយដងនៅពេលយប់ ដើម្បីមើលអ្នកឈឺ។ ដោយមិនរាប់ពីស្ត្រេសរ៉ាំរ៉ៃដែលអ្នកថែទាំមនុស្សឈឺរងសម្ពាធខ្លាំង...
Duration:00:09:43
ជំងឺសម្ពាធឈាម៖ ក្មេងមានជំងឺលើសឈាមកើនទ្វេដងក្នុងពេលតែ២០ឆ្នាំ
3/18/2026
លើសឈាមជាជំងឺមនុស្សចាស់។ ប៉ុន្តែគិតចាប់ពីឆ្នាំ២០០០មក ចំនួនក្មេងកើតជំងឺលើសឈាម បានកើនឡើងទ្វេដង។ មានកត្តាជាច្រើនជាដើមហេតុនាំឱ្យមានកំណើនជំងឺលើសឈាមលើក្មេង។ តើជាអ្វីខ្លះ?
អត្រាអ្នកកើតជំងឺលើសឈាម បានផ្ទុះឡើង យ៉ាងខ្លាំង នៅតាមបណ្តាប្រទេសជឿនលឿន និង អ្នកមាន នៅឆ្នាំ ១៩៧៥ បន្ទាប់មកក៏ងាក ទៅវិវឌ្ឍន៍ខ្លាំង នៅតាមបណ្តាប្រទេស ដែល មានប្រាក់ចំណូលទាប និង មធ្យម វិញ។ បើតាមអង្គការសុខភាពពិភពលោក គិតត្រឹមឆ្នាំ២០២៤ ពិភពលោកមានអ្នកផ្ទុកជំងឺលើសឈាមអាយុចន្លោះពី៣០ឆ្នាំទៅ៧៩ឆ្នាំ ប្រមាណ១៤០០លាននាក់ ឬត្រូវជា៣៣%នៃប្រជាពលរដ្ឋលើភពផែនដី។ ហើយនៅក្នុងនោះ មានអ្នកជំងឺពាក់កណ្តាល មិនដឹងខ្លួន និងមានតែម្នាក់ក្នុងចំណោម១០នាក់ប៉ុណ្ណោះបានទទួលការព្យាបាលត្រឹមត្រូវ។
លើសឈាមត្រូវបានគេចាត់ទុកជាជំងឺរ៉ាំរ៉ៃ និងជាជំងឺរបស់មនុស្សចាស់ ព្រោះហានិភ័យមានជំងឺនេះ កើនឡើងទៅតាមវ័យ។ ករណីកុមារ ឬក្មេងជំទង់មានជំងឺលើសឈាមត្រូវបានគេចាត់ទុកថាជាបាតុភូតពិសេស ឬកម្រ បើតាមអ្វីដែលវេជ្ជសាស្ត្របានដឹងរហូតមកទល់នឹងពេលនេះ ប៉ុន្តែបើតាមការសិក្សាស្តីពីស្ថានភាពសុខភាពកុមារនិងក្មេងជំទង់ ទើបចេញផ្សាយនៅថ្ងៃទី ១២វិច្ឆិកា ចុងឆ្នាំ២០២៥ ក្នុងទំព័រទស្សនាវដ្តីអង់គ្លេសផ្នែកវិទ្យាសាស្ត្រ The Lancet ចំនួនកុមារនិងក្មេងជំទង់មានរោគលើសឈាម បានកើនឡើងទ្វេដង នៅរវាងពីឆ្នាំ២០០០មកទល់ពេលបច្ចុប្បន្ន។ មានន័យថា ជំងឺសរសៃឈាមបេះដូង នឹងកើនខ្លាំងដែរ នៅពេលខាងមុខ ព្រោះកុមារនិងក្មេងជំទង់មានផ្ទុកជំងឺលើសឈាមទាំងអស់នោះត្រូវប្រឈមខ្លាំងនឹងគ្រោះមានវិបត្តិសរសៃឈាមបេះដូងនៅពេលធំពេញវ័យ។
ជាហានិភ័យសុខភាពកំរិតពិភពលោក! ក្នុងរយៈពេល២០ឆ្នាំចុងក្រោយមកនេះ គេសម្គាល់ឃើញមានករណីក្មេងកើតជំងឺលើសឈាមកើនមួយជាពីរ។ បើរាប់ជាភាគរយ ឃើញថានៅតិចនៅឡើយមែន ប៉ុន្តែបើគិតអំពីសមមាត្រនៃពេលវេលានិងកំណើនវិញ ជាអត្រាគួរឱ្យភ្ញាក់ផ្អើល និងព្រួយបារម្ភខ្លាំងព្រោះគេពុំធ្លាប់ឃើញមានជំងឺអ្វី មានកំណើនលឿនរហ័សបែបនេះទេ។ វេជ្ជបណ្ឌិត Peige Song អ្នកវិទ្យាសាស្ត្រនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ នៃសកលវិទ្យាល័យ Zhejang ប្រទេសចិន ដែលជាមេគំនិតម្នាក់ ក្នុងចង្កោមក្រុមអ្នកស្រាវជ្រាវដឹកនាំសិក្សាអំពីស្ថានភាពសុខភាពសម្ពាធឈាមរបស់កុមារនិងក្មេងជំទង់ បានពន្យល់ប្រាប់បណ្តាញCNNស៊ីអិនអិនថា នៅអំឡុងឆ្នាំ២០០០ ក្មេងប្រុសចំនួន៣,៤% និងក្មេងស្រី៣% មានជំងឺលើសឈាម។ តែថ្ងៃនេះ អត្រាក្មេងប្រុសមានរោគសម្ពាធឈាមបានឡើងដល់៦,៥% និង៥,៨%សម្រាប់ក្មេងស្រី។ កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត គេមិនសូវចាប់អារម្មណ៍វិភាគឬពិនិត្យសុខភាពកុមារដៅរករោគសញ្ញាលើសឈាមកុមារទេ។ ប្រជាពលរដ្ឋទូទៅ មិនបានគិតដល់ឡើយថាក្មេងអាចមានបញ្ហាសម្ពាធឈាម។
តើលើស ឈាម ជា អ្វី ? ពាក្យ ថា លើស ឈាម មិនមែន សំដៅ លើ បរិមាណ ឈាម នៅក្នុង ខ្លួន ទេ តែ សំដៅ លើ កម្លាំង សម្ពាធ ឈាម ដែល ធាក់ ទៅ និង កម្លាំង សម្ពាធ ឈាម នៅ ពេល បេះដូង សម្រាក។ ហេតុដូច្នេះហើយ បានជានៅពេលវាស់ សម្ពាធឈាម គេតែង ឃើញមានសរសេរលេខបញ្ជាក់ពី កំរិតឈាម ខ្ពស់ និង កំរិតឈាម ទាប ។ កំរិតឈាម ទាំង ពីរនេះ ត្រូវឱ្យស្របគ្នា ៖ កំរិតឈាមទាប ត្រូវស្មើនឹងកំរិតឈាម ខ្ពស់ ចែកជាពីរ រួចបូកនឹង មួយ (ឧទាហរណ៍សម្ពាធឈាម ល្អ គឺ ១២-៧ ព្រោះ ១២៖២+១=៧ )។ បើ កំរិត ឈាម ទាំងពីរកៀកគ្នា ឬ ឃ្លាតគ្នាឆ្ងាយពេកក៏ ជាជំងឺមួយ ដែរ។ បច្ចុប្បន្ននេះ គេចាត់ទុកថា ប្រសិន បើមនុស្សពេញវ័យណាម្នាក់មានកំរិត សម្ពាធឈាមលើសពី ១៤ នោះ គេហៅថា មានជំងឺ ឡើងឈាមហើយ។
ចំពោះក្មេងវិញ សម្ពាធឈាមតែងទាបជាមនុស្សចាស់/ធំ។ គេអាចចាត់ទុកថាក្មេងណាម្នាក់មានបញ្ហាលើសឈាម នៅពេលវាស់ច្រើនលើកច្រើនសា និងជាច្រើនដង ទៅឃើញថា កំរិតឈាមឡើងដល់
-១១/៦ សម្រាប់ក្មេងក្រោមមួយឆ្នាំ
-១១,៥/៦,៥ សម្រាប់ក្មេងអាយុពី១ឆ្នាំទៅ៥ឆ្នាំ
-១២,៥/៨,៥ សម្រាប់ក្មេងអាយុចន្លោះពី ៦ ទៅ១០ឆ្នាំ
-១៤/៩ សម្រាប់ក្មេងចាប់ពីអាយុ១០ឡើងទៅ
សម្ពាធឈាមក្មេងឡើងខ្ពស់ខ្លាំង ម្តងម្កាល ជាលក្ខណៈទោល អាចបណ្តាលមកពីមូលហេតុសាមញ្ញ ដូចជាក្មេងយំខ្លាំងពេក ប្រឹងខ្លាំងពេក ឬភ័យស្រ្តេសជ្រុល។ ដោយគ្មានផ្តល់រោគសញ្ញាច្បាស់លាស់ គេច្រើនតែវែកដឹងថាក្មេងណាម្នាក់មានជំងឺលើសឈាម នៅពេលពិនិត្យតាមដានសុខភាពជាធម្មតា ឬនៅពេលមានរោគសញ្ញានៃជំងឺផ្សេងមួយទៀត។ ក្មេងមាន
រោគលើសឈាម ច្រើនតែបណ្តាលឬមានលាក់នូវជំងឺមួយមុខផ្សេងទៀត មានជាអាទិ៍៖ ជំងឺនៅតម្រងនោម ជំងឺសរសៃឈាមអាអករួមតូច...
Duration:00:09:12
មនុស្សនៅលើពិភពលោកនឹងមានជំងឺអាល្លែកហ្ស៊ីគ្រប់គ្នា នៅពេលខាងមុខ?
3/11/2026
នៅចុងឆ្នាំ១៩៦០ មានប្រជាពលរដ្ឋលើភពផែនដីតែប្រមាណ៤%មានជំងឺអាល់ឡែហ្ស៊ី។ តែបច្ចុប្បន្ននេះ ចំនួនអ្នកអាល់ឡែកហ្ស៊ីបានឡើងដល់៣០% និង៥០%នៅឆ្នាំ២០៥០។ ហេតុអ្វីបានមានករណីអាល់ឡែកហ្ស៊ីកាន់តែច្រើនឡើងៗដូច្នេះ?
ហៀរសំបោរ កណ្តាស់ឥតឈប់ រមាស់រកាំភ្នែក នៅពេលប្តូរអាកាសធាតុ ឬឱ្យតែមេឃស្រលះ ឬដល់រដូវធ្លាក់ខ្យល់ អាការៈនេះមិនមែនជាជំងឺផ្តាសាយ ឬជាជំងឺបណ្តាលមកពីឆ្លងវីរ៉ុសទេ ប៉ុន្តែអាចជាអាការៈអាល្លែកហ្ស៊ី។ អាល្លែកហ្ស៊ីកំពុងក្លាយជាជំងឺមានកើតច្រើនឡើង មិនថានៅប្រទេសស្អាត ប្រទេសកខ្វក់ ក្រីក្រឡើយ។
នៅចុងទសវត្សរ៍ឆ្នាំ៦០ មានមនុស្សរស់លើពិភពលោកប្រមាណតែ៤%ប៉ុណ្ណោះ បានកើតជំងឺអាល្លែកហ្ស៊ី តែបច្ចុប្បន្ន អត្រាអ្នកជំងឺអាល្លែកហ្ស៊ីបានកើនឡើងដល់ប្រមាណ៣០% និងអាចឡើងដល់៥០%នៅឆ្នាំ២០៥០។ នេះបើតាមការព្យាកររបស់អង្គការសុខភាពពិភពលោក។ មានន័យថា ចំនួនអ្នកកើតអាល្លែកហ្ស៊ីបានកើនឡើងពី ១លើ២៥នាក់ ទៅ១លើ ពីរនាក់ ក្នុងរយៈពេលតែប៉ុន្មានទសវត្សរ៍។
តើអាល្លែកហ្ស៊ីជាអ្វី?
អាល្លែកហ្ស៊ីជាប្រតិកម្មរបស់ខ្លួនយើងទៅនឹងសារធាតុអ្វីមួយដែលវាមិនអាចទ្រាំបាន -ដែលបង្កឱ្យមានប្រតិកម្ម ឬហៅថាធាតុallergènes (ជាភាសាបារាំង)។ ហើយធាតុដែលបង្កឱ្យមានអាល្លែកហ្ស៊ី ខុសគ្នាទាំងស្រុងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ព្រោះនេះគឺជាសេចក្តីសម្រេចរបស់ប្រព័ន្ធការពារខ្លួនផ្ទាល់របស់មនុស្សម្នាក់ៗ។ ប្រព័ន្ធការពារខ្លួនយើង ស្រាប់តែនៅថ្ងៃណាមួយ មិនអាចធន់នឹងធាតុខាងក្រៅណាមួយដែលមិនទាំងអាក្រក់ មិនកាច ឬធ្លាប់ជួបប្រទះរាល់ថ្ងៃសោះ។ ផ្តល់សញ្ញាថាមិនត្រូវធាតុនឹងសរីរាង្គកាយយើង ហើយក៏បញ្ជាឱ្យបញ្ចេញប្រតិកម្មប្រឆាំងដើម្បីធាក់ធាតុមកពីក្រៅនោះចេញ។ នៅពេលប្រព័ន្ធការពារខ្លួនសម្រេចថាធាតុនេះឬនោះជាធាតុបង្កអាល្លែកហ្ស៊ី នៅពេលដំបូងភ្លាម គេហៅថាជាដំណាក់កាលបញ្ជៀប ដោយប្រព័ន្ធការពារខ្លួនប្រាណសាកល្បងបង្កើតអង្គបដិបក្សសម្រាប់ការពារប្រឆាំងនឹងធាតុអាល្លែកហ្ស៊ីនោះ។ នៅពេលជួបលើកក្រោយៗទៀត វាអាចជាបញ្ចេញប្រតិកម្មប្រឆាំងខ្លាំង។
អាល្លែកហ្ស៊ីអាចមានច្រើនប្រភេទធំៗ គឺ ជាអាល្លែកហ្ស៊ីផ្លូវដង្ហើមខាងលើ អាល្លែកហ្ស៊ីចំណីអាហារ អាល្លែកហ្ស៊ីថ្នាំ និងអាល្លែកហ្ស៊ីពិសសត្វ។
អាល្លែកហ្ស៊ីផ្លូវដង្ហើមខាងលើ ប៉ះពាល់លើច្រមុះ ទងសួត និងភ្នែក ដែលច្រើនតែបណ្តាលមកពី កម្ទេចលម្អងធូលីក្នុងផ្ទះ សត្វល្អិតតូចខ្លាំងមើលមិនឃើញភ្នែក ដែលចូលចិត្តធាតុក្តៅនិងសើម (ចៃ សង្កោច កន្លាត) រោមសត្វឆ្កែ ឆ្មា ឬទឹកនោមកណ្តុរ ឬផ្សិតដែលផ្តល់ក្លិនផ្តុះដោយហេតុបរិយាកាសសើមថប់ នៅតាមក្នុងបន្ទប់ទឹក ផ្ទះបាយ ឬ បន្ទប់បិទជិតពេក។ លម្អងផ្កាក៏ជាប្រភពនាំឱ្យមានអាល្លែកហ្ស៊ីផ្លូវដង្ហើមខ្លាំងដែរ ជាពិសេសនៅរដូវផ្ការីក។ ហើយកំរិតនៃអាល្លែកហ្ស៊ីដោយលម្អងផ្កាអាស្រ័យទៅប្រភេទផ្កា ទីតាំងភូមិសាស្ត្រ តែគឺលម្អងដែលហុយតាមខ្យល់ជាអ្នកបង្កអាល្លែកហ្ស៊ី។ ហេតុដូច្នេះហើយបានជាខ្យល់ពុលក្នុងបរិយាកាសមានកាន់តែច្រើន ករណីអាល្លែកហ្ស៊ីមានកាន់តែខ្លាំង ហើយភាពកំណាចនៃអាល្លែកហ្ស៊ីកាន់តែត្រូវបានពង្រឹង។
អាល្លែកហ្ស៊ីចំណីអាហារ
មិនខុសពីអាល្លែកហ្ស៊ីផ្លូវដង្ហើម អាល្លែកហ្ស៊ីចំណីអាហារ គឺជាប្រតិកម្មនៃប្រព័ន្ធការពារខ្លួនក្រោយលេបអាហារអ្វីមួយចូលទៅ។ គេមិនត្រូវច្រលំរវាងភាពមិនអនុគ្រោះនឹងម្ហូបចំណីអាហារណាមួយ និងអាល្លែកហ្ស៊ីអាហារទេ។ អាល្លែកហ្ស៊ីអាហារ គឺជាប្រតិកម្មភ្លាមភ្លែត (កម្រចាប់យូរដល់២៤ឬ៤៨ម៉ោងណាស់) និងមានលេចអាការៈសញ្ញារោគខ្លាំងច្បាស់ៗតែម្តង។ រោគសញ្ញាអាល្លែកហ្ស៊ីអាហារ អាចជា ការភើច្រាលខុសប្រក្រតី (សម្រាប់ទារកតូចខ្លាំង) - ឡើងរោលកន្ទួល រមាស់នៅមាត់- ក្អួតចង្អោរ- ទល់ខ្យល់ រាគ ឬក្តៀន- ឡើងរោល ក្រហម រមាស់ ប្រទាក្រអាក ត្រអក នៅលើស្បែក- ឈឺក្បាល- ថប់ពិបាកដង្ហើមដូចកើតរោគហឺត - ហៀរសំបោរ- និងហើមបបូរមាត់ ម្រាមដៃម្រាមជើង ប្រអប់ដៃប្រអប់ជើង ភ្នែក ឬមុខ និងបំពង់ក។
ក្នុងទម្រង់ធ្ងន់ធ្ងរ ការហើមបំពង់កអាចទៅបិទខ្ទប់ផ្លូវដង្ហើមធ្វើឱ្យអ្នកជំងឺអាចមានគ្រោះថ្នាក់ដល់ជីវិតបាន។ អ្នកខ្លះអាល្លែកហ្ស៊ីអាហារខ្លាំងពេកដល់ថ្នាក់សន្លប់ បាត់ស្មារតីលែងដឹងខ្លួន។ ជាទូទៅ អាល្លែកហ្ស៊ីអាហារ មានលក្ខណៈធ្ងន់ធ្ងរឡើងៗ មានន័យថាប្រព័ន្ធការពារខ្លួនបញ្ចេញប្រតិកម្មកាន់តែខ្លាំងឡើង នៅរាល់ពេលជួបអាហារជាភ្នាក់ងារបង្កអាល្លែកហ្ស៊ី។
ចំណីអាហារដែលងាយបង្កអាល្លែកហ្ស៊ីជាងគេសម្រាប់កុមារ មានដូចជា ស៊ុត ទឹកដោះគោ សណ្តែកដី ផ្លែមានសម្បករឹង ត្រី។ ប៉ុន្តែអាល្លែកហ្ស៊ីនឹងទឹកដោះគោ ឬស៊ុត...
Duration:00:09:40
ការឈឺចាប់ចុករួយរ៉ាំរ៉ៃ បង្កើនគ្រោះកើតជំងឺលើសឈាម
3/5/2026
នៅប្រទេសបារាំង មួយភាគបីនៃមនុស្សធំ មានរោគឈឺចាប់រ៉ាំរ៉ៃ។ មិនថាជាការឈឺចាប់សន្លាក់ សាច់ដុំ ឬសរសៃទេ រោគសញ្ញានេះរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃខ្លាំងណាស់។ មិនតែប៉ុណ្ណោះ ការឈឺចាប់រ៉ាំរ៉ៃអាចបង្កើនហានិភ័យកើតជំងឺឡើងឈាមទៀត។
ការឈឺចាប់គឺជារោគសញ្ញាដែលជួបជាញឹកញាប់ដែលអាចបណ្ដាលមកពីកត្តារាងកាយ និងកត្តាផ្លូវអារម្មណ៍។ ដោយសារផ្នត់គំនិតដែលគិតថា មានជំងឺ គឺត្រូវតែមានការឈឺចាប់ជារឿងធម្មតា គេច្រើនតែមើលរំលងរោគសញ្ញាឈឺចាប់ភាគច្រើន។ ប៉ុន្តែរោគសញ្ញាឈឺចាប់អាចបង្កជាផលវិបាក ប្រៀបដូចជាទុក្ខវេទនារបស់អ្នកជំងឺ ដែលអាចបណ្ដាលអោយមានការវិត្តន៍ទៅជាការឈឺចាប់រ៉ាំរ៉ៃ និងរំខានដល់ការរស់នៅ ជាពិសេសសម្រាប់អ្នកជំងឺក្រោយវះកាត់ និងអ្នកជំងឺមហារីក ដែលកំពុង កើនឡើងជាគួរអោយកត់សម្គាល់។ ដូច្នេះ ការគ្រប់គ្រងការឈឺចាប់ប្រកបដោយប្រសិទ្ធភាព គឺជាកាតព្វកិច្ចសំខាន់សម្រាប់គ្រូពេទ្យ និងជាសមាសធាតុមូលដ្ឋាននៃសេវាព្យាបាលថែទាំ។
ការឈឺចាប់រ៉ាំរ៉ៃជាជំងឺ?
ការឈឺចាប់ សម្គាល់ដោយការឈឺឆ្អឹងឆ្អែង សាច់ដុំ ឬសរសៃ ...តាមធម្មតាជាសញ្ញាដាស់អាសន្នប្រាប់ថាខ្លួនប្រាណរបស់យើងមានបញ្ហាអ្វីមួយ ដូចជាមានជំងឺ មានរបួស មានរលាក។ល។ តែពេលខ្លះ ប្រព័ន្ធដាស់អាសន្នអាចផ្តល់សញ្ញាខុស ឬមិនសមមាត្រនឹងស្ថានភាពជំងឺដែរ។ ជួនដំបៅ ជំងឺជាហើយ ឬគ្មានជំងឺអ្វីផង ក៏មានអាការៈឈឺចាប់ក្នុងខ្លួនដែរ។ ហេតុដូច្នេះហើយបានជា ពេលខ្លះនៅពេលរកមូលហេតុមិនឃើញ គេយល់ថាអាការៈឈឺចាប់របស់អ្នកជំងឺខ្លះ បណ្តាលមកពីអារម្មណ៍ បណ្តាលមកពីមានបញ្ហាផ្លូវចិត្តដោះស្រាយមិនចេញ។
យ៉ាងណាក៏ដោយ ក៏នៅពេលមានការឈឺចាប់អូសបន្លាយពេលវេលា យូរខែយូរថ្ងៃ មិនព្រមបាត់ លើសពីបីខែឡើងទៅ បើទោះបីជាបានទទួលការព្យាបាល និងលេបថ្នាំបំបាត់ការឈឺចាប់ហើយ គេអាចចាត់ទុកការឈឺចាប់នេះថាជាជំងឺ ឬជាការឈឺចាប់រ៉ាំរ៉ៃ។ នៅប្រទេសបារាំង មួយភាគបីនៃមនុស្សធំ មនុស្សពេញវ័យ មានរោគឈឺចាប់រ៉ាំរ៉ៃ។
ការឈឺចាប់រ៉ាំរ៉ៃអាចជាការឈឺក្បាលមួយចំហៀងដោយគ្មានពាក់ព័ន្ធនឹងជំងឺរលាកខួរក្បាលធ្ងន់ធ្ងរ ការឈឺខ្នង (គ្មានស្នាម គ្មានដំបៅ គ្មានត្រូវវះកាត់) ឈឺសន្លាក់ឆ្អឹង រឹង រលាក ក្រញែងក្រញង់ ដែលមិនអាចព្យាបាលកែកុនឱ្យដូចដើមបាន ឬការឈឺក្រោយគ្រោះថ្នាក់ ឬក្រោយការវះកាត់ ដែលជាប្រភេទនៃការឈឺចាប់លើីប្រព័ន្ធប្រសាទ។ មានជំងឺទឹកនោមផ្អែម និងជំងឺមហារីកខ្លះ ព្រមទាំងជំងឺរ៉ាំរ៉ៃខ្លះទៀត ច្រើនតែមានបង្កប់ជំងឺឈឺចាប់រ៉ាំរ៉ៃមួយទៀត់ ពោលគឺអ្នកជំងឺមានរោគពីរ គឺជំងឺរ៉ាំរ៉ៃដើមមួយ និងការឈឺចាប់រ៉ាំរ៉ៃមួយទៀត។ ជួនថ្នាំព្យាបាលជំងឺដើម បានជាសះស្បើយហើយ តែអាការៈឈឺចាប់រ៉ាំរ៉ៃ នៅតែមានបន្តទៀត។
ការឈឺចាប់រ៉ាំរ៉ៃនាំឱ្យមានជំងឺឡើងសម្ពាធឈាម
ក្រៅអំពីរំខានយ៉ាងខ្លាំងដល់ការរស់នៅប្រចាំថ្ងៃ ការឈឺចាប់រ៉ាំរ៉ៃ អាចបង្កើនហានិភ័យដល់ទៅ៧៥% ឱ្យមានជំងឺលើសឈាម។ នេះបើតាមការសិក្សាមួយទើបចេញផ្សាយក្នុងទស្សនាវដ្តីHypertension។ ដោយផ្អែកលើឯកសារសុខភាពរបស់មនុស្សធំពេញវ័យចំនួន២០ម៉ឺននាក់ រស់នៅសហរដ្ឋអាមេរិក រយៈពេល១៣ឆ្នាំកន្លះជាមធ្យម អ្នកស្រាវជ្រាវ បានសង្កេតឃើញអំពីផលប៉ះពាល់ប្រចាំថ្ងៃនៃការឈឺចាប់រ៉ាំរ៉ៃទៅលើសុខភាពផ្លូវកាយនិងផ្លូវចិត្ត។ ១០%នៃអ្នកស្ម័គ្រចិត្តចូលរួមក្នុងកម្មវិធីសិក្សាពិសោធន៍ ធ្លាក់ខ្លួនមាន ជំងឺ សម្ពាធឈាមបេះដូង (លើសឈាម) ក្នុងអំឡុងពេលសិក្សាស្រាវជ្រាវ។ អ្នកមានការឈឺ ចាប់រ៉ាំរ៉ៃទូទៅពេញខ្លួន មានកំណើនហានិភ័យឡើងសម្ពាធឈាម៧៥%លើសអ្នកគ្មានអាការៈឈឺចុកចាប់សោះ។ ការឈឺចាប់ស្រួចស្រាវ រយៈពេលខ្លី មានហានិភ័យមានសម្ពាធឈាមខ្ពស់ជាងគេធម្មតា១០% ហើយបើជាការឈឺចាប់រ៉ាំរ៉ៃច្បាស់លាស់នៅកន្លែងណាមួយឱ្យប្រាកដ គ្រោះកើតជំងឺលើសឈាមមានខ្ពស់ជាងមនុស្សជា២០%។ ហានិភ័យមានគ្រោះសម្ពាធឈាមខ្ពស់ជ្រុល អាស្រ័យខ្លាំងទៅលើទីតាំងនៃការឈឺចាប់ ៖ អ្នកឈឺពោះរ៉ាំរ៉ៃ មានគ្រោះកើតជំងឺលើសឈាម៤៣%។ ហានិភ័យចុះមកនៅត្រឹមតែ២២% បើជាអាការៈឈឺចាប់រ៉ាំរ៉ៃមួយចំហៀងក្បាល និងតែ១៩%បើជាការឈឺនៅម្តុំកនិងស្មាច្រឡក ឬប្រមាណតែ១៧%សម្រាប់អ្នកមានអាការៈឈឺរ៉ាំរ៉ៃនៅខ្នងនិងចង្កេះ។
ការសិក្សាអាមេរិកដដែលនេះ បានរំលេចឱ្យឃើញទៀតថា ការឈឺចាប់រ៉ាំរ៉ៃនិងការឡើងសម្ពាធឈាម ជាបន្សំដែលទៅចិញ្ចឹមរោគបាក់ទឹកចិត្ត និងការរោលរលាក។ មានន័យថា ឆាប់ផ្តល់ការព្យាបាលជំងឺបាក់ទឹកចិត្តដល់អ្នកមានរោគឈឺចាប់រ៉ាំរ៉ៃ អាចជួយកាត់បន្ថយការគ្រោះកើតជំងឺលើសឈាមបាន។ អ្នកស្រាវជ្រាវបានអំពាវនាវ ឱ្យក្រុមគ្រូពេទ្យ...
Duration:00:09:10
បាតជើងសំប៉ែត មានផលវិបាកនិងគ្រោះថ្នាក់យ៉ាងណា?
2/26/2026
នៅលើពិភពលោក មានមនុស្សប្រមាណ៣០% មានបាតជើងរាបស្មើសំប៉ែត។ ជើងសំប៉ែត ដែលសម្គាល់ដោយបាតជើងរាបស្មើប៉ះដី ជាប់ឈ្មោះមិនសូវល្អទេ និងអាចបង្កផលរំខាន ដល់សុខភាពផង។ តើជើងសំប៉ែតពិតជាមានផលវិបាកនិងគ្រោះថ្នាក់ដល់សុខភាពមែនឬ? បើមែនតើត្រូវធ្វើដូចម្តេច?
នៅប្រទេសបារាំង បាតជើងសំប៉ែត ជាប់ឈ្មោះអាក្រក់ថាបង្កផលវិបាកដល់សុខភាពច្រើន។ ប៉ុន្តែបើតាមការសិក្សាបែបវិទ្យាសាស្ត្រ បាតជើងរាបស្មើ (ឬបាតជើងសំប៉ែត) មិនមែនជាករណីកម្រទេ និងក៏មិនពិតជាជះផលវិបាកអាក្រក់ ដល់សុខភាពខ្លាំង ដូចអ្វីដែលគេធ្លាប់គិតពីមុនមកឡើយ។ នៅលើពិភពលោក មនុស្សប្រមាណពី៣០ទៅ៤០%មានបាតជើងរាបស្មើសំប៉ែត។
ដើម្បីបានដឹងថាជើងរបស់អ្នកមានលក្ខណៈរាបស្មើសំប៉ែតឬអត់នោះ សូមសាកល្បងពិនិត្យមើលស្នាមជើងសើមរបស់លោកអ្នកនៅពេលដាក់លើដី ឬឥដ្ឋស្ងួត។ ប្រសិនបើអ្នកឃើញស្នាមបាតជើង ពេញទាំងមូល នោះអ្នកមានបាតជើងរាបស្មើហើយ។
បាតជើងសំប៉ែតរាបស្មើមានច្រើនប្រភេទ៖ ជើងសំប៉ែតក្នុងវ័យកុមារ ឬវ័យជំទង់ និងបាតជើងសំប៉ែតរបស់មនុស្សចាស់ ឬនិយាយសរុបដោយខ្លី គឺ បាតជើងរាបស្មើពីកំណើត និងបាតជើងរាបស្មើដែលកើតឡើងនៅពេលធំ (មនុស្សចាស់)។
បាតជើងរាបស្មើពីកំណើត ឬជាជំងឺ
ជាទូទៅក្មេងកើតមកភ្លាម ច្រើនតែមានបាតជើងសំប៉ែតរាបស្មើ រហូតដល់អាយុ៤-៥ឆ្នាំយ៉ាងតិច។ បន្ទាប់មក តាមរយៈការលូតលាស់ធំធាត់នៃសរីរាង្គកាយ បាតជើងរបស់ពួកគេនឹងប្រែប្រួល លែងរាបសំប៉ែតនៅពេលធំពេញវ័យ ដោយមានបាតខូងបន្តិច ឬខ្លាំង។ ករណីជើងសំប៉ែតក្នុងវ័យ កុមារ និងជំទង់នេះ មិនមែនជាជំងឺទេ និងគ្មានអ្វីគួរឱ្យព្រួយបារម្ភឡើយ។ គ្រាន់តែមានករណីខ្លះ ទម្រង់បាតជើងសំប៉ែតអាចបណ្តាលមកពីភាពមិនប្រក្រតីពីកំណើត ដោយមានឆ្អឹងណាមួយខុសប្រក្រតី ឬតំណឆ្អឹងផ្សាភ្ជាប់គ្នាមិនបានល្អ។ ដើម្បីដឹងថា បាតជើងរាបស្មើបណ្តាលមកពីភាពមិនប្រក្រតីនៃឆ្អឹងឬអត់នោះ សូមសាកល្បងឱ្យក្មេងឈរជំទើតលើចុងជើង។ បើបាតជើងខូងហើយកែងជើងទាញបែរមកខាងក្នុង នោះគ្មានបញ្ហាឆ្អឹងទេ។ តែបើបាតជើងនៅតែត្រង់រាបស្មើ ហើយកែងជើងមិនខ្វេចូលក្នុងទេ នោះគេអាចសង្ស័យថាឆ្អឹងណាមួយនៃជើងដុះលូតលាស់ខុសប្រក្រតីហើយ។
ចំពោះ បាតជើងរាបស្មើរបស់មនុស្សធំពេញវ័យវិញ អាចជាករណីរូបសាស្ត្របន្តពីកំណើត ដែលមិនមែនជាជំងឺ និងអាចជាភាពរាបស្មើនៃបាតជើង ដែលលេចឡើងបន្តិចម្តងៗទៅតាមពេលវេលា ដោយមាឌធាត់ ដោយភាពចាស់ជរា ដោយការធ្លាក់ស្រុតចុះនៃឆ្អឹង (ឆ្អឹងពុក- រលាកសន្លាក់ឆ្អឹង) ដោយការចុះខ្សោយនៃសរសៃពួរដែលចងទ្រប្រអប់ជើង នៃសាច់ដុំ ឬជាផលវិបាកបន្សល់ទុកក្រោយការបុកទង្គិចគ្រាំ ដូចជាធ្លាប់មានគ្រោះថ្នាក់ដាច់ចុងសរសៃពួរ នៅកែងជើង។ នៅដំណាក់កាលដំបូង ជើងធ្លាក់សំប៉ែត គ្មានបញ្ចេញរោគសញ្ញា។ ទាល់តែយូរៗ និងធ្ងន់ធ្ងរខ្លាំង ទើបមានលេចអាការៈសញ្ញាឈឺ ត្រង់ម្តុំកជើងឡើង នៅពេលដើរច្រើនឬឈរយូរ។
បើតាមអ្នកជំនាញ បាតជើងសំប៉ែតត្រូវបានចាត់ទុកជាជំងឺនៅពេលណាដែលវាបង្កឱ្យមានការឈឺចុកចាប់ផ្សេងៗប៉ុណ្ណោះ។
ក្នុងករណីភាគច្រើន បាតជើងរាបស្មើពីកំណើតមិនបង្កឱ្យមានបញ្ហាអ្វីធ្ងន់ធ្ងរជាពិសេសទេ។ គ្រាន់តែថា អ្នកមានបាតជើងសំប៉ែតពេក ងាយនឹងឆាប់ហត់ជើងនៅពេលដើរ។ អ្នកមានបាតជើងសំប៉ែត ជាមនុស្សមិនសូវធន់នឹងដំណើរដើរឈរយូរ ដូចអ្នកមានបាតជើងខូងទេ។
ផ្ទុយទៅវិញ បាតជើងសំប៉ែតដែលណ្តាលមកពីឆ្អឹងស្រុតបន្តិចម្តង ព្រោះវ័យ ព្រោះមានបញ្ហាឆ្អឹង ហើយមាននិន្នាការដើរកែកជើងចូលក្នុង អាចបង្កការឈឺចុកចាប់យ៉ាងខ្លាំងនៅប្រអប់ជើង នៅកជើង ដល់ជង្គង់ និងឡើងតឹងដល់ចុងសរសៃកែងជើងយ៉ាងខ្លាំង ព្រមទាំងធ្វើឱ្យអ្នកជំងឺបាត់បង់លំនឹងនៅពេលដើរទៀត។ ក្នុងករណីបែបនេះ បាតជើងសំប៉ែត ក្លាយជាជំងឺ ដែលតម្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញផ្នែកប្រអប់ជើង ដើម្បីរកដំណោះស្រាយចាំបាច់។
តើគេអាចទប់ស្កាត់កុំឱ្យបាតជើងធ្លាក់ទៅជារាបស្មើបានដែរឬទេ?
ដើម្បីបញ្ចៀស បញ្ឈប់ ឬកាត់បន្ថយគ្រោះបាតជើងវិវឌ្ឍទៅសំប៉ែតរាបស្មើ កាយវិការដំបូងគេបង្អស់គឺជាដោះស្រាយកត្តាដែលនាំឱ្យស្ថានភាពជើងកាន់តែធ្ងន់ធ្ងរ ដូចជាត្រូវបញ្ចុះទម្ងន់ ត្រូវប្តូរកុំពាក់ស្បែកជើងរាបស្មើ។ ជាស្បែកជើងមានទ្រនាប់ប៉ោង កល់ទល់បាតជើងឬមានកែងបន្តិច។
ការវិវឌ្ឍនៃបាតជើងទៅសំប៉ែត អាស្រ័យទៅលើមូលហេតុ។ បើជាបាតជើងសំប៉ែតធម្មតារបស់ក្មេង...
Duration:00:09:13
អ្នកលើសខ្លាញ់-ទឹកនោមផ្អែម អាចបរិភោគស៊ុតដោយគ្មានហានិភ័យឬ?
1/7/2026
កូឡេស្តេរ៉ុល ជាខ្លាញ់ដ៏ចាំបាច់សម្រាប់ដំណើរការរបស់សរីរាង្គកាយ។ តែបើអត្រាកូឡេស្តេរ៉ុលក្នុងឈាមឡើងខ្ពស់ ឬលើស គេត្រូវប្រយ័ត្នរឿងហូបចុក ដោយត្រូវចៀសវាងអាហារមួយចំនួន។ តើស៊ុតជាប់ឈ្មោះក្នុងបញ្ជីអាហារត្រូវចៀសដែរឬទេ? តើអ្នកមានបញ្ហាលើសជាតិខ្លាញ់ និងទឹនោមផ្អែម ពិតជាត្រូវប្រុងប្រយ័ត្នក្នុងការបរិភោគស៊ុតមាន់ស៊ុតទាឬ? ស៊ុតនាំឱ្យឡើងជាតិខ្លាញ់កូឡេស្តេរ៉ុល មែនទេ? តើការសិក្សាវិទ្យាសាស្ត្រពន្យល់យ៉ាងណាដែរ?
នៅប្រទេសបារាំង ការបរិភោគស៊ុត បានកើនឡើងជាលំដាប់។ ទិន្នន័យនៃការសិក្សាបានបង្ហាញកាន់តែច្រើនឡើងៗថា ស៊ុតមិនមែនជាអាហារអាក្រក់សម្រាប់សុខភាពទេ តែជាប្រភពផ្តល់ជាតិប្រូតេអ៊ីនដ៏ល្អ។
គុណសម្បត្តិនៃស៊ុត
មានតម្លៃថោក ងាយស្រួលចម្អិន សម្បូរទៅដោយប្រូតេអ៊ីន វីតាមីន និងមីក្រូជីវជាតិសំខាន់ៗ នៃអាហារូបត្ថម្ភ ស៊ុតជាអាហារដ៏ល្អខ្លាំងណាស់។ ប្រូតេអ៊ីនរបស់ស៊ុត មានគុណភាពល្អនិងខ្ពស់ខ្លាំងជាងគេ។ ល្អខ្លាំង និងជាងប្រូតេអ៊ីនរបស់សាច់សត្វ ឬសាច់ត្រីទៅទៀត ព្រោះប្រូតេអ៊ីនរបស់ស៊ុតផ្ទុកសារធាតុអាស៊ីតអាមីណេ ដ៏សំខាន់ចាំបាច់ទាំង៩មុខដែលសរីរាង្គកាយមនុស្សត្រូវការ ក្នុងបរិមាណដ៏សមាមាត្របំផុត ដើម្បីបង្កើតសាច់ដុំ ដើម្បីបណ្តុះកោសិកាស្បែក សក់ ក្រចក ដុះឡើងវិញ ព្រមទាំងដើម្បីជួយកោសិកានៃប្រព័ន្ធការពារខ្លួន ប្រព័ន្ធរំលាយអាហារ។ ស៊ុតតែ១គ្រាប់ អាចផ្តល់ជាតិប្រូតេអ៊ីនបាន៦ក្រាម ឬបីគ្រាប់ក្នុងថ្ងៃអាចបំពេញសេចក្តីត្រូវការរបស់សរីរាង្គកាយបានមួយភាគបី សម្រាប់ស្ត្រីដែលមានទម្ងន់៦០គីឡូក្រាម។
ស៊ុតមានផ្ទុកសារធាតុអាហារូបត្ថម្ភម្យ៉ាងដែលមានឈ្មោះថា កូលីន Choline។ កូលីនមានប្រយោជន៍ជាអ្នកបង្កើតមូលេគុលនៅក្នុងខួរក្បាលដែលអាចជួយចម្រើនផ្នែកចងចាំ ឬអាចនិយាយបានថាស៊ុតជាអាហារបង្ការសុខភាពខួរក្បាលផ្នែកបញ្ញានិងចូលរួមចំណែកជួយដល់ថ្លើម។ ហេតុផលដ៏ល្អមួយទៀត ដែលក្រុមគ្រូពេទ្យណែនាំឱ្យទទួលទានស៊ុតនោះ គឺស៊ុតបណ្តុំវីតាមីន៖
ក្នុងស៊ុតមានស្ទើរគ្រប់ប្រភេទនៃវីតាមីនB សំខាន់ជាងគេគឺវីតាមីនB12- B9 ដែលចាំបាច់ខ្លាំងណាស់សម្រាប់ផលិតគ្រាប់ឈាមក្រហម និងសម្រាប់ដំណើរការដ៏រលូននៃប្រព័ន្ធសរសៃប្រសាទ។
វីតាមីន A, D, E K មានតួនាទីជាអង់ទីអុកស៊ីដង់ជួយការពារថែរក្សាគំឃើញ និងប្រព័ន្ធកោសិកា ព្រមទាំងប្រព័ន្ធការពារខ្លួន
ស៊ុតមានផ្ទុកសារធាតុដែក ផូស្វ័រ zinc Sélénium ដែលជាអង់ទីអុកស៊ីដង់ដ៏ចម្បងនិងដ៏សំខាន់សម្រាប់សុខភាពឆ្អឹង និងជាជំនួយឱ្យឆាប់ជាសះ។
ប៉ុន្តែស៊ុតក៏ជាប្រភពផ្គត់ផ្គង់កូឡេស្តេរ៉ុលដ៏ចម្បង និងជាអាហារដែលមានជាតិកូឡេស្តេរ៉ុលខ្ពស់ជាងបំផុតដែរ។ ស៊ុតក្រហម មានផ្ទុកកូឡេស្តេរ៉ុលដល់ទៅជិត២០០មីល្លីក្រាម ឬត្រូវជាជាងពាក់កណ្តាលនៃសេចក្តីត្រូវការប្រចាំថ្ងៃ (៣០០មីល្លីក្រាម) របស់មនុស្សម្នាក់ៗ។ ហេតុដូច្នេះហើយបានជានៅទសវត្សរ៍ឆ្នាំ៧០ ស៊ុតត្រូវបានគេចាត់ទុកជាសត្រូវលេខមួយ សម្រាប់បេះដូង។ តែឥលូវអ្នកវិទ្យាសាស្ត្រលែងហ៊ានអះអាងច្បាស់ៗដូច្នេះទៀតហើយ។ ពេលវេលាកន្លង ការសិក្សាកាន់តែច្រើនៗឡើងៗ បានលាតត្រដាងឱ្យឃើញថា ស៊ុត ឬចំណីអាហារមិនប្រាកដជាធ្វើឱ្យអ្នកបរិភោគឡើងកូឡេស្តេរ៉ូលទេ តែ៨០%នៃកូឡេស្តេរ៉ុលបណ្តាលមកពីថ្លើមជាអ្នកបំប្លែង និងអាស្រ័យខ្លាំងទៅលើភាពខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ អមដោយកត្តាពូជបន្ថែមផង។ មានន័យថា ប្រសិនបើអ្នកជាមនុស្សងាយឡើងកូឡេស្តេរ៉ុល នោះបរិភោគតែមួយ តែពីរ ក៏ឡើងដែរ។ ផ្ទុយទៅវិញបើអ្នកមិនបរិភោគស៊ុតព្រោះជំនឿខ្លាចឡើងកូឡេស្តេរ៉ុល នោះជាការគិតខុសទៅវិញទេ។ ឈប់ឬតមបរិភោគស៊ុត តែងាកទៅសាច់សត្វ និងអាហារកែច្នៃផ្សេងទៀត ដើម្បីប្រមូលផ្តល់ប្រូតេអ៊ីន នឹងបង្កគ្រោះថ្នាក់ និងធ្វើឱ្យអត្រាកូឡេស្តេរ៉ុលកាន់តែអាក្រក់ទៅវិញទេ។
មនុស្សម្នាក់ៗកើតមកមិនដូចគ្នាទេ! និងកាន់តែមិនស្មើភាពគ្នាទៀត លើផ្នែកសុខភាព។ អ្នកខ្លះហូបច្រើនមិនធាត់ ខ្លះបរិភោគតែច្រើនបន្តិចក៏ឡើងគីឡូភ្លាម។ ឯបញ្ហាកូឡេស្តេរ៉ុលដោយសារអាហារក៏ដូចគ្នា។ កូឡេស្តេរ៉ុលរបស់ស៊ុតអាចគ្មានឥទ្ធិពលអ្វីប៉ះពាល់ដល់កូឡេស្តេរ៉ុលក្នុងឈាមទេ សម្រាប់មនុស្សមួយភាគធំ។ ការសិក្សាចេញផ្សាយនៅឆ្នាំ១៩៩១ជាឧទាហរណ៍ ជាក់ស្តែងបញ្ជាក់ថា មានករណីមនុស្សទទួលទានស៊ុតដល់ទៅជាង២០គ្រាប់ក្នុងមួយថ្ងៃ ដោយគ្មានឡើងអត្រាកូឡេស្តេរ៉ុលទេ។ ឯមនុស្សខ្លះទៀត ឡើងកូឡេស្តេរ៉ុលខ្លាំងភ្លាម...
Duration:00:07:33
វេជ្ជសាស្ត្របុរាណឥណ្ឌា អាយុរវេទ ជាអ្វី?
12/31/2025
ក្រៅពីវេជ្ជសាស្ត្របូរាណចិន ឥណ្ឌាក៏មានចំណេះនិងប្រពៃណីវប្បធម៌ផ្នែកសុខាភិបាលដ៏ចំណាស់និងល្បីល្បាញខ្លាំងដែរ។ វេជ្ជសាស្ត្របូរាណ “អាយុរវេទ” ដែលមានដើមកំណើតនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា មានអាយុកាលជាច្រើនពាន់ឆ្នាំហើយ។ តើវេជ្ជសាស្ត្រនេះរំពឹងលើគោលការណ៍អ្វី? និងមានគុណប្រយោជន៍ ព្រមទាំងប្រសិទ្ធភាពយ៉ាងណា?
អង្គការសុខភាពពិភពលោកបានទទួលស្គាល់វេជ្ជសាស្ត្របូរាណឥណ្ឌា “អាយុរវេទ” ជាក្បួនវេជ្ជសាស្ត្រដ៏ពេញលេញបំផុត តាំងពីឆ្នាំ១៩៨២មក។ មានកំណើតនៅប្រទេសឥណ្ឌា និងមានអាយុជាង៥ពាន់ឆ្នាំ “អាយុរវេទ” មានប្រណិបត្តិ នៅប្រទេសឥណ្ឌា ស្រីលង្កា និងក្នុងសហគមន៍ជាច្រើននៅលើពិភពលោក។ “អាយុរវេទ” ក្នុងភាសាសំស្ក្រឹត គឺជាបន្សំរវាងពាក្យ “អាយុ” ដែលមានន័យថាជីវិត និងពាក្យ “វេទ” ដែលមានន័យថាចំណេះដឹង។ ដូច្នេះវេជ្ជសាស្ត្របុរាណឥណ្ឌា អាយុរវេទ ជាវិទ្យាសាស្ត្រនៃជីវិត ឬជាវិជ្ជាសម្រាប់ចម្រើនអាយុ -ចម្រើនសុខភាព។
តើអ្វីទៅជាគោលការណ៍នៃអាយុរវេទ?
អាយុរវេទ ជាគម្ពីរវេជ្ជសាស្ត្របុរាណផង និង ជាទស្សនៈវិជ្ជានៃជីវិតផង ដែលចង់ឱ្យខ្លួនប្រាណ ព្រលឹង វិញ្ញាណ រស់ស៊ីចង្វាក់គ្នាតាមច្បាប់ធម្មជាតិ។
វេជ្ជសាស្ត្រអាយុរវេទ ចាត់ទុកខ្លួនប្រាណមនុស្ស ជាភពមួយ ដែលត្រូវមានលំនឹងរវាងធាតុធម្មជាតិចំនួន៥ មិនមែនបួនដូចដែលយើងធ្លាប់ស្គាល់ទេ។ ធាតុទាំង៥នោះ គឺ ទឹក ដី ភ្លើង ខ្យល់ និង អេទែរ (អវកាស)។ ខ្លួនប្រាណមនុស្សម្នាក់ៗផ្សំឡើងដោយធាតុទាំង៥ដូចគ្នា តែក្នុងអត្រាខុសៗគ្នា ទើបមនុស្សម្នាក់មានលក្ខណៈពិសេសជារបស់ខ្លួនផ្ទាល់ និងខុសគ្នាប្លែកគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ បើតាមសិក្ខាបទបុរាណឥណ្ឌា សរីរាង្គកាយមនុស្សមានដំណើរការដោយរំពឹងលើធាតុទាំង៥ (ទឹក ដី ភ្លើង ខ្យល់ និងអវកាស) ដែលផ្សំជាថាមពលសំខាន់ចាំបាច់បីយ៉ាង មានឈ្មោះថា doshas សម្រាប់កំណត់សណ្តានអារម្មណ៍របស់មនុស្ស។ គេអាចសម្គាល់ចំណុចខ្លាំង ចំណុចខ្សោយរបស់មនុស្សម្នាក់ៗ ដោយមើលទៅលើសណ្តានថាមពល Doshasនេះឯង។ ថាមពលចាំបាច់ទាំងបីនោះគឺ៖
បើតាមវេជ្ជសាស្ត្រអាយុរវេទ ថាមពលទាំងបីជាចរន្តរត់ពេញខ្លួន តាមបណ្តាញផ្សេងៗដែលអាយុរវេទហៅថា បណ្តាញShrotas ដែលអាចជាប្រព័ន្ធរំលាយអាហារ ប្រព័ន្ធចរន្តឈាម និងត្រូវរក្សាឱ្យមានលំនឹង។ នៅពេលខ្លួនប្រាណមានលំនឹងថាមពល មនុស្សនឹងមានសុខភាពល្អ។ ផ្ទុយទៅវិញ បើគ្មានលំនឹងថាមពលទេ រោគានឹងលេចឡើង។ ស្ត្រេស ធ្វើការហួសកម្លាំង និងចំណីអាហារ ជាដើមហេតុនាំឱ្យសរីរាង្គកាយបាត់បង់លំនឹងថាមពល និងបង្កឱ្យមានជំងឺផ្សេងៗ នៅពេលអនាគត។
អ្វីជាវិធីសាស្ត្រព្យាបាលតាមបែបអាយុរវេទ?
ដូច្នេះគេត្រូវរិះរកវិធីព្យាបាលយ៉ាងណាដែលនាំអ្នកជំងឺឱ្យរកឃើញលំនឹងដើមឡើងវិញ តាមរយៈវិធីសាស្ត្រព្យាបាលជាច្រើន ខុសប្លែកពីគ្នា។ ជម្រើសវិធីសាស្ត្រព្យាបាលអាស្រ័យលើបុគ្គលអ្នកជំងឺ ប្រភេទថាមពលដែលលេចធ្លោខ្លាំងជាងគេ និងការបាត់លំនឹងតើថយផ្អៀងទៅខាងណា។ អាយុរវេទ ជាវេជ្ជសាស្ត្រព្យាបាលអ្នកជំងឺ មិនមែនព្យាបាលជំងឺទេ។ មានន័យថា គ្រូពេទ្យបុរាណឥណ្ឌា ស្វះស្វែងរកមូលហេតុដែលនាំឱ្យមានអ្នកជំងឺបាត់លំនឹងថាមពល ដើម្បីបណ្តេញបន្ធូរបន្ថយអាការៈសញ្ញាឈឺ ឱ្យបានយូរអង្វែង។
វេជ្ជសាស្ត្របុរាណឥណ្ឌាអាយុរវេទ មានវិធីសាស្ត្រព្យាបាល ដោយផ្តោតលើ សមាធិ ចង្វាក់ជីវិត ចំណីអាហារ ការផ្សំរុក្ខជាតិធ្វើជាថ្នាំឬចម្រាញ់ជាប្រេង សកម្មភាពហាត់ប្រាណ និងការធ្វើម៉ាស្សា។
ម៉ាស្សាអាយុរវេទ ៖ ការធ្វើម៉ាស្សាបែបអាយុរវេទ មានលក្ខណៈខុសគ្នា និងប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ដើម្បីសម្របទៅតាមប្រភេទថាមពលរបស់អ្នកជំងឺ ដោយលាបប្រេងធម្មជាតិ ផ្សំពិសេសតាមក្បួនបុរាណអាយុរវេទ។ សម្រាប់មនុស្សមានសណ្តានថាមពលខ្យល់ គេធ្វើម៉ាស្សាយឺតៗដោយប្រើប្រេងក្តៅលាបលនរុំពេញខ្លួននិងមានលក្ខណៈចិញ្ចឹម ដើម្បីផ្តល់សន្តិភាពនិងការធានារ៉ាប់រងដល់អ្នកជំងឺ។ ចំពោះក្រុម អ្នកមានថាមពលភ្លើង ត្រូវធ្វើម៉ាស្សា លឿនៗ បែបរំញោច ចុចជ្រៅ ដោយប្រើប្រេងតិចល្មម សម្រាប់ផ្តល់ភាពត្រជាក់ស្រស់ស្រាយ។ ត្រូវធ្វើម៉ាស្សាដោយប្រើប្រេងតិចបំផុត សម្រាប់អ្នកមានថាមពល។
ម៉ាស្សាឥណ្ឌា ដែលអាចធ្វើពេញលើដងខ្លួនទាំងមូល ឬតែផ្នែកក្បាល ឬចុងជើង ដោយប្រើ ដោយដៃ បាតដៃ កែងដៃ ឬដើមដៃ អាចផ្តល់គុណប្រយោជន៍ច្រើនដូចជា សម្រួលចរន្តឈាម ភ្ញោចជាលិកាសាច់ដុំ រក្សានិងចិញ្ចឹមជាលិកាស្បែក ដាស់ប្រព័ន្ធការពារខ្លួនឱ្យបំពេញតួនាទីបានប្រសើរឡើង...
Duration:00:09:16
តើវេជ្ជសាស្ត្របូរាណចិន មានគុណសម្បត្តិយ៉ាងណា?
12/24/2025
នៅថ្ងៃទី១៧ដល់ថ្ងៃទី១៩ធ្នូ អង្គការសុខភាពពិភពលោកបានបើកជំនួបកំពូលលើកទីពីរ ស្តីពីវេជ្ជសាស្ត្របូរាណ នៅប្រទេសឥណ្ឌា។ អង្គការសុខភាពពិភពលោកបានទទួលស្គាល់ថា វេជ្ជសាស្ត្របូរាណជាចង្កោមចំណេះដឹង សមត្ថភាព និងជាការព្យាបាលដែលឈរលើក្បួន លើជំនឿ និងបទពិសោធន៍ផ្ទាល់។ វេជ្ជសាស្ត្របូរាណត្រូវបានគេចាត់ទុកជាវេជ្ជសាស្ត្រស្រទន់ ជាជម្រើសបន្ថែមមួយទៀតនៃការព្យាបាលថែទាំសុខភាព។ នៅក្នុងចំណោមវេជ្ជសាស្ត្របូរាណជាច្រើននៅលើពិភពលោក វេជ្ជសាស្ត្របូរាណចិន មានអាយុចាស់ជាងគេបំផុតមួយ តើវេជ្ជសាស្ត្របូរាណចិន មានគុណសម្បត្តិនិងលក្ខណៈពិសេសយ៉ាងដូចម្តេចខ្លះ?
វិធីព្យាបាលបែបបូរាណ ជាទម្លាប់ប្រពៃណីរបស់ជនជាតិដើម ជនជាតិភាគតិច ឬក្បួនថែទាំសុខភាពតាំងពីដូនតា ជាផ្នែកមួយនៃការរស់នៅប្រជាពលរដ្ឋនិងសហគមន៍នានា តាំងពីជាច្រើនសតវត្សរ៍មកហើយ និងបន្តមានចំណែកសំខាន់ក្នុងជីវភាពសុខភាពប្រចាំថ្ងៃ តាមបណ្តាប្រទេសនិងតំបន់ជាច្រើននៅលើពិភពលោក។
វេជ្ជសាស្ត្របូរាណកំពុងក្លាយជាបាតុភូតពិភពលោក។ សេចក្តីត្រូវការ និងការងាកទៅរកឱសថបូរាណ ដើម្បីទ្រទ្រង់សុខភាពនិងផាសុកភាព បានកើនឡើងយ៉ាងខ្លាំង។ ជាក់ស្តែង បើតាមអង្គការសុខភាពពិភពលោក ក្នុងចំណោមសមាជិកសរុបទាំង១៩៤ប្រទេស មាន១៧០បានប្រកាសប្រើឱសថបូរាណផលិតពីរុក្ខជាតិ ការប្រើម្ជុលវិទ្យាសាស្ត្រ យូហ្កា និងវិធីព្យាបាលបែបជនជាតិ ព្រមទាំងទម្រង់ផ្សេងទៀតនៃវេជ្ជសាស្ត្របូរាណ។ ប្រទេសទាំងអស់នោះ បានទទួលស្គាល់វេជ្ជសាស្ត្របូរាណជាធនធានដ៏មានតម្លៃ ហើយមានវិធានការបញ្ចូលវេជ្ជសាស្ត្របូរាណ ដូចជារបៀប ព្យាបាល ផលិតផលថ្នាំបូរាណ និងគ្រូបូរាណ ទៅក្នុងប្រព័ន្ធសុខាភិបាលជាតិ។
អង្គការសុខភាពពិភពលោក ក៏បានទទួលស្គាល់អំពីភាពចម្រុះនៃវេជ្ជសាស្ត្របូរាណ ជាវេជ្ជសាស្ត្របំពេញបន្ថែម និងអាចយកទៅប្រើនៅក្នុងប្រទេសផ្សេងនៅលើពិភពលោក ដើម្បីចូលរួមចំណែកទ្រទ្រង់សុខភាព ក្នុងទម្រង់ជាការថែទាំសុខភាពសម្រាប់បុគ្គលដោយចំពោះ និងក៏ជាផ្នែកមួយនៃប្រព័ន្ធសុខភាពសកលមួយដែរ។ បញ្ចូលវេជ្ជសាស្ត្រទៅក្នុងប្រព័ន្ធសុខាភិបាលដ៏សមស្រប អាចជួយលើកកម្ពស់សុខភាព និងកំរិតនៃការព្យាបាលសុខភាពបឋម។ ហេតុដូច្នេះហើយបានជាអង្គការសុខភាពពិភពលោកត្រៀមលក្ខណៈជួយប្រទេសដែលចង់មានវេជ្ជបូរាណ ឱ្យសម្រេចបំណងបាន ដោយមានវិទ្យាសាស្ត្រជាបង្អែក។
តើវេជ្ជសាស្ត្របូរាណជាអ្វី?
វេជ្ជសាស្ត្របូរាណចិន មានវ័យចំណាស់ជាងគេបំផុតមួយនៅលើពិភពលោក និងមានអាយុលើសពី៥ពាន់ឆ្នាំ។ កាលពីឆ្នាំ២០១០ យូនេស្កូបានបញ្ចូលវេជ្ជសាស្ត្របូរាណចិន ជាបេតិកភ័ណ្ឌវប្បធម៌អរូបិយរបស់មនុស្សជាតិ។ នៅឆ្នាំ២០១៩ អង្គការសុខភាពពិភពលោកបានបញ្ចូលផ្នែកខ្លះនៃវេជ្ជសាស្ត្របូរាណចិន ទៅក្នុងបញ្ជីបែងចែងប្រភេទជំងឺអន្តរជាតិទៀត។
នៅក្នុងប្រពៃណីចិន អ្វីៗវិលតែ នៅជុំវិញកម្លាំងគ្រឹះមួយ គឺថាមពល។ បើតាមគោលការណ៍វេជ្ជសាស្ត្របូរាណចិន ថាមពលជាអ្នកចម្រើនកោសិកាក្នុងការបំបែកពង្រីកចំនួន ធ្វើឱ្យរុក្ខជាតិ និងសភាវៈមានជីវិតបង្កើនបរិមាណ។ ថាមពលជារបស់មើលមិនឃើញ មិនអាចប៉ះបាន ហើយអាចដឹងតាមរយៈឥទ្ធិពលរបស់វាតែប៉ុណ្ណោះ។ នៅក្នុងផ្នត់គំនិតចិន ថាមពល ជាអ្នកទ្រទ្រង់ដំណើរការរបស់ខ្លួនប្រាណនិងសតិ។ ដើរ គិត អារម្មណ៍ទទួលដឹង ... អាចប្រព្រឹត្តទៅបានដោយសារថាមពលនេះឯង។ ថាមពល ជាចរន្តរត់ជាប់ឥតដាច់ តាមខ្សែ ក្នុងពេញមួយខ្លួនប្រាណ។ ខ្សែថាមពលជាបណ្តាញមិនច្បាស់លាស់ ដែលមានចំណុចជាច្រើន មិនតិចជាង៣៦១ចំណុចទេ។ ជាចំណុចសម្រាប់ចុចចាក់ម្ជុល ដើម្បីបានជា។ នៅពេលមានថាមពលគ្រប់គ្រាន់ ហើយចរន្តថាមពលរត់ស្រួល នោះសរីរាង្គកាយយើងនឹងមានសុខភាពល្អ។ ផ្ទុយទៅវិញ បើថាមពលត្រូវរាំងស្ទះ កកនៅកន្លែងណាមួយនៅនឹងមានជំងឺលេចឡើងហើយ។
ខ្លួនប្រាណមនុស្សលែងមានលំនឹងផ្នែកថាមពល ឬថាមពលរត់មិនស្រួល បណ្តាលមកពីកត្តាក្រៅខ្លួន ដូចជាវីរ៉ុស ឬស្ត្រេស និង កត្តាក្នុងខ្លួន ដែលបណ្តាលមកពីមានសរីរាង្គណាមួយខូច ដំណើរការមិនប្រក្រតី។ ដើម្បីសម្រួលបញ្ហានេះ ក្បួនវេជ្ជសាស្ត្របូរាណចិន រំពឹងលើមធ្យោបាយ៥៖
ចិនមានប្រវត្តិ មានក្បួនផ្សំឱសថ ដែលមានអាយុកាលដ៏ចំណាស់ខ្លាំង តាំងពីរាប់ពាន់ឆ្នាំមុនមកម្ល៉េះ។ គ្រឿងផ្សំប្រើក្នុងវេជ្ជសាស្ត្របូរាណចិន អាចជារុក្ខជាតិ ជារ៉ែ និងអាចជាសត្វ។ ប៉ុន្តែរុក្ខជាតិផ្សំដ៏ល្បីល្បាញ និងស្គាល់ខ្លាំងជាងគេ គឺខ្ញី យិនស៊ិន។ បើតាមអ្នកជំនាញចិន ខ្ញីមិនមែនជាអាហារប៉ូវបំប៉នដំឡើងតណ្ហាទេ...
Duration:00:09:14
"ភ្លេច" មានប្រយោជន៍សម្រាប់សុខភាពខួរក្បាល?
12/17/2025
ការភ្លេចអាចរំខានការរស់នៅប្រចាំថ្ងៃនិងគួរឱ្យខឹងខ្លួនឯងខ្លាំងណាស់នៅពេលខ្លះ។ អ្នកមានអាយុច្រើនវិញ បារម្ភនឹងខ្លាចភ្លេចមែនទែន។ ការភ្លេចជាបាតុភូតធម្មជាតិ ជារឿងធម្មតា ព្រោះខួរក្បាលត្រូវការភ្លេច។ ការចងចាំមិនសុទ្ធតែល្អ ដូចការគិតនិងប្រាកដថាពិតដូចពេលកើតជាក់ស្តែងទេ។ ប៉ុន្តែពេលណាគួរបារម្ភអំពីការភ្លេច? តើដូចម្តេចដែលហៅថាភ្លេចធម្មតា និងភ្លេចជំងឺ?
នៅក្នុងបរិបទនៃភាពចាស់ជរារបស់ប្រជាពលរដ្ឋនៅលើភពផែនដី និងកំណើនជំងឺវង្វេងវង្វាន់អាល់ហ្សៃម៉ែរ ប្រាកដណាស់ដែលថា “ការភ្លេច” ត្រូវក្លាយជាពាក្យគួរឱ្យខ្លាច និងក្លាយជាពាក្យដែលមានអត្ថន័យ អវិជ្ជមាន ហើយត្រូវបានគេភ្ជាប់ថាជាកំហុស ពាក់ព័ន្ធនឹងស្មារតី ជា Bug របស់ខួរក្បាល។ អ៊ីចឹងហើយបានជាមនុស្សលោកបានប្រឹងប្រែងអភិវឌ្ឍវិធីផ្សំគ្នាជាច្រើន ដូចជាធ្វើលំហាត់បំប៉នបញ្ញាញាណផង ចំណីអាហារបំប៉នបន្ថែមផង និងប្រើប្រាស់ថ្នាំពេទ្យ ព្រមទាំងបង្កើតឃ្លាំងស្តុកទិន្នន័យទៀត ដើម្បីកុំឱ្យភ្លេច។ មែនហើយ ពិតជាល្អប្រពៃណាស់បើយើងនៅចងចាំអ្វីដែលបានភ្លេចកាលពីថ្ងៃមុន។ រកនឹកមិនឃើញនូវពាក្យអ្វីមួយពេលកំពុងសន្ទនា ពិតគួរឱ្យខឹងខ្នាញ់ខ្លួនឯងខ្លាំងណាស់។ អ្នកមានការចងចាំល្អ ត្រូវបានគេចាត់ទុកជាអ្នកមានបញ្ញាឆ្លាតវាងវៃ។ ផ្ទុយទៅវិញ នៅពេលចាប់ផ្តើមភ្លេច គេតែងគិតភ័យភ្លាម ថាជាការធ្លាក់ចុះនៃសុខភាពផ្នែកប្រព័ន្ធបញ្ញាញាណ។
ប៉ុន្តែទស្សនៈមិនត្រឹមត្រូវទេ។ យើងអាចភ្លេចកូនសោរ ភ្លេចឈ្មោះនរណាម្នាក់ នៅពេលហត់ខ្លាំង ឬអារម្មណ៍មិនមូល។ តាមការពិតទៅនោះ ការភ្លេចជាបាតុភូតធម្មជាតិ ជាដំណើរដ៏ចាំបាច់សម្រាប់ឱ្យខួរក្បាលអាចចងចាំបានល្អ។ ដំណើរចងចាំនិងភ្លេចដ៏ស្មុគស្មាញនេះ ជាប្រធានបទនៃការស្រាវជ្រាវវិទ្យាសាស្ត្រច្រើនណាស់។ តើអ្នកវិទ្យាសាស្ត្រប្រព័ន្ធប្រសាទសិក្សាឃើញយ៉ាងណាអំពីកម្លាំងលុបបំបាត់ការចងចាំ ឬការភ្លេចនេះ? ហើយហេតុអ្វីបានជាយើងចេះតែភ្លេច ?
តើនឹងមានរឿងអ្វីកើតឡើង ប្រសិនបើអ្នកនឹកឃើញឬចងចាំគ្រប់យ៉ាង នូវអ្វីដែលបានកើតឡើង ទាំងអស់ ពីមួយម៉ោងទៅមួយម៉ោង ? ចម្លើយរបស់អ្នកស្រាវជ្រាវ នោះគឺជីវិតអ្នកដូចធ្លាក់នរក។ ការភ្លេច អាចជាសមត្ថភាពដ៏សំខាន់ និងមានគុណប្រយោជន៍ចាំបាច់សម្រាប់ជីវិតមនុស្សលោក។ បើតាមអ្នកស្រាវជ្រាវ ខួរក្បាលតែងតែច្បិចរើសព័ត៌មានទើបសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព។ បណ្តុះការភ្លេចអាចកាត់បន្ថយស្ត្រេសក្នុងអារម្មណ៍ និងធ្វើឱ្យការចងចាំបានប្រសើរឡើង។ និយាយជារួម ដើម្បីអាចរៀបចំគំនិត និងរៀនចេះ យើងត្រូវចេះរែង ជ្រើសរើស ច្រានចោល និងរក្សាទុកនូវអ្វីសំខាន់ប៉ុណ្ណោះ។
នៅក្នុងការសិក្សារបស់អ្នកស្រាវជ្រាវនៅក្រុងតូរ៉ង់តូ ប្រទេសកាណាដា លោក Paul Frankland និងលោក Blake Richards ចេញផ្សាយកាលពីឆ្នាំ២០១៧ បានសន្និដ្ឋានថា កម្មវត្ថុនៃការចងចាំ គឺធ្វើឱ្យអ្នកក្លាយជាមនុស្សមានសមត្ថភាពសម្រេចចិត្តបានត្រឹមត្រូវ ទៅតាមស្ថានការណ៍ជាក់ស្តែងណាមួយ។ ហើយដើម្បីអាចធ្វើបាន ទាល់តែអ្នកចេះភ្លេចព័ត៌មានខ្លះ។ អ្នកស្រាវជ្រាវទាំងពីរបានបន្ថែមទៀតថា វាជាការសំខាន់ខ្លាំងណាស់ដែលខួរក្បាលអាចបំភ្លេចចំណុចតូចតាច ល្អិតល្អោចមិនសំខាន់ មិនត្រូវកាល ដើម្បីអាចផ្ចង់គិតលើតែអ្វីដែលនាំឱ្យដល់ការសម្រេចចិត្តដ៏ត្រឹមត្រូវល្អ។
បើនឹកឃើញគ្រប់យ៉ាង ខួរក្បាលច្បាស់ជាពេញណែន។ រក្សាទុកគ្រប់អនុស្សាវរីយ៍ គ្រប់ការចងចាំ នឹងទៅស៊ីអស់មេម៉ូរី ហើយអាចនឹងធ្វើឱ្យមានការឈឺចាប់ ដល់ស្លាប់បានបើគិតតាមផ្លូវមនោសញ្ចេតនា។ ដូច្នេះប្រសិនបើគេអាចហាត់ពត់ខួរក្បាលឱ្យចេះចងចាំ គេក៏អាចបណ្តុះសមត្ថភាពផ្នែកភ្លេចបានដែរ។ ចេះជ្រើសរើសបែងចែកអ្វីសំខាន់ អ្វីមិនសំខាន់សម្រាប់ទុកក្នុងខួរក្បាល ជួនកាលជាការចាំបាច់ និងត្រូវការការបង្ហាត់បង្រៀនពីគ្រូពេទ្យជំនាញចិត្តសាស្ត្រ ដើម្បីអាចជួយបន្ធូរបន្ថយអាការៈសញ្ញារោគបាក់ទឹកចិត្ត ឬដើម្បីជំនះស្ត្រេសក្រោយការបាក់ស្បាត។
ភ្លេច ដើម្បីបង្កើនការចងចាំ?
នៅក្នុងការសិក្សាមួយទៀតចេញផ្សាយក្នុងទស្សនាវដ្តី The Journal of Applied Research in Memory and Cognition អ្នកស្រាវជ្រាវបានពន្យល់ថា ការភ្លេច លេចឡើង ជាទូទៅ នៅពេលណាយើងបាត់ភាពប្រុងប្រយ័ត្ន ឬក៏ភាពប្រុងប្រយ័ត្នផ្តោតអាទិភាពទៅលើចំណុចលម្អិតណាមួយ ជាជាងអ្វីមួយផ្សេងទៀត។ នៅពេលទទួលព័ត៌មានថ្មីៗ ដោយមិនអាចពន្យល់ពីមូលហេតុបាន ខួរក្បាលតែងតែញែកចាប់ព័ត៌មានមួយឬពីរ។ ពេលកំពុងចាប់ព័ត៌មាននោះ...
Duration:00:08:23
ជំងឺគ្មានកូន ក្លាយជាអាទិភាពនៃសុខភាពសាធារណៈពិភពលោក
12/10/2025
នៅថ្ងៃសុក្រទី២៨វិច្ឆិកា២០២៥ ជាលើកទីមួយ អង្គការសុខភាពពិភពលោក បានចេញផ្សាយសេចក្តីណែនាំពិភពលោក ទាក់ទងនឹងជំងឺអារ (គ្មានកូន) ដែលកើតមានលើប្រជាពលរដ្ឋរាប់លាននាក់ នៅលើភពផែនដី។ ហេតុអ្វីអង្គការសុខភាពចេញសេចក្តីណែនាំនៅពេលនេះ? តើសេចក្តីណែនាំមានខ្លឹមសារនិងកម្មវត្ថុយ៉ាងណា?
ក្នុងពេលដែល ប្រទេសជាច្រើននៅលើពិភពលោក កំពុងស្វែងរកដំណោះស្រាយប្រយុទ្ធជំរុញអត្រាកំណើត ប្រឆាំងនឹងវិបត្តិប្រជាសាស្ត្រ ព្រោះប្រជាពលរដ្ឋកាន់តែចាស់ អង្គការសុខភាពពិភពលោក បានចេញអនុសាសន៍ណែនាំ ជាលើកទីមួយ ចំនួន ៤០ចំណុច ពាក់ព័ន្ធនឹងជំងឺអារ គ្មានកូន ដែលបានក្លាយជា អាទិភាពមួយនៃសុខភាពសាធារណៈពិភពលោក។
ពីមុនមក និងក្នុងរយៈជាច្រើនឆ្នាំកន្លងមកនេះ ជំងឺអារមិនសូវបានទទួលការចាប់អារម្មណ៍យកចិត្តទុកដាក់ទេ និងច្រើនតែត្រូវបានគេមើលរំលង បើទោះបីជាមានទិន្នន័យ និងការសិក្សាជាច្រើន បង្ហាញថា “គ្មានកូន” អាចបង្កឱ្យមានបញ្ហាប៉ះពាល់ដល់ខួរក្បាល ដល់ផ្លូវចិត្ត កើតជាជំងឺបាក់ទឹកចិត្ត ជំងឺព្រួយថប់បារម្ភ ក៏ដោយ។
គ្មានកូនជាវិបត្តិដែលបានញាំញី មនុស្សប្រមាណជាង១៧% នៅលើពិភពលោក ឬ ត្រូវជាមនុស្សម្នាក់ក្នុងចំណោម៦នាក់។ នេះបើតាមទិន្នន័យឆ្នាំ២០២៣ ផ្សព្វផ្សាយដោយអង្គការសហប្រជាជាតិ ដោយបញ្ជាក់ថាជំងឺអារបានកើនឡើងទៅគ្រប់ទិសទី តែការព្យាបាលនៅ មានកំរិត។ ហេតុដូច្នេះហើយបានជាអង្គការសុខភាពពិភពលោកចាប់ផ្តើមពង្រឹងការផ្តល់ព័ត៌មានទាក់ទងនឹងជំងឺអារផង ទាក់ទងនឹងការព្យាបាលជំងឺអារដោយប្រើថ្នាំ និងដោយការធ្វើតេស្តវិនិច្ឆ័យរោគអារផង។ ហើយនៅថ្ងៃនេះ ជាដំណាក់កាលថ្មី អង្គការសុខភាពពិភពលោកបានចេញសេចក្តីណែនាំកំរិតពិភពលោក។ បើគ្មានអនុសាសន៍ច្បាស់លាស់ទេ អ្នកជំនាញ មន្ទីរពេទ្យ នីមួយៗអាចប្រើ អាចជ្រើសរើសវិធីសាស្ត្រព្យាបាល របៀបអនុវត្ត តាមស្តង់ដារ ផ្សេងៗគ្នា ជាមួយលទ្ធផលក៏ខុសគ្នាខ្លាំងដែរ។ តែបើមានសេចក្តីណែនាំ ជាគោលមួយ ដោយឈរលើមូលដ្ឋាននិងទិន្នន័យវិទ្យាសាស្ត្រ គុណភាពព្យាបាលនឹងបានប្រសើរឡើង។ គ្រប់ប្រទេសជាសមាជិក អាចយកសេចក្តីណែនាំនេះទៅធ្វើជាគំរូសម្រាប់រៀបចំកម្មវិធីជាតិសម្របតាមស្ថានភាពរៀងៗខ្លួន ដើម្បីធ្វើយ៉ាងណាគិតគូរដល់ជំងឺអារ ឱ្យបានគ្រប់ជ្រុងជ្រោយ ពោលគឺទាំងផ្នែកនយោបាយសុខភាពសាធារណៈ ហិរញ្ញវត្ថុនិងការផ្តល់សេវាកម្មព្យាបាល។
ព្យាបាលរោគគ្មានកូន ថ្លៃខ្លាំង
គ្មានកូនជាវិបត្តិដែលអាចកើតមានលើមនុស្សគ្រប់ស្រទាប់ វណ្ណៈ ពណ៌សម្បុរ និងគ្រប់ទិស នៃភពផែនដី។ ប៉ុន្តែគ្រប់គ្នាមិនប្រាកដថានឹងអាចមានលទ្ធភាពទទួលបានការព្យាបាលទេ។ សេវាថែទាំនិងព្យាបាលរោគអារ មានវិសមភាពខ្លាំងណាស់ ជាពិសេស នៅប្រទេសក្រីក្រនិងមធ្យម។ សូម្បីតែនៅក្នុងប្រទេសអ្នកមាន ដែលសេវាសុខភាពល្អសម្បូរបែបខ្លាំង ក៏សេវាផ្នែកបន្តពូជ ផ្តុំគ្នាច្រើននៅទីក្រុងធំៗ និងកម្រមាននៅទីជនបទណាស់។ ដូច្នេះ អ្នកក្រីក្រខ្លាំង អ្នកមានការអប់រំទាប អ្នករស់នៅជនបទ ក្រុមជនភាគតិចដែលរងការរើសអើងស្រាប់ សុទ្ធសឹងជាអ្នកដែលមិនងាយបានទទួលសេវាថែទាំព្យាបាលសុខភាពបន្តពូជ ជាពិសេសព្យាបាលរោគអារនេះទេ។
ជាងនេះទៅទៀត ជាការពិតមិនអាចប្រកែកបាន នៅតាមប្រទេសមានចំណូលទាបនិងមធ្យម តម្លៃព្យាបាលរោគអារ ខ្ពស់កប់ពពក។ ចង់បានកូនអាចនឹងធ្វើគ្រួសារធ្លាក់ក្រផង។ បើតាមការសិក្សាស្តីពីចំណាយរបស់គូស្វាមីក្នុងការព្យាបាលរោគអារ បានសម្គាល់ឃើញថា តម្លៃព្យាបាល នៅប្រទេសក្រីក្រនិងមធ្យមភាគច្រើន ថ្លៃហួសកំរិតថវិកាចំណាយផ្នែកសុខភាព។ ពាក្យថាថ្លៃហួសចំណាយ បើតាមអង្គការសុខភាពពិភពលោក គឺនៅពេលចំណាយព្យាបាលខ្លួន មានចំណែកធំជាងចំណាយសម្រាប់ចិញ្ចឹមគ្រួសារ ហើយអាចធ្វើឱ្យគ្រួសារធ្លាក់ខ្លួនក្រ ឬតម្រូវឱ្យជ្រើសរើសបោះបង់សេចក្តីត្រូវការចាំបាច់ណាមួយ។ ក្នុងករណីខ្លះ ចំណាយព្យាបាលដើម្បីបានកូន អស់ច្រើនជាងចំនូលប្រចាំឆ្នាំដល់ទៅទ្វេដង (១០០ទៅ២០០%លើសចំណូលសរុបពេញមួយឆ្នាំ)។ មានគូស្រករច្រើនណាស់ បានបង់ប្រាក់អស់ច្រើនហួសហេតុ ដើម្បីបានកូនទីមួយ។ ឯការពឹងលើបច្ចេកទេសបង្កកំណើតខាងក្រៅ (Fécondation in Vitro FIV) រួចទើបចាក់បញ្ចូលក្នុងស្បូនស្ត្រី ថ្លៃខ្លាំងណាស់ រហូតធ្វើស្វាមីភរិយាអាចធ្លាក់ខ្លួនក្របាន ឬត្រូវបង្ខំចិត្តអត់កូនរហូត។
ស្ត្រីអារ ស្រួលព្យាបាលជាងបុរសអារ?
បើតាមនិយមន័យរបស់អង្គការសុខភាពពិភពលោក អារជាជំងឺអសមត្ថភាពផ្នែកប្រព័ន្ធបន្តពូជ ដោយមិនអាចបង្កកំណើតបាន...
Duration:00:07:35
ប្រេស៊ីលប្រកាសសម្រេចបានវ៉ាក់សាំងប្រឆាំងគ្រុនឈាម មួយដូស
12/3/2025
ថ្នាំបង្ការប្រឆាំងនឹងជំងឺគ្រុនឈាម ចាក់តែមួយដូស ទើបត្រូវបានប្រេស៊ីល អនុម័តឱ្យប្រើប្រាស់ នៅថ្ងៃពុធទី ២៦វិច្ឆិកា ២០២៥។ អាជ្ញាធរប្រេស៊ីលបានចាត់ទុករបកគំហើញនេះថា ជាជោគជ័យ ជាប្រវត្តិសាស្ត្រ ព្រោះកាលពីឆ្នាំទៅ ជំងឺគ្រុនឈាមបានផ្តាច់ជីវិតពលរដ្ឋប្រេស៊ីលអស់ ជាង ៦ពាន់នាក់។ តើថ្នាំវ៉ាក់សាំងប្រឆាំងគ្រុនឈាមរបស់ប្រេស៊ីល មានប្រសិទ្ធភាពយ៉ាងណា?
ប្រេស៊ីលប្រកាសសម្រេចបាននូវសមិទ្ធិផលថ្មីដែលអាចចាត់ទុកបានថា ជាជោគជ័យ ជាប្រវត្តិសាស្ត្រ ក្នុងវិស័យវិទ្យាសាស្ត្រវេជ្ជសាស្ត្រ នោះគឺ ថ្នាំបង្ការជំងឺគ្រុនឈាម ចាក់តែមួយដូស។
អភិវឌ្ឍន៍ដោយវិទ្យាស្ថានButantan នៃក្រុង Sao Paulo ថ្នាំបង្ការជំងឺគ្រុនឈាម បានទទួលការអនុម័តនៅថ្ងៃពុធទី២៦វិច្ឆិកា ពីសំណាក់ទីភ្នាក់ងារសុខាភិបាលជាតិប្រេស៊ីល ឱ្យធ្វើចរាចរណ៍និងប្រើប្រាស់។ ប្រេស៊ីលក៏បានចុះកិច្ចព្រមព្រៀងរួចហើយដែរ ជាមួយក្រុមហ៊ុនចិន Wuxi ដើម្បីអាចផ្គត់ផ្គង់ថ្នាំវ៉ាក់សាំង ចំនួន ប្រមាណ៣០លានដូស នៅរវាងត្រីមាសទីពីរនៃឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់របស់លោកAlexandre Padilha រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រេស៊ីល។
បន្ទាប់ពីឆ្លងកាត់ការសាកល្បងជាច្រើនដំណាក់កាល ស្របតាមបទដ្ឋានស្រាវជ្រាវវេជ្ជសាស្ត្រ ថ្នាំបង្ការ ប៊ូតង់តង់ឌីវី បានចាក់សាកល្បងលើអ្នកស្ម័គ្រចិត្តចំនួន ជាង១៦០០០នាក់ រស់នៅក្នុងរដ្ឋចំនួន១៤របស់ប្រេស៊ីល ក្នុងរយៈពេល៨ឆ្នាំ។ ជាលទ្ធផល ថ្នាំមានប្រសិទ្ធភាពខ្ពស់ ដល់ទៅ ៩១,៦% ប្រឆាំងនឹងទម្រង់ធ្ងន់ធ្ងរនៃជំងឺគ្រុនឈាម។
Butantan DV ផ្សំឡើងដោយវីរ៉ុសរស់នៃគំរូវីរ៉ុសគ្រុនឈាមទាំងបួនប្រភេទ និងអាចចាក់លើគ្រប់បុគ្គលមានអាយុពី១២ទៅ៥៩ឆ្នាំ។ តាមរយៈវ៉ាក់សាំងថ្មី ប្រើតែមួយដូស ប្រេស៊ីលរំពឹងថានឹងអាចពន្លឿន និងសម្រួលយុទ្ធនាការចាក់ថ្នាំបង្ការប្រឆាំងជំងឺគ្រុនឈាមបាន ក្នុងទ្រង់ទ្រាយធំ ព្រោះជំងឺគ្រុនឈាមបាននិងកំពុងផ្ទុះឡើងយ៉ាងខ្លាំង។ ដោយមានអាវុធប្រកបដោយប្រសិទ្ធភាពខ្លាំង ប្រេស៊ីលពេលនេះអាចនឹងកម្ចាតជំងឺដែលបានញាំញីប្រទេសអស់ជាច្រើនទសវត្សរ៍។ នេះជាប្រសាសន៍របស់នាយកវិទ្យាស្ថានButantan Sao Paulo ទៅកាន់អ្នកសារព័ត៌មាន។
នៅឆ្នាំ២០២៤ ជំងឺគ្រុនឈាមបានផ្តាច់ជីវិតពលរដ្ឋប្រេស៊ីលអស់ជាង៦ពាន់នាក់ ឬត្រូវជាជិតពាក់កណ្តាលនៃអត្រាមរណៈដោយជំងឺគ្រុនឈាមនៅទូទាំងពិភពលោក។ ក្នុងកំរិតពិភពលោក ក្នុងមួយឆ្នាំៗ មានករណី កើតជំងឺគ្រុនឈាមប្រមាណពី ១រយទៅ៤រយលាននាក់ និងមានមនុស្សជិត៤ពាន់លាននាក់រស់ក្នុងតំបន់ប្រឈមនឹងជំងឺគ្រុនឈាម ដូចជាអាស៊ីអាគ្នេយ៍ អាហ្វ្រិក អាមេរិកកណ្តាលនិងខាងត្បូង។
២០២៣ ជាឆ្នាំដែលមានករណីគ្រុនឈាមច្រើនជាងគេបំផុត មិនធ្លាប់មាន។ តែករណីកើតជំងឺគ្រុនឈាមអាចនឹងបន្តកើនឡើងរហូត ហើយតំបន់រងគ្រោះហានិភ័យក៏កាន់តែរីកធំដែរ ដោយហេតុបម្រែបម្រួលអាកាសធាតុ។ ការសិក្សារបស់សាកលវិទ្យាStandford ចេញផ្សាយនៅឆ្នាំ២០២៤ បានប៉ាន់ប្រមាណថាការឡើងកម្តៅសីតុណ្ហភាពនៃភពផែនដី មានចំណែកទទួលខុសត្រូវ ១៩% នៃករណីកើតជំងឺគ្រុនឈាមបច្ចុប្បន្ន។
អាចបង្កជាអាការៈក្តៅខ្លួនខ្លាំង ឈឺក្បាល ចុកចាប់សាច់ដុំ ក្អួត និងឡើងកន្ទួលលើស្បែក ហើយអាចបណ្តាលឱ្យស្លាប់បានក្នុងករណីធ្ងន់ធ្ងរខ្លាំង ព្យាបាលមិនទាន់ ជំងឺគ្រុនឈាម មានភ្នាក់ងារចម្លងជាសត្វមូសខ្លា។
មូសខ្លា មិនអាចទ្រាំទ្រនឹងអាកាសធាតុត្រជាក់បានទេ។ តាំងពីដើមមក មូសខ្លា កើតសុះសាយតែក្នុងតំបន់ត្រូពិក មានអាកាសធាតុក្តៅហើយសើម។ តែពេលនេះ មូសខ្លាបានមកដល់អឺរ៉ុប និងដល់តំបនធ្លាប់មានសីតុណ្ហភាពត្រជាក់ល្មមផ្សេងទៀត ដោយសារតែលក្ខខណ្ឌអាកាសធាតុប្រែប្រួល រដូវរងារឡើងក្តៅ រដូវក្តៅកាន់តែក្តៅខ្លាំង។
ជាងនេះទៅទៀតមូសខ្លា ដែលជាភ្នាក់ងារបង្កជំងឺគ្រុនឈាម ហ្ស៊ីកា គ្រុនឈីក គ្រុនលឿង ព្រមទាំងអាចចម្លងវីរ៉ុសដល់ប្រមាណ៥០មុខទៀត នៅពេលចុចខាំមនុស្ស បានបំប្លែងខ្លួន និងចាប់ស៊ាំខ្លាំងនឹងថ្នាំគីមីសម្លាប់សត្វល្អិត មានប្រើនៅលើពិភពលោកបច្ចុប្បន្ន។ ក្នុងមួយឆ្នាំៗ មូសបង្កើតកូនចៅ បន្តបានដល់ទៅ១៥ជំនាន់ ឯណោះ។ ពោលគឺលឿនខ្លាំងណាស់ ហើយ មូសខ្លះមានផ្ទុកហ្សែនបំប្លែង ទើបធ្វើឱ្យសត្វមូសទាំងអស់ធន់ហើយស៊ាំខ្លាំង ជាងមូសជំនាន់មុនៗ។ ចេះបំប្លែង ស៊ាំខ្លាំងនឹងផលិតផលគីមី និងធ្វើដំណើរបានកាន់តែឆ្ងាយ លុកលុយត្រួតត្រាភពផែនដី មូសខ្លា ជាតំណាងនៃការចំណាយដ៏ធំមួយសម្រាប់មនុស្សជាតិ។ ក្នុងរយៈពេល២០ឆ្នាំក្រោយមកនេះ ករណីគ្រុនឈាមបានកើនមួយជាដប់ នៅលើពិភពលោក។
យុទ្ធសាស្ត្រនាពេលបច្ចុប្បន្ន នេះ លែងសូវ មានប្រសិទ្ធភាពប្រឆាំង នឹង សត្វល្អិត...
Duration:00:10:30
កែសម្ផស្ស អាចមានហានិភ័យយ៉ាងណាខ្លះ?
11/26/2025
វិធីកែសម្ផស្សរីកដុះដាលពេញបណ្តាញសង្គម។ ចង់ស្អាត ចង់ល្អ ចង់នៅក្មេង មានស្បែករលោង បបូរមាត់រីក សុដន់ប៉ោង កំប៉េះគូថទយ ត្រគៀកសាយ... ដូចរូបក្នុងបណ្តាញសង្គម មនុស្សសម័យថ្មីមិនខ្លាចនឹងទៅវះកាត់កែសម្ផស្សទេ។ ប៉ុន្តែ រាល់គ្រប់អន្តរាគមន៍ “វះកាត់” ចាក់ជួស សុទ្ធតែមានបង្កប់ហានិភ័យ។ ហើយបើអ្នកកែសម្ផស្សមិនមែនជាគ្រូពេទ្យ មិនបានឆ្លងកាត់ការសិក្សានិងការទទួលស្គាល់ត្រឹមត្រូវពីសំណាក់អាជ្ញាធរជំនាញទេ គ្រោះជួបផលវិបាកធ្ងន់ធ្ងរ និងមិនអាចស្តារបានវិញ មានកាន់តែធំ។
បច្ចុប្បន្នមានមនុស្សកាន់តែច្រើនឡើងៗបានទៅកែសម្ផស្ស កែមុខកែមាត់ កែច្រមុះ ចាក់លុបបំបាត់ស្នាមជ្រួញ ចាក់បំប៉ោងសុដន់ ត្រគៀក ប្តូរទម្រង់បបូរមាត់ ។ល។និង។ល។ ចង់ស្អាត ចង់ក្មេង ចង់មានស្បែកតឹងរលោង តែគ្មានមធ្យោបាយ ឬដើម្បីសំចៃថវិកា អ្នកចង់កែសម្ផស្សខ្លះ មិនខ្លាចនឹងទៅរកជំនួយក្រៅផ្លូវការ ដោយលួចលាក់ខុសច្បាប់ ឬលង់ធ្វើតាមការផ្សព្វផ្សាយរបស់មេពន្យុះតាមបណ្តាញសង្គមទេ។
ប៉ុន្តែគ្រប់ការវះកាត់ រាប់ទាំងការវះកាត់កែសម្ផស្ស ឬចាក់ជួសដោយប្រើផលិតផលផ្សេងៗ ដើម្បីកែសម្ផស្សតាមសេចក្តីត្រូវការ សុទ្ធតែមានបង្កប់ហានិភ័យទាំងអស់ ព្រោះក្នុងវិស័យវេជ្ជសាស្ត្រ គ្មានទេភាពប្រាកដ១០០%។ បើការកែសម្ផស្សធ្វើដោយលួចលាក់ ពីសំណាក់ពេទ្យគ្មានសញ្ញាប័ត្រ គ្មានឆ្លងកាត់ការសិក្សាជំនាញត្រឹមត្រូវទៀត ហានិភ័យមានកាន់តែខ្ពស់ ជាមួយផលវិបាក ជួនធ្ងន់ធ្ងរខ្លាំង និង មិនអាចកែកុនថយត្រលប់ក្រោយទៅរកសភាពដើមបានទេ។
ជាទូទៅ បើនិយាយពីទម្រង់នៃការវះកាត់កែសម្ផស្ស ក្រោមហេតុផលចង់ល្អ ឬដោយមូលហេតុសុខភាព គ្មានទេហានិភ័យដល់ជីវិត។ មានន័យថា គេមិនអាចស្លាប់ដោយសកម្មភាពវះកាត់កែសម្ផស្សឡើយ ប៉ុន្តែអ្នកជំងឺអាចបាត់បង់ជីវិតប្រសិនបើការវះកាត់ជួបបញ្ហាស្មុគស្មាញ និងមិនអាចសង្គ្រោះបានទាន់ពេលវេលា ដូចជាករណីមានការហូរឈាមខ្លាំង ឬករណីស្ទះសរសៃឈាមនៅសួត។ ជាករណីកម្រខ្លាំងមែន តែមិនអត់សោះនោះឡើយ។
ហានិភ័យខ្លះទៀត កើតមានជាលក្ខណៈរួម ក្នុងគ្រប់ឬស្ទើរគ្រប់អន្តរាគមន៍កែសម្ផស្សទាំងអស់។ នោះគឺ ការជាំដក់ឈាមប៉ោងជាថ្នក់ ដែលខុសពីសភាពជាំលើស្បែកពេលបុកឬប៉ះទង្គិច។ ការជាំដក់ឈាមនេះ អាចធ្ងន់ធ្ងរដល់ថ្នាក់ចាំបាច់ត្រូវបញ្ជូនទៅវះចាក់បង្ហូរឈាមចេញ ក្នុងករណីភាគច្រើន។
ការបង្ករោគ ក្រោយការវះកាត់។ ជាករណីកាន់តែកម្រឡើងៗ ដោយសារគ្រូពេទ្យជំនាញមានការប្រុងប្រយ័ត្នខ្ពស់ និងយល់ពីវិធានការរក្សាអនាម័យក្នុងបន្ទប់វះកាត់។ តែយ៉ាងណាក៏ផលវិបាកនេះនៅតែអាចកើតមានបាន។ មនុស្សម្នាក់ៗមានសាច់ខុសគ្នា ខ្លះឆាប់សះស្នាមវះកាត់ ខ្លះត្រូវការពេលវេលាយូរ។ កន្លែងវះកាត់កែសម្ផស្សខ្លះក្រជា កន្លែងខ្លះទៀតក៏ឆាប់ ដោយបន្សល់ទុកនូវស្នាមផ្លែ ដែលជាហេតុធ្វើឱ្យមើលឃើញ មើលដឹងថាមានការកែសម្ផស្ស។ នេះនៅមិនទាន់រាប់អំពីផលវិបាកធំមួយទៀត គឺ ក្រោយការវះកាត់កែសម្ផស្សចប់សព្វគ្រប់ លទ្ធផលជាក់ស្តែងមិនដូចក្តីស្រមៃចង់បាន។
ក្រៅអំពីហានិភ័យរួម អន្តរាគមន៍កែសម្ផស្សខ្លះ អាចនាំផលវិបាកពិសេស ដូចជា បាត់បង់ភាពរសើបលើស្បែក (ស្ពឹកស្បែក) មួយរយៈ អាចពីបីបួនសប្តាហ៍ឬដល់រាប់ខែ តែជួនស្ពឹកអស់មួយផ្នែកតែម្តង។ ករណីពិសេសនេះ ច្រើនកើតឡើងក្រោយពេលវះកាត់ដាក់សុដន់សិប្បនិម្មិត វះកាត់ធ្វើរាងឱ្យស្វែល ដោយកាត់ខ្លាញ់ពោះ ស្បែកយារក្រោមដើមដៃ នៅភ្លៅ ឬវះកាត់កែមុខ ធ្វើចង្ការព្រែក។
អ្នកមានជំងឺទឹកនោមផ្អែម ជំងឺរ៉ាំរ៉ៃជាប់នឹងខ្លួន សុទ្ធសឹងជាអ្នកងាយរងហានិភ័យខ្ពស់ក្នុងការវះកាត់កែសម្ផស្ស ដែលមិនគួរធ្វេសប្រហែសទេ។ ជាចុងក្រោយ ហានិភ័យនៃការវះកាត់ដែលគ្រប់គ្នាខ្លាចនិងព្រួយជាងគេ គឺការចាក់ថ្នាំសន្តំ។ ថ្នាំសន្តំបច្ចុប្បន្ន ទោះក្នុងការវះកាត់ជំងឺធម្មតា ឬជំងឺសម្ផស្ស មានប្រសិទ្ធភាពកាន់តែខ្ពស់ផ្តល់ផលរំខានតិចតួចបំផុត។ ហានិភ័យមិនភ្ញាក់មកវិញ សឹងតែគ្មានទេ។ តែបុគ្គលខ្លះអាចមានប្រតិកម្មនឹងថ្នាំសន្តំ ហើយតើអ្នកចាក់ថ្នាំសន្តំជាគ្រូពេទ្យជំនាញពិតឬយ៉ាងណា?! នៅប្រទេសបារាំង ការវះកាត់កែសម្ផស្ស ខុសច្បាប់ ដោយមានប្រើថ្នាំសន្តំសន្លប់ទាំងស្រុង មានកើនឡើងច្រើន ចំពោះករណីកែបំប៉ោងសុដន់ កាត់ត្របកភ្នែក កែច្រមុះនិងសម្រករាង។
ចុះការកែសម្ផស្សដោយការចាក់ផលិតផលវិញតើអាចបង្កផលវិបាកអ្វីខ្លះ?
ការកែសម្ផស្សមានពីរទម្រង់ ៖ ដោយការវះកាត់ មានប្រើថ្នាំស្ពឹក ឬថ្នាំសន្តំ និងដោយការចាក់លើស្បែកមុខ បបូរមាត់ ឬកន្លែងមានស្នាមជ្រីវជ្រួញ។...
Duration:00:09:20
គុណសម្បត្តិពិសេសនៃគ្រឿងទេស សម្រាប់សុខភាព
11/21/2025
រមៀត ខ្ញី ម្រេច ម្ទេស... គ្រឿងទេស មានគុណប្រយោជន៍សម្រាប់សុខភាពច្រើនណាស់ ដូចជាសម្រាប់ប្រឆាំងនឹងបាក់តេរី ប្រឆាំងនឹងការរោលរលាក ទល់ឬហើមពោះ។ បើចេះផ្សំប្រើ គ្រឿងទេសមិនត្រឹមតែជួយលើករសជាតិម្ហូបអាហារទេ តែអាចកាត់បន្ថយការប្រើអំបិល និងស្ករ បានទៀត។
ពីអាមេរិកឡាទីន ទៅចិន កាត់តាមអាហ្វ្រិក និងឥណ្ឌា ការទទួលទានអាហារហឹរ ជាវប្បធម៌ប្រពៃណីរបស់ប្រទេសនីមួយៗ។ ម្រេច ម្ទេស ខ្ញី ខ្ទឹម ឈើអែម គ្រាប់វ៉ាន់ស៊ុយ រមៀត ឈ្មោះគ្រឿងទេសប្រើក្នុងម្ហូបអាហារ បើចងក្រងជាបញ្ជីពិតជាវែងខ្លាំងណាស់។ អាស្រ័យទៅតាមវប្បធម៌ និងអាកាសធាតុ ចំណូលចិត្តប្រើគ្រឿងទេសអាចខុសគ្នា ពីតំបន់មួយទៅតំបន់មួយ ពីទ្វីបមួយទៅទ្វីបមួយ។ ប៉ុន្តែគេអាចចែកគ្រឿងទេសជាក្រុម ទៅតាមប្រភេទនៃចំណូលចិត្តទទួលទាន។
ឈើអែម វ៉ាន់នីឡា ជាប្រភេទគ្រឿងទេសស្រទន់ ដែលពាំនាំមកនូវរសជាតិផ្អែម និងក្រអូប
ម្ទេស ម្រេច ខ្ញី ជាប្រភេទគ្រឿងទេសក្តៅ ជួយលើករសជាតិម្ហូបអាហារឱ្យមុតល្អ និងហឹរ
រមៀត ជាប្រភេទគ្រឿងទេសល្វីងចត់ ដែលអាចផ្តល់លំនឹងដល់រសជាតិរបស់ម្ហូបកុំឱ្យមុតពេក។
បន្សំគ្រឿងទេស បង្កើនគុណប្រយោជន៍
ទោះស្ថិតនៅក្នុងក្រុមណាក៏ដោយ ក៏គ្រឿងទេស មានគុណសម្បត្តិច្រើន។ ប៉ុន្តែត្រូវចេះប្រើឱ្យបានត្រឹមត្រូវ។ តាំងពីបូរាណកាលមក មនុស្សលោកធ្វើដំណើរឆ្លងទ្វីប ឆ្លងមហាសមុទ្ទ ដើម្បីស្វែងរកគ្រឿងទេសមកធ្វើម្ហូប និងព្យាបាលជំងឺ។ ជាច្រើនសតវត្សរ៍កន្លងមកនិងរហូតមកទល់ថ្ងៃនេះ គ្រឿងទេសនៅតែជាចំណាប់អារម្មណ៍របស់អ្នកស្រាវជ្រាវវេជ្ជសាស្ត្រក៏ដូចជាអ្នកជំនាញផ្នែកអាហារូបត្ថម្ភ។
សម្រាប់អ្នកជំនាញផ្នែកអាហារូបត្ថម្ភ គុណសម្បត្តិទីមួយនៃគ្រឿងទេស គឺជួយកាត់បន្ថយជាតិប្រៃ ជាតិផ្អែម ខ្លាញ់ តែម្ហូបអាហារមានឱជារសខ្ពស់។ គ្រឿងទេសជាប្រភពផ្តល់រសជាតិ និងជាប្រភេទអាហារបន្ថែម ព្រោះគ្រឿងទេសមានផ្ទុកសមាសធាតុល្អៗច្រើនសម្រាប់សុខភាព។ នេះបើតាមការគូសបញ្ជាក់របស់អ្នកស្រី Nathalie Hutter-Lardeau ជាអ្នកជំនាញផ្នែកអាហារូបត្ថម្ភម្នាក់នៅប្រទេសបារាំង។
គ្រឿងទេសខ្លះ មានគុណសម្បត្តិខ្ពស់ខ្លាំងមែនទែនសម្រាប់សុខភាព ជាពិសេសរមៀត។ ដុះច្រើននៅអាស៊ីអាគ្នេយ៍ ឥណ្ឌាប្រើរមៀត តាំងពីជាងពីរពាន់ឆ្នាំមកហើយ។ ពេលនេះ អ្នកស្រាវជ្រាវបារាំងកំពុងពិសោធន៍រមៀតសម្រាប់ជួយព្យាបាលជំងឺមហារីកខ្លះ មានជាអាទិ៍មហារីកសុដន់ និងមហារីកប្រូស្តាត។ លទ្ធផលនៃការសិក្សាបឋម មានលក្ខណៈគួរទីសង្ឃឹម ដោយបានបង្ហាញថា ការទទួលទានរមៀតជាថ្នាំ (ម្សៅរមៀតបន្សុទ្ធខ្លាំងយកតែកំហាប់ធាតុសកម្ម) មុន-ក្រោយ និងទន្ទឹមពេលចាក់ថ្នាំគីមី បានជួយលើកតម្កើងប្រសិទ្ធភាពថ្នាំព្យាបាល និងជួយបន្ថយឥទ្ធិពលកំណាចរបស់កោសិកាមហារីកបាន៥៩%សម្រាប់អ្នកជំងឺមហារីកប្រូស្តាត និង៤០%សម្រាប់អ្នកជំងឺមហារីកសុដន់។
គ្រឿងទេសដូចយ៉ាងរមៀតនេះមានគុណសម្បត្តិខ្ពស់សម្រាប់សុខភាពហើយ ហើយកាន់តែខ្ពស់និងប្រសើរទៀតថែមទៀត ប្រសិនបើគេប្រើរមៀតលាយជាមួយគ្រឿងទេសផ្សេងទៀត។ បើតាមមេចុងភៅOlivier Roellinger និង អ្នកជំនាញផ្នែកអាហារូបត្ថម្ភ Hutter-Lardeau រមៀតស៊ីចង្វាក់ខ្លាំងនឹងម្រេច។ មានផ្ទុកអង់ទីស៊ីដង់ក៏ខ្លាំងក្លាដែលអាចប្រយុទ្ធប្រឆាំងនឹងភាពចាស់ជរានៃកោសិកា ហើយបើបានប្រើលាយជាមួយម្រេចទៀត រមៀតកាន់តែមានមហិទ្ធិឫទ្ធិកាន់តែខ្ពស់ខ្លាំងប្រឆាំងនឹងមហារីក ព្រោះម្រេចក៏ជាគ្រឿងទេសមានគុណសម្បត្តិខ្លាំងផ្នែកប្រឆាំងបាក់តេរីនិងផ្នែកបំបាត់ការឈឺចាប់។
ចំណែក ឈើអែម ដែលផ្តល់រសជាតិផ្អែម មានសមាសធាតុស្រដៀងនឹងអាំងស៊ុយលីន អាចជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម និងជាតិស្ករក្នុងឈាមបាន។ មានប្រភពនៅប្រទេសស្រីលង្កា និងប្រើជាថ្នាំតាំងពីជាង៥ពាន់ឆ្នាំមក ក្បួនបូរាណរបស់គម្ពីរវេទ។ ឈើអែម ជាគ្រឿងទេសឱសថមានអំណាចសម្លាប់មេរោគ មានសកម្មភាពជាបង់បិតក្រពះ បិតប្រព័ន្ធរំឡាយអាហារនៅពេលរោគរលាក និងក៏ជាស្តេចផ្នែកអង់ទីស៊ីដង់ដែរ។ បើប្រើវាលាយជាមួយនឹងវ៉ាន់នីឡាដែលសមត្ថភាពជួយបន្ធូរបន្ថយភាពតានតឹងទៀត គេនឹងទទួលបានកម្លាំងអង់ទីស៊ីដង់យ៉ាងខ្ពស់ត្រដែតតែម្តងសម្រាប់ពង្រឹងសុខភាព។
គុណសម្បត្តិនិងគុណវិបត្តិនៃម្ទេស
សម្រាប់អ្នកចូលចិត្តរសជាតិហឹរ បានបរិភោគម្ទេសនឹងធ្វើឱ្យបាយម្ហូបឆ្ងាញ់ តែសម្រាប់អ្នកមិនចូលឬមិនចេះហឹរ ជាទណ្ឌកម្ម។ ទោះជាយ៉ាងដូច្នេះក្តី ក៏នៅតែមានមនុស្សចង់សាក និងចង់ភ្លក់។ ក្នុងទម្រង់ជាគ្រឿងទេស ដែលត្រូវបានគេសម្ងួតទាំងមូល ឬកិនឱ្យម៉ត់...
Duration:00:07:27
ភេសជ្ជៈផ្អែមប៉ូវកម្លាំងអាចបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងណា?
11/14/2025
នៅថ្ងៃទី៣វិច្ឆិកា សប្តាហ៍មុន លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែត បានបញ្ជាឱ្យក្រសួងអប់រំ ពង្រឹងវិធានការហាមឃាត់ការលក់ ចែកចាយ ផ្សព្វផ្សាយ និងទទួលទានភេសជ្ជៈផ្អែម នៅក្នុងសាលារៀនរដ្ឋនិងឯកជន ដើម្បីលើកកម្ពស់សុខភាព។ តើភេសជ្ជៈផ្អែម ឬនិយាយជារួម ជាតិស្ករ បង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងណា?
ប្រៃធ្វើឱ្យឡើងឈាម ខ្លាញ់ធ្វើធាត់ ចុះផ្អែម? បើមិនឱ្យបរិភោគចេកមួយអាទិត្យក៏មិនអី ! មិនបរិភោគសាច់ក្រកមួយខែក៏បាន! ឱ្យតមគ្រាប់ស្វាយចន្ទីកន្លះខែ គ្មានអ្វីលំបាកសោះ! ចុះបើត្រូវខ្វែងឈប់បរិភោគគ្រឿងផ្អែម ភេសជ្ជៈផ្អែម ប៉ូវកម្លាំង តើអ្នកធ្វើបានទេ?! ចម្លើយតាមបែបវិទ្យាសាស្ត្រវេជ្ជសាស្ត្រ បើមិនទទួលទានជាតិផ្អែមសោះ អ្នកនឹងមានអារម្មណ៍មួរហ្មង ខ្វល់ខ្វាយ បាក់ទឹកចិត្ត មានវិបត្តិដំណេក ប្រៀបដូចជាខ្វះជាតិញៀនអ្វីម្យ៉ាងដូច្នោះ។
មានមនុស្សច្រើនណាស់ ដែលចូលចិត្តស្ករសូកូឡា ស្ករគ្រាប់ ការ៉េម គ្រឿងផ្អែមៗ ... យុវជនយុវនារី ក្មេងជំទង់ស្រីប្រុសសម័យថ្មី វក់វីនឹងភេសជ្ជៈផ្អែម ភេសជ្ជៈប៉ូវកម្លាំង យ៉ាងខ្លាំង... ពេញនិយមពេក រហូតមិនខ្វល់ មិនបានគិតផងថាជាតិស្ករផ្អែម ក្នុងអាហារទាំងអស់នេះ អាក្រក់សម្រាប់សុខភាព។
ចំណីអាហារ នំ មានជាតិផ្អែម ឬនិយាយជាទូទៅ ស្ករ បង្កឱ្យមានដង្កូវស៊ីធ្មេញ ជំងឺរលាករ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែម ជំងឺថ្លើម ជំងឺសម្ពាធឈាម ជំងឺសរសៃឈាមបេះដូង ឬជំងឺធាត់ និងមានឥទ្ធិពលខ្លាំងណាស់ទៅលើខួរក្បាល។ បើមានទោសច្រើនម្លឹងៗ ហេតុអ្វីបានជាគេនាំគ្នាផលិតនិងនៅតែបន្តបរិភោគស្ករទៀត?
មាននាទីជាអ្នកចុចភ្ជោចប្រព័ន្ធប្រសាទខួរក្បាលផ្នែករីករាយទទួលបានទទួលរង្វាន់ ស្ករជាតិផ្អែម ស្ករ ប្រៀបដូចជាគ្រឿងញៀន ដាក់ចូលមាត់កាលណា ស្ករ នឹងទៅរំញោចរំដោះអរមូនដូប៉ាមីន ដែលជាអរមូនរីករាយ។ ដូច្នេះកាន់តែញ៉ាំច្រើន យើងកាន់តែចូលចិត្ត ចង់បរិភោគទៀត។ ក្រុមហ៊ុនឧស្សាហកម្មចំណីអាហារបានយល់អំពីបាតុភូតនៃគ្រឿងញៀនស្រទន់នេះ ទើបលួចបញ្ចូលជាតិផ្អែមស្ករ ទៅក្នុងផលិតផលចំណីអាហារទាំងឡាយ រាប់ទាំងអាហារប្រៃផង។
ជាលទ្ធផល មនុស្សសម័យបច្ចុប្បន្ន បរិភោគស្ករ ច្រើនហួសកំរិតដែលបេះដូងអាចទ្រាំទ្របាន។ បើតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក មនុស្សម្នាក់ៗត្រូវការស្ករបន្ថែមប្រមាណ២៥ក្រាមក្នុងមួយថ្ងៃ ឬស្មើនឹង៦ស្លាបព្រាកាហ្វេ។ តែភេសជ្ជៈផ្អែមមួយកំប៉ុង៣៣០មីល្លីលីត្រ មានផ្ទុកជាតិស្ករលើសសេចក្តីណែនាំរបស់ភ្នាក់ងារសហប្រជាជាតិស្រេចបាត់ទៅហើយ។
ជាងនេះទៅទៀត ជាតិផ្អែម ស្ករនៅក្នុងភេសជ្ជៈ ជាប្រភេទស្ករមានសកម្មភាពលឿន ដែលអាចជ្រៀបចូលក្នុងសរីរាង្គបានយ៉ាងលឿនរហ័ស ជាហេតុធ្វើអត្រាជាតិស្ករក្នុងឈាម បុកឡើងខ្ពស់ ក្នុងពេលតែមួយប៉ប្រិចភ្នែក។
ភេសជ្ជៈប៉ូវកម្លាំង តើវាពិតជាជួយលើកកម្លាំងមែនឬ?
ភេសជ្ជៈផ្អែមមានច្រើនម៉ាក ច្រើនទម្រង់ណាស់ ដាក់លក់យ៉ាងពោរពាស ក្នុងហាង ក្នុងតូប គ្រប់ទិសទីទាំងអស់។ ទីផ្សារភេសជ្ជៈប៉ូវកម្លាំងបានស្ទុះឡើងយ៉ាងខ្លាំង និងប្រមូលចំណូលបានច្រើនណាស់ ដល់ទៅជាង៦០០លានអឺរ៉ូនៅឆ្នាំ២០២៤នៅប្រទេសបារាំង។ ក្មេងៗជាផ្ទាំងស៊ីបនេះភេសជ្ជៈនេះខ្លាំងជាងគេ ព្រោះអ្នកទទួលទានចំនួនជាងពាក់កណ្តាល មានអាយុប្រមាណពី១៨ទៅ៣៥ឆ្នាំ។ ប៉ុន្តែមិនដូចការផ្សព្វផ្សាយពាណិជ្ជកម្ម ភេសជ្ជៈប៉ូវកម្លាំង នេះ ជាគ្រាប់បែកស្ករប្រឆាំងសុខភាព ជាភេសជ្ជៈផ្តល់ថាមពលប្រហោង។
ហេតុដូច្នេះហើយបានជាសំឡេងប្រឆាំងបានផ្ទុះលាន់ឡើងនៅសភាបារាំង។ នៅថ្ងៃសុក្រទី៧វិច្ឆិកា សភាបារាំងបានអនុម័តច្បាប់យកពន្ធលើភេសជ្ជៈផ្អែម ប៉ូវកម្លាំង មានជាតិអាល់កុល ក្នុងកម្មវត្ថុរារាំងការដុះដាលនៃទីផ្សារភេសជ្ជៈផ្អែមថ្មី មានជាតិរំញោចរំភើប និងជាតិស្ករ ហើយដែលអាចយកទៅលាយជាមួយស្រាខ្លាំង។
គ្រប់គ្នាសុទ្ធតែដឹងថាសុរា ឬអាល់កុល អាក្រក់ចំពោះសុខភាព ថាជាកត្តានាំឱ្យ មានគ្រោះកើតជំងឺមហារីក ជំងឺសរសៃឈាមបេះដូង ជំងឺនៅប្រព័ន្ធរំលាយអាហារ (ក្រពះពោះវៀន) ព្រមទាំងអាការៈជំងឺស្រាលៗជាច្រើនដូចជា អស់កម្លាំងរ៉ាំរ៉ៃ មានវិបត្តិដំណេក វិបត្តិខួរក្បាលឬការចងចាំ។ ចំណែកភេសជ្ជៈប៉ូវកម្លាំង មានជាតិផ្អែម ស្ករខ្ពស់ហើយ មានសារធាតុរំញោចញ័រច្រើនមុខទៀត។
គ្រោះថ្នាក់ខ្លាំងបំផុតនៃភេសជ្ជៈប៉ូវកម្លាំង គឺជាតិស្ករ ដែលជាថ្នាំពុលសម្រាប់សរីរាង្គកាយ ដោយបំផុសឱ្យមានភាពច្របូកច្របល់បាត់សណ្តាប់ធ្នាប់ក្នុងខ្លួន។ ក្នុងមួយកំប៉ុង ២៥០ម.ល. មានជាតិស្ករដល់ទៅប្រមាណ២៧ក្រាម ឬត្រូវជាប្រមាណ ៥ទៅ៩ដុំ (៩កញ្ចប់ស្ករកាហ្វេ)។...
Duration:00:08:23
ម្សៅកូនក្មេង មានគុណសម្បត្តិនិងគុណវិបត្តិចំពោះសុខភាពយ៉ាងណា?
11/5/2025
ម្សៅកូនក្មេង ហុយៗពណ៌ស ក្រអូបឈ្ងុយ ដែលមានប្រើស្ទើរគ្រប់ផ្ទះ សម្រាប់លាបលើស្បែកទារកបង្ការភាពរលាក ឬសម្រាប់លើកសម្ផស្សការពារស្បែកចំពោះមនុស្សធំ ឬសម្រាប់លាបដៃរបស់អ្នកកីឡាលើកអាល់ទែ ។ល។ និង។ល។ ជាអ្វី? តើម្សៅដែលយើងទម្លាប់ហៅថាម្សៅកូនក្មេងនេះ មានអត្ថប្រយោជន៍ និងគ្រោះថ្នាក់យ៉ាងណាសម្រាប់សុខភាព?
លោកអ្នកប្រហែលនៅចាំបាន ការផ្សាយពាណិជ្ជកម្មម្សៅកូនក្មេង កាលពីប្រមាណ១០-២០ឆ្នាំមុន។ ពេលនោះ ម្សៅកូនក្មេង ពណ៌ស ក្រអូបឈ្ងុយ សឹងអាចចាត់ទុកថាជារបស់មិនអាចខ្វះបាន នៅក្នុងគ្រប់ផ្ទះ មិនមែនត្រឹមតែនៅផ្ទះដែលមានកូនទើបនឹងកើតទេ។ មនុស្សចាស់ មនុស្សធំ ក៏ធ្លាប់និងនៅបន្តប្រើម្សៅនេះច្រើនដែរ។ តើម្សៅនេះជាអ្វី?
ផ្សំឡើងដោយសមាសធាតុស៊ីលីកាត ដឺម៉ាញេស្យូម (រ៉ែក្នុងចង្កោមគ្រួសារដីឥដ្ឋ) ម្សៅកូនក្មេង ឬម្សៅTalc បើហៅតាមភាសាបារាំង មានប្រើតាំងពីបុរណបុរាណកាលដ៏យូរលង់មកហើយ នៅទូទាំងពិភពលោក មិនថានៅប្រទេសបារាំង នៅប្រទេសផ្សេងឬកម្ពុជាទេ។ ម្សៅTalc មានគុណសម្បត្តិពិសេស ខាងស្រូបជាតិសើម និងបំបាត់ក្លិន បំបាត់សំណើម ប្រឆាំងនឹងភាពកកិត ព្រមទាំងជួយស្បែកឱ្យមានភាពទន់ល្មើយទៀត។ គេសង្កេតឃើញមានការប្រើប្រាស់ម្សៅនេះជាពិសេស ចំពោះក្មេងតូច ទើបខ្មែរប្រើពាក្យថាម្សៅកូនក្មេង សម្រាប់រោយលាបនៅលើកំប៉េះគូថកូនងារ តាមគន្លាក់ដៃគន្លាក់ជើង តាមផ្នត់ស្បែក ក្រលៀន ក្រោមឃ្លៀករបស់ទារក ដើម្បីកុំឱ្យមានសំណើម និងភាពស្អិត និងដើម្បីបញ្ចៀសគ្រោះរលាកតាមស្នាមភ្លីស្បែកទាំងអស់នោះ។ ខ្លះទៀត បានយកម្សៅកូនក្មេងនេះទៅចាក់ក្នុងស្បែកជើង លាបជើងដើម្បីបំបាត់ក្លិន ឬដើម្បីសម្អាត បំបាត់ស្នាម ដោយចាក់ម្សៅលើក្រណាត់ប្រលាក់សារធាតុខ្លាញ់។ល។ និង។ល។
និយាយជារួម ក្រៅអំពីបម្រើនៅក្នុងផ្ទះ ជាប្រចាំថ្ងៃ ម្សៅតាល់ ក៏ជាគ្រឿងផ្សំសម្រាប់លើកសម្រស់ ជាគ្រឿងសំអាង បន្ទន់ស្បែក ឱ្យឡើងរលោង ទន់ល្អ ដូចស្បែកកូនក្មេង និងសាប៊ូកក់សក់ស្ងួត សម្រាប់ប្រឆាំងនឹងអាការៈឡើងខ្លាញ់សេប៊ុមនៅក្បាល និងសម្រាប់បង្កើនទម្ងន់សក់ ដោយយកម្សៅនេះទៅដាក់រោយលាបតាមជើងសក់ រួចច្របាច់ស្បែកក្បាលឱ្យសព្វដោយឱនក្បាល រួចងើបរលាស់ឡើងវិញជាការស្រេច។ វិស័យឧស្សាហកម្ម ក៏មានប្រើម្សៅតាក់នេះច្រើនដែរ។
ប៉ុន្តែម្សៅកូនក្មេងនេះក៏មានគុណវិបត្តិច្រើនដែរ និងធ្លាប់ឆ្លងកាត់រឿងអាស្រូវម្តងជាពីរម្តង។ នៅទសវត្សរ៍ឆ្នាំ១៩៧០ ឆ្នាំដែលមានប្រើម្សៅកូនក្មេងច្រើនខ្លាំង និងយ៉ាងពេញនិយមបំផុតនៅលើពិភពលោកនោះ ក៏ជាឆ្នាំដែលផ្ទុះរឿងអាស្រូវ និយាយជាលើកទីមួយ អំពីគ្រោះថ្នាក់នៃផលិតផលម្សៅតាល់ចំពោះសុខភាព។ កាលណោះម្សៅតាល់ជាប់ចោទ ថាមានផ្ទុកបាក់តេរីកំណាចចម្លងទៅទារកដែលប្រើម្សៅតាល់ ឱ្យមានជំងឺក្បាលធំ និងស្លាប់អស់ជាច្រើននាក់។ នៅឆ្នាំ១៩៨២ ក្រុមហ៊ុនឱសថអាមេរិក Johnson & Johnson បានទទួលស្គាល់
ជាលើកទីមួយដែរ អំពីគ្រោះថ្នាក់នៃផលិតផលម្សៅតាល់ ចំពោះសុខភាពទារក នៅពេលប្រើមិនត្រឹមត្រូវ តាមតំបន់រសើបៗងាយរងគ្រោះ។ នៅពេលនោះ ក្រុមហ៊ុននិងអាជ្ញាធរបានពន្យល់ថា គ្រោះថ្នាក់មិនមែនបង្កឡើងដោយសារធាតុរ៉ែតាល់ទេ គឺមកពីមានដីនៅតំបន់ជីកយករ៉ែតាល់នោះ ជាតិពុលផ្សេងទៀត ដូចយ៉ាងសារធាតុ អាមីញង់ ហើយដោយជាប់មកជាមួយ ទើបម្សៅតាល់អាចបង្កគ្រោះថ្នាក់ដល់សុខភាព។ ដូច្នេះគេនៅតែអាចបន្តប្រើម្សៅតាល់បាន ប្រសិនបើគេដឹងប្រភពច្បាស់លាស់នៃរ៉ែតាល់ ដែលបើសុទ្ធល្អជាតាល់១០០% មិនជីកចេញពីទីតាំងភូមិសាស្ត្រមានជាតិពុលផ្សេងទេ នឹងគ្មានគ្រោះថ្នាក់ឡើយ។ ប៉ុន្តែតើធ្វើម្តេចនឹងដឹងថាម្សៅកូនក្មេងនោះ ធ្វើរ៉ែតាល់សុទ្ធគ្មានប្រលាក់ប្រលូសជាតិពុលផ្សេង?! នេះហើយជាបញ្ហា។
នៅឆ្នាំ២០២៤ រឿងអាស្រូវតាល់បានផ្ទុះឡើងកាន់តែធំ ជាថ្មីម្តងទៀត។ ការសិក្សារបស់ក្រុមអ្នកជំនាញនៃមជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីកអន្តរជាតិ ដែលជាស្ថាប័នរបស់អង្គការសុខភាពពិភពលោក បានចេញផ្សាយនិងប្រកាសតែម្តង នៅថ្ងៃទី៧កក្កដា ២០២៤ ក្នុងទំព័រទស្សនាវដ្តីវិទ្យាសាស្ត្រដ៏ល្បីល្បាញ The Lancet Oncology ចាត់ទុក រ៉ែធម្មជាតិTalc ថាជាភ្នាក់ងារអាចបង្កជំងឺមហារីក សម្រាប់មនុស្ស។ អ្នកស្រាវជ្រាវបានលម្អិតថា តាមរយៈ ការបូកផ្សំភស្តុតាងជាច្រើនទៅ គេអាចសន្និដ្ឋានបានថាការប្រឈមនឹងសារធាតុតាល់ ជាគ្រោះមានកំរិត អាចនាំឱ្យមានជំងឺមហារីកនៅសរីរាង្គស្បូន សម្រាប់មនុស្ស តែគ្រប់គ្រាន់នឹងធ្វើឱ្យសត្វក្នុងមន្ទីរពិសោធន៍ឈឺមហារីកបាន។
បើតាមអ្នកជំនាញ ពាក្យថាប្រឈមនឹងជាតិរ៉ែតាល់ គឺអាចជាការប្រឈម នៅពេលគាស់...
Duration:00:08:42
ស្រុតស្បូន មិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ តែកុំប្រហែស
10/30/2025
មានអារម្មណ៍ថាធ្ងន់ស្រយ៉ុងនៅផ្នែកខាងក្រោមនៃពោះ ... នេះអាចជាអាការៈស្រុតសរីរាង្គណាមួយនៅអាងត្រគៀក។ សម្រាប់ស្ត្រី សរីរាង្គដែលងាយស្រុតនិងលូនចេញមកក្រៅជាងគេ គឺស្បូន។ ហេតុអ្វីសរីរាង្គទាំងនេះស្រុត ? តើមានមធ្យោបាយទប់ស្កាត់ និងព្យាបាលយ៉ាងណា?
ស្រុតសរីរាង្គ ជាអាការៈចុះខ្សោយខុសប្រក្រតីនៃសរីរាង្គណាមួយនៅតំបន់អាងត្រគៀក ដូចជាប្លោកនោម ស្បូន ឬពោះវៀនទ័ល (ថង់លាមក) ដែលតម្រៀបតគ្នាជាថ្នាក់ៗនាំឆ្ពោះទៅទ្វារតូច (រន្ធនោម) រន្ធភេទសម្រាប់រួមរក្សនិងបង្កើតកូន និងរន្ធលាមក (ទ្វារធំ)។ មានទម្ងន់គួរសម តាមធម្មតា សរីរាង្គនៅក្នុងអាងត្រគៀក អាចឈរជាប់ដោយមានសរសៃសាច់ដុំនិងសរសៃពួរខាងក្នុង នៅបាតអាងត្រគៀក ចងប្រទាក់គ្នាជាទម្រ។
ប៉ុន្តែនៅពេល សរសៃចង និងប្រព័ន្ធសាច់ដុំក្នុងអាងត្រគៀកនោះ យារ រលា ឬចុះខ្សោយ សរីរាង្គទាំងនោះ មិនអាចនៅជាប់ត្រង់កន្លែងដើមដ៏ត្រឹមត្រូវទេ ដោយបាតុភូតនៃទំនាញផែនដី វាត្រូវតែធ្លាក់ចុះមកក្រោម។ ដូច្នេះហើយទើបគេប្រើពាក្យថា ស្រុតសរីរាង្គ ឬ prolapsus ជាភាសាបារាំង។ ស្បូន ប្លោកនោម ពោះវៀនទ័ល ជាសរីរាង្គងាយស្រុតជាងគេ។ ផ្នែកវេជ្ជសាស្ត្រ បែងចែងការស្រុតសរីរាង្គជាបួនដំណាក់កាល។ ទីមួយ ជាការស្រុតចុះខុសកន្លែងដើម តែនៅក្នុងអាងត្រគៀកដដែល និងទីបួន ជាករណីធ្ងន់ធ្ងរខ្លាំង សរីរាង្គដូចយ៉ាង ស្បូន អាចស្រុតធ្លាក់ខ្លាំង រហូតរុលចេញមកផ្នែកខាងក្រៅតែម្តងផង ដែលបណ្តាជនខ្មែរមានទម្លាប់ហៅថាស្បូនលូន។
តាមការពិត បុរសក៏អាចជួបករណីស្រុតសរីរាង្គនេះដែរ តែការលូនលៀនចេញមកក្រៅតាមរន្ធគូថ និងជាករណីកម្រខ្លាំងណាស់។ ស្ត្រីទើបជាជនងាយរងគ្រោះខ្លាំងជាងគេ ជាពិសេសស្ត្រីចាប់ពីអាយុ៥០ឆ្នាំឡើងទៅ ព្រោះតែច្រកទ្វារមាសរបស់ស្ត្រីជាតំបន់ខ្សោយ ងាយរងគ្រោះ។ បើតាមការចុះផ្សាយក្នុងទំព័រអ៊ីនធ័រនែតរបស់មន្ទីរពេទ្យកាល់ម៉ែត្រ ស្ត្រីខ្មែរប្រមាណ៣០% ជួបបញ្ហាស្រុតស្បូន នៅពេលចូលវ័យចំណាស់និងអស់រដូវ។ អត្រាស្ត្រីមានវិបត្តិស្រុតស្បូន បានឡើងដល់៤៩,៧% នៅអាយុចាប់ពី៨០ឆ្នាំឡើងទៅ និងប្រមាណដល់ទៅ ៩,៧%ដែរ ចំពោះស្ត្រីវ័យក្មេងចន្លោះពី២០ទៅ៣០ឆ្នាំ។ នេះបើតាមតួលេខរបស់មន្ទីរពេទ្យកាល់ម៉ែត្រដដែល។
ហេតុអ្វីស្បូនស្រុត?
សរសៃនិងសាច់ដុំនៃតំបន់អាងត្រគៀកដែលមានភារៈទ្រទ្រង់សរីរាង្គក្នុងអាងត្រគៀក ដូចយ៉ាងស្បូនជាដើមនេះ អាចនឹងយារ ឬរលា ហើយចុះខ្សោយ ដោយហេតុ បានជួបបាតុភូត ប្រឹងប្រើកម្លាំងខ្លាំង ដោយបញ្ហាអរម៉ូន ឬដោយការលើកដាក់រុញរបស់ធ្ងន់ ដែលមានសម្ពាធខ្លាំងសង្កត់លើផ្នែកខាងក្រោមនៃពោះ លើប្រព័ន្ធអាងត្រគៀក ញឹកញាប់ពេក។
ក្នុងន័យនេះ ការពរពោះ មានកូនច្រើន ហើយប្រសូតបុត្រតាមផ្លូវធម្មជាតិ (តាមទ្វារមាស) ច្រើនដង ជាមូលហេតុចម្បងទីមួយនៃការស្រុតសរីរាង្គ។ នៅពេលឆ្លងទន្លេ (សម្រាលកូន) ស្ត្រីជាម្តាយត្រូវប្រឹងខ្លាំងណាស់ ដែលជាហេតុធ្វើសរសៃសរសូង ក្នុងតំបន់អាងត្រគៀក ជាអ្នកទ្រទ្រង់សរីរាង្គស្បូន ប្លោកនោម... ត្រូវគ្រាំ ឬរបួសស្នាមតិចតួច ដោយកម្លាំងប្រឹងបង្កើតកូន។ ករណីខ្លះ ទារកក្នុងផ្ទៃធំពេក ការប្រសូតត្រូវជួបការលំបាកខ្លាំង និងត្រូវមានជំនួយពីផ្នែកវេជ្ជសាស្ត្រ ដូចជាការបូម ការគាបទាញទារក ក៏ប៉ះពាល់ខ្លាំងដល់ប្រព័ន្ធអាងត្រគៀករបស់ស្ត្រីដែរ។ ហេតុដូច្នេះហើយបានជានៅស្រុកបារាំង គ្រូពេទ្យតែងណែនាំឱ្យស្ត្រីធ្វើលំហាត់ពង្រឹងសាច់ដុំនិងប្រព័ន្ធអាងត្រគៀកឡើងវិញ នៅក្រោយពេលឆ្លងទន្លេរួច ដើម្បីបញ្ចៀសផលវិបាកនៃការស្រុតសរីរាង្គស្រុតស្បូន នៅជាច្រើនឆ្នាំក្រោយ។
ក្រៅអំពីមូលហេតុឆ្លងទន្លេ ក្អករ៉ាំរ៉ៃ ធាត់ជ្រុលចុកខ្លាញ់ក្នុងពោះ ឧស្សាហ៍ទល់លាមក ធ្លាប់ឆ្លងកាត់ការវះកាត់ធំតូចណាមួយត្រង់តំបន់អាងត្រគៀក ក៏ជាកត្តាដែលអាចសម្រួលឱ្យមានបញ្ហាស្រុតសរីរាង្គដែរ។
ថ្វីបើជំងឺស្រុត មានពាក់ព័ន្ធខ្លាំងនឹងកត្តាអាយុមែន ប៉ុន្តែវិបត្តិស្រុតសរីរាង្គអាចកើតមានលើស្រ្តីវ័យក្មេងបាន ដោយហេតុតែប្រឹងធ្វើកីឡាខ្លាំងជ្រុល បែបអាជីព ឬដោយខុសបច្ចេកទេស ជាពិសេសកីឡា លោតត្រំប៉ូលីន ឬរត់ប្រណាំង លើកដុំដែក និងលក្ខខណ្ឌការងារលំបាក ដោយធ្វើការធ្ងន់លើកដាក់រុញវត្ថុធ្ងន់ៗ ជាប្រចាំ និងពរកូនច្រើន។
ជាច្បាប់ធម្មជាតិ ភាពចាស់ជរានៃរាងកាយ តែងចុះខ្សោយទៅតាមវ័យ។ ដូច្នេះ សរីរាង្គប្រព័ន្ធសាច់ដុំនិងសរសៃនៃតំបន់អាងត្រគៀក ត្រូវតែចុះខ្សោយ ស្រុតទៅតាមវ័យដែរ។ អស់រដូវជាបាតុភូតដែលស្ត្រីមិនអាចគេចបាន បានមកចូលចំណែក...
Duration:00:09:41
លើសជាតិខ្លាញ់កូឡេស្តេរ៉ុល និងទ្រីគ្លីសេរីត មានគ្រោះថ្នាក់យ៉ាងណា?
10/16/2025
កាត់បន្ថយជាតិខ្លាញ់ ជាតិស្ករ ជាតិប្រៃនេះជាសារដែលអាជ្ញាធរសុខាភិបាល បាននិងកំពុងប្រឹងប្រែងផ្សព្វផ្សាយដើម្បីណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប គ្រប់វ័យ គិតគូរអំពីប្រយោជន៍សុខភាព។ ឧទាហរណ៍ លើសស្ករនឹងធ្វើឱ្យកើតជំងឺទឹកនោមផ្អែម លើសជាតិប្រៃនឹងធ្វើឱ្យមានសម្ពាធឈាមខ្ពស់ ។ល។ និង។ល។ ចុះបើលើសខ្លាញ់នឹងបង្កឱ្យមានផលវិបាកយ៉ាងណាខ្លះ?
ខ្លាញ់ជាសារធាតុមិនអាចខ្វះបានសម្រាប់សរីរាង្គកាយមនុស្ស។ ប៉ុន្តែនៅពេលសារធាតុនេះមានបរិមាណច្រើនជ្រុល លើសសេចក្តីត្រូវការរបស់សពាង្គកាយ ច្បាស់ណាស់ដែលថា ខ្លាញ់អាចនឹងក្លាយទៅជាសត្រូវវិញ។ លើសជាតិខ្លាញ់ គ្មានផ្តល់រោគសញ្ញាអ្វីទាំងអស់ ក្នុងដំណាក់កាលដំបូង។
ដើម្បីបានដឹងអំពីបរិមាណជាតិខ្លាញ់នៅក្នុងខ្លួនថាច្រើន-តិចឬល្មម វិធីមានតែមួយគឺការជួសធ្វើតេស្តវិភាគឈាម ដើម្បីវាល់កំរិតជាតិខ្លាញ់ក្នុងឈាម ដែលមានឈ្មោះ បច្ចេកទេសថា កូឡេស្តេរ៉ុល និងទ្រីគ្លីសេរីត។
តើកូឡេស្តេរ៉ុល និង ទ្រីគ្លីសេរីតជាអ្វី?
នៅក្នុងលទ្ធផលនៃការវិភាគឈាមឆែកមើលសុខភាពជាទូទៅ គេតែងឃើញមានរបាយការណ៍ ស្តីពីកូឡេស្តេរ៉ុល និងទ្រីគ្លីសេរីត នៅត្រសងគ្នា។ កូឡេស្តេរ៉ុល មានអ្នកស្គាល់ច្រើនជាង និងគួរឱ្យខ្លាចជាង។ តែតាមការពិត អត្រាជាតិខ្លាញ់កូឡេស្តេរ៉ុល និងអត្រាជាតិខ្លាញ់ទ្រីគ្លីសេរីត គួរតែទទួលបានការតាមដានដោយប្រុងប្រយ័ត្នដូចគ្នា ព្រោះកូឡេស្តេរ៉ុលនិងទ្រីគ្លីសេរីត អាចបង្កបញ្ហាដូចគ្នាដល់សុខភាព ជាពិសេសដល់សុខភាពសរសៃឈាមបេះដូង ប្រសិនបើយើងជាតិខ្លាញ់ទាំងពីរមានបរិមាណច្រើនជ្រុល ឬឡើងខ្ពស់ពេក នៅក្នុងឈាម។
ផលិតដោយសរីរាង្គកាយ និងតាមរយៈចំណីអាហារ កូឡេស្តេរ៉ុល និងទ្រីគ្លីសេរីត ជាប្រភេទសារធាតុលីពីតដ៏ចាំបាច់ដូចគ្នាសម្រាប់សរីរាង្គកាយ ឬនិយាយឱ្យចំ គឺជាខ្លាញ់ដែលនៅក្នុងឈាម និងដែលមានប្រភពនិងតួនាទីខុសគ្នា។
កូឡេស្តេរ៉ុល ប្រៀបដូចប្រេងរំអិល មានតួនាទីសំខាន់ខ្លាំងណាស់សម្រាប់ដំណើរការរបស់កោសិកានៃខ្លួនប្រាណទាំងមូល សម្រាប់ការសំយោគស្រូបទាញវីតាមីន D ពីផ្ទៃស្បែក សម្រាប់ដំណើរការនៃថង់ប្រមាត់ ឬដំណើរការនៃអរមូនមួយចំនួនដូចជា អរមូនករទីហ្សូន និងអរមូនតេស្តេរ៉ូន។ ៦៥%នៃខ្លាញ់កូឡេស្តេរ៉ុល បានមកពីការផលិតរបស់ថ្លើម សល់ប៉ុន្មានបានមកពីចំណីអាហារ។ និយាយជារួម កូឡេស្តេរ៉ុល មានចំណែកចាំបាច់ណាស់សម្រាប់ទ្រទ្រង់ឱ្យមានសុខភាពល្អជាទូទៅ។ ដូច្នេះ បរិមាណជាតិខ្លាញ់កូឡេស្តេរ៉ុលនេះមិនត្រូវឱ្យខ្វះទេ តែក៏មិនត្រូវច្រើនជ្រុលដែរ។
ហេតុអ្វីមិនត្រូវឱ្យខ្វះ និងមិនឱ្យលើស? នៅក្នុងឈាម ខ្លាញ់កូឡេស្តេរ៉ុល ចែកជាពីរទម្រង់ទៀត គឺកូឡេស្តេរ៉ុល LDL ដែលជាប់ឈ្មោះថាជាខ្លាញ់មិនល្អ ព្រោះវាងាយនឹងកកជាប់នៅតាមផ្ទៃនៃជញ្ជាំងសរសៃឈាមអាទែ (សរសៃហូរចេញពីបេះដូង) និងកូឡេស្តេរ៉ុល HDL ឬហៅថាខ្លាញ់កូឡេស្តេរ៉ុលល្អ។ កូឡេស្តេរ៉ុលល្អHDL ជាអ្នកដឹកជញ្ជូនប្រមូលខ្លាញ់កូឡេស្តេរ៉ុលក្នុងឈាមដែលហួសចំណុះ -លើសសេចក្តីត្រូវការ នាំទៅថ្លើម ដើម្បីបំប្លែងចោល។ មានន័យថាកូឡេស្តេរ៉ុលHDLនេះ បានដើរតួនាទីជាអ្នកការពារមិនឱ្យមានបញ្ហាសុខភាពសរសៃឈាមបេះដូង។ ដូច្នេះមិនត្រូវឱ្យខ្វះខ្លាញ់ល្អប្រភេទនេះទេ។ ផ្ទុយទៅវិញ ខ្លាញ់មិនល្អកូឡេស្តេរ៉ុល LDL បើមានច្រើនកាលណាវានឹងសម្រួលឱ្យមានផលវិបាកច្រើន ដូចជាបណ្តាលឱ្យសរសៃឈាមរួមតូច ដោយមានការកកខ្លាញ់នៅតាមជញ្ជាំងសរសៃឈាម។ បើសរសៃឈាមរួមតូច និងមានកាកសំណល់កករាំងចរន្តឈាម គ្រោះហានិភ័យជួបករណីស្ទះឬដាច់សរសៃឈាម នៅបេះដូង (ស្លោកបេះដូង) និងនៅខួរក្បាល (ស្ត្រូប) អាចកើតបានគ្រប់ពេល។
ចំណែកជាតិខ្លាញ់ទ្រីគ្លីសេរីត ក៏ផលិតដោយថ្លើម និងចំណីអាហារដែរ។ ជាតិស្ករ ជាតិម្សៅ និងអាល់កុល ដែលយើងទទួលទានចូលទៅច្រើនជ្រុលនឹងត្រូវបានថ្លើមបំប្លែងទៅជាទ្រីគ្លីសេរីត រួចនាំទៅស្តុកទុកក្នុងជាលិកាស្បែក ក្នុងទម្រង់ជាជាតិខ្លាញ់ និងថាមពលបម្រុង កកនៅក្រោមស្បែក។ នៅពេលអត្រាជាតិទ្រីគ្លីស្តេរីតឡើងខ្ពស់ មានបរិមាណច្រើនជ្រុល វាមិនបង្កផលប៉ះពាល់ដល់សរសៃឈាមអាទែដោយផ្ទាល់ ដូចកូឡេស្តេរ៉ុលទេ តែវាអាចបង្កើនគ្រោះហានិភ័យកើតជំងឺសរសៃឈាមបេះដូងផង និងអាចសម្រួលឱ្យមានបញ្ហានៅសរីរាង្គលំពែង ព្រមទាំងជំងឺរលាកលំពែងដែលជួនកាលជាជំងឺដ៏ធ្ងន់ធ្ងរផង។
អ្វីជាគ្រោះថ្នាក់បំផុតនៃការលើសជាតិខ្លាញ់ មិនថាខ្លាញ់កូឡេស្តេរ៉ុល ឬទ្រីគ្លីសេរីតទេ សុទ្ធតែប្រព្រឹត្តទៅដោយគ្មានផ្តល់រោគសញ្ញាអ្វីទាំងអស់។ ខ្លាញ់អាចបន្តកកតាមសរសៃឈាម បន្តិចម្តងៗជាលំដាប់ ជារៀងរាល់ថ្ងៃ...
Duration:00:08:59
ហេតុអ្វីមហារីកសុដន់មានកើតលើស្ត្រីវ័យក្មេងកាន់តែច្រើនឡើងៗ
10/8/2025
តុលា ជាខែដែលពិភពលោកឧទ្ទិសដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់។ ដូចជារៀងរាល់ឆ្នាំ ពេញមួយខែតុលានេះ អាជ្ញាធរសុខាភិបាលនានាបានរៀបចំកម្មវិធីផ្សេងៗជាច្រើនដើម្បីបញ្ចៀបពលរដ្ឋឱ្យបានយល់ដឹងអំពីសារៈសំខាន់នៃការធ្វើតេស្តេវែករក ជំងឺមហារីកសុដន់ ដែលបើគេឆាប់ដឹង ឆាប់បានទទួលការព្យាបាល នោះសំណាងបានជាសះស្បើយពីជំងឺក៏ខ្ពស់ខ្លាំង។ ប៉ុន្តែទន្ទឹមពេលជាមួយគ្នានេះ មានចំណោទសួរថាតើហេតុអ្វីបានជាមានស្ត្រីវ័យក្មេងកាន់តែច្រើនឡើងៗកើតជំងឺមហារីកសុដន់?
រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ មហារីកសុដន់ នៅតែជាមូលហេតុទីមួយនៃមរណភាពស្ត្រីដោយជំងឺមហារីក។ ក្នុងមួយឆ្នាំៗ ជំងឺមហារីកសុដន់បានសម្លាប់ស្ត្រីប្រមាណ១២០០០នាក់ នៅក្នុងប្រទេសបារាំង។ ការវែករកឃើញជំងឺមហារីកសុដន់បានឆាប់ តាំងពីដំណាក់កាលដំបូងៗ មុនចេញរោគសញ្ញា ផ្តល់លទ្ធភាពខ្ពស់ដល់ការព្យាបាល ឱ្យបានជាសះស្បើយ ក្នុង៩ករណីលើ១០។ ហេតុដូច្នេះហើយបានជា ជារៀងរាល់ឆ្នាំ ពិភពលោកតែងរៀបចំយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់ ពេញមួយខែតុលា តាមរយៈព្រឹត្តិការណ៍ផ្សេងៗ ដូចជាការលម្អទីកន្លែងដោយចងបូពណ៌កុលាប បំភ្លឺអាគារសាធារណៈ អាគារប្រវត្តិសាស្ត្រ ទេសចរណ៍ ឧទាហរណ៍ តួអេហ្វែល នៅក្រុងប៉ារីស បានប្តូរទៅជាមានពណ៌កុលាបនៅពេលយប់ពេញមួយតែតុលា ព្រមទាំងកម្មវិធីជួបជុំ បែបកំសាន្ត បែបអប់រំ បែបកីឡា ។ល។ កម្មវិធីដ៏ពេញនិយមជាងគេនៅប្រទេសបារាំង គឺការជួបជុំរត់ បែបពាក់កណ្តាលម៉ារ៉ាតុង ដើរជាគ្រួសាររយៈឆ្ងាយ ... កម្មវត្ថុនៃការរៀបចំព្រឹត្តិការណ៍ មានតែមួយគឺ ដើម្បីបញ្ចៀប បំផុស ព័ត៌មាន និងបញ្ចុះបញ្ចូលស្ត្រីឱ្យទៅធ្វើតេស្តវិភាគក្រែងមានកើតជំងឺមហារីកសុដន់
ជាទូទៅ អាយុ៥០ឆ្នាំទ់ៅ៧៤ឆ្នាំ ជាវ័យងាយរងគ្រោះកើតជំងឺមហារីកសុដន់ជាងគេ។ ដោយមូលហេតុនេះទើបពលរដ្ឋបារាំងភេទស្រី ក្នុងវ័យនេះ បានទទួលការអញ្ជើញនិងណែនាំឱ្យធ្វើតេស្តដោយឥតគិតថ្លៃជារៀងរាល់ពីរឆ្នាំម្តង។ ប៉ុន្តែមហារីកសុដន់ជាជំងឺដែលកើតមានជាញឹកញាប់ជាងគេបង្អស់សម្រាប់ស្ត្រី កំពុងកើនឡើងជាលំដាប់ និងកាន់តែច្រើនឡើងៗលើរូបស្រ្តីវ័យក្មេង។ នេះបើតាមតួលេខផ្តល់ដោយវិទ្យាស្ថានជាតិប្រឆាំងនឹងជំងឺមហារីកបារាំង។ ស្ត្រីកាន់តែក្មេងឡើងៗ និងកាន់តែច្រើនឡើងៗមានជំងឺមហារីកសុដន់ នៅអាយុក្រោម៤០ឆ្នាំ។
ដូច្នេះត្រូវមានកម្មវិធីវិភាគរកជំងឺមហារីកសុដន់ជាស្វ័យប្រវត្តិលើស្ត្រីគ្រប់វ័យឬ?
មិនទេ! ការធ្វើតេស្តវិភាគវែកជំងឺមហារីកសុដន់ ថ្វីបើផ្តល់គុណប្រយោជន៍មែន តែនៅមានកំរិត និងអាចផ្តល់ផលអវិជ្ជមានវិញ។ ឆាប់ទៅធ្វើតេស្តពេក ក៏អាចក្លាយជាការវិភាគធ្វើរោគវិនិច្ឆ័យជ្រុលហួសហេតុ និងនាំឱ្យមានជាការព្យាបាលដុំដំបៅដែលមិនប្រាកដថានឹងវិវឌ្ឍន៍ទៅដុំមហារីក។ ការថតឆ្លុះដោយកាំរស្មីX ក្នុងករណីខ្លះ ក៏អាចជំរុញឱ្យមានផលវិបាកបញ្ច្រាសខ្យល់ ដោយអាចនឹងបង្កើនលទ្ធភាពមានជំងឺមហារីកទៅវិញ។ នេះជាមូលហេតុចម្បងមួយដែលក្រុមអ្នកជំនាញផ្តល់អនុសាសន៍ឱ្យតែស្ត្រីចាប់ពីវ័យ៥០ឆ្នាំឡើងទៅ ទៅធ្វើតេស្តថតសុដន់វិភាគរកជំងឺមហារីក ជារៀងរាល់ពីរឆ្នាំម្តងនោះ។
ចំណែកស្ត្រីវ័យក្មេង ត្រូវរំពឹងលើការវិភាគគ្លីនិក មានន័យថា ត្រូវតាមដានសុខភាពសុដន់ ដោយផ្ទាល់ភ្នែក ដោយខ្លួនឯង ឬដោយទៅជួបគ្រូពេទ្យជំនាញរោគស្ត្រី។ ចាប់ពីអាយុ២៥ឆ្នាំឡើងទៅ ស្ត្រីត្រូវចេះនិងឧស្សាហ៍ពិនិត្យមើលសុដន់ មើលរូបភាពខាងក្រៅ ក្រែងសុដន់មានទម្រង់ខុសប្រក្រតី។ នៅពេលឃើញមាន- ដុំ សាច់ពកនៅក្នុងសុដន់ ឬនៅតំបន់ក្រោមឃ្លៀក - មានស្នាមក្រហម ឬស្បែកសុដន់ឡើងពណ៌លឿង - ក្បាលដោះប្រទាញប្រទង់ លិប ខុសប្រក្រតី ឬមានហូរទឹកដោះ ត្រូវរួសរាន់ទៅជួបគ្រូពេទ្យជំនាញភ្លាម។
បន្ថែមពីលើការតាមដានស្ថានភាពសុដន់ ស្ត្រីអាយុក្រោម៥០ឆ្នាំ ត្រូវគិតគួរត្រួតពិនិត្យសុដន់ខ្លួនឯងដោយការចុចស្ទាបឱ្យបានសព្វជ្រុងជ្រោយ ត្រង់តំបន់ដោះនិងជុំវិញដោះរហូតដល់ក្រោមឃ្លៀក យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ។ ណែកស្ត្រីចាប់ពី៥០ឆ្នាំឡើងទៅក៏មិនត្រូវធ្វេសប្រហែសដែរ ត្រូវឧស្សាហ៍ចុចស្ទាបសុដន់ ក្នុងចន្លោះពេលរង់ចាំទៅធ្វើការកៀបថតសុដន់ ជាថ្មី។
វិធីចុចស្ទាបសុដន់ ត្រូវធ្វើនៅពេលទើបអស់រដូវភ្លាម និងយ៉ាងដូច្នេះ៖
ហេតុអ្វីករណីមហារីកសុដន់កើនឡើងជាលំដាប់ លើស្ត្រីវ័យក្មេង?
ករណីស្ត្រីវ័យក្មេងកើតមហារីកសុដន់វ័យក្មេង ហាក់កើនឡើងជាលំដាប់មែន។...
Duration:00:08:26